The Phnom Penh Post Search

Search form

តើ​ការ​ចាប់​ខ្លួន​ត្រូវ​អនុវត្ត​តាម ​នីតិវិធី ​អ្វី​ខ្លះ​?

Content image - Phnom Penh Post
មេធាវី​របស់​រាជរដ្ឋាភិបាល​លោកបណ្ឌិត ឡុង ដារ៉ា ។ រូបថត សហការី

តើ​ការ​ចាប់​ខ្លួន​ត្រូវ​អនុវត្ត​តាម ​នីតិវិធី ​អ្វី​ខ្លះ​?

ការ​ឃាត់​ខ្លួន​ ឬ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​គឺ​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​អ្នក​អនុវត្ត ក៏​ប៉ុន្តែ​ការងារ​នេះ​ក៏​ទាក់ទង​នឹង​ការ​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​តំណាង​អយ្យការ​ដែរ​ដើម្បី​ដំណើរការ​ទៅ​បាន​។ ​

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​​ជាមួយ​លោក​បណ្ឌិត ឡុង ដារ៉ា មេធាវី​រដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​អប់រំ​​និង​ផ្សព្វផ្សាយ​ច្បាប់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​សំណួរ-ចម្លើយ​ដូច​ខាង​ក្រោម ៖

ជា​នីតិវិធី​នៅ​ពេល​មាន​បទលើ្មស​កើតឡើង​ភ្លាម​តើ​សមត្ថកិច្ច​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​គ្រប់​ពេល​ ឬ​មាន​ពេល​ខ្លះ​មិន​បាច់​សុំ​សេចក្តី​សម្រេច​ពី​តុលាការ​?

នៅ​ពេល​មាន​បទល្មើស​កើតឡើង​ភា្លម មាន​តែ​ក្នុង​ករណី​បទល្មើស​ឧក្រិដ្ឋ​ និង​មជ្ឈិម​ជាក់ស្តែង​ប៉ុណ្ណោះ​ទើប​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ​បើក​ការ​ស៊ើបអង្កេត​ភ្លាម ហើយ​ឃាត់​ខ្លួន​ជនសង្ស័យ​ភ្លាម​នៅ​ពេល​ឃើញ​ថា​ជា​បទល្មើស​ជាក់ស្តែង​ដែល​ជន​សង្ស័យ​កំពុង​ប្រព្រឹត្ត​ ឬ​ទើប​ប្រព្រឹត្ត​រួច​ហើយ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​តំណាង​អយ្យការ​ទេ​។

ក្នុង​ករណី​ដែល​មិន​មាន​វត្តមាន​នគរបាល​យុត្តិធម៌​នៅ​ទីតាំង​នៃ​កន្លែង​កើតហេតុ​ទេ​គឺ​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ចាប់​ឃាត់​ខ្លួន​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ដើម្បី​បញ្ជូន​ទៅ​នគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​ដើម្បី​ឲ្យ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​​ (​មាត្រា​ ៨៧ ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)​។

ហេតុអ្វី​បាន​ជា​តម្រូវ​ឲ្យ​នគរបាល​យុត្តិធម៌​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​តុលាការ ជា​មុន​? ​ចុះ​បើ​បង្ក្រាប​មុន​សុំ​ដីកា​តើ​បាន​ទេ ?

បាន​ជា​តម្រូវ​ឲ្យ​នគរបាល-យុត្តិធម៌​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​តុលាការ​ពីព្រោះ​ករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​មិន​ជាក់ស្តែង​តម្រូវ​ឲ្យ​នគរបាល​យុត្តិធម៌​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ឲ្យ​មាន​​ការ​ពិនិត្យ​អំពី​ធាតុ​ផ្សំ​បទល្មើស​ឲ្យ​បាន​ត្រឹមត្រូវ​សិន ចៀសវាង​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ទៅ​មាន​ការ​ភាន់​ច្រឡំ​រំលោភ​លើ​ច្បាប់ និង​សិទ្ធិ​បុគ្គល​។ ​

