ជារឿយៗ​ការជួល​ជាង​ ឬ​អ្នកជំនាញ​ដើម្បី​ប្រយោជន៍​អ្វីមួយ​ជួនកាល​បាន​បង្កបញ្ហា​គ្រោះថ្នាក់​ដល់​អ្នកដទៃ ប៉ុន្តែ​បញ្ហា​នេះ​ទាំង​ជនរងគ្រោះ និង​អ្នកបង្ក ហាក់​មិន​បាន​ចាប់អារម្មណ៍​​នឹង​ការ​ប្រឈម​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​ឡើយ​។ ជុំវិញ​បញ្ហា​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​បាន​សម្ភាស​ជាមួយ​លោក មេធាវី ម៉ៅ សុវិទ្យា សមាជិក​​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ ដែល​​មាន​ការិយាល័យ​ជាន់​ទី​ ១០ ​បន្ទប់ P10-11 នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ​អគារ​លេខ​ ៣៦ ផ្លូវ​ ១៦៨ សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​ដែ​លមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមា​ថា មាន​ជាង​ផ្សារដែក​ម្នាក់​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ទៅ​ផ្សារ​រនាំង​ដែក​នៅ​ទីតាំង​មួយ​កន្លែង ប៉ុន្តែ​ចៃដន្យ​ពេល​កំពុង​ផ្សារ​ស្រាប់តែ​រនាំង​ដែក​នោះ​បាក់សង្កត់​លើ​មនុស្ស​ម្នាក់​ស្លាប់​ ឬ​របួស​។ តើ​ជាង​ផ្សារដែក​មាន​​ទោស​ដែរឬទេ បើ​អ្នក​ផ្សេង​ជា​អ្នក​ហៅ​គាត់​ឲ្យ​ទៅ​ផ្សារ​ឲ្យ​នោះ​?

ដើម្បី​ដឹងថា តើ​បុគ្គល​ម្នាក់​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​លើ​ការប្រព្រឹត្ត​របស់គេ​ដែរឬទេ​នោះ​យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ជាមុនសិន ដែល​ធាតុ​ផ្សំ​នៃ​បទល្មើស​រួមមាន ធាតុ​នីត្យានុកូល ធាតុ​សត្យានុម័ត និង​ធាតុ​អន្តោម័ត​។ ក្នុង​ករណី​នេះ​ធាតុ​នីត្យានុកូល គឺ​មាន​បទល្មើស​ដែល​ចែង​នៅក្នុង​មាត្រា​ ២០៧ បទ​មនុស្សឃាត​ដោយ​អចេតនា ឬ​មាត្រា ២៣៦ បទ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ចំពោះ​ធាតុ​សត្យានុម័ត​ជា​ការធ្វើឲ្យ​ធ្លាក់​រនាំង​ដែក​នោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​ឬ​របួស​។​ សម្រាប់​ធាតុ​អន្តោម័ត​ដែល​បង្ហាញ​កត្តា​ផ្នែក​ខាងក្នុង​នៃ​បទល្មើស​គឺ​កើតឡើង​ដោយ​អចេតនា ដោយសារ​តែ​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ខ្ជីខ្ជា​របស់​ជាងដែក​។ ​

បើ​យើង​ពិនិត្យ​លើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ខាងលើ​នេះ ជាង​ផ្សារ​​ដែក​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញត្តិ​ក្នុង​មាត្រា ២០៧ បទ​មនុស្សឃាត​ដោយ​អចេតនា​ (​ក្នុងករណី​ជនរងគ្រោះ​ស្លាប់​) ​ឬ​មាត្រា​ ២៣៦ បទ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​ (​ក្នុងករណី​ជនរងគ្រោះ​មាន​របួស​) ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ទោះបី​ជា​អ្នកផ្សេង​ជា​អ្នក​ហៅ​គាត់​ទៅ​ផ្សារ​រនាំង​ដែក​នោះ​ក៏ដោយ ក៏​មិនមែន​ជា​មូលហេតុ​ដែល​គាត់ (​ជាងដែក​) អាច​រួច​ផុត​ពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែរ ព្រោះ​គាត់​ជា​អ្នកបច្ចេកទេស​​ក្នុង​ការផ្សារ​រនាំង​ដែក​ជូន​អតិថិជន​របស់គាត់​ដែល​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ជាងដែក​ខ្លួនឯង​ដែល​ជា​អ្នក​ធ្វើឲ្យ​ធ្លាក់​រនាំង​ដែក​លើ​អ្នកដទៃ​។

តើ​ម្ចាស់​ទីតាំង​ដែល​ហៅ​ជាងដែក​មក​ផ្សារ​រនាំង​ដែក នោះ​ត្រូវ​មាន​ទោស​ដែរឬទេ​?

