ជារឿយៗ គេ​សង្កេត​ឃើញ​អ្នកប្រព្រឹត្ត​បទល្មើស​វាយ​អ្នកដទៃ​ឲ្យ​មាន​របួសស្នាម ឬ រហូត​ដល់​ស្លាប់ ហើយ​ត្រូវបាន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដាក់​បណ្តឹង​ប្តឹង​ទៅ​នគរបាល​ ឬ​ទៅ​តុលាការ​ដើម្បី​ឲ្យ​ចាប់ខ្លួន​ជនបង្ក​។ ប៉ុន្តែ​ពេលខ្លះ​ជនបង្ក​បាន​ចរចា​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្រៅ​ផ្លូវ​តុលាការ ដើម្បី​គេច​ពី​ទោសទណ្ឌ​។ ​តើ​វិធី​បែប​នេះ​អ្នកប្រព្រឹត្ត​អាច​គេច​ផុតពី​ផ្លូវច្បាប់​បាន​ទេ​? ​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​​មេធាវី​ ផុន ធារិន មាន​ការិយាល័យ មេធាវី​ឈ្មោះ​ «​ផុន ធារិន​» ស្ថិត​នៅ​បូរី​ឌឺរ៉ូយ៉ាល់​មេគង្គ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ​ភូមិ​ខ្ទរ សង្កាត់​​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ដូច​ខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​វាយ​លោក​ (​ខ​) ហើយ​លោក​ (​ខ​) ​បាន​ដាក់​ពាក្យ​បណ្តឹង ប៉ុន្តែ​លោក​ (​ក​) ​ព្រម​សង​ជំងឺចិត្ត​ទៅ​ឲ្យ​លោក​ (​ខ​) ​ដើម្បី​បញ្ចប់​បញ្ហា​។ ​ករណី​លោក​ (​ខ​) ​ទទួល​យក​សំណង​ហើយ តើ​លោក​ (​ក​) ​អាច​មិន​ជាប់​បណ្តឹង​ទេ​?

ករណី​ខាងលើ​នេះ​យើង​សន្មត​ថា លោក​ (​ខ​) ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ ឬ​ខេត្ត​ក្នុង​នាម​ជា​ជនរងគ្រោះ​។ ​យោង​​តាម​មាត្រា​ ៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ “​ការដាក់​ពាក្យ​បណ្តឹង​ទាមទារ​ដោយ​ជនរងគ្រោះ​បុគ្គល​គ្រប់រូប​ដែល​ប្រកាស​ថា​ខ្លួន​ជា​ជនរងគ្រោះ​នៃ​បទល្មើស​អាចដាក់​ពាក្យបណ្តឹង​បាន​”​។ ក្នុង​ន័យ​នេះ បណ្តឹង​របស់​លោក​ (​ខ​) ​បាន​ធ្វើឲ្យ​មាន​​ចលនា​លើ​បណ្តឹង​ ២ ​ផ្សេង​គ្នា​គឺ​បណ្តឹង​រដ្ឋប្បវេណី​ (​ការទាមទារ​សំណង​ខូចខាត​ ឬ​ជំងឺ​ចិត្ត​) ​និង​បណ្តឹង​អាជ្ញា​ (​សំដៅ​លើ​ការផ្តន្ទាទោស​ជនល្មើស​)​។ ​

តាម​មាត្រា ២៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ “​ជនរងគ្រោះ​អាច​លះបង់​មិន​ធ្វើបណ្តឹង​សុំ​ទាមទារ​សំណង ឬ​ដក​ពាក្យបណ្តឹង​របស់ខ្លួន​។ ​ការលះបង់​មិន​ប្តឹង​និង​ដក​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ មិន​អាច​បញ្ឈប់​ ឬ​ព្យួរ​ការអនុវត្ត​នៃ​បណ្តឹងអាជ្ញា​បានទេ​”​។ ​ក្នុងន័យ​នេះដែរ បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​មិន​អាច​ដោះស្រាយ​ត្រឹម​សំណង​ទៅ​ជនរងគ្រោះ ហើយ​បញ្ចប់​បណ្តឹងអាជ្ញា​បាន​នោះទេ​។ សរុប​សេចក្តី​មក​តាម​អង្គហេតុ​ខាងលើ​ ​ទោះបី​លោក​ (​ក​) ​យល់​ព្រម​សង​​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​ (​ខ​)​​ក៏ពិតមែន ប៉ុន្តែ​លោក​ (​ក​) ​នៅ​មិន​ទាន់រួច​ផុតពី​បណ្តឹងអាជ្ញា​នៅឡើយ​ទេ​។

