អ្នក​ដែល​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​គឺជា​អំពើ​លួច ហើយ​តាមច្បាប់​ជន​ប្រព្រឹត្ត​ត្រូវតែ​មានទោស​។ ប៉ុន្តែ​បើ​ជន​នោះ​យក​ទ្រព្យសម្បត្តិ​ដែល​លួចបាន​ទៅ​លក់​ឲ្យ​អ្នកផ្សេង​ម្នាក់ទៀត តើ​អ្នកទទួល​ទិញ​នោះ​នឹងត្រូវ​មានទោស​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី អិលប៊ីអិល មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ១០ ផ្លូវ ​១០៥ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​លួច​ទ្រព្យ​គេ​លក់​ឲ្យ​លោក​ (​ខ​) ​តែ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់​នៅពេល​លោក​ (​ក​) ​កំពុង​លក់​ទ្រព្យ​ដែល​លួចបាន​នោះ​។ ​ក្នុង​ករណី​នេះ តើ​លោក​ (​ខ​) ​ជា​អ្នក​ទិញ​នោះ​ត្រូវ​មាន​ទោស​ដែរ​ទេ​? ​ព្រោះ​ថា​គាត់​មិន​បាន​ដឹងថា ជា​ទ្រព្យ​លួច​គេ​ផង​នោះ​?

ករណី​នេះ​ទោះបី​ម្ចាស់ទ្រព្យ​បានឃើញ​ជាក់ស្តែង​ថា លោក​ (​ខ​) ​បាន​ទិញ​ទ្រព្យ​របស់​ខ្លួន​ដែល​លោក​ (​ក​) ​បាន​លួច​ក៏ដោយ ក៏​យើង​មិនអាច​ចាត់ទុកថា លោក​ (​ខ​) ​មាន​ទោស​ចំពោះ​អំពើ​ទិញ​ផល​ចោរកម្ម​ឡើយ​។ លោក​ (​ក​) ​មាន​សិទ្ធិ​បង្ហាញ​មធ្យោបាយ​ការពារ​ខ្លួន​គ្រប់​នីតិវិធី​តាមផ្លូវ​ច្បាប់​។ យោងតាម​មាត្រា​ ៣៨ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា​ “​ជនជាប់ចោទ​ណា​ក៏ដោយ​ត្រូវ​ទុកជា​មនុស្ស​ឥតទោស ដរាបណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ​។ ជនគ្រប់រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​”​។

ជាគោលការណ៍​ចំពោះមុខ​លោក​ (​ខ​) ​ស្ថិត​នៅក្នុង​ស្ថានភាព​ជា​ជនសង្ស័យ​នៃ​ការប្រព្រឹត្ត​អំពើ​ទទួលផល​ចោរកម្ម​ហើយនឹង​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​ចំណាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។ យោងតាម​មាត្រា​ ៩៣ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា​ «​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ហៅ និង​នាំ​មក​កាន់​អង្គភាព​របស់ខ្លួន​នូវ​បុគ្គល​គ្រប់រូប​ដែល​សង្ស័យ​ថា​បាន​ចូលរួម​ក្នុង​បទល្មើស​»​។ ​

ម្យ៉ាងទៀត​មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​អាច​ស្នើសុំ​គោលការណ៍​ណែនាំ​ពី​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​លោក​ (​ខ​) ​ក្នុង​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌​ចាប់​ក្នុងករណី​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​យល់ឃើញ​ថា មាន​តម្រុយ​នៃ​បទល្មើស​។ ​យោងតាម​មាត្រា​ ៩៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា ​“​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា ​បាន​ចូលរួម​ក្នុង​បទល្មើស​"​។

ដោយឡែក​បើ​លោក​ (​ខ​) ​អាច​បង្ហាញ​នៅ​ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ថា ខ្លួន​ជា​អ្នកទិញ​ទ្រព្យ​ដោយ​សុចរិត​ដោយ​ខ្លួន​មិនបាន​ដឹងថា​ទ្រព្យ​ទាំងនេះ​លោក​ (​ក​) ​បាន​លួច​គេ​នោះ​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ធ្វើការ​ដោះលែង​លោក​ (​ខ​) ​វិញ​បាន​តាម​ការសម្រេច​របស់​ព្រះរាជអាជ្ញា​។

តើ​លោក​ (​ខ​) ​អាច​នឹងត្រូវ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទលួច​ដែរ​ឬ​យ៉ាងណា​? ​ហើយ​មាន​ទោស​ស្មើនឹង​លោក​ (​ក​) ​ដែរ​ទេ​? បើ​គាត់​ប្រាប់​នគរបាល​ថា គាត់​មិនបាន​ដឹងថា​ជា​របស់​ចោរ​ផង​នោះ​?

ក្នុងករណី​ដែល​តុលាការ​បាន​ពិនិត្យ​ឃើញថា លោក​ (​ខ​) ​មាន​ពិរុទ្ធ​បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​លួច​ជាមួយ​លោក​ (​ក​) ​នោះ​លោក​ (​ខ​) ​នឹង​មាន​ទោស​ដូច​លោក​ (​ក​) ​ដែរ​។ ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​ ២៨ “​អ្នកផ្តើមគំនិត​”​ និង​ ២៩ “​អ្នកសមគំនិត​” ​ត្រូវ​មានទោស​ដូចគ្នា​នឹង​អ្នកប្រព្រឹត្ត​ (​ចារី​) ​ដែរ​។ ​ចំពោះ​បទល្មើស​អំពើ​លួច​តាម​មាត្រា​ ៣៥៦ ​ក្រម​ព្រហ្មទណ្ឌ​ “​អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៦ (​ប្រាំមួយ​) ​ខែ​ទៅ​ ៣ (​បី​) ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ០០០ ០០០ (​មួយ​លាន​) ​រៀល ទៅ​ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) ​រៀល​។

បើ​ពិនិត្យ​តាម​អង្គហេតុ​ដែល​បានបញ្ជាក់​ខាងលើ ម្ចាស់​ទ្រព្យ​បានឃើញ​លោក​ (​ខ​) ​ទិញ​ទ្រព្យ​របស់ខ្លួន​ពី​លោក​ (​ក​) ​ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​បាន​ដាក់​ការសង្ស័យ​ចំពោះ​លោក​ (​ខ​) ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ទិញ​ផល​ចោរកម្ម​។ ជាទូទៅ​ក្រោយពី​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង វត្ថុតាង និង​ជនសង្ស័យ​មក​អយ្យការ​អម​សាលាដំបូង​ (​តុលាការ​) ព្រះរាជអាជ្ញា​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ចម្លើយ​ជនសង្ស័យ និង​សាកសួរ​យក​ចម្លើយ​ពី​ជនសង្ស័យ​បន្ថែមទៀត​។

ក្នុង​ករណី​ព្រះរាជអាជ្ញា​ពិនិត្យ​លើ​អង្គហេតុ​ឃើញថា លោក​ (​ខ​) ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ណា​​មួយ (​អំពើ​លួច ឬ​អំពើ​ទទួលផល​ចោរកម្ម​) ​នោះ​ព្រះរាជអាជ្ញា នឹង​កំណត់​បទល្មើស​ធ្វើការ​ចោទប្រកាន់​ព្រមទាំង​បើក​ការ​ស៊ើបសួរ​តាមរយៈ​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​។

ចុះបើ​លោក​ (​ខ​) ​ដឹង​ពី​ប្រវត្តិ​លោក​ (​ក​) ​ជា​ចោរ​ហើយ​គាត់​នៅតែ​ទិញ​ផល​ចោរកម្ម​ទៀត​តើ​លោក​ (​ខ​) ​ពិតជា​មាន​ចេតនា​ចូលរួម​ក្នុង​បទល្មើស​នេះ ឬ​យ៉ាងណា​?

ក្នុង​ករណី​នេះ បើ​លោក​ (​ខ​) ​បាន​ដឹង​ច្បាស់​ថា លោក (​ក​) ​គឺជា​ចោរ ហើយ​លោក​ (​ខ​) ​នៅ​បន្ត​ទិញ​ទ្រព្យ​ដែល​លោក​ (​ក​) ​បាន​លក់​ឲ្យ​មានន័យថា​លោក​ (​ខ​) ​ពិត​ជាមាន​ចេតនា​ចូលរួម​ប្រព្រឹត្ត​អំពើ​ទិញ​ផល​ចោរកម្ម​ពិតប្រាកដ​មែន​។ តាម​មាត្រា​ ៣៩៩ និង​ ៤០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ “​អំពើ​ទទួលផល​ចោរកម្ម​គឺជា​អំពើ​ទទួល​លាក់​បំបាំងរ​ក្សា​ទុក ឬ​បញ្ជូន​វត្ថុ​អ្វីមួយ​ដោយ​ដឹងថា​វត្ថុ​នោះ​បាន​មកពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​។ អំពើ​ទទួលផល​ចោរកម្ម​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​ ៥ (​ប្រាំ​) ​ឆ្នាំ​ទៅ​ ១០ (​ដប់​) ​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ពី​ ៤ ០០០ ០០០ (​បួន​លាន​) ​រៀល​ទៅ​ ១០ ០០០ ០០០ (​ដប់​លាន​) ​រៀល​”​។

ករណី​នេះ​ប្រសិន​លោក​ (​ខ​) ​មិន​ទិញ​ផល​ចោរកម្ម​នោះទេ​តែ​គាត់​បាន​ទៅ​រាយការណ៍​ប្រាប់​នគរបាល​។ តើ​លោក​ (​ខ​) ​នឹង​បាន​រួច​ផុតពី​ការមិន​ជាប់​ពាក់ព័ន្ធ​ឬ​យ៉ាងណា​?

ក្នុងករណី​លោក​ (​ខ​) ​មិន​ទិញ​ទ្រព្យ ដែល​ជា​ផលចោរកម្ម ហើយ​លោក​ (​ខ​) ​បាន​សហការ​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​អំពី​អំពើ​លក់​ផល​ចោរកម្ម​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ (​ខ​) ​មិន​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ទិញ​ផល​ចោរកម្ម ហើយ​ក៏​មិនមាន​ទោស​ឡើយ​។ ​យោងតាម​មាត្រា​ ៤ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “​ពុំមាន​បទល្មើស​ទេ​ប្រសិន​បើ​គ្មាន​ចេតនា​ប្រព្រឹត្ត​”​។

ក្នុង​ករណី​នេះ​លោក​ (​ខ​) គឺជា​ប្រជាពលរដ្ឋ​គំរូ និង​បាន​ចូលរួម​ទប់ស្កាត់​អំពើចោរកម្ម​ផ្សេងៗ​ក្នុងសង្គម​៕