
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
តាមធម្មតាការព្រមព្រៀងអ្វីមួយភាគីពាក់ព័ន្ធតែងធ្វើកិច្ចសន្យាជាមួយគ្នាដោយមានការដឹងឮពីអាជ្ញាធរ និងសាក្សី។ ក៏ប៉ុន្តែមានរឿងខ្លះដូចជាករណីប្រគល់កូនឱ្យអ្នកដទៃ ឬសាច់ញាតិយកទៅចិញ្ចឹម មានខ្លះពុំធ្វើកិច្ចសន្យាទេ។ ចង់ដឹងថា តើការធ្វើបែបនេះត្រឹមត្រូវតាមច្បាប់ឬយ៉ាងណានោះ ភ្នំពេញ ប៉ុស្ដិ៍ បានសុំការពន្យល់ពីលោក មេធាវី លី កុសល មានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) និងលោក (ខ) បានរាប់អានគ្នា ហើយលោក (ខ) សុខចិត្តប្រគល់កូនតូចម្នាក់ឱ្យទៅលោក (ក) ចិញ្ចឹមថែរក្សាតែភាគីទាំង ២ មិនបានធ្វើកិច្ចសន្យា ឬឱ្យអាជ្ញាធរដឹងឮទេ។ តើភាគីទាំង ២ អនុវត្តបែបនេះត្រឹមត្រូវតាមច្បាប់ឬយ៉ាងណា? ចុះបើលោក (ខ) ប្តឹងលោក (ក) ដោយចោទថា លួចកូនរបស់គាត់យ៉ាងម៉េចដែរ?
ករណីកូនចិញ្ចឹម ឬកូនស្មុំក្នុងប្រទេសកម្ពុជាគឺជាវប្បធម៌មួយមានជាយូរណាស់មកហើយ វាគ្រាន់តែនីតិវិធីនៃការស្មុំនោះពុំត្រឹមត្រូវតាមលក្ខណ:ច្បាប់ ហើយខ្លះក៏មិនត្រឹមត្រូវតាមច្បាប់។ បញ្ហានេះយើងត្រូវសង្កេតទៅមើលលើច្បាប់នីតិវិធីនៃការស្មុំកូនដែលពីមុនយើងមានច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ក៏ប៉ុន្តែវាពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេពោលគឺគោលការណ៍ស្មុំកូនអន្តរប្រទេសគ្មានចែងជាដើម។
ប៉ុន្តែបើក្រឡេកមើលបច្ចុប្បន្នភាពដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នកាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ១៩៩២ ក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់កុមារ។
ជាមួយគ្នានេះដែរ ដោយយល់ឃើញថាកុមារគឺពិតជាមានសារៈសំខាន់ជាទំពាំងស្នងឫស្សីពាក់ព័ន្ធនឹងស្មុំកូននេះគឺមានចែងនៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ និងច្បាប់ស្តីពីស្មុំកូនអន្តរប្រទេសដែលចែងពីសិទ្ធិរបស់កូនស្មុំពោលគឺបញ្ញត្តិអំពីលទ្ធភាពរបស់អ្នកសុំដើម្បីថែរក្សាកូនស្មុំនេះឱ្យបានត្រឹមត្រូវ។
យ៉ាងណាមិញការសុំកូនអ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ដែលយើងហៅថា ការស្មុំកូននេះត្រូវតែធ្វើឡើងតាមផ្លូវតុលាការដូច្នេះការដែលចង់រំលាយការស្មុំកូននេះវិញក៏ត្រូវធ្វើឡើងតាមរយៈការកាត់កាលតាមផ្លូវតុលាការដូចគ្នាផងដែរ។
ដើម្បីចៀសវាងមានទោសទណ្ឌ ឬខុសច្បាប់តើលោក (ក) ត្រូវតែអនុវត្តវិធីបែបណា?
ដើម្បីឱ្យមានភាពត្រឹមត្រូវតាមផ្លូវច្បាប់យើងត្រូវយល់ដឹងអំពីការស្មុំកូនដូចខាងក្រោម ៖
«ការស្មុំកូន» គឺជាការសុំកូនរបស់អ្នកដទៃមកចិញ្ចឹមដោយស្របច្បាប់ និងបង្កើតទំនាក់ទំនងញាតិរវាងពួកគេពោលគឺធ្វើឱ្យទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹមដូចគ្នាទៅនឹងឪពុកម្តាយ និងកូនបង្កើតដែរ។ គោលបំណងនៃការស្មុំកូនគឺធ្វើឡើងសម្រាប់៖
*អ្នកដែលគ្មានទាយាទស្នងអាជីវកម្មត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន
*អ្នកដែលគ្មានទាយាទស្នងមរតក ឬសន្តតិកម្មទ្រព្យសម្បត្តិជាអាទិ៍ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន
*អ្នកដែលអសមត្ថភាពគ្មានកូនត្រូវការកូន ដើម្បីអាចផ្តល់អាហារកិច្ច ឬមើលថែខ្លួននៅពេលចាស់ទៅ
*រកឪពុកម្តាយសម្រាប់កុមារកំព្រា ឬកុមារដែលខ្វះការថែរក្សា ឬការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត...។ល។
អនុលោមតាមក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងអនុវត្តនាពេលបច្ចុប្បន្នបានបើកផ្លូវដល់អ្នកដែលមានបំណង “ស្មុំកូន” ឬ “សុំកូនគេមកចិញ្ចឹមដោយស្របច្បាប់” អាចធ្វើឡើងតាមរូបភាព ២ (ពីរ) គឺ៖ (១). ការស្មុំកូនពេញលេញ និង (២) ការស្មុំកូនធម្មតា។
(១)៖ ការស្មុំកូនពេញលេញ៖ គឺជាការសុំកូនរបស់អ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ និងធ្វើឡើងតាមផ្លូវតុលាការ ដោយទាមទារឱ្យផ្តាច់ទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្តរវាងឪពុកម្តាយបង្កើត និងញាតិសន្តានរបស់កូនសុំនោះទាំងស្រុង ដើម្បីបង្កើតឱ្យមាននូវទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្តរវាងឪពុកម្តាយចិញ្ចឹម និងកូនសុំនោះវិញ។
ការធ្វើបែបនេះ គឺដើម្បីឱ្យទំនាក់ទំនងរបស់ឪពុកម្តាយចិញ្ចឹម និងកូនសុំនោះ ដូចគ្នានឹងទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើតដែលច្បាប់បានទទួលស្គាល់ ។ គោលបំណងនៃការស្មុំកូនពេញលេញខាងលើនេះគឺធ្វើឡើងដើម្បីផ្តល់នូវគ្រួសារមួយដែលមានឪពុកម្តាយមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់កុមារអភ័ព្វ (កូនសុំ) និងដើម្បីផលប្រយោជន៍កុមារដែលខ្វះការថែរក្សា ខ្វះការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត ឬឪពុកមា្តយបង្កើតមានជីវភាពក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែរក្សាកូនបាន ឬ ដោយសារស្ថានភាពណាមួយដូចជាបញ្ហាវិបត្តិស្មារតី ឬពិការភាព...ជាដើម។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនពេញលេញ៖
* ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានសហព័ទ្ធ (ប្តី/ប្រពន្ធស្របច្បាប់) និងត្រូវមានឆន្ទៈព្រមព្រៀងគ្នាក្នុងការស្មុំកូន
* ឪពុក-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅហើយត្រូវមានអាយុច្រើនជាង “កូនសុំ” យ៉ាងតិច ២០ ឆ្នាំ
*ជាគោលការណ៍ “កូនសុំ” ត្រូវតែជាអនីតិជន ដែលមានអាយុតិចជាង ៨ ឆ្នាំ
*ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬ អាណាព្យាបាលរបស់ «កូនសុំ» ប៉ុន្តែប្រសិនបើឪពុកម្តាយបង្កើតមិនអាចបង្ហាញឆន្ទៈបាន ឬ ករណីដែលឪពុកម្តាយបង្កើតនោះបានបោះបង់កូនចោលដោយគំនិតទុច្ចរិត ឬហេតុផ្សេងៗទៀតដែលបំពានផលប្រយោជន៍កុមារដែលនឹងក្លាយជាកូនសុំនោះគឺមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយបង្កើតរបស់ «កូនសុំ» នោះឡើយ។
*មូលហេតុនៃការស្មុំកូនពេញលេញត្រូវតែនៅក្នុងករណីដែលស្ថានភាពរបស់កុមារ (កូនសុំ) មានការពិបាកខ្លាំង និងបានជាប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនសុំនោះ ។
*ការសាកល្បងចិញ្ចឹមកុមារដែលនឹងក្លាយជាកូនសុំនោះរយៈពេល ៦ (ប្រាំមួយ) ខែ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់តុលាការ ។
បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានឆន្ទៈសហការគ្នា និងព្រមព្រៀងដាក់ពាក្យសុំទៅកាន់តុលាការនៃលំនៅរបស់ឪពុកម្ដាយចិញ្ចឹមនោះ ដើម្បីឱ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនពេញលេញ ។
(២)៖ ការស្មុំកូនធម្មតា៖ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងកូនអ្នកដទៃ និងឪពុក-ម្តាយចិញ្ចឹមដែលបានសុំកូនអ្នកដទៃនោះយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួនឯង បង្កើតតាមផ្លូវតុលាការ ប៉ុន្តែការស្មុំកូនធម្មតានេះមិនបានធ្វើឱ្យផ្តាច់ទំនាក់ទំនងញាតិរវាងឪពុកម្តាយបង្កើត និងកូនសុំនោះទេ ពោលគឺទំនាក់ទំនងញាតិរបស់ពួកគេនៅតែបន្តអត្ថិភាពនាំឱ្យពួកគេមានសិទ្ធិទាមទារ និងករណីយកិច្ចផ្គត់ផ្គង់អាហារកិច្ចគ្នាទៅវិញទៅមក។ ជាងនេះទៅទៀតកូនសុំនោះនៅតែជាសន្តតិជន (ទាយាទ) មានសិទ្ធិទទួលបានមរតករបស់ឪពុកម្តាយបង្កើតរបស់គេដដែល ។ ទន្ទឹមនឹងនេះកូនសុំក៏មានសិទ្ធិទទួលសន្តតិកម្មពីឪពុកម្ដាយចិញ្ចឹមផងដែរ។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនធម្មតា៖
* ឪពុកម្តាយចិញ្ចឹមអាចនៅលីវ ឬមានសហព័ទ្ធ (ប្តី-ប្រពន្ធស្របច្បាប់)
*ឪពុក-ម្តាយចិញ្ចឹមត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ
* កូនសុំអាចជាអនីតិជន ឬ នីតិជន ប៉ុន្តែមិនត្រូវជាបុព្វញាតិ ឬមានអាយុច្រើនជាងឪពុកម្តាយចិញ្ចឹមឡើយ
*កូនសុំ ជាអនីតិជនត្រូវមានការយល់ព្រមពីឪពុក/ម្តាយបង្កើត ឬអ្នកមានអំណាចមេបា ឬអាណាព្យាបាល ។
បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម និងកូនសុំត្រូវមានឆន្ទៈដូចគ្នា និងព្រមព្រៀងដាក់ពាក្យសុំជាមួយគ្នា ទៅកាន់តុលាការនៃលំនៅរបស់កូនសុំនោះដើម្បីឱ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនធម្មតា។ ប៉ុន្តែបើកូនសុំជាអនីតិជន ឪពុកម្តាយចិញ្ចឹមត្រូវដាក់ពាក្យសុំជាមួយអ្នកមានអំណាចមេបា ឬអាណាព្យាបាលនៃកូនសុំនោះទៅកាន់តុលាការនៃលំនៅរបស់កូនសុំ។
អ្នកដាក់ពាក្យសុំមិនចាំបាច់ត្រូវតែជាអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) នោះទេ ពោលគឺបុរស ឬនារីដែលនៅលីវក៏អាចក្លាយជាឪពុក ឬម្ដាយចិញ្ចឹមបានដែរ ប៉ុន្តែចំពោះអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) ប្រសិនបើមានតែសហព័ទ្ធម្ខាងដែលចង់បានកូនចិញ្ចឹមនោះ អានុភាពមានតែចំពោះតែអ្នកដែលបានដាក់ពាក្យសុំតែប៉ុណ្ណោះ។
(សូមរង់ចាំអានវគ្គបន្តនៅសប្ដាហ៍ក្រោយ)