ជាទូទៅ​ការទុក​អាវុធ​ធ្វេសប្រហែស​ហើយ​មាន​នរណាម្នាក់​យក​ទៅ​ប្រើ​បង្ក​គ្រោះថ្នាក់​ដល់​​អ្នកដទៃ នោះ​ទាំង​ម្ចាស់​អាវុធ​ និង​អ្នកប្រព្រឹត្ត​ដែលមាន​អាយុ​​ពេញវ័យ​តែង​មាន​ទោស​។ ​ប៉ុន្តែ​ប្រសិនបើ​អ្នកប្រព្រឹត្ត​ជា​ក្មេង​មាន​អាយុ​តិច​វិញ តើ​ជាប់ទោស​​ដែរឬទេ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​​លោក​មេធាវី ផុន ធារិន ប្រធាន​​ការិយាល័យ​មេធាវី ផុន ធារិន ដែល​ស្ថិតនៅ​បុរី​ឌឺមេគង្គ​រ៉ូយ៉ាល់ ផ្ទះ​លេខ​​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​មាន​​ខ្លឹមសារ​ដូចតទៅ​៖

ឧបមាថា លោក​ (​ក​) ​បាន​ទុក​អាវុធ​ (​កាំភ្លើង​) ​ក្នុង​ផ្ទះ តែ​ចៃដន្យ​កូន​របស់​គាត់​អាយុ​ ១០ ​ឆ្នាំ​យក​លេង ហើយ​រៀលកៃ​ត្រូវ​អ្នកដទៃ​ស្លាប់ តើ​ក្មេង​​ជា​ជនដៃដល់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឬ​?

ក្នុង​ករណី​នេះ​អនីតិជន​ទំនាស់​​នឹង​ច្បាប់​អាយុ​ ១០ ​ឆ្នាំ​នេះ​ មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ ដោយ​ផ្អែក​តាម​មាត្រា​ ៣៨ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​បញ្ញត្តិ​ថា​នីតិភាព​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ត្រូវ​បាន​កំណត់​អាយុ​ ១៨ ​ឆ្នាំ​ឡើងទៅ​។

ប៉ុន្តែ​បញ្ញត្តិ​មាត្រា​ ៣៩ ​នៃ​ក្រមព្រហ្មទណ្ឌ បាន​បញ្ជាក់​បន្ថែមថា តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់​​ពី​ ១៤ (​ដប់​បួន​) ​ឆ្នាំ​ឡើង​ទៅ​​បាន ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស ឬ​បុគ្គលិក លក្ខណៈ​របស់​អនីតិជន​តម្រូវ​។

បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​មាត្រា​ ៩៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ក៏បាន​ចង្អុលបង្ហាញ​យ៉ាងច្បាស់​ថា អនីតិជន​ដែលមាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ ​ពុំ​អាច​ឃាត់ខ្លួន​បាន​ឡើយ​។ ​ដូច្នេះ​តាម​បទប្បញ្ញត្តិ​ខាងលើ​អនីតិជន​ទំនាស់​នឹង​ច្បាប់​អាយុ​ ១០ ​ឆ្នាំ​នេះ មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ឡើយ ប៉ុន្តែ​អាណាព្យាបាល​ជា​អ្នកទទួល​​ខុសត្រូវ​លើ​សំណង​រដ្ឋប្បវេណី​ចំពោះ​ទង្វើ​របស់​កូន​ខ្លួន​។

ប្រសិន​បើ​ឪពុក​ក្មេង​ជា​អ្នក​ប្រឈម​នឹង​ច្បាប់ តើ​សំអាង​លើ​មូលហេតុ​អ្វី​?

ដោយឡែក​លោក​ (​ក​) ​ដែល​ជា​ឪពុក​របស់​អនីតិជន​អាយុ​ ១០ ​ឆ្នាំនេះ​អាច​នឹង​ប្រឈម​នឹង​ច្បាប់​ប្រសិនបើ​សមត្ថកិច្ច​ ឬ​តុលាការ​រកឃើញថា លោក (​ក​) បាន​ធ្វេសប្រហែស​បណ្តាល​​ឱ្យ​កូន​របស់​ខ្លួន​យក​អាវុធ​ទៅ​​ប្រើប្រាស់​។ តាម​បញ្ញតិ្ត​មាត្រា ២១ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ចែង​ថា ជន​ណា​ដែល​ធ្វេសប្រហែស​ឱ្យ​ជន​ដទៃ​យក​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដែល​ខ្លួន​កាន់កាប់​ទៅ​ប្រើប្រាស់​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​) ​ឆ្នាំ​ទៅ​ ២ (​ពីរ​) ​ឆ្នាំ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ៧០០ ០០០ (​ចិតសិបម៉ឺន​) រៀល​ទៅ ២ ០០០ ០០០ (​ពីរលាន​) ​រៀល​។

ក្នុង​ករណី​នេះ បើ​មាន​ការសម្រួល​គ្នា​ត្រឹម​ផ្ដល់​សំណង​ជំងឺ​ចិត្ត​តើ​បាន​ទេ​?

ជាគោលការណ៍ អាណាព្យាបាល​របស់​ក្មេង​ទំនាស់​នឹង​ច្បាប់​ខាងលើ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​សំណង​​រដ្ឋប្បវេណី​លើ​ជនរងគ្រោះ ទោះបី​ក្មេង​ទំនាស់​នឹង​ច្បាប់​នេះ មិន​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក៏ដោយ​។ ដោយឡែក ប្រសិន​សមត្ថកិច្ច​ ឬ​តុលាការ​រកឃើញថា លោក​ (​ក​) ​បាន​ប្រព្រឹត្ត​អំពើ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​អ្នកដទៃ​ស្លាប់ ទោះបី​លោក​ (​ក​) ​បាន​ចេញ​សំណង​ឱ្យ​ជនរងគ្រោះ​ក៏ដោយ បណ្តឹង​អាជ្ញា​ ឬ​​បណ្តឹង​ព្រហ្មទណ្ឌ​មិនអាច​រលត់​បានឡើយ​។

ម្យ៉ាងទៀត​ក្នុង​ករណី​មាន​ការដក​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​ក៏ដោយ វា​គ្រាន់តែ​ជា​ការបញ្ចប់​នូវ​ការទាមទារ​ផ្នែក​សំណង រដ្ឋប្បវេណី​របស់​​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​មានន័យ ថា​ជនបង្ក​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែល​មាន​ព្រះរាជអាជ្ញា​ជាដើម​បណ្តឹងអាជ្ញា​៕