កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​មិត្ត​អ្នកអាន​បាន​តាមដាន​មួយ​វគ្គ​រួចមកហើយ ទាក់ទង​នឹង​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​​ ៣ នៃ​ការជួល​អចលនវត្ថុ​តាមរយៈ​ការបកស្រាយ​​ពី​លោក អ៊ឹម រចនា ក្រុម​មេធាវី ដឺ ហ្វ្លេក​ (The FLAG LAW GROUP) ​ដែល​មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ២A ផ្លូវ​លេខ​ ៥៦៦ កែង​៦០៨ សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ ​ប៉ុន្តែ​ពេលនេះ​ភ្នំពេញ-ប៉ុស្ដិ៍​សូម​លើក​យក​វគ្គ​បន្ដ​មក​​ចុះផ្សាយ​ដូចខាងក្រោម ៖

២-​លក្ខខណ្ឌ​នៃ​ការជួល​អចលនវត្ថុ​ដោយ​មាន​កិច្ចសន្យាជួល ៖

លោក "ក" (​ម្ចាស់ផ្ទះ​) បាន​ចុះ​កិច្ចសន្យា​ជួល​ផ្ទះ​របស់គាត់​ទៅ​ឱ្យ​លោក "​ខ​" (​អ្នក​ជួលផ្ទះ​)​។ ចៃដន្យ​មាន​អគ្គិភ័យ​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឱ្យ​ផ្ទះ​នោះ​ត្រូវ​ឆេះ​អស់ ហើយ​លោក "​ខ​"(​អ្នក​ជួល​ផ្ទះ​) ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​។ តើ​លោក ​"​ក​" ​ដែល​ជា​ម្ចាស់ផ្ទះ​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ដែរឬទេ​?

ក្នុង​អង្គហេតុ​ខាងលើ​យើង​ពិនិត្យ​ឃើញ​ថា អគ្គិភ័យ​ដែល​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​មាន​ប្រភពពី​ផ្ទះ​ដែល​លោក ​“​ខ​” ​បាន​ជួល​ពី​លោក ​"​ក​"​។

លោក ​“​ក​” ដែល​ជា​ម្ចាស់ផ្ទះ​ (​ភតិបតី​) ​មាន​ករណីយកិច្ច​អាច​តភ្ជាប់​នូវ​ឧបករណ៍​សុវត្ថិភាព​ដែល​អាច​ផ្តាច់​ចរន្ត​អគ្គិសនី​ជា​ស្វ័យប្រវត្តិ​ (​ឌីសង់ទ័រ​) ​ដើម្បី​បង្ការ​ករណី​ទុស្សេ​។ ​ករណីយកិច្ច​នេះ​ក៏​អាច​ផ្ទេរ​ទៅឱ្យ​លោក ​“​ខ​” ដែល​ជា​អ្នក​ជួល​ (​ភតិកៈ​) ​ដោយ​ត្រូវ​មានចែង​ក្នុង​កិច្ចសន្យាជួល​ដើម្បី​ឱ្យ​អ្នក​ជួល​អនុវត្ត​ការតភ្ជាប់​ ឬ​ការជួសជុល​ចាំបាច់​នេះ​ជំនួស​ម្ចាស់​ផ្ទះ​ផងដែរ ។ ជាទូទៅ​ក្នុង​កិច្ចសន្យា​ជួល​ផ្ទះ​តែងតែ​មាន​ចែង​អំពី​លក្ខខណ្ឌ​ពាក់ព័ន្ធ​ការទទួល​ខុសត្រូវ​របស់​អ្នក​ជួល​លើ​ករណី​អគ្គិភ័យ​ដែល​លក្ខខណ្ឌ​នេះ​គឺ​សំដៅ​ចង​កាតព្វកិច្ច​ឱ្យ​ភាគី​អ្នក​ជួល​ (​ភតិកៈ​) ​ត្រូវ​គ្រប់គ្រង​ផ្ទះជួល​ដោយ​ប្រុងប្រយ័ត្ន​។

