ធម្មតា​ការរស់នៅ​របស់​មនុស្ស​តែង​មាន​ករណី​ស្មុំ​កូន​ពី​អ្នកដទៃ​មក​ចិញ្ចឹម​ដោយ​មូលហេតុ​ផ្សេងៗ​ដែល​ខ្លះ​មកពី​អ្នកទទួល​គ្មាន​កូន​។ ​ឯ​ករណី​ខ្លះទៀត​មកពី​ម្ដាយ-ឪពុក​បង្កើត​គ្មាន​លទ្ធភាព​អាច​បីបាច់​ថែរក្សា​បណ្ដុះបណ្ដាល​កូន​បានល្អ​ដោយសារ​កត្តា​ជីវភាព​ ឬ​មាន​ជំងឺ​ជាដើម​។ ​ក៏ប៉ុន្តែ​បើ​ការប្រគល់ និង​ទទួល​កូន​នោះ​មិន​បាន​ធ្វើលិខិត​ស្នាម ឬ​មាន​អាជ្ញាធរ​ដឹងឮ​ត្រឹមត្រូវ​តើ​អ្នកទទួល​ (​ម្ដាយ​ថ្មី​) ​អាច​ប្រឈម​​នឹង​ផ្លូវច្បាប់​ដែរឬទេ​? ​ជុំវិញ​ករណីនេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា​មាន​ស្ត្រី​ម្នាក់​បាន​ឲ្យ​កូន​ទៅ​ស្ត្រី​ម្នាក់ទៀត ប៉ុន្តែ​ភាគី​ទាំង​ ២ ​មិន​បានធ្វើ​កិច្ចសន្យា​ទេ​។ ​ក្រោយមក​ស្ត្រី​ជា​ម្តាយ​បង្កើត​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ស្ត្រី​ជា​អ្នកទទួល​កូន​នោះ​។ ​តើ​បញ្ហា​នេះ​ស្ត្រី​ជា​អ្នកទទួល​កូន​គេ​ត្រូវ​ប្រឈម​នឹង​ទោស​ដែរឬ​ទេ​?

ដើម្បី​អាច​បង្កើត​ការស្មុំ​កូន​ពេញលេញ​បាន​លុះត្រាតែ​បំពេញ​តាម​លក្ខខណ្ឌ​ដែលមាន​កំណត់​ដោយ​ច្បាប់​ស្មុំ​កូន​។ ​លក្ខខណ្ឌ​ទាំងនោះ​ទាក់ទង​នឹង​អាយុ​របស់​ឪពុកម្ដាយ​ចិញ្ចឹម និង​កូនសុំ​។ ​ឪពុកម្ដាយ​ចិញ្ចឹម​ត្រូវមាន​អាយុ​ចាប់ពី​ ២៥ ​ឆ្នាំ​ឡើង​ទៅ ហើយ​ត្រូវមាន​អាយុ​ច្រើន​ជាង​កូនសុំ​យ៉ាងតិច​ ២០ ​ឆ្នាំ​ទើប​អាច​បង្កើត​ការស្មុំ​កូន​ពេញលេញ​បាន​ (​មាត្រា​ ១០០៩ ​នៃ​ក្រមរដ្ឋប្បវេណី​)​។

ជាគោលការណ៍​កូនសុំ​ត្រូវ​មាន​អាយុ​តិចជាង​ ៨ ​ឆ្នាំ​ (​មាត្រា​ ១០១០ នៃ​ក្រមរដ្ឋប្បវេណី​)​។

ករណី​នេះ​ប្រសិនបើ​អ្នកទទួល​កូន​នោះ​គាត់​មិនបាន​ទៅប្រាប់​ ឬ​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទេ​បានន័យ​ថា ជា​ការខុសច្បាប់​ហើយ បើទោះបី​ពេល​ប្រគល់​ និង​ពេល​ទទួលយក​កូន​នោះ​មាន​ការព្រមព្រៀង​គ្នា​ផ្ទាល់មាត់​ក៏ដោយ​។ ករណីនេះ​ស្ត្រី​ជា​ម្តាយបង្កើត​ដែល​ឲ្យ​កូន​ទៅ​គេ​នោះ​អាច​ចោទប្រកាន់​ទៅ​ភាគី​អ្នកទទួល​យក​កូន​បាន ដោយសារ​តែ​ស្ត្រី​អ្នកទទួល​នោះ​គ្មាន​លិខិតស្នាម​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ។

ចុះបើ​ស្ត្រី​ដែល​ទទួល​កូន​ពី​អ្នក​ប្រគល់ គាត់​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ត្រឹម​មេភូមិ​ដឹងឮ​តើ​ស្របច្បាប់​ដែរ​ទេ​?

ករណី​នេះ​បើ​អ្នក​ទទួល​កូន​យក​ទៅ​ចិញ្ចឹម ហើយ​ប្រាប់​ត្រឹម​មេភូមិ​ដឹងឮ​គឺជា​ការត្រឹមត្រូវ​តាមច្បាប់​ហើយ ពីព្រោះ​​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹងឮ​។

ចុះ​បើ​ស្ត្រី​ជា​ម្តាយ​ប្រគល់​កូន​របស់​គាត់​ឲ្យ​ទៅ​អនីតិជន​ម្នាក់ទៀត​ដែល​មិនទាន់​គ្រប់​អាយុ​តើ​បាន​ទេ​?

ករណី​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បានទេ​បើតាម​ច្បាប់​ស្មុំ​កូន​ចែងថា លុះត្រាតែ​អ្នក​សុំ​នោះ​មាន​អាយុ​លើសពី​ ២៥ ​ឆ្នាំ​។ ​និយាយ​រួម​ឪពុក​ ឬ​ម្តាយ​ដែល​ចង់​ស្មុំ​កូន​ត្រូវមាន​អាយុ​លើសពី​កូនសុំ​ ២០ ​ឆ្នាំ​ឡើងទៅ​ទើប​អាច​ស្មុំ​កូន​មក​ចិញ្ចឹម​បាន​៕