ការជំនុំជម្រះ​ក្តី​ទាក់ទង​នឹង​អនីតិជន ច្បាប់​បានកំណត់ និង​បែងចែក​ពី​នីតិវិធី​ជម្រះ​ខុសពី​មនុស្សពេញវ័យ​។ ដើម្បី​បាន​ជ្រាបថា តើ​ច្បាប់​មាន​គោលការណ៍ និង​បែងចែក​យ៉ាងណា​នោះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី សារ៉េត សារ៉េនឌី សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែល​មាន​ការិយាល័យ​នៅ​ជាន់​ទី​ ១០ បន្ទប់ P10-11 នៃ​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU) មាន​លេខ​ ៣៦ ផ្លូវ​ ១៦៨ ​សង្កាត់ វាលវង់​ខណ្ឌ​៧​មករា រាជធានី-ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ជាគោលការណ៍ តើ​ច្បាប់​បាន​ផ្ដល់​សិទ្ធិ​អ្វីខ្លះ​ដល់​អនីតិជន ពេល​ជំនុំជម្រះ​នៅក្នុង​អង្គសវនាការ ?

ជាគោលការណ៍ ច្បាប់​បាន​ផ្ដល់​សិទ្ធិ​ដល់​អនីតិជន​ពេល​ជំនុំជម្រះ​នៅក្នុង​អង្គសវនាការ​ដូចជា​៖

-​សិទ្ធិ​មិន​ផ្ដល់​ចម្លើយ​នៅពេល​មាន ឬ​គ្មាន​វត្តមាន​មេធាវី

-​សិទ្ធិ​មិន​ទទួល​ការបង្ខិតបង្ខំ​ឲ្យ​ឆ្លើយ​ដាក់បន្ទុក​លើ​ខ្លួនឯង

-​សិទ្ធិ​រក្សា​ការសម្ងាត់​នៃ​ជីវិត​ឯកជន

-​សិទ្ធិ​ទទួលបាន​ការពិនិត្យ​សុខភាព និង ការព្យាបាល

-​សិទ្ធិ​ទទួល​បាន​ការ​ឲ្យ​ដំណឹង​អំពី​បទចោទប្រកាន់​

-​សិទ្ធិ​ក្នុង​ការជូន​ដំណឹង​អំពី​ការចាប់ខ្លួន​ទៅដល់​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់

-​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​មេធាវី​ដោយ​ការជ្រើសរើស​ ឬ​ដោយ​ការចាត់តាំង​មិន​យក​កម្រៃ ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ដោយ​ច្បាប់​ស្ដីពី​លក្ខន្តិកៈមេធាវី ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​នីតិវិធី

-​សិទ្ធិ​ឲ្យ​មាន​ការចូលរួម​ពី​អ្នក​​តំណាង​ដែល​ច្បាប់​បានកំណត់​គ្រប់​ដំណើរការ​រឿងក្ដី ប្រសិន​បើ​ការចូលរួម​នេះ​មិន​ផ្ទុយ​នឹង​ឧត្តម​ប្រយោជន៍​របស់​អនីតិជន

-​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​អ្នកបកប្រែ​ភាសា​ដោយ​មិន​យក​កម្រៃ កាលបើ​មាន​ការ​ចាំបាច់

-​សិទ្ធិ​បង្ហាញ​ភ័ស្តុតាង

-​សិទ្ធិ​ស្នើសុំ​ឲ្យ​កោះហៅ​សាក្សី និង​សួរសាក្សី

-សិទ្ធិ​ស្នើសុំ​អនុញ្ញាត​នៅ​ក្រៅ​ឃុំ

-​សិទ្ធិ​ស្នើសុំ​ឲ្យ​កែប្រែ​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ

-​សិទ្ធិ​ទំនាក់ទំនង​ជាមួយ​សា្ថនទូត ស្ថាន​កុងស៊ុល​ក្នុង​ករណី​អនីតិជន​ជា​បរទេស

-​សិទ្ធិ​ផ្សេងទៀត​ដែល​មាន​ចែង​ក្នុង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

