ការចតរថយន្តចោលនៅលើចិញ្ចើមផ្លូវសាធារណៈ ហើយមានអ្នកជិះម៉ូតូបុកពីក្រោយរថយន្តស្លាប់ តែងកើតមានជារឿយៗ ខណៈមានការរិះគន់ផងដែរពីការធ្វេសប្រហែសរបស់អ្នកបើករថយន្តនោះ។ ជុំវិញករណីថា តើម្ចាស់រថយន្តត្រូវប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងណានោះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី លី កុសល ដែលមានការិយាល័យផ្ទះលេខ ៤៥ Eo ផ្លូវលេខ ៩ ក្រុម ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ក្នុងករណីមានការចតរថយន្តចោលនៅលើចិញ្ចើមផ្លូវ ប៉ុន្តែម្ចាស់រថយន្តនោះមិនបានដាក់ស្លាកសញ្ញាឲ្យអ្នកដំណើរបានឃើញ ឬជាសញ្ញាគ្រោះថ្នាក់ទេ ហើយមានអ្នកជិះម៉ូតូទៅបុកស្លាប់។ សួរថា តើករណីនេះម្ចាស់រថយន្តត្រូវទទួលខុសត្រូវដែរទេ បើជនរងគ្រោះជាអ្នកជិះម៉ូតូទៅបុករថយន្តខ្លួនឯង?
ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងរៀងរាល់ថ្ងៃ ហើយភាគីនីមួយៗតែងតែអះអាងយកត្រូវរៀងៗខ្លួនដោយមិនបានពិចារណា និងយល់ដឹងពីបញ្ហាច្បាប់ចរាចរណ៍ទេ។
ករណីដូចរថយន្តចតចោលនៅលើចិញ្ចើមផ្លូវ ប៉ុន្តែម្ចាស់រថយន្តមិនបានដាក់ស្លាកសញ្ញាណាមួយឲ្យអ្នកដំណើរឃើញ ឬសញ្ញាគ្រោះថ្នាក់ទេហើយមានអ្នកជិះម៉ូតូទៅបុកស្លាប់។ ករណីនេះបើយោងតាមមាត្រា ២៤ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថាប្រសិនបើការចតរថយន្តនោះធ្វើឡើងនៅពេលយប់ គឺតម្រូវឲ្យម្ចាស់រថយន្តត្រូវដាក់សញ្ញាសម្គាល់ជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
បើពុំដូច្នោះទេម្ចាស់រថយន្ត គឺជាអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់មនុស្សស្លាប់បើទោះបីជាជនរងគ្រោះជិះម៉ូតូទៅបុករថយន្តរបស់គាត់ដោយខ្លួនឯងក៏ដោយ ពីព្រោះថាក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ការឈប់ និងចតយានយន្តនៅលើផ្លូវថ្នល់ត្រូវឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍តាមផ្លូវនោះទេ។
បើម្ចាស់រថយន្តនោះមានចំណែកទទួលខុសលើគ្រោះថ្នាក់ស្លាប់មនុស្សនោះ តើគាត់មានកំហុសទៅលើអ្វីដែរ?
ម្ចាស់រថយន្តត្រូវទទួលខុសត្រូវគឺមាន ៣ ចំណុច ត្រូវលើកឡើងជាចម្បងរួមមានៈ ទី១- ការទទួលខុសត្រូវផ្នែកសំណងរដ្ឋប្បវេណីទៅជនរងគ្រោះ ទី២- ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ គឺបុគ្គលដែលបានប្រព្រឹត្តបទល្មើសត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់ យោងតាមមាត្រា ៧៨ ការប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈចែងថាៈ ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ (១) ខែទៅមួយ (១) ឆ្នាំ ឬផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០ ០០០ (ម្ភៃម៉ឺនរៀល) រៀល ទៅ ២ ០០០ ០០០ (ពីរ) លានរៀលនៃច្បាប់ចរាចរណ៍ផ្លូវគោក។
ឬផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ មាត្រា ២០៧ ចែងថាៈ មនុស្សឃាតដោយអចេតនាគឺអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា។ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ បទមនុស្សឃាតដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦០០០០០០ (ប្រាំមួយលាន) រៀល។ ទី៣-ការទទួលខុសត្រូវផ្នែករដ្ឋបាលគឺការពិន័យការដកហូតប័ណ្ណ ។
ករណីដូចគ្នានេះដែរ ប្រសិនបើរថយន្តចតនៅក្នុងផ្ទះ ហើយស្រាប់តែមានមនុស្សជិះម៉ូតូចូលទៅបុកពីក្រោយរថយន្តបង្កឲ្យស្លាប់ដូចគ្នា តើម្ចាស់រថយន្តនោះ មានកំហុសដែរទេ បើការចតរថយន្តមិនមែននៅលើផ្លូវសាធារណៈផងនោះ?
