ករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនគ្រាន់តែមានមូលហេតុពីការបើកបរលឿន ការផឹកគ្រឿងស្រវឹងប៉ុណ្ណោះទេ តែក៏មានកត្តាមួយចំនួនទៀតដែលជាបច្ច័យនាំឲ្យកើតមានគ្រោះថ្នាក់នេះផងដែរ។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទទាក់ទងនឹងការវិវឌ្ឍក្រោយការអនុវត្តច្បាប់កន្លងមកដែលមានខ្លឹមសារដូចខាងក្រោម ៖
ករណីដឹកទំនិញសំពីងសំពោងលើសបន្ទុកទម្ងន់ធ្វើឲ្យបាំងភ្នែកអ្នកបើកបរខាងក្រោយមិនឲ្យមើលអ្វីឃើញ នៅតែកើតមាននៅតាមដងផ្លូវ ហើយខ្លះក៏បង្កជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ រីឯការច្នៃរថយន្ត និងម៉ូតូខ្លះ បាញ់ភ្លើងបំភ្លឺ (ឡាស៊ែរ) ធ្វើឲ្យចាំងភ្នែកអ្នកបើកបរដទៃ។ តាមដែលលោកដឹង តើច្បាប់ហាមប្រាមទេ?
ត្រង់ចំណុចនេះ ច្បាប់ចរាចរណ៍ផ្លូវគោកដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៥ មាត្រា ៥៦ បានចែងថា៖ ការផ្ទុកទំនិញលើយានជំនិះត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារ និងការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ឬឯកជនដោយអូសឬធ្លាក់តាមផ្លូវ។នេះជាចំណុចមួយក្នុងមាត្រានេះ ហើយមានចំណុចលម្អិតធំៗចំនួន ៦ និងចំណុចតូចៗច្បាស់លាស់ជាច្រើនទៀតក្នុងមាត្រានេះ។
ដូចនេះអ្នកបើកបរល្មើសត្រូវប្រឈមនឹងការពិន័យអន្តរកាលស្របតាមអនុក្រឹត្យស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។អ្នកបើកបរម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉កឬម៉ូតូកង់ ៣ ត្រូវពិន័យ ១៥ ០០០ រៀល អ្នកបើកបរយានយន្តធុនស្រាល ពិន័យ ២៥ ០០០ រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ ៥០ ០០០ រៀល។ចំណុចមាត្រា ៩ នៃអនុក្រឹត្យនេះក៏បានចែងចំពោះការពិន័យអន្តរកាល។
ចំពោះអ្នកបើកបរយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសដូចជា ការបំពាក់ឡាស៊ែរនេះគឺចូលក្នុងចំណុចនេះហើយ អ្នកបើកបរម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉កឬម៉ូតូកង់ ៣ ត្រូវពិន័យ ៣០ ០០០ រៀល អ្នកបើកបរយានយន្តធុនស្រាលពិន័យ ៦០ ០០០ រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ ១២៥ ០០០ រៀល។ ប្តូរឬបិទពណ៌យានយន្តមិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត ក៏ត្រូវទទួលរងការផាកពិន័យតាមមាត្រា ៩ នេះដូចគ្នា។
ខ្ញុំយល់ថា ច្បាប់ចែងច្បាស់ណាស់អនុវត្តទៅ ម៉្យាងទៀតក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាហាមឃាត់ការនាំចូលផង។ សូមអធ្យាស្រ័យបើគំនិតខ្ញុំមិនទាន់សម័យឬពោលស្តីទៅមិនស្របនឹងគំនិតច្នៃប្រឌិតរបស់យុវវ័យ ប៉ុន្តែខ្ញុំយល់ថាកន្លែងណាដែលធ្វើទៅបង្កឲ្យខ្លួនឯងផ្ទាល់ និងអ្នកប្រើប្រាស់ផ្លូវដទៃទៀតប្រឈមនឹងគ្រោះថ្នាក់ មេត្តាកុំធ្វើអី ដែលទាំងនោះ មានទាំងការឡាស៊ែរ ស៊ីេហ្វ្លសំឡេងខ្លាំង ស៊ីម៉ាំងលាន់ ខ្នងកង់តូចស្តើង ឬគេហៅកង់ស្ព័រ ទាំងអស់ហ្នឹង។ បើដាក់ទៅវាមានសុវត្ថិភាព រោងចក្រផលិតគេដាក់ឲ្យយើងហើយ។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើ តើបណ្តាលមកពីការបណ្តែតបណ្តោយរបស់នគរបាលឬមកពីភាពគ្មានការទទួលខុសត្រូវពីសំណាក់អ្នកបង្ក?
