ធម្មតា​ការខ្ចីប្រាក់ ភាគី​ទាំង​ ២ ​តែង​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​សង​ត្រឡប់​វិញ​ហើយ​បើ​មិន​គោរព​នឹង​ត្រូវ​ភាគី​ម្ខាង​ប្ដឹង​ទៅ​សមត្ថកិច្ច​ ឬ​ទៅ​តុលាការ​។ ​ក៏ប៉ុន្តែ​ក្នុងករណី​ជំពាក់​ប្រាក់​ដោយសារ​លេងល្បែង​ខុសច្បាប់ តើ​ភាគី​ម្ខាង​អាច​ប្ដឹង​បាន​ឬទេ​? ​ជុំវិញ​បញ្ហា​នេះ​លោក ផុន ធារិន ជា​មេធាវី​នៅ​ការិយាល័យ​មេធាវី ផុន ធាវិន នៅ​បុរី​ឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ​ផ្លូវ ​M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​បាន​ឆ្លើយតប​សំណួរ​ភ្នំពេញ​ប៉ុស្ដិ៍​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​ជំពាក់​លុយ លោក​ (​ខ​) ​ដោយសារ​លេងល្បែង​ជាមួយ​គ្នា តែ​មិន​បាន​ធ្វើ​កិច្ចសន្យា​ទេ តែ​លោក​ (​ក​) ​មិន​ព្រម​សងលុយ​ទៅ​លោក​ (​ខ​) ​ទេ​។ ​ចំពោះ​ករណីនេះ​បើ​លោក​ (​ខ​) ​ប្តឹង​ទៅ​នគរបាល តើ​យ៉ាងម៉េច​ដែរ​?

ជាគោលការណ៍​ច្បាប់ ការលេង​ល្បែងស៊ីសង គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែង​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​។ តាម​អត្ថន័យ​នេះ​ល្បែង​ស៊ីសង​មួយចំនួន​ត្រូវបាន​ចាត់ទុក​ថា ជា​ល្បែងស៊ីសង​ស្របច្បាប់​ដូចជា ឆ្នោតឡូតូ កាស៊ីណូ​។​ល​។ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ចំពោះ​អាជីវកម្ម​ទាំងនេះ​។ ក្នុងករណី​ខាងលើនេះ​ប្រសិន​បើ​លោក​ (​ខ​) ​មាន​អាជីវកម្ម​ល្បែងស៊ីសង​ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ឬ​លេង​ស្របច្បាប់​នោះ​មាន​ន័យថា លោក​ (​ក​) ​ត្រូវមាន​កាតព្វកិច្ច​សង​ប្រាក់​ទៅ​លោក​(​ខ​)​។

ឧទាហរណ៍​លោក​ (​ក​) ​បាន​ជាវ​សន្លឹកឆ្នោត​កោស​ពី​លោក​ (​ខ​) ​ចំនួន​ ១ ០០០ ​សន្លឹក ដោយ​មិនទាន់​ទូទាត់​ប្រាក់​ដោយ​ឆ្នោត​ ១ ​សន្លឹក តម្លៃ​ ១ ​ដុល្លារ​អាមេរិក​នោះ លោក​ (​ខ​) ​មាន​សិទ្ធិ​លើ​បំណុល​ចំនួន ១ ០០០ ​ដុល្លារ អាមេរិក​ដែល​លោក​ (​ក​) ​ជំពាក់​។ ដូច្នេះ​លោក​ (​ខ​) ​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ ដើម្បី​ទាមទារ​ប្រាក់​ជំពាក់​នោះ​។

ដោយឡែក ប្រសិន​បើ​ការជំពាក់​ប្រាក់​ដោយសារ​ការលេង​ល្បែង​ស៊ីសង​ខុសច្បាប់ ដូចជា លេង​កន្ទុយលេខ ឆ្នោត​វៀតណាម ភ្នាល់​ល្បែង​បញ្ជល់មាន់ លេងបៀ អាប៉ោង ជាដើម នោះ​ប្រាក់​ដែល​ទទួលបាន​ពី​អំពើ​ខុសច្បាប់​ក៏​អាច​ចាត់ទុកជា​បទល្មើស​ដែរ​។ ​ដូច្នេះ​ប្រសិនបើ​លោក​ (​ខ​) ​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ប្រាក់​ពី​លោក​ (​ក​) ​នោះ សមត្ថកិច្ច​នឹងមាន​ចំណាត់ការ​នីតិវិធី​ទាំង​លើ​លោក​ (​ខ​) និង​លោក​ (​ក​) ដើម្បី​ពិនិត្យ​លើ​ទាំង​បទល្មើស​។

