កាលពីថ្ងៃចន្ទ សប្ដាហ៍មុន ភ្នំពេញ ប៉ុស្ដិ៍ បានផ្សព្វផ្សាយ ១ វគ្គរួចហើយ ពាក់ព័ន្ធនឹងសិទ្ធិមានមេធាវីរបស់ជនសង្ស័យក្នុងពេលឃាត់ខ្លួនដំបូង តាមរយៈការពន្យល់ពីលោកមេធាវី កុយ ដុល្លា សមាជិកនៃក្រុមមេធាវីធម្មសាស្ត្រ។ ប៉ុន្តែវគ្គនេះលោកបានពន្យល់ពីភាពត្រឹមត្រូវ ឬមិនត្រូវ ជុំវិញការដោះសម្លៀកបំពាក់ជនសង្ស័យរួចផ្សព្វផ្សាយដែលមានខ្លឹមសារដូចខាងក្រោម៖
មានករណីខ្លះ សមត្ថកិច្ចចាប់ជនសង្ស័យ ហើយបានដោះសម្លៀកបំពាក់ចេញទុកតែខោលីអូ ថតបង្ហាញជាសាធារណៈ។ តើទង្វើបែបនេះចាត់ទុកថា ត្រឹមត្រូវ ឬយ៉ាងណា?
ជាគោលការណ៍រាល់ការថតរូប ឬការយករូបថតទៅផ្សព្វផ្សាយត្រូវមានការព្រមព្រៀងពីសាមីខ្លួនជាមុនសិន។ ការព្រមព្រៀងនេះអាចមានរូបភាព ២ យ៉ាង។ ទី១ សាមីខ្លួនបានយល់ព្រមយ៉ាងច្បាស់ថា ខ្លួនអនុញ្ញាតឱ្យថត ឬអនុញ្ញាតឱ្យធ្វើការចុះផ្សាយជាដើម។ ទី២ ការព្រមព្រៀងអាចធ្វើទ្បើងដោយតុណ្ហីភាព (ការយល់ព្រមដោយភាពស្ងៀមស្ងាត់) មានន័យថា សាមីខ្លួនដឹងថា គេបានថតរូបហើយ តែមិនមានការជំទាស់នោះទេ នេះអាចបញ្ជាក់បានថា សាមីខ្លួនយល់ព្រមឱ្យគេថតរូបដោយតុណ្ហីភាព។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឃើញមានសមត្ថកិច្ចមួយចំនួនតូចដែលបានឃាត់ខ្លួនជនសង្ស័យ ហើយបានដោះសម្លៀកបំពាក់ចេញទុកតែខោលីអូ ថតបង្ហាញជាសាធារណៈ។
នេះ គឺជាការរំលោភសិទ្ធិបុគ្គល និងការអនុវត្តផ្ទុយនឹងក្រមសីលធម៌ទៀតផង ដោយហេតុថា ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរផ្តន្ទាទោសនៅឡើយទេ ហើយបើពិនិត្យមើលផ្លូវច្បាប់ពុំមានការអនុញ្ញាតឱ្យធ្វើបែបនេះទេ។ យោងមាត្រា ១០ នៃក្រមរដ្ឋប្បវេណី ចែងថា “សិទ្ធិបុគ្គលសំដៅទៅលើសិទ្ធិដែលមានអត្ថន័យនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គល។
តាមការពិនិត្យលើមាត្រា ១០ នៃក្រមរដ្ឋប្បវេណីខាងលើឃើញថា សិទ្ធិខាងរូបភាព រូបកាយ ភាពឯកជន ក៏ជាផ្នែកមួយនៃសិទិ្ធបុគ្គលផងដែរ។ កាលណាវាជាប្រភេទនៃសិទ្ធិបុគ្គល ប្រសិនបើសាមីខ្លួនយល់ឃើញថា មានការបំពាន គឺគាត់អាចទាមទារឱ្យបញ្ឈប់ (តាមមាត្រា ១១ នៃក្រមរដ្ឋប្បវេណី) ទាមទារឱ្យដកចេញ (តាមមាត្រា ១២ នៃក្រមរដ្ឋប្បវេណី) និងសិទ្ធិទាមទារសំណងដោយផ្អែកលើអំពើអនីត្យានុកូល (តាមមាត្រា ៧៤៣ នៃក្រមរដ្ឋប្បវេណី)។
ចំពោះជនណាម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនដំបូងហើយត្រូវបានអ្នកកាសែត ឬក៏នគរបាលយកមកចុះផ្សាយ ឬក៏បង្ហោះដោយសរសេរឈ្មោះ អាយុ និងទីកន្លែងរស់នៅរបស់ជននោះទៀត។ តើការធ្វើបែបនេះត្រូវតាមច្បាប់ដែរ ឬយ៉ាងណា?
បញ្ហានេះពាក់ព័ន្ធទៅនឹងការចែកចាយ ការបង្ហោះរូបភាព ឬការបង្ហាញអត្តសញ្ញាណមិនថា ជារូបភាពបុគ្គលដែលមានគ្រោះថ្នាក់ផ្សេងៗ ឬមានព្រឹត្តិការណ៍ណាមួយទៅលើបណ្តាញសង្គម ជាពិសេសនៅពេលមានការចាប់បានជនណាម្នាក់ដែលបានប្រព្រឹត្តខុសជាដើម។ ដូចគ្នាផងដែរ នៅពេលនគរបាលចាប់ និងឃាត់ខ្លួនជនប្រព្រឹត្តខុសណាម្នាក់ពេលខ្លះត្រូវបានអ្នកកាសែត ឬក៏នគរបាលបានចុះផ្សាយ ឬក៏បង្ហោះដោយសរសេរឈ្មោះ អាយុ និងអាសយដ្ឋានរបស់ជនដែលត្រូវបានឃាត់ខ្លួននោះ។
ត្រង់ចំណុចនេះ ខ្ញុំគិតថា ការបង្ហាញឈ្មោះ អាយុ និងអាសយដ្ឋានរបស់បុគ្គលណាម្នាក់ដែលអាចសម្គាល់ពីអត្តសញ្ញាណបុគ្គលនោះ គឺអាចប៉ះពាល់ដល់សិទ្ធិបុគ្គល កិត្តិយស កាលណាបុគ្គលនោះជាអនីតិជន ដោយហេតុថា ការធ្វើបែបនេះអាចជះឥទ្ធិពលដល់ការអប់រំ ការងារ ការស្នាក់នៅ ឬសុវត្ថិភាពរបស់អនីតិជន ហើយច្បាប់ក៏មិនអនុញ្ញាតឱ្យមានការបង្ហាញអត្តសញ្ញាណអនីតិជនទ្បើយ (យោងតាមមាត្រា ៥ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន)។ ប៉ុន្តែចំពោះនីតិជនវិញ នៅមានការលំបាកក្នុងការកំណត់ ដោយសារច្បាប់ពុំទាន់ចែងអំពីបញ្ហានេះឱ្យបានច្បាស់លាស់នៅទ្បើយតែយើងសាកល្បងពិនិត្យទៅលើគោលការណ៍ទូទៅ។
ផ្អែកតាមគោលការណ៍ទូទៅ ជនគ្រប់រូបត្រូវសន្មតថា គ្មានទោសកាលបើពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរនៅទ្បើយទេ។ ដើម្បីកាន់តែច្បាស់សូមពិនិត្យមើលមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ហេតុដូច្នេះ ការឃាត់ខ្លួនជនដែលបានប្រព្រឹត្តបទល្មើស គឺឋានៈត្រឹមតែជាជនសង្ស័យប៉ុណ្ណោះ ហើយនៅមានដំណាក់កាលផ្សេងៗទៀតដែលអាចជាដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ជាអាទិ៍ (សូមបញ្ជាក់ផងដែរថា ការលើកឡើងនេះ ពុំរាប់បញ្ចូលនូវនីតិវិធីបង្ហាញខ្លួនភ្លាម និងការបញ្ជូនទៅជំនុំជម្រះផ្ទាល់ទេ ដោយសារពេលវេលាខ្លី)។
ដូច្នេះ នៅមានដំណាក់កាលនៃនីតិវិធីផ្សេងៗទៀត ទម្រាំតែមានសាលក្រម ឬសាលដីកាស្ថាពរ។ ឧទាហរណ៍មានការឃាត់ខ្លួនបុគ្គល “ក” ពីបទលួច ដោយមន្ត្រីនគរបាលយុត្តិធម៌ ប៉ុន្តែដល់ដំណាក់កាលស៊ើបសួរ ឬជំនុំជម្រះ ចៅក្រមរកឃើញថា បុគ្គល “ក” នោះពុំមែនជាអ្នកលួចនោះទេ គឺមានបុគ្គលផ្សេងដែលជាអ្នកលួចពិតប្រាកដនៅក្នុងអង្គហេតុនោះ ហើយចៅក្រមបានសម្រេចឱ្យបុគ្គល “ក” រួចខ្លួន ហេតុដូច្នេះការចុះផ្សាយ ឬបង្ហោះនាពេលកន្លងនោះសំណួរសួរថា តើអាចធ្វើបដិទានកិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់គាត់បានត្រឹមកម្រិតណា កាលបើក្រោយមកចៅក្រមរកឃើញថា គាត់ពុំមានកំហុសទេ៕