ចំពោះ​ម្ចាស់​ទីតាំង​ដែល​ហៅ​​ជាងដែក​មក​ផ្សារ​រនាំង​ដែក​​ជូន​គាត់​នោះ យើង​ត្រូវ​ពិនិត្យ​អំពី​គោល​គំនិត​របស់​ម្ចាស់​ទីតាំង​ថា តើ​គាត់​ដាក់​រនាំង​ដែក​នេះ​ក្នុង​គោលបំណង​អ្វី ការដាក់​រនាំង​ដែក​នេះ ទាំង​ម្ចាស់​ទីតាំង និង​ប្រជាជន​ទូទៅ​គឺ​ដាក់​ដើម្បី​ការពារ​ទីតាំង​របស់​ពួកគេ​។ បើ​ម្ចាស់​ទីតាំង​ដាក់​រនាំង​ដែក​ដោយមាន​គោលបំណង​ដើម្បី​ការពារ​សុវត្ថិភាព​ទីតាំង​របស់​គាត់​តែប៉ុណ្ណោះ​នោះ ម្ចាស់​ទីតាំង​មិន​ទទួល​ខុសត្រូវ​ទោស​ព្រហ្មទណ្ឌ ដូចជា ជាង​ផ្សារដែក​នោះទេ ព្រោះ​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​គឺ​បុគ្គល​ម្នាក់ៗ​ទទួលខុស​ត្រូវតែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

​ដោយ​ម្ចាស់​ទីតាំង​មិនបាន​ចូលរួម​ក្នុង​ការងារ​បច្ចេកទេស​ក្នុង​ការដំឡើង និង​ផ្សារ​រនាំង​ដែក​នេះ​ទេ​។ ប៉ុន្តែ​ដោយសារ​តែ​ម្ចាស់​ទីតាំង​កើតហេតុ​ដែល​ជា​អ្នក​ជួល​ជាង​ឲ្យ​មក​ផ្សារ​រនាំង​ជូន​គាត់ ហើយ​បណ្តាល​ឧបទ្ទវហេតុ​កើតឡើង​នោះ​ម្ចាស់​ទីតាំង​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការទទួលខុសត្រូវ​លើ​សំណង​រដ្ឋប្បវេណី​ជូន​ជនរងគ្រោះ​។

ក្នុងករណី​ដែល​រនាំង​ដែក​បាន​ដំឡើង​រយៈពេល​ ៥ ​ឆ្នាំ​​រួចហើយ ស្រាប់តែ​រនាំង​ដែក​នោះ​បាន​បាក់​ធ្លាក់​ត្រូវ​មនុស្ស​ស្លាប់ ឬ​របួស តើ​ជាងដែក និង​ម្ចាស់​ទីតាំង​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែរឬទេ បើ​ម្ចាស់​ទីតាំង​បានដឹងថា រនាំង​ដែក​របស់​ខ្លួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ​នោះ​?

