នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បង្ក​​បទ​ល្មើស​បណ្តាល​ឲ្យ​​ជន​រងគ្រោះ​ស្លាប់​ឬ​រង​របួស​​គឺ​ជន​បង្ក​តែង​តែ​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ប្រសិន​បើ​​មាន​ឱកាស​រត់​រួច​ឬ​ប្រសិនបើជា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​វិញ​ ក្រោយ​ពី​បង្ក​ហេតុ​ពេល​ខ្លះ​ជន​បង្ក​ទុក​វត្ថុ​តាង​នៃ​បទ​ល្មើស​​ចោល​ដូច​ជា​រថ​យន្ត​ឬ​ម៉ូតូ​ជា​ដើម​ហើយ​ពេល​ខ្លះ​បើ​​គេ​ស្គាល់​អត្ត​សញ្ញា​ណ​គឺ​គ្រាន់​តែ​​ចេញ​ជា​សំ​ណង​ទៅ​ឲ្យ​ជន​រង​គ្រោះ​ប៉ុណ្ណោះ។

ករណី​បែប​នេះ​​និយាយ​ពី​ផ្លូវ​ច្បាប់​វិញ​បើ​ជន​បង្ក​គ្រាន់​តែ​ចេញ​ជា​​សំ​ណង​បែប​នេះ​អាច​បញ្ចប់​បញ្ហា​បាន​ទេ​?​ ពាក់​ព័ន្ធ​នឹង​នី​តិ​វិ​ធី​ច្បាប់​តើ​​យ៉ាង​ម៉េច​ដែរ?​

ជុំ​វិ​ញ​បញ្ហា​នេះ​ក្នុង​ទំព័រ​ច្បាប់​​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​លើក​យក​ជ្រុង​មួយ​នៃប​ទ​ល្មើស​ចរាចរ​ណ៍​មក​បក​ស្រាយ​ជូន​តាម​រយៈ​​កិច្ច​សម្ភា​សន៍​​ជា​មួយ​លោក​ មេធាវី​ ​យុង ​ផានិត ​អនុ​ប្រធាន​នា​យក​ដ្ឋាន​ការ​ពារ​ក្តី​ជន​ក្រី​ក្រ​នៃ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ ៖

ប្រសិន​បើ​មាន​បុគ្គល​ណា​ម្នាក់​បង្ក​​បទ​ល្មើស​​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ភា​គី​ម្ខាង​ទៀត​ស្លាប់ឬ​របួស​ហើយ​ក្រោយ​កើត​ហេតុ​ក៏​មាន​ការ​សង​លុយ​កាក់​ជា​សំ​ណង​​ផង​។ក្នុង​ករណី​សង​សំ​ណង​រួច​បែប​នេះ​តើ​ជន​បង្ក​នឹង​មាន​ទោស​ទេ?​

ករណី​បែប​នេះ​ទោះ​ជា​ខាង​ជន​បង្ក​ចេញ​លុយ​កាក់​ជា​សំ​ណង​​ទៅ​​ឲ្យ​ភា​គី​ជន​រង​គ្រោះហើយ​ក្តី​ក៏មិន​អាច​គេច​​ផុត​ពី​ទោស​ទណ្ឌ​បាន​ដែរ​ព្រោះ​​ការ​ដែល​ជន​បង្ក​សង​ជា​លុយ​កាក់​ទៅ​​ក្រុមគ្រួសារ​ជន​រងគ្រោះគឺ​​មិន​អាច​រំ​លត់​បណ្តឹង​អាជ្ញា​​បាន​ទេ។​

នៅ​​ក្នុ​ងរឿង​ព្រហ្ម​​ទណ្ឌ​មាន​បណ្តឹង​ ២​ ដែល​​បណ្តឹង​មួយ​ហៅ​ថា​ បណ្តឹង​រដ្ឋប្បវេណី​ និង​មួយ​ទៀត​ហៅ​ថា​ បណ្តឹង​ព្រហ្ម​ទណ្ឌ​។​ យោង​មាត្រា ២ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា ​បណ្តឹង​អាជ្ញា​និង​បណ្តឹង​រដ្ឋ​ប្បវេ​ណី​គឺ​ជា​បណ្តឹង​ពីរ​ផ្សេង​គ្នា។​

បណ្តឹង​អាជ្ញា​មាន​គោល​បំ​ណង​ពិនិត្យ​អត្ថិភាព​​នៃ​បទ​ល