ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ប្រសិនបើមានអ្នកណាម្នាក់បានប្រើឧបករណ៍ណាមួយធ្វើឲ្យនរណាម្នាក់ ឬជនជាចោរបានស្លាប់ក្នុងបរិវេណផ្ទះរបស់ខ្លួនដោយសារគិតថា ជននោះបានប្រព្រឹត្តបទល្មើស ប៉ុន្តែមិនបានយល់ថា អំពើរបស់ខ្លួនត្រឹមត្រូវ ឬក៏ខុសច្បាប់ឡើយ។ ពាក់ព័ន្ធបញ្ហានេះ តើអ្នកដែលប្រើឧបករណ៍ធ្វើឲ្យមនុស្សស្លាប់នឹងត្រូវមានទោស ឬយ៉ាងណា? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍ បានសម្ភាសជាមួយលោកមេធាវី ឡោ គីម ហ្គិច នៃក្រុមមេធាវីអាស៊ានអន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខ ដែលមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា មានម្ចាស់ផ្ទះម្នាក់បានរាយខ្សែភ្លើងនៅតាមរបងផ្ទះខ្លួន ដើម្បីការពារកុំឲ្យចោរចូលលួចទ្រព្យសម្បត្តិ។ ប៉ុន្តែចៃដន្យចោរបានចូលទៅក្នុងបរិវេណដីឡូត៍នៃផ្ទះនោះ ហើយក៏ត្រូវឆក់ខ្សែភ្លើងស្លាប់នៅទីនោះតែម្ដង។បើតាមច្បាប់ តើករណីនេះ ម្ចាស់ផ្ទះត្រូវមានទោសដែរទេ?
ចោរចូលលួចទ្រព្យសម្បត្តិ ហើយចោរនោះបានលោតចូលក្នុងរបងផ្ទះហើយត្រូវខ្សែភ្លើងឆក់ស្លាប់ ប៉ុន្តែមិនបានស្លាប់នៅក្នុងផ្ទះរបស់ម្ចាស់ផ្ទះនោះទេ។ ករណីបែបនេះ ជនដែលជាម្ចាស់ផ្ទះ បើតាមច្បាប់គឺគាត់ត្រូវមានទោសហើយ ព្រោះគាត់បានដាក់ពង្រាយខ្សែភ្លើងនៅរបងផ្ទះរបស់គាត់។
បទល្មើសនេះ គឺជាចេតនាហើយ ព្រោះម្ចាស់ផ្ទះបានរាយខ្សែភ្លើងដែលគាត់មានបំណងទប់ស្កាត់នូវបទល្មើសដោយសារគាត់គិតថាចោរបានចូលលួចទ្រព្យសម្បត្តិរបស់គាត់ ដូច្នេះគាត់ត្រូវតែដាក់ពង្រាយខ្សែភ្លើងដើម្បីសម្លាប់ចោរ។ ក៏ប៉ុន្តែ ទោះបីជាម្ចាស់ផ្ទះរូបនោះដោះសាថាគាត់ដាក់ពង្រាយខ្សែភ្លើងដើម្បីការពារកុំឲ្យចោរចូលលួចទ្រព្យសម្បត្តិ ឬការពារកុំឲ្យសត្វឆ្កែចូលយាយីក្នុងផ្ទះកុំឲ្យខាំកូនរបស់គាត់ក្តី ក៏មិនត្រូវដែរ។ព្រោះករណីនេះ ច្បាប់បានហាមឃាត់ មិនឲ្យយើងដាក់ពង្រាយខ្សែភ្លើងដោយគ្មានលក្ខណៈបច្ចេកទេសណាមួយនោះទេ បើទោះជាយើងដាក់ពង្រាយខ្សែភ្លើងនេះ នៅក្នុងបរិវេណដីរបស់ខ្លួនឬ ទីណាក៏ដោយ។
ករណីបែបនេះ ចាត់ចូលក្នុងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។អំពើឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ។
ករណីមួយទៀតឧបមាថា ចោរចូលលួចទ្រព្យសម្បត្តិដដែល តែម្ចាស់ផ្ទះនោះអត់មានដាក់ពង្រាយខ្សែភ្លើងឆក់សម្លាប់ចោរ ឬវាយសម្លាប់ចោរទេ។ ប៉ុន្តែ មិនដឹងយ៉ាងម៉េចចោរនោះបានស្លាប់នៅក្នុងបរិវេណដីឡូត៍នោះ ។ សួរថា តើម្ចាស់ផ្ទះនោះនឹងត្រូវមានទោសយ៉ាងណា?
បញ្ហានេះ សមត្ថកិច្ចនគរបាលជំនាញគាត់នឹងធ្វើកោសល្យវិច័យ។ នៅពេលដែលមានការធ្វើកោសល្យវិច័យទៅមិនឃើញមានបញ្ហាអ្វីប៉ះពាល់ដល់ម្ចាស់ផ្ទះនោះ ហើយដែលគ្រាន់តែម្ចាស់ផ្ទះស្រែកសម្លុតដែលចោរភ័យដោយខ្លួនឯងធ្វើឲ្យចោរនោះស្លាប់ គឺមិនមែនជាចេតនារបស់ម្ចាស់ផ្ទះទេ។ ករណីនេះម្ចាស់ផ្ទះមិនមានកំហុសទេលើកលែងតែម្ចាស់ផ្ទះនោះបានវាយសម្លាប់ចោរ៕