ក្នុង​ករណី​នេះ​យើង​ពិនិត្យ​ទៅលើ​ស្ថានភាព​របស់​រនាំងដែក​ដែល​បាន​ប្រើប្រាស់​អស់​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ ដោយសារ​តែ​រនាំង​ដែក​នោះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទើប​បណ្តាល​ឲ្យ​មាន​ឧបទ្ទវហេតុ បាក់​ធ្លាក់​ត្រូវ​មនុស្ស​ស្លាប់​ ឬ​របួស​នេះ​កើតឡើង​។ ដូច្នេះ​ក្រោយ​រយៈពេល​ ៥ ​ឆ្នាំ​ដែល​ភាពរឹងមាំ​របស់​រនាំង​ដែក​ប្រែ​ជា​មាន​សភាព​ទ្រុឌទ្រោម​ហើយ​បាក់​ធ្លាក់​ត្រូវ​មនុស្ស​ស្លាប់​ ឬ​របួស​នោះ​គឺ​មិន​បណ្តាលមកពី​ចេតនា​របស់​ជាងដែក​ ឬ​ការ​ធ្វេសប្រហែស​របស់​ជាងដែក​នោះឡើយ​។ ​យោងតាម​គោលការណ៍​​ទូទៅ​នៃ​ក្រមព្រហ្មទណ្ឌ​បាន​បញ្ញត្តិ​ថា ពុំ​មាន​បទល្មើស​ទេ ប្រសិន​បើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។ ​ដូច្នេះ​ជាងដែក​គឺ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទៀតឡើយ​។

ប៉ុន្តែ​ក្នុងករណី​ម្ចាស់​ទីតាំង​វិញ​ម្ចាស់​ទីតាំង​បានឃើញ និង​ដឹងថា​រនាំង​ដែក​របស់​ខ្លួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ ប៉ុន្តែ​បែរ​មិន​ជួសជុល និង​កែលម្អ ដែល​បណ្តាល​ឲ្យ​មាន​ការបាក់​ធ្លាក់​ត្រូវ​មនុស្ស​ស្លាប់​ ឬ​របួស​នោះ ម្ចាស់​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញត្តិ​ក្នុង​មាត្រា​ ២០៧ បទ​មនុស្សឃាត​ដោយ​អចេតនា (​ក្នុង​ករណី​ជនរងគ្រោះ​ស្លាប់​) ​ឬ​មាត្រា​ ២៣៦ បទ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​ (​ក្នុង​ករណី​ជនរងគ្រោះ​មាន​របួស​) នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​ឧបទ្ទវ​ហេតុនេះ ទោះបី​មិន​កើតឡើង​ដោយ​ចេតនា​ផ្ទាល់​របស់​ម្ចាស់​ទីតាំង​ក៏ដោយ ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​កើតឡើង​ដោយសារ​តែ​ការធ្វេសប្រហែស និង​មិន​ប្រុងប្រយ័ត្ន​របស់​ខ្លួន​ដែល​ដឹងថា រនាំង​ដែក​នោះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ហើយ​តែ​ម្ចាស់​ទីតាំង​មិនបាន​ជួសជុល និង​​កែលម្អ​ឲ្យ​បាន​ល្អ​ឡើងវិញ​។

ប្រសិន​បើ​ជាងផ្សារដែក ឬ​ម្ចាស់​ទីតាំង​បាន​សង​សំណង​ទៅ​ជនរងគ្រោះ​រួចហើយ តើ​ជាងដែក​ ឬ​ម្ចាស់​ទីតាំង​អាច​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​ដែរ​ឬ​ទេ​?

ក្នុង​ករណី​នេះ​ទោះបី​ជាងផ្សារដែក ឬ​ម្ចាស់​ទីតាំង​បាន​សង​សំណង​រដ្ឋប្បវេណី​ជូនទៅ​ជនរងគ្រោះ​រួចហើយ​ក៏ដោយ​ក៏​ជាងដែក ឬ​ម្ចាស់​ទីតាំង​មិនអាច​រួចផុត​ពី​ការចោទប្រកាន់​របស់​តុលាការ​បាន​ដែរ ដោយសារ​តែ​ការសង​សំណង​រដ្ឋប្បវេណី​ទៅ​កាន់​ជនរងគ្រោះ​គឺ​រលត់​តែ​បណ្តឹងរដ្ឋប្បវេណី​តែប៉ុណ្ណោះ មិនមែន​ជា​មូលហេតុ​នៃ​ការ​រលត់​នូវ​បណ្តឹងអាជ្ញា​នោះទេ​។ ដូច្នេះ​បណ្តឹង​អាជ្ញា ការចោទប្រកាន់​នៅតែ​បន្ត​នីតិវិធី​តទៅ​ទៀត​៕