ករណីនេះរថយន្តចតនៅក្នុងផ្ទះ ស្រាប់តែមានមនុស្សជិះម៉ូតូចូលទៅបុកពីក្រោយរថយន្តនោះស្លាប់។ ម្ចាស់រថយន្តមិនមានកំហុសនោះទេ ព្រោះថារថយន្តនោះចតនៅក្នុងផ្ទះដែលជាកម្មសិទ្ធិឯកជនរបស់ម្ចាស់រថយន្ត មិនមែននៅលើផ្លូវសាធារណៈផងនោះ ហើយអ្នកជិះម៉ូតូទៅវិញទេ ដែលត្រូវទទួលខុសត្រូវអំពើនោះដោយខ្លួនឯង ដោយអ្នកជិះម៉ូតូបានបំពានដោយខុសច្បាប់នូវសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់រថយន្ត ដោយចេតនាក្តី ឬដោយអចេតនាក្តីគឺម្ចាស់ម៉ូតូត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយអំពីរបស់ខ្លួន។
ករណីស្រដៀងគ្នានេះដែរ អ្នកម៉ៅការធ្វើផ្លូវ ប្រើកម្មករជីកដី ដាក់លូ លើផ្លូវសាធារណៈហើយមានមនុស្សដើរផុងធ្លាក់រណ្តៅស្លាប់ តើម្ចាស់ទទួលម៉ៅការនោះទទួលខុសត្រូវដែរទេ បើគាត់ (អ្នកម៉ៅការ) មិនបានសម្លាប់ជនរងគ្រោះជាក់ស្តែងផងនោះ ?
ករណីអ្នកម៉ៅការធ្វើផ្លូវប្រើកម្មករជីកដី ដាក់លូ លើផ្លូវសាធារណៈ ហើយមានមនុស្សដើរផុងធ្លាក់រណ្តៅ ស្លាប់ គឺម្ចាស់ទទួលម៉ៅការនោះទទួលខុសត្រូវលើការស្លាប់មនុស្សនេះ និងសងសំណងនៃការខូចខាតដែលបានកើតឡើងចំពោះជនរងគ្រោះ បើទោះបីជាភាពជាក់ស្តែងវិញអ្នកម៉ៅការនោះមិនបានសម្លាប់ជនរងគ្រោះជាក់ស្តែងក៏ដោយ ព្រោះករណីនេះគឺជាការទទួលខុសត្រូវរបស់អ្នកម៉ៅការទៅលើកម្មករជីកដាក់លូរបស់ខ្លួនដែលបានបង្កកំហុសដល់អ្នកដទៃដោយកំហុសចេតនាក្តី ឬដោយអចេតនាក្តី ដែលផ្លូវច្បាប់គេហៅថា ជាអំពើអនីត្យានុកូលទាក់ទងនឹងការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃ។ យោងតាមមាត្រា ៧៤៧ នៃក្រមរដ្ឋប្បវេណី។
យោងមាត្រា ៧៤៧ នៃក្រមនីតិវិធីនេះបានចែងថា ១- បុគ្គលដែលប្រើនិយោជិតដើម្បីអនុវត្តកិច្ចការត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលនិយោជិតបានបង្កដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា នៅក្នុងការអនុវត្តកិច្ចការនោះ ។
២- បុគ្គលដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក ត្រូវទទួលខុសត្រូវដូចគ្នានឹងនិយោជកដែរ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលបុគ្គលនោះបានត្រួតពិនិត្យដោយត្រឹមត្រូវ។ ៣- និយោជក ឬអ្នកត្រួតពិនិត្យជំនួសអាចទាមទារសំណងពីនិយោជិតបានដោយយោងទៅតាមកម្រិតនៃកំហុសរបស់និយោជិតនោះ៕