កាលពី​កន្លងមក ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចមកហើយ​អំពី​ភាពស្របច្បាប់​នៃ​ការទទួលយក​កូន​អ្នកដទៃ​មក​ចិញ្ចឹម តាមរយៈ​ការបកស្រាយ​​ពី​លោក​មេធាវី លី កុសល មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដោយ​លោក​ពន្យល់ថា ករណី​សុំ​កូន​អ្នកដទៃ​យក​មក​ចិញ្ចឹម​ដោយ​ស្របច្បាប់​ត្រូវតែ​ធ្វើឡើង​តាមផ្លូវ​តុលាការ ហើយ​​ការរំលាយ​ការស្មុំ​កូន​នេះ​វិញ ក៏ត្រូវ​ធ្វើឡើង​តាមរយៈ​ការកាត់កាល់​តាម​ផ្លូវ​តុលាការ​ដូចគ្នា​។ ប៉ុន្តែ​នៅ​លេខ​នេះ​យើង​សូម​លើកយក​វគ្គ​បន្ត​មក​ចុះផ្សាយ​​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ករណី​ស្មុំ​នេះ កាលពី​កូន​នៅ​តូច លោក​ (​ខ​) ​ដែល​បានឱ្យ​កូន​ទៅ​លោក​ (​ក​) ​ចិញ្ចឹម​ដោយ​មិនមាន​ធ្វើលិខិត​ស្នាម​ប្រគល់​ទទួល​មិន​បាន​ប្តឹង​លោក​ (​ក​) ​ទេ ប៉ុន្តែ​ដល់​កូន​គាត់​ធំ​ពេញ​រូបរាង​ទើប​ប្តឹង​លោក​ (​ក​) ​ព្រោះ​សំអាង​​ថា​មិនមាន​លិខិតស្នាម​។ ​ករណី​នេះ​តើ​លោក​ (​ខ​) ​ធ្វើ​បាន​ទេ​?

ករណី​នេះ លោក​ (​ខ​) ​អាច​ធ្វើការ​ប្តឹង​បាន នេះ​ជា​សិទ្ធិ​របស់លោក​ (​ខ​) តែ​អ្វីដែល​សំខាន់​នោះ គឺ​លោក​ (​ខ​) ត្រូវមាន​ភ័ស្តុតាង​ហេតុផល​ឱ្យបាន​សមរម្យ​​ និង​ត្រឹមត្រូវ តែបើ​មិនមាន​ហេតុផល​ ឬ​ភ័ស្តុតាង​ណាមួយ​ឱ្យបាន​សមរម្យ ច្បាស់លាស់​នោះ​ទេ គឺ​តុលាការ​នឹង​ច្រានចោល​ការទាមទារ​របស់​លោក​ (​ខ​)​។

ចំពោះ​បញ្ហា​ដែល​លោក​ (​ខ​) ​លើកឡើង​ដោយ​សំអាងថា មិនមាន​លិខិតស្នាម​ប្រគល់​ទទួល​នោះ ចំណុច​នេះ​គេ​ចាត់ទុក​គឺជា​ការព្រមព្រៀង​ហើយ ដោយហេតុថា នៅក្នុង​មូលដ្ឋាន​ក៏​មាន​សាក្សី​ជាច្រើន​ដែល​បានឃើញ និង​ដឹងឮ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ព្រោះ​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​នីមួយៗ​មិនមែន​ធ្វើឡើង​ដោយ​ស្ងាត់ៗ​នោះទេ ហើយ​រយៈពេល​ចិញ្ចឹម​កូន​ទៀតសោត គឺមាន​រយៈពេល​រាប់​ឆ្នាំ ឧទាហរណ៍​ដូចជា​លោក​ (​ក​) បានធ្វើ​សកម្មភាព ចុះឈ្មោះ​កូន​នៅក្នុង​សៀវភៅ​គ្រួសារ​, សៀវភៅ​ស្នាក់នៅ​ ឬ​ចុះ​សំបុត្រ​កំណើត​ជា​​ដើម​,​ លោក​ (​ក​) ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ទំនុកបម្រុង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តែ​ផ្ទុយទៅវិញ បែរ​ជា​លោក​ (​ខ​) ដឹង​ហើយ ឮ​ហើយ មិនដែល​ខ្វាយខ្វល់​ទៅនឹង​សុខទុក្ខ​កូន​​បង្កើត​របស់ខ្លួន និង​មិនបាន​បំពេញ​ករណីយកិច្ច​ជា​ឪពុកម្តាយ​ដ៏ល្អ បែរ​ជា​ពេល​កូន​របស់ខ្លួន​ធំ​ឡើង​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​មាន​ចំណេះ​វិជ្ជា​ចង់​មក​យក​កូន​របស់ខ្លួន​ទៅវិញ នេះ​គឺជា​ការបង្ហាញ​ពី​អត្តចរិត​មិនល្អ​របស់​លោក​ (​ខ​) ​ទៅវិញ​ទេ​។

ឧបមាថា លោក​ (​ខ​) ​អាច​ប្តឹង​បាន ប៉ុន្តែ​កូន​របស់គាត់​ដែល​លោក​ (​ក​) ​ចិញ្ចឹម​នោះ​មិន​ព្រមទៅ​នៅ​ជាមួយ​លោក​ (​ខ​) ​វិញ បើ​បែបនេះ​តើ​ច្បាប់​ត្រូវ​ដោះស្រាយ​បែបណា​?

កូន​របស់គាត់​អាច​ប្តឹង​កាត់កាល់​លោក (​ខ​) បាន ព្រោះ​ប្រសិន​បើ​កូន​របស់លោក​ (​ខ​) ​យល់ឃើញថា ស្ថានភាព​ឪពុក​ម្តាយបង្កើត​មិនអាច​ផ្តល់ឱ្យ​គាត់ ទទួល​បាន​នូវ​សុភមង្គល ទំនុកបម្រុង​បីបាច់​ថែរក្សា​ទទួល​បាន​នូវ​ការរៀនសូត្រ​បាន​ខ្ពង់ខ្ពស់ មាន​អនាគត​ល្អ កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម ប្រើ​អំពើហិង្សា​។​ល​។ ​ដូច្នេះ​កូនលោក ​(​ខ​) អាចធ្វើ​នីតិវិធី​សុំឱ្យ​តុលាការ​ផ្តាច់ទំនាក់ទំនង​តាម​ផ្លូវ​ច្បាប់​ជាមួយ​លោក​ (​ខ​)​។

ករណី​នេះ​តើ​អាជ្ញាធរ​ណា​ទើប​មាន​សមត្ថកិច្ច​ ឬ​មាន​សិទ្ធិអំណាច​ក្នុង​ការសម្រេចបាន​? ដោយ​មូល​ហេតុអ្វី​?

មាន​តែ​តុលាការ​មួយគត់​ដែលមាន​សិទ្ធិ​ក្នុង​ការសម្រេច ដោយ​ផ្អែក​ទៅ​ឆន្ទៈ​ ឬ​គោលបំណង​ពិតប្រាកដ​របស់​កូន រួមទាំង​ស្ថាន​រស់នៅ​របស់​កូន ថា​​តើ​លោក​ (​ក​) ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ដែរឬទេ​?