បើ​នគរបាល​ទទួល​បណ្តឹង​បាន​ ឬ​មិនបាន​តើ​មូលហេតុ​អ្វី​? ​ព្រោះថា វិវាទ​នេះ​កើតឡើង​ពី​ការលេង​ល្បែង ហើយ​ធម្មតា​​ល្បែង​ជា​អំពើ​ខុសច្បាប់​ផង​នោះ តើ​ច្បាប់​រកខុស​រកត្រូវ​ឱ្យ​បែបណា​?

រាល់​ពាក្យបណ្តឹង​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​សណ្តាប់ឆ្នាប់​សាធារណៈ​ ឬ​បទល្មើស​ជា សមត្ថកិច្ច​នគរបាល​ត្រូវតែ​ទទួល ឬ​មិន​ទទួល​​តែ​ត្រូវធ្វើ​ការណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ដាក់ពាក្យ​បណ្តឹង​ឱ្យ​ត្រូវ​សមត្ថកិច្ច​ជំនាញ​។ ​ក្នុង​ករណី​នេះ សមត្ថកិច្ច​នគរបាល​នឹង​ទទួល​ពាក្យបណ្តឹង​របស់​លោក​ (​ខ​) ​ដោយសារ​សមត្ថកិច្ច​នគរបាល​យល់ឃើញថា បណ្តឹង​ទាមទារ​ប្រាក់​នេះ​ជាហេតុ​ផល​នៃ​អំពើ​ល្បែងស៊ីសង​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ សមត្ថកិច្ច​នគរបាល​នឹង​មាន​ចំណាត់ការ​តាម​នីតិវិធី​ដោយ​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។

ចំពោះ​បណ្តឹង​ពាក់ព័ន្ធ​ល្បែងស៊ីសង តើ​សមត្ថកិច្ច​នគរបាល​អាច​ទទួល​ដោះស្រាយ​បាន​ឬ​យ៉ាង​ណា​?

បណ្តឹង​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​សមត្ថកិច្ច​នគរបាល​មិនអាច​ទទួល​យកមក​ដោះស្រាយ​ជូន​ភាគី​បានឡើយ ពីព្រោះ​ជា​កម្មវត្ថុ​បណ្តឹង​ខុសច្បាប់​។ ដូច​ការបកស្រាយ​ខាងលើ​សមត្ថកិច្ច​ត្រូវ​ទទួល​ពាក្យបណ្តឹង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ល្បែងស៊ីសង​ខុសច្បាប់ ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។

បើ​ពលរដ្ឋ​ចង់​ប្តឹង​រឿង​អ្វីមួយ តើ​ស្ថាប័ន​ណាខ្លះ​ដែល​ពលរដ្ឋ​អាចដាក់​ពាក្យបណ្តឹង​បាន​?

ក្នុង​ករណី​ប្រជាពលរដ្ឋ​ចង់​ប្តឹង​ពាក់ព័ន្ធ​រឿងក្តី​ព្រហ្មទណ្ឌ​ (​បណ្តឹង​ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​បទល្មើស​) ​ប្រជាពលរដ្ឋ​អាចដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​/​សង្កាត់ អធិការដ្ឋាន​ស្រុក​/​ខណ្ឌ ស្នងការដ្ឋាន​នគរបាល​រាជធានី​/​ខេត្ត បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​/​ខណ្ឌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​/​ខេត្ត​ក្រសួងមហាផ្ទៃ និង​តុលាការ​ (​អយ្យការអម​សាលាដំបូង​រាជធានី​/​ខេត្ត​)​។ ​

ចំពោះ​បណ្តឹង​រដ្ឋប្បវេណី​ (​បណ្តឹង​ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​ឯកជន​) ​ត្រូវដាក់​ទៅ​សមត្ថកិច្ច​តុលាការ​រាជធានី​/​ខេត្ត​ ឬ​ក៏​អាច​ស្នើសុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​/​សង្កាត់​ស្រុក​/​ខណ្ឌ​រាជធានី​/​ខេត្ត​ ឬ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​៕