បើ​លោក​ (​ខ​) ​មិន​ប្តឹង តើ​នរណា​អាច​មាន​សិទ្ធិ​ប្តឹង​ជំនួស លោក​ (​ខ​) ​បាន​? ​ករណី​មួយ​ទៀត​ឧបមា​ថា លោក​ (​ខ​) ​មាន​តែ កូនតូច​ម្នាក់​ហើយ​ត្រូវគេ​សម្លាប់​គាត់​។ ​តើ​កូនតូច​របស់គាត់​មាន​សិទ្ធិ​ប្តឹង​បានទេ បើ​លោក​ (​ខ​) ​គ្មាន​សាច់ញាតិ​ផ្សេង​? ​ករណី​​នេះ តើ​នរណា​អាចជា​តំណាង​ប្តឹង​ឲ្យ​គាត់​បាន​? តើ​មេភូមិ មេឃុំ​អាចជា​តំណាង​ប្តឹង​ជំនួស​បាន​ទេ​?

ក្នុង​ករណី​លោក​ (​ខ​) មិន​មាន​អ្នកប្តឹង​ជំនួស​ឲ្យ​គាត់ សំណួរ​សួរថា តើ​អ្នកណា​មាន​សិទ្ធិ​ប្តឹង​ជំនួស​? ​នៅក្នុង​រឿង​ព្រហ្មទណ្ឌ បុគ្គល​គ្រប់រូប​ត្រូវមាន​កាតព្វកិច្ច​ធ្វើបណ្តឹង​បរិហារ​ចំពោះ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​។ ​យោងតាម​មាត្រា ៤២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​មាត្រា​ ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​អាជ្ញាធរ​សាធារណៈ ឬ​មន្ត្រី​គ្រប់រូប​ដែល​នៅក្នុង​ការបំពេញ​មុខងារ​របស់ខ្លួន​បាន​ដឹង​អំពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ត្រូវតែ​ជូនដំណឹង​ភ្លាម​ដល់​ព្រះរាជអាជ្ញា ឬ​មន្ត្រី​នគរបាល​យុត្តិធម៌​។

អំពើ​ដែល​មិន​​បាន​ប្តឹង​បរិហារ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ​ជាអាទិ៍​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ ទៅ​ ៣ ​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន ទៅ​ ៦ ​លាន​រៀល​។ ​តាម​មាត្រា​ ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទឧក្រិដ្ឋ ហើយ​មិនបាន​ប្តឹង​ទៅ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ខែ ទៅ​ ១ ​ឆ្នាំ ពិន័យ​ប្រាក់​ពី ១ សែនរៀល​ទៅ​ ២ ​លាន​រៀល​។

ក្នុង​ករណី​លោក​ (​ខ​) ​គ្មាន​សាច់ញាតិ ហើយ​មាន​តែ​កូនតូច​មួយ តើ​កូនតូច​នេះ​អាច​ប្តឹង​បានដែរ​ឬទេ​?

ច្បាប់​មិនបាន​កំណត់​លើ​អាយុ​ក្នុង​ការធើ្វ​បណ្តឹង​ទៅ​សមត្ថកិច្ច​ឡើយ​។ អ្វីដែល​សំខាន់​ថា តើ​ក្មេង​តូច​នេះ​អាច​មាន​ស្មារតី ឬ​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​នីតិវិធី​បណ្តឹង​ដែរ​ឬ​ទេ​?

ច្បាប់​បាន​ចង្អុល​បង្ហាញ​ហើយ ដូច​ការបកស្រាយ​ខាងលើ មេភូមិ មេឃុំ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស ឬ​ធ្វើបណ្តឹង​បរិហារ​។ ​ក្នុង​ករណី​ក្រោយពី​ទទួល​បណ្តឹង​បរិហារ​ពី​អនីតិជន ឬ​អាជ្ញាធរ​មូលដ្ឋាន​លើ​ករណី​ឃាតកម្ម​លើ​លោក​ (​ខ​) ​ព្រះរាជអាជ្ញា​នឹង​ក្លាយ​ទៅ​ជា​ដើម​បណ្តឹងអាជ្ញា ហើយ​មេភូមិ​ ឬ​មេឃុំ​អាច​ធ្វើជា​អ្នកតំណាង​ឲ្យ​ក្មេងរងគ្រោះ​ចូលរួម​នីតិវិធីតុលាការ​ ដើម្បី​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​៕