ជា​រឿយៗ​យើង​តែង​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​មូលហេតុ​ច្រើន​ ក៏ប៉ុន្តែ​មាន​​ខ្លះ​អ្នក​បើកបរ​រថយន្ត​បាន​ចត​រថយន្ត​ស្ងៀម​ទៅ​ហើយ​ តែ​ពេល​បើក​ទ្វារ​ចេញ​​មក​ក្រៅ​ក៏​បង្ក​ឱ្យ​អ្នក​ផ្សេង​គ្រោះថ្នាក់។ ​ក្នុង​ករណី​បែប​នេះ តើម្ចាស់​រថ​យន្ត​ទទួល​ខុសត្រូវ​បែបណា​?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​​ ប៉ុស្តិ៍ ​បាន​សម្ភាស​ជាមួយ​ លោក​មេធាវី ផុន ធារិន ការិយាល័យ​មេធាវី ផុន ធារិន ​នៅ​បុរី​ឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះ​លេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​មានខ្លឹមសារ​ដូចខាង​ក្រោម៖

ឧបមាថា លោក​ (ក) បាន​ចត​រថយន្ត​អែប​ចិញ្ចើម​ផ្លូវខាង​ស្តាំ​ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​មាន​អ្នក​បើក​ម៉ូតូ​ជិះមក​​ក្បែរ​ ហើយ​ម្ចាស់​រថយន្ត​ក៏​បើក​ទ្វារ​បណ្តាល​ឱ្យ​ប៉ះអ្នក​ជិះម៉ូតូ​ដួល​ ហើយ​ត្រូវ​រថយន្ត​ ១ ​គ្រឿង​ទៀត​កិន​ស្លាប់ រួច​ក៏បើក​រត់​បាត់​​​។ ក្នុង​ករណី​នេះ​ តើ​រវាង​ម្ចាស់​រថយន្ត​ទាំង ២ មួយ​ណាជា​អ្នក​ទទួល​ខុស​ត្រូវ​?

ការឈប់​ ឬ​ចត​ដើម្បី​ចេញ ឬ​ចូល​ក្នុង​រថយន្ត​តាម​ដងផ្លូវ​សាធារណៈ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​ ប្រសិន​បើ​ការឈប់ ឬ​ចត​នោះ​មិន​បាន​អែប​ឱ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទេ​នោះ។ ​ដោយឡែក​ក្នុង​​ករណី​ខាង​​លើនេះ ​លោក​ (ក​) បាន​ចត​រថយន្ត​អែប​ចិញ្ចើម​ផ្លូវ​ខាង​ស្តាំ ​ប៉ុន្តែ​គាត់​មិន​បាន​ប្រុងប្រយ័ត្ន​មុន​ពេល​​បើក​ទ្វារ​រថយន្តរបស់​ខ្លួន​ឡើយ ហើយ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើក​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​មាន​ន័យ​ថា​លោក (ក) ​​បាន​ប្រព្រឹត្ត​ល្មើស​​ទៅ​នឹង​បញ្ញត្តិ​មាត្រា ២៤ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវ​គោក​ “ការ​បើក​ទ្វារ​យានជំនិះ​​ដើម្បីចុះ​ ឬ​ឡើង​ត្រូវ​មាន​​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ជាពិសេស​ចំពោះ​ការបើក​ទ្វារ​ចុះ​ ឬ​ឡើង​នៅ​ផ្នែក​ខាង​ឆ្វេង​យាន”​។ តាម​មាត្រា​ចង្អុល​បង្ហាញ​នេះ​យើង​ឃើញ​ថា ​ភាពខ្ជីខ្ជា​ធ្វេសប្រហែស​របស់​លោក​ (ក) មិន​បាន​គោរព​កាតព្វកិច្ច​ដែល​​បទប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ​គឺ​ជា​ដើមហេតុ​ដែល​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នោះ​ស្លាប់។ ​ដូច្នេះ​ជា​បឋម​ លោក (ក) ជា​អ្នក​ទទួល​ខុស​ផ្នែក​ព្រហ្មទណ្ឌ និង​​ព្យសនកម្ម​ផ្សេងៗ​លើ​ជនរងគ្រោះ​តាម​បញ្ញត្តិ​មាត្រា​ ៧២ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

ចុះ​បើ​រថយន្ត​ដែល​កិន​ជនរងគ្រោះ​ស្លាប់​ត្រូវ​អ្នកដំណើរឃាត់ខ្លួន​បាន​វិញ តើ​ម្ចាស់​រថយន្ត​ទាំង​ ២ ​គ្រឿង​នេះ​មួយ​ណា​ខុស?

ចំពោះ​អ្នក​បើកបរ​ទាំង​ ២ ​នាក់​ខាង​លើ រួម​មាន លោក (ក) ដែល​ជាដើម​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​បើក​រថយន្ត​មួយ​​ទៀត​កិន​ជនរងគ្រោះ​ស្លាប់​ត្រូវ​បាន​អ្នក​ដំណើរ​ឃាត់​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​​​ចំពោះ​បទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុ​ង​ពេល​បើកបរយានយន្ត​របស់​ខ្លួន​។

លោក (ក) ​អាច​នឹង​​ត្រូវ​​ចោទប្រកាន់​​​តាម​​មាត្រា​ ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ “រីឯ​ជនណា​ដែល​បើកបរធ្វេស​ប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឱ្យ​ស្លាប់​អ្នកដទៃ​ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធ​នាគារ​ពី ១ ឆ្នាំ ទៅ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន ទៅ ១០ លាន​រៀល”។ ចំពោះ​អ្នក​បើបរ​កិន​ជនរងគ្រោះស្លាប់​ហើយ​រត់​គេច​អាច​នឹង​ត្រូវ​ចោទប្រកាន់​តាម​​មាត្រា​ ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោកកថា​ខណ្ឌ​ទី ២ ​ចំណុ​ចឃ​ “រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​គេចវេះ​ពី​ការទទួល​ខុសត្រូវ” ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០ ​លាន​ទៅ​ ២៥ ​លាន​រៀល។

ករណី​នេះ​បើ​អ្នក​​បង្ក​ចេញ​សំណង​ទៅ​គ្រួសារ​ជនរងគ្រោះ​រួចហើយ តើ​រឿង​នេះ​អាច​ថា​ គាត់​រួច​ផុត​ពី​បណ្តឹង​បាន​ទេ?

ជា​គោលការណ៍​ច្បាប់ ទោះបី​ជនបង្ក​បាន​ចេញ​សំណង​ឱ្យ​ជនរងគ្រោះ​ក៏ដោយ បណ្តឹង​អាជ្ញា ឬ​បណ្តឹង​ព្រហ្មទណ្ឌ​មិន​អាច​រលត់​បាន​ឡើយ​។ ម្យ៉ាង​ទៀត​ក្នុង​ករណី​ការដកពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​វា​គ្រាន់តែ​​ជា​ការបញ្ចប់​នូវ​ការទាមទារ​ផ្នែក​សំណង​រដ្ឋប្ប​វេណី​របស់​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​មាន​ន័យ​ថា ជនបង្ក​ត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ដែល​មាន​ព្រះរាជអាជ្ញា​ជា​ដើម​បណ្តឹង​អាជ្ញា​៕