ក្នុង​ករណី​បទល្មើស​ជាក់ស្តែង​នគរបាល​យុត្តិធម៌​អាច​បង្ក្រាប​បទល្មើស​មុន​ការ​ស្នើសុំ​ដីកា​បាន​នៅពេល​ដែល​ជនល្មើស​កំពុង​ប្រព្រឹត្ត​ដូចជា ករណី​ (​ឆក់​ប្លន់​) ​សមត្ថកិច្ច​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាម​ដោយ​មិន​ចាំបាច់​មាន​ដីកា​ពី​តុលាការ​ទេ​ចៀសវាង​ជនល្មើស​មាន​ឱកាស​រត់​គេច​ខ្លួន​ ឬ​បាត់​តម្រុយ​ភ័ស្តុតាង​។

ឧបមា​ថា​នៅ​ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ពលរដ្ឋ​ណា​ម្នាក់ តើ​ចាំបាច់​ត្រូវ​មាន​ដីកា​ពី​តុលាការ​ដែរ​ទេ​? ​ហើយ​ការ​ចុះ​ឆែកឆេរ​នោះ​ច្បាប់​មាន​កំណត់​ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន​? ​ប៉ុន្តែ​ជាក់ស្តែង​ពេល​ខ្លះ​ឃើញ​ថា​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​គ្មាន​ដីកា​ទេ តើ​នេះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​ឬ​យ៉ាង​ណា ?

នៅ​ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​​មាន​ដីកា​ពី​តុលាការ​ជា​មុន​ដើម្បី​​ទប់ស្កាត់​អាជ្ញាធរ​មិន​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ហួស​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ​។ ​គ្មាន​ការ​ឆែកឆេរ​ណា​មួយ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​គ្មាន​ដីកា​ពី​តុលាការ​នោះ​​ទេ​។

ការ​ឆែកឆេរ​លំនៅឋាន​សមត្ថកិច្ច​អាច​ឆែកឆេរ​បាន​ក្នុង​ចន្លោះ​ម៉ោង​ ៦ ​ព្រឹក​រហូត​ដល់​ម៉ោង​ ៦ ​​ល្ងាច​លើកលែង​តែ​ក្នុង​ករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​គឺ​ជនល្មើស​កំពុង​ប្រព្រឹត្ត​បទល្មើស​ ឬ​ទើប​ប្រព្រឹត្ត​រួច​ភ្លាមៗ​, ករណី​មាន​សម្រែក​ស្រែក​ឲ្យ​គេ​ជួយ​ពី​ក្នុង​ទីកន្លែង​,​ករណី​ឆែកឆេរ​នៅ​កន្លែង​ក្នុង​ពេល​ម៉ោង​បើកចំហ​ដល់​សាធារណជន និង​ក្នុង​ករណី​ឆែកឆេរ​នៅ​គ្រប់​ទីកន្លែង​ដែល​ផលិត​រក្សា​ទុក​ជួញដូរ ចែកចាយ​ ឬ​ប្រើប្រាស់​គ្រឿងញៀន​ (​មាត្រា​ ៩១ ​ក្រម​នីតិវីធី​ព្រហ្មទណ្ឌ​)​។ ​​

បើ​មិន​ដូច្នោះ​ទេ ការ​ឆែកឆេរ​ដែល​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ជា​ការ​បំពាន​ច្បាប់​។

មាត្រា​ ៩១ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បញ្ញត្តិ​ថា​មន្ត្រី​នគរបាល​អាច​ធ្វើ​ការ​ឆែកឆេរ​បាន​។ ​ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ទទួល​ជា​បឋម​នូវ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា ទោះបី​ជា​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​មាត់​ក៏ដោយ​។

មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ធ្វើការ​ឆែកឆេរ​នៅ​ចំពោះ​មុខ​អ្នក​កាន់កាប់​ទីកន្លែង​ ឬ​បើ​គ្មាន​អ្នក​កាន់កាប់​ទេ​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ​សាក្សី​ ២ ​នាក់​។