-​សិទ្ធិ​មាន​វត្តមាន​នៅពេល​ជំនុំ​ជម្រះក្ដី

-​សិទ្ធិ​ទទួល​បាន​ការការពារ​ពី​តុលាការ​នូវ​ទង្វើ​មិន​គប្បី​ ឬ​ការសួរដេញដោល​មិន​សមរម្យ

-​សិទ្ធិ​ប្ដឹង​ដិត​ចិត្ត​ចៅក្រម​ជំនុំជម្រះ

-​សិទ្ធិ​ធ្វើ​សំណូមពរ​ចុងក្រោយ

-​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍

ហេតុអ្វី​បានជា​ពេល​ជម្រះ​ពាក់ព័ន្ធ​នឹង​អនីតិជន​ប្រព្រឹត្ត​ទៅ​ជា​អសាធារណៈ​? ​តើ​ពេល​ជម្រះ​ប្រព្រឹត្ត​ទៅ​ចាំបាច់​ត្រូវតែមាន​មេធាវី​ឬ​យ៉ាងណា​?( ​ជា​រឿង​មជ្ឈិម និង​ឧក្រិដ្ឋ )

បើ​យោងតាម​មាត្រា​​ ៤៧ ​នៃ​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន ចែង​ថា​ការពិភាក្សា​ដេញដោល និង ប្រកាស​សាលក្រម​ត្រូវ​ធ្វើ​ឡើង​ក្នុង​សវនាការ​ជា​អសាធារណៈ​។ មាន​តែ​បុគ្គល​ដែលមាន​សិទ្ធិ កាតព្វកិច្ច ឬ ផលប្រយោជន៍​ដែល​ពាក់ព័ន្ធ​នឹង​រឿងក្ដី​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចូលរួម​ក្នុង​សវនាការ​។

អ្នកតំណាង​ដែល​ច្បាប់​បានកំណត់ ឬ​ទំនុកបម្រុង​របស់​អនីតិជន​ត្រូវ​ចូលរួម​ក្នុង​សវនាការ​លើកលែង​តែមាន​សំណូមពរ​ពី​អនីតិជន​ផ្ទុយ​ពីនេះ​ ឬ​តុលាការ​យល់ឃើញថា​ការចូលរួម​របស់​បុគ្គល​ទាំងនោះ​មិន​បម្រើ​ឧត្តមប្រយោជន៍​របស់​អនីតិជន​។

នៅពេល​ជម្រះ​ជា​រឿង​មជ្ឈិម និង​ឧក្រិដ្ឋ​ដាច់ខាត​ចាំបាច់​ត្រូវមាន​មេធាវី​នៅក្នុង​សវនាការ​។ ក្នុងករណី​អនីតិជន​មិន​មាន​មេធាវី​ ឬ​មិនបាន​ជ្រើសរើស​មេធាវី​ប្រធាន​តុលាការ​ត្រូវ​​ចាត់តាំង​មេធាវី​មិន​យក​កម្រៃ​នៅក្នុង​លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​។ ​តុលាការ​ត្រូវ​ផ្ដល់​ពេលវេលា​សមស្រប និង​លិខិត​ចម្លង​សំណុំរឿង​ទៅ​ឲ្យ​មេធាវី​សម្រាប់​រៀបចំ​ការពារ​។ សោហ៊ុយ​សម្រាប់ធ្វើ​ការចម្លង​សំណុំរឿង​ជា​បន្ទុក​មេធាវី​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​អនីតិជន បើ​យោង​តាម​មាត្រា​ ៥០ ​នៃ​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​។

ជាគោលការណ៍​ច្បាប់​សម្ដី​អនីតិជន​អាច​យកមក​ធ្វើជា​ភ័ស្តុតាង​ក្នុងការ​ចោទប្រកាន់​ ឬ​ដាក់បន្ទុក​លើ​ជនណា​ម្នាក់​បាន​ដែរ​ឬទេ​?

ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​មិន​មាន​កំណត់​រឹតត្បិត​ទៅលើ​សក្ខីកម្ម​របស់​អនីតិជន​នោះទេ​ក្នុង​ន័យ​នេះ​សំដៅថា​ចម្លើយ​របស់​អនីតិជន​អាច​យក​មក​ប្រើប្រាស់​ជា​ភ័ស្តុតាង​ដោយ​ស្រេច​លើ​ការជឿ​របស់​ចៅក្រម​។

ឧបមា​ថា មនុស្ស​ពេញវ័យ​ជាប់​ ១០ ​ឆ្នាំ​ក្នុង​បទឧក្រិដ្ឋ ហើយ​ក្មេង​ជា​អនីតិជន ក៏​មាន​ទោសឧក្រិដ្ឋ តើ​ទណ្ឌកម្ម​ទោស​របស់គាត់​ស្មើគ្នា​នឹង​មនុស្សពេញវ័យ​ដែរ​ទេ​?

ក្មេង​ដែល​ជា​អនីតិជន​ដែល​មាន​ទោសឧក្រិដ្ឋ​គឺជា​អនីតិជន​មាន​អាយុ​ចាប់ពី​ ១៤ ​ឆ្នាំ​ឡើង​​​ ដល់​ក្រោម​អាយុ​ ១៨ ឆ្នាំ​។ ទណ្ឌកម្ម​ទោស​របស់​អនីតិជន មិន​ស្មើគ្នា​នឹង​មនុស្ស​ពេញវ័យ​ជា​នីតិជន​ទេ ប៉ុន្តែ​ទោស​របស់​គាត់​ស្មើនឹង​ពាក់កណ្តាល​នៃ​មនុស្សពេញវ័យ​ជា​នីតិជន​។

មាន​ន័យ​ថា ក្មេង​ជា​អនីតិជន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ជាប់​ ១០ ឆ្នាំ អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់កណ្តាល​​ចំពោះ​អនីតិជន​ត្រូវ​ជាប់ទោស​តែ​ ៥ ​ឆ្នាំ​ទេ​បាន​ន័យ​ថា ទណ្ឌកម្ម​ទោស​របស់​ក្មេង​ជា​អនីតិជន​ចែក​ជា​​ ២ ​នឹង​មនុស្សពេញវ័យ​ជា​នីតិជន​។

បើ​តាម​មាត្រា​ ១៦០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា កាលណា​តុលាការ​សម្រេច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​​ចាប់ពី​ ១៤ (​ដប់​បួន ) ឆ្នាំ​ឡើង​ទៅ​មូលទោស​លើ​បទល្មើស ដែល​ចោទប្រកាន់​ត្រូវ​បាន​បន្ថយ​ក្នុង​លក្ខខណ្ឌ​ដូចតទៅ ៖

១- អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់កណ្តាល​។

២- ប្រសិនបើ​អនីតិជន​មាន​ទោស​នោះ​គឺជា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​អតិបរមា​ត្រូវ​បន្ថយ​មក​ដាក់ ពន្ធនាគារ ២០( ម្ភៃ​) ឆ្នាំ​។

៣- ​អប្បបរមា​នៃ​ទោស​ដាក់ ពន្ធនាគារ​ត្រូវ​បន្ថយ​ពាក់កណ្តាល ប្រសិន​បើ​អប្បបរមា​នេះ លើស​ពី​ ១ (​មួយ​)​ថ្ងៃ ។

៤- អប្បបរមា និង​អតិបរមា​នៃ​ទោសពិន័យ​ជា​ប្រាក់​ត្រូវ​បន្ថយ​ពាក់កណ្តាល​។ ក្នុង​ករណី​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ ប្រសិនបើ​បទប្បញ្ញត្តិ​នៃ​មាត្រានេះ​មាន​អានុភាព​បន្ថយ​អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​មក​ត្រឹម​ថិរវេលា​មួយ​ស្មើ ឬ តិច​ជាង​ ៥​ ​ឆ្នាំ​នោះ បទល្មើស​ដែល​ចោទប្រកាន់​នៅ​តែ​ជា​​បទឧក្រិដ្ឋ​ដដែល​៕