ប៉ុន្តែ​ដោយ​លោក ​“​ខ​” ​ដែល​ជា​​អ្នក​ជួល​ (​ភតិកៈ​) ​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​អគ្គិភ័យ ដូច្នេះ​សន្តតិជន​របស់​លោក “​ខ​” (​អ្នក​ស្នង​ទ្រព្យ​បន្ត​អាច​ជា​ប្រពន្ធ កូន ជាដើម​) ​ឬ​អ្នក​ដែល​ទទួល​សិទ្ធិ និង​កាតព្វកិច្ច​បន្ត​​ពី​លោក ​“​ខ​” ​ត្រូវ​ទទួល​ខុសត្រូវ​ជំនួស​ចំពោះ​ព្យសនកម្ម​ (​ការខូចខាត​) ​ដែល​កើត​ចេញ​ពី​​អគ្គិភ័យ​នោះ​ក្រោម​លក្ខខណ្ឌ​នៃ​ការទទួលខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូល​។

ផ្អែក​តាម​ការបកស្រាយ​នេះ​លោក “​ក​” ដែល​ជា​ម្ចាស់ផ្ទះ (​ភតិបតី​) ​ពុំ​មាន​កាតព្វកិច្ច​ត្រូវ​ទទួល​ខុសត្រូវ​លើ​ករណី​នេះឡើយ​។ ប៉ុន្តែ​ជាទូទៅ​ក្នុងករណី​អគ្គិភ័យ​មួយ​ចំនួន​ដែល​រាលដាល​ទៅដល់​ផ្ទះ​របស់​តតិយជន យើង​ឃើញថា តតិយជន​តែងតែ​ទាមទារ​សំណង​ពី​ម្ចាស់ផ្ទះ​ (​ភតិបតី​) ​ទៅវិញ​។

៣-​លក្ខខណ្ឌ​នៃ​ការជួល​អចលនវត្ថុ​ដោយ​មាន​កិច្ចសន្យា​ជួល និង​មាន​ធានារ៉ាប់រង ៖

លោក "​ក​" (​ម្ចាស់ផ្ទះ​) ​បាន​ចុះ​កិច្ចសន្យា​ជួល​ផ្ទះ​របស់គាត់​ទៅឱ្យ​លោក​ "​ខ​" (​អ្នក​ជួល​ផ្ទះ​)​។ មុន​នឹង​ជួល​ផ្ទះ​នេះ​ទៅ​ឱ្យ​លោក “​ខ​” លោក “​ក​” បាន​ទិញ​ធានារ៉ាប់រង​បង្ការ​អគ្គិភ័យ​សម្រាប់​ផ្ទះ​នេះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​រួចជាស្រេច​។ ចៃដន្យ​មាន​អគ្គិភ័យ​កើតឡើង ដោយសារ​ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឱ្យ​ផ្ទះ​នោះ​ត្រូវ​ឆេះ​អស់ ហើយ​លោក "​ខ​" (​អ្នក​ជួល​ផ្ទះ​) បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ​។ តើ​លោក "​ក​" ដែល​ជា​ម្ចាស់ផ្ទះ​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ដែរឬទេ​?

