ការថតរូប ឬ​ការថត​សំឡេង ចំពោះ​​មនុស្ស​ណា​ម្នាក់ គេ​អាច​គិត​ថា ជា​រឿង​ធម្មតា ប៉ុន្តែ​អ្នក​ដែល​ថតរូប​គេ​នោះ​មិន​បាន​សុំ​ការអនុញ្ញាត​ ឬ​ប្រាប់​ឲ្យ​អ្នក​ដែល​យើង​ត្រូវ​ថត​នោះ​បានដឹ​ង​ជាមុន​ទេ​។ ពាក់ព័ន្ធ​នឹង​ការធ្វើ​បែប​នេះ ថា​តើ​ត្រូវ​ច្បាប់​ ឬ​ខុសច្បាប់​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា លោក​ (​ក​) ​កំពុង​ឈរ ហើយ​ស្រាប់​តែ​មាន​មនុស្ស​មក​ថតរូប​គាត់​ដោយ​គ្មាន​សុំ​ការអនុញ្ញាត​។ ​ចំពោះ​ករណីនេះ តើ​លោក​ (​ក​) ​អាច​ប្តឹង​អ្នកថតរូប​នោះ​បាន​ទេ ?

ករណី លោក​ (​ក​) ​កំពុង​ឈរ ហើយ​មាន​អ្នក​ផ្សេង​មក​ថតរូប​របស់គាត់​ ខណៈ​គាត់​មិនបាន​ដឹងខ្លួន​ជាមុន ឬ​ខណៈ​គ្មាន​ការអនុញ្ញាត​ពី​លោក​ (​ក​)​។ ដូច្នេះ លោក​ (​ក​) ​អាច​ប្តឹង​អ្នក​ថតរូប​នោះបាន​ហើយ​ត្រូវ​សង​សំណង​ការខូចខាត​ទៅ​ឲ្យ​លោក​ (​ក​) ​ពីព្រោះ​យើង​មិន​អាច​ទៅ​ថតរូប​គេ​ដោយ​សេរី​បានទេ​។

បើ​យោង​មាត្រា ៣០១ នៃ ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ស្តាប់ ថត​សម្តី​ដែល​និយាយ​ជា​ឯកជន​ ឬ​ជា​ការសម្ងាត់​ដោយ​គ្មាន​ការយល់ព្រម​ពី​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​ ១ (​មួយ​) ​ខែ​ទៅ​ ១ (​មួយ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ (​មួយ​សែន​) ​រៀល​ទៅ​ ២០០០ ០០០ (​ ពីរលាន​) ​រៀល​លើកលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។ ​ត្រូវ​បាន​សន្មត​ការព្រមព្រៀង ប្រសិន​បើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នេះ​បាន​ទទួល​ដំណឹង​អំពី​ការស្តាប់​ឬ ថត​ហើយ​បុគ្គល​នោះ​មិនបាន​ជំទាស់​ទេនោះ​។

មាត្រា​ ៣០២ បទប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ (​មួយ​) ​ខែ​ទៅ​ ១ (​មួយ​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ (​មួយ​សែន​) ​រៀល​ទៅ​ ២០០០ ០០០ (​ពីរលាន​) ​រៀល​លើកលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។ ត្រូវ​បាន​សន្មត​ជាការ​ព្រមព្រៀង​ប្រសិន​បើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នេះ​បាន​ទទួល​ដំណឹង​អំពី​ការថត ហើយ​បុគ្គល​នេះ​មិនបាន​ជំទាស់​ទេនោះ​។

ឧបមាថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ។ ពេលនោះ​មាន​គេ​ថតរូប​ជនរងគ្រោះ​នោះ​យក​ទៅ​ចុះផ្សាយ​ជា​សាធារណៈ​។ តើ​ករណី​នេះ​ខុស​នឹង​ច្បាប់​ដែរ​ទេ​?

នៅត្រង់​ចំណុច​នេះ​ហាក់ដូចជា​មិនទាន់​ចែកដាច់​ពី​គ្នា​ទេ​អំពី​លទ្ធភាព​នៃ​ការថតរូប​ចុះផ្សាយ​ ឬ​មិន​អនុញ្ញាត​ឲ្យ​ចុះផ្សាយ​បាន​។

ក៏ប៉ុន្តែ​ច្បាប់​បាន​ចែងថា ប្រសិន​បើ​នរណាម្នាក់​ចង់​ថតរូប​ ឬ​ថត​សំឡេង​របស់​បុគ្គល​ណា​ម្នាក់​ត្រូវ​តែ​មាន​ការអនុញ្ញាត​ពី​បុគ្គល​នោះ​ជាមុន​សិន​ទើប​អាច​ថត​បាន​។ ក៏ប៉ុន្តែ​បើ​រឿង​នោះ​ជា​សាធារណៈ​ដូចជា​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពេលនោះ​នរណា​ក៏​ឃើញ​មនុស្ស​នោះ​ស្លាប់​ដែរ​។ ​

ដូច្នេះ​ដូចជា​គ្មាន​បញ្ហា​អ្វី​ពាក់ព័ន្ធ​នឹង​ការថតរូប​នោះ​ទេ ព្រោះ​ការថតរូប​ផ្សព្វផ្សាយ​ក៏​មិនមែន​មាន​ចេតនា​បង្ក​​ឲ្យ​អាប់ឱន​កិត្តិយស​អ្នកស្លាប់​ ឬ​ក្រុម​គ្រួសារ​អ្នកស្លាប់​ក៏​ទេ​ដែរ​។ ផ្ទុយទៅវិញ​យើង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ជួយ​អាណិត ជួយ​ព្រមាន​ដល់​អ្នកដទៃ​ដើម្បី​ឲ្យ​បាន​ដឹង​តែ​ប៉ុណ្ណោះ​៕