ជាទូទៅ ពលរដ្ឋ​តែងតែ​ជួបប្រទះ ឬ​ឃើញ​មាន​ការចាប់ខ្លួន​ជន​ណាម្នាក់​ពី​សំណាក់​សមត្ថកិច្ច​នៅ​តាម​ទីសាធារណៈ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​មាន​ចម្ងល់​ថា តើ​ការចាប់ខ្លួន​នោះ​សុទ្ធតែ​ប្រព្រឹត្ត​​ទៅ​បាន​ទាំងអស់​ឬ​យ៉ាងណា ប្រសិន​បើ​គ្មាន​ដីកា​ពី​តុលាការ​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

តើ​ការចាប់ខ្លួន​របស់​សមត្ថកិច្ច​ទៅលើ​ជនណា​ម្នាក់​នៅ​ទីសាធារណៈ​អាចអនុវត្ត​ទៅ​បាន​ដែរ​ទេ ប្រសិន​បើ​គ្មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ទេនោះ ?

មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ចាប់​ជន​ណាម្នាក់​បាន​ ឬ​អាច​ធ្វើ​ទៅ​បានតែ​ចំពោះ​បទល្មើស​ជាក់ស្តែង​តែប៉ុណ្ណោះ ចំណែក​បទល្មើស​មិន​ជាក់ស្តែង​គឺ​មុន​ចាប់​ខ្លួន​ជនណាម្នាក់​ត្រូវ​តែ​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ជាមុន​។

ដើម្បី​ឲ្យ​បាន​យល់ច្បាស់​ថា អ្វី​ទៅ​ជា​បទល្មើស​ជាក់ស្តែង​នោះ ខ្ញុំ​សុំ​លើកយក​មាត្រា​ ៨៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ចែង​ថា​៖

-បទល្មើស​ជាក់ស្តែង​ជា​បទល្មើស​កំពុង​ប្រព្រឹត្ត​។

-បទល្មើស​ដែល​ទើប​ប្រព្រឹត្ត​រួច​ភ្លាមៗ​។

ត្រូវ​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​ឬ បទមជ្ឈិម​ជាក់ស្តែង​ដែរ .​កាលណា​នៅក្រោយ​ពេល​មាន​បទល្មើស​​រួច​បន្តិច​មក ជន​ដែល​គេ​សង្ស័យ​ត្រូវ​បាន​សាធារណជន​ស្រែក​ដេញ​ប៉ផាប់​ចាប់​ពភីង​។

-បុគ្គល​ដែល​ត្រូវគេ​រកឃើញ​មាន​វត្ថុ​ ឬ​មាន​ស្លាកស្នាម​ ឬ​តម្រុយ​ច្បាស់លាស់​ហើយ​ស៊ីចង្វាក់​ផ្សេងទៀត​ដែល​នាំឲ្យ​សន្និដ្ឋាន​បាន​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​ ឬ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​។

មាត្រា​ ៨៧ ក្នុងករណី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ជាក់ស្តែង​គ្រប់​បុគ្គល​ទាំងអស់​អាច​ចាប់ខ្លួន​ជនល្មើស ហើយ​នាំ​ខ្លួន​ជន​នោះ​ទៅ​ប្រគល់​ជូន​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​។

ប្រសិនបើ​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់​ជនណាម្នាក់​ដែល​មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង តើ​ចាត់ទុក​ថា​ខុសច្បាប់​ឬទេ​?

ករណី​ជនណាម្នាក់​ត្រូវ​មន្ត្រី​នគរបាល​ចាប់ខ្លួន​មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រព្រឹត្ត​បទល្មើស​​ជាក់ស្តែង ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​នៅតែ​ចាប់​ជន​នោះ​ទៀត​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ទេនោះ​គឺ​មន្ត្រី​នគរបាល​​រូបនោះ​អនុវត្ត​ខុស​នឹង​នីតិវិធី ហើយ​ជន​ដែល​ត្រូវគេ​ចាប់​នោះ អាច​ប្តឹង​មន្ត្រី​នគរបាល​យុត្តិធម៌​វិញ​បាន​៕