ពាក់ព័ន្ធនឹងសំណួរនេះ ខ្ញុំគិតថាចម្លើយខាងលើហាក់បីដូចជាគ្រប់គ្រាន់ហើយគ្រាន់តែចង់សង្ខេបមកវិញយ៉ាងខ្លីថា វាជាកំហុសរួម។ដូចនេះត្រូវការឆន្ទៈរួម និងការដោះស្រាយរួមគ្នាដែរ តាមរយៈ ការជំរុញវិសាលភាពអប់រំផ្សព្វផ្សាយ ប្រព័ន្ធសេវាឆ្លើយតប ការសង្គ្រោះ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ក៏ដូចជា ការគាំទ្រលើការសិក្សាវាយតម្លៃស៊ីជម្រៅពីមូលហេតុបង្កគ្រោះថ្នាក់ឲ្យបានច្រើន នោះទើបវិធានការអនុវត្តន៍របស់យើងដើរទាន់គ្នា ជាមួយនឹងស្ថានភាពបង្កគ្រោះថ្នាក់នាពេលបច្ចុប្បន្ន។
បើនិយាយពីសីលធម៌អ្នកបើកបរម៉ូតូឬរថយន្តវិញ ពេលឈប់រង់ចាំត្រង់គោលដៅភ្លើងស្តុបគឺគាត់បានឈប់លើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ដែលពេលខ្លះធ្វើឲ្យថ្មើរជើងត្រូវបង្ខំចិត្តដើរលើផ្លូវគ្មានគំនូសសវិញ។
តើកត្តាទាំងនេះ លោកយល់ថាមកពីទម្លាប់របស់អ្នកទាំងនោះឬយ៉ាងណា?ហើយដើម្បីកែទម្លាប់នេះបានត្រូវមានវិធីណា?
យើងបានសង្កេតឃើញថា បើទោះជាមានច្បាប់ចរាចរណ៍ល្អប្រសើរច្រើនជាងមុន ការផាកពិន័យ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងមុន ប៉ុន្តែអ្នកបើកបរមួយចំនួនមិនបានចូលរួមគោរពប្រតិបត្តិច្បាប់ឲ្យបានខ្ជាប់ខ្ជួននោះទេ។ ឥរិយាបថ និងទម្លាប់ខុសឆ្គង គ្មានសុវត្ថិភាព និងអសីលធម៌ ជាច្រើនរាប់មិនអស់ត្រូវបានមើលឃើញនៅមានលើដងផ្លូវរាល់ថ្ងៃដោយភាគច្រើនគឺការបើកបរហួសល្បឿនកំណត់ មិនគោរព ភ្លើងសញ្ញា និងសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀន។ល។
ជាក់ស្តែងក្នុងឆ្នាំ ២០១៩ នេះយើងក៏បានឃើញហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់តក់ស្លុតជាច្រើនករណីដែលភាគច្រើនបានបង្កឡើងដោយរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ រថយន្តធ្វើអាជីវកម្ម ឬដឹកកម្មករ រថយន្តក្រុងឯកជន និងរថយន្តឈ្នួល។ល។
ដូចនេះដើម្បីផ្លាស់ប្តូរ ឥរិយាបថ ជំនឿ និងការប្រព្រឹត្តរបស់អ្នកបើកបរទាំងអស់នោះបាន ការអប់រំផ្សព្វផ្សាយតែម្យ៉ាងនឹងក្លាយជាអាសារបង់ប្រសិនបើការអនុវត្តច្បាប់ មានការលើកលែងយោគយល់ឬចន្លោះប្រហោងច្រើននោះ គ្រោះថ្នាក់ចរាចរណ៍នឹងនៅតែបន្តក្លាយជាប្រធានបទក្តៅឥតល្ហែដដែល។ដូចនេះការអប់រំត្រូវដើរទន្ទឹមជាមួយនឹងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ បទពិសោធនៅបណ្តាប្រទេសដែលទទួលបានជោគជ័យលើការកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ធ្ងរ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានដូចជា អូស្ត្រាលី អង់គ្លេស ហូឡង់ នូវែលសេឡង់ សិង្ហបុរី។ល។
គឺបានផលមកអំពីការអនុវត្តរួមបញ្ចូលគ្នានូវវិធីសាស្ត្រប្រព័ន្ធសុវត្ថិភាពចរាចរណ៍ រួមមានការអប់រំផ្សព្វផ្សាយសម្បូរបែប ការកែលម្អកម្រិតសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្របតាមបច្ចេកវិទ្យាដែលមានគុណភាព ក្នុងការវិភាគលក្ខណៈបែបវិទ្យាសាស្រ្ត ត្រឹមត្រូវ។
ជាការពិត បរិបទ និងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ប្រទេសនីមួយៗមានលក្ខណៈដូចគ្នា ដូចនេះគុណភាពប្រព័ន្ធទិន្នន័យ គឺជាត្រីវិស័យចង្អុលបង្ហាញប្រាប់ថា តើក្រុមគោលដៅណាខ្លះប្រឈមឬងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ តើម៉ោងពេល និងរដូវកាលណាខ្លះដែលភាគច្រើនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្ពស់។
មកដល់ត្រឹមនេះខ្ញុំនៅតែជំរុញសង្កត់ធ្ងន់លើការគាំទ្រអនុវត្តន៍រឹតបន្តឹងច្បាប់ប្រកបដោយប្រសិទ្ធភាពដដែល ហើយក៏សូមអំពាវនាវដល់ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ព្រមទាំងរាជរដ្ឋាភិបាលផ្ទាល់ មេត្តាបង្កើនការវិនិយោគលើកកម្ពស់ចំពោះភាពសម្បូរបែបនៃការរឹតបន្តឹងការអនុវត្តច្បាប់ បូករួមទាំងសមត្ថភាពមន្ត្រី សម្ភារបរិក្ខារ រួមជាមួយនឹងបច្ចេកវិទ្យាជំនួយដល់ការគ្រប់គ្រងអនុវត្តច្បាប់ដោយប្រសិទ្ធភាព។
ធ្វើបែបនេះ អ្នកធ្លាប់ជិះបញ្ច្រាស់ ជិះខុសគន្លងផ្លូវរបស់ខ្លួន អ្នកមិនគោរពភ្លើងស្តុប អ្នកមិនគោរពសិទ្ធិថ្មើរជើង អ្នកឈប់ចតគ្មានសណ្តាបធ្នាប់់ អ្នកល្មើសល្បឿន អ្នកហូបគ្រឿងស្រវឹង ឬសេពគ្រឿងញៀនហើយបើកបរ អ្នកធ្លាប់មានចរិត និងគិតថាអាចតថ្លៃឬចរចាបានពេលខ្លួនល្មើសច្បាប់ចរាចរណ៍ ប្រាកដជាផ្លាស់ប្តូរ ហើយច្បាស់ណាស់ ជាលទ្ធផលកម្ពុជានឹងទទួលបានអ្នកបើកបរដែលមានសីលធម៌ សុជីវធម៌ មេត្តាធម៌ យោគយល់អធ្យាស្រ័យគ្នាខ្ពស់ និងគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោកល្អទៅមុខជាលំដាប់៕