សាក្សី​ត្រូវ​ចាត់​តាំង​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​។

សាក្សី​មិន​អាច​ជា​នគរបាល​ ឬ​ក៏​ជា​កងរាជ​អាវុធហត្ថ​ដែល​កំពុង​ចូលរួម​ប្រតិបត្តិការ​ឆែកឆេរ​នោះ​បាន​ឡើយ​។

មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​ផ្តើម​ធ្វើការ​ឆែកឆេរ​មុន​ម៉ោង​ ៦(​ប្រាំ​មួយ​) ព្រឹក​និង​ក្រោយ​ម៉ោង​ ១៨ (​ដប់​ប្រាំបី​) ​ឡើយ​លើក​លែង​តែ ៖

- ក្នុង​ករណី​ដែល​មាន​ចែង​ដោយ​មាត្រា​ ៨៦ (​និយមន័យ​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់​ស្តែង​) ​នៃ​ក្រម​នេះ

- ​ក្នុង​ករណី​មាន​សម្រែក​ស្រែក​ឲ្យ​គេ​ជួយ​ពី​ក្នុង​ទីកន្លែង​។

- ​ក្នុង​ករណី​ឆែកឆេរ​នៅ​ទីកន្លែង​ក្នុង​ពេល​ម៉ោង​ដែល​បើក​ចំហ​ដល់​សាធារណជន​។

- ​ក្នុង​ករណី​ឆែកឆេរ​នៅ​គ្រប់​ទីកន្លែង​ដែល​ផលិត​រក្សា​ទុក​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿង​ញៀន​។

មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើ​កំណត់​ហេតុ​ស្តីពី​ការ​ឆែកឆេរ​ដែល​នៅ​ក្នុង​នោះ​មាន ៖

-​ការ​អនុញ្ញាត​របស់​ព្រះរាជអាជ្ញា​ដោយ​ប្រាប់​ថ្ងៃ និង​ម៉ោង​នៃ​ការ​អនុញ្ញាត​នេះ

-​អត្តសញ្ញាណ​របស់​អ្នក​កាន់កាប់​ទីកន្លែង​ ឬ​របស់​សាក្សី​នីមួយៗ​។

មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​ឆែកឆេរ​នៅ​ក្នុង​ការិយាល័យ​មេធាវី​បាន​ទេ​។ មាន​តែ​ព្រះរាជអាជ្ញា​ ឬ​ចៅក្រម​ស៊ើបសួរ​តែ​ប៉ុណ្ណោះ​ដែល​អាច​ឆែកឆេរ​នេះ​បាន​នៅ​ចំពោះ​មុខ​ប្រធាន​គណៈមេធាវី​ ឬ​ប្រតិភូ​របស់​ប្រធាន​គណៈមេធាវី​ ឬ​មេធាវី​សាមី​។

មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឆែកឆេរ​នៅ​ក្នុង​អគារ​សារព័ត៌មាន​សហគ្រាស​នៃ​សារព័ត៌មាន​សរសេរ​ ឬ​សហគ្រាស​សារព័ត៌មាន​សោតទស្សន៍​បាន​តែ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​ ឬ​ចៅក្រម​ស៊ើបសួរ​ម្នាក់​ដែល​ធានា​រ៉ាប់រង​កុំ​ឲ្យ​ការ​ឆែកឆេរ​នេះ​ប៉ះពាល់​ដល់​ការ​ប្រកប​ដោយ​សេរី​នូវ​មុខរបរ​អ្នក​សារព័ត៌មាន​ និង​ធ្វើឲ្យ​យឺតយ៉ាវ​ដល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ដោយ​មិន​ត្រឹមត្រូវ​។ ​(​សូម​រង់ចាំ​អាន​បន្ត​នៅ​សប្តាហ៍​ក្រោយ​) ​

អត្ថបទគួរចាប់អារម្មណ៍