ក្នុង​អង្គហេតុ​ខាងលើ​យើង​ពិនិត្យ​ឃើញ​ថា អគ្គិភ័យ​ដែល​កើតឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​មាន​ប្រភពពី​ផ្ទះ​ដែល​លោក “​ខ​” បាន​ជួល​ពី​លោក "​ក​" ។ ប្រសិន​បើ​ក្នុង​កិច្ចសន្យា​ជួល​ផ្ទះ​បាន​ចែង​ពី​ករណីយកិច្ច​ដែល​តម្រូវឱ្យ​លោក “​ខ​” ដែល​ជា​អ្នក​ជួល (​ភតិកៈ​) ​អនុវត្ត​ការតភ្ជាប់ ឬ​ការជួសជុល​ចាំបាច់​មួយ​ចំនួន​រួមបញ្ចូល​ទាំង​ការតភ្ជាប់​នូវ​ឧបករណ៍​សុវត្ថិភាព​ដែល​អាច​ផ្តាច់​ចរន្តអគ្គិសនី​ជា​ស្វ័យប្រវត្តិ (​ឌីសង់ទ័រ​) ដើម្បី​បង្ការ​ករណីទុស្សេ និង​បានចែង​តម្រូវ ឱ្យ​លោក ​“​ខ​” ​ដែល​ជា​អ្នក​ជួល (​ភតិកៈ​) ត្រូវ​ទទួល​ខុសត្រូវ​លើ​ករណី​អគ្គិភ័យ​ផង នោះ​​លោក ​“​ខ​” ​ត្រូវ​មាន​ករណីយកិច្ច​អនុវត្តតាម​ខចែង​ទាំងនោះ​។

ប៉ុន្តែ​ដោយ​លោក “​ខ​” ដែល​ជា​អ្នក​ជួល​ (​ភតិកៈ​) បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​អគ្គិភ័យ ដូច្នេះ​អ្នក​ស្នង​ទ្រព្យ​បន្ត​អាច​ជា​ប្រពន្ធ កូន ជាដើម ឬ​អ្នក​ដែល​ទទួល​សិទ្ធិ និង​កាតព្វកិច្ច​បន្ត​ពី​លោក “​ខ​”​ ត្រូវ​ទទួលខុសត្រូវ​ជំនួស​ចំពោះ​ព្យសនកម្ម (​ការខូចខាត​) ដែល​កើត​ចេញ​ពី​អគ្គិភ័យ​នោះ​ក្រោម​លក្ខខណ្ឌ​នៃ​ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូល​។

ករណី​នេះ​ប្រសិន​បើ​ម្ចាស់ផ្ទះ​​បាន​ទិញ​ធានារ៉ាប់រង​ផ្នែក​អគ្គិភ័យ តើ​ក្រុមហ៊ុន​ធានារ៉ាប់រង​​ចេញ​សំណង​តែ​ថ្លៃ​ឆេះ​ផ្ទះ និង​ចេញ​សំណង​គ្រោះថ្នាក់​ស្លាប់​​មនុស្ស​ដែរ​ទេ​? ​ព្រោះ​បើ​កុំ​តែ​ឆេះ​​ផ្ទះ​ក៏​គ្មាន​មនុស្ស​ស្លាប់​ដែរ​?

ចំពោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​វិញ​ត្រូវ​ទទួលខុសត្រូវ​ត្រឹម​កម្រិត​ដែល​មានចែង​ក្នុង​កិច្ចសន្យា​ធានារ៉ាប់រង​ជាមួយ​នឹង​លោក “​ក​”​។ ជាទូទៅ​លក្ខខណ្ឌ​នៃ​ការធានារ៉ាប់រង​ត្រូវ​បាន​កំណត់​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ធានារ៉ាប់រង (​ធានា​រ៉ាប់រង​ទូទៅ​, ធានារ៉ាប់រង​អាយុជីវិត​, ធានារ៉ាប់រង​បង្ការ​អគ្គិភ័យ ។​ល និង​ល​។ និង​ទំហំ​ទឹកប្រាក់​នៃ​កញ្ចប់​ធានារ៉ាប់រង​ដែល​កំណត់​ក្នុង​កិច្ចសន្យា​ធានារ៉ាប់រង​។

ផ្អែក​ទៅលើ​អង្គហេតុ​លោក ​“​ក​” ​បាន​ទិញ​កញ្ចប់​ធានារ៉ាប់រង​បង្ការ​អគ្គិភ័យ​សម្រាប់​ផ្ទះជួល​ប៉ុណ្ណោះ​ដែល​តាមរយៈ​នេះ​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​អាច​ត្រឹម​កម្រិត​នៃ​ទំហំ​ទឹកប្រាក់​ណាមួយ​សម្រាប់​ការខូចខាត​របស់​ផ្ទះ​របស់​លោក​ “​ក​” ​ប៉ុណ្ណោះ​។ ​ចំពោះ​ការបាត់បង់​ជីវិត​របស់​លោក “​ខ​” ដែល​ជា​អ្នក​ជួល​ (​ភតិកៈ​) មិន​អាចជា​បន្ទុក​ធានារ៉ាប់រង​ក្នុង​កញ្ចប់​ធានារ៉ាប់រង​អគ្គិភ័យ​ឡើយ​។

ផ្អែកលើ​ការបកស្រាយ​នេះ​លោក “​ក​” ដែល​ជា​ម្ចាស់ផ្ទះ (​ភតិបតី​) ពុំមាន​កាតព្វកិច្ច​ត្រូវ​ទទួល​ខុសត្រូវ​លើ​ករណីនេះ​​ឡើយ​។ ប៉ុន្តែ​ជាទូទៅ​ក្នុង​ករណី​អគ្គិភ័យ​មួយ​ចំនួន​ដែល​រាលដាល​ទៅដល់​ផ្ទះ​របស់​តតិយជន យើង​ឃើញ​ថា តតិយជន​តែងតែ​ទាមទារ​សំណង​ពី​ម្ចាស់ផ្ទះ​ (​ភតិបតី​) ទៅវិញ​។

ជា​សរុបមក​តាមរយៈ​អង្គហេតុ​ខាងលើ​បង្ហាញ​ឱ្យ​ឃើញ​ថា ម្ចាស់ផ្ទះ (​ភតិបតី​) អាច​ត្រូវ​បាន​ទាមទារ​ឱ្យទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការខូចខាត (​ព្យសនកម្ម​) ​ដែល​កើតឡើង​លើ​អ្នក​ជួល និង​អ្នកដទៃ​ក្រោម​មូលហេតុ​ដែល​អគ្គិភ័យ​មាន​ប្រភព​កើតចេញពី​ផ្ទះ​របស់​ម្ចាស់ផ្ទះ​។

ប៉ុន្តែ​ម្ចាស់ផ្ទះ​អាច​រួច​ផុតពី​បន្ទុក​ទទួល​ខុសត្រូវ​នេះ​បាន​ក្នុង​ករណី​ដែល​ទំនាក់ទំនង​ជួល​នោះ កើតឡើង​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ជួល​ផ្ទះ​ព្រោះ​ប្រសិន​បើ​មាន​ខចែង​ក្នុង​កិច្ចសន្យាជួល​​តម្រូវ​ឱ្យ​អ្នក​ជួល​ (​ភតិកៈ​) ​ទទួល​ខុសត្រូវ​ក្នុង​ករណី​អគ្គិភ័យ​នេះ​ម្ចាស់ផ្ទះ (​ភតិបតី​) អាច​ទាមទារ​ឱ្យ​អ្នក​ទទួល​សិទ្ធិ និង​កាតព្វកិច្ច​បន្ត​ពី​អ្នក​ជួល​ (​អាច​ជា​ប្រពន្ធ​ ឬ​កូន​) ​ឱ្យ​ទទួល​​ខុសត្រូវ​សង​សំណង​ទៅ​ឱ្យ​តតិយជន​បាន​ផងដែរ​។ ចំពោះ​ការទិញ​ធានារ៉ាប់រង​វិញ​គឺ​ពិតជា​មាន​សារៈសំខាន់ ពីព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការអន្តរាយ​ដោយ​គ្រោះ​អគ្គិភ័យ ទំហំ​ទឹកប្រាក់​ដែល​បាន​មកពី​ការធានារ៉ាប់រង​អាច​ជួយ​ដល់​ការដោះស្រាយ​បញ្ហា​ជីវភាព​បាន​មួយកម្រិត​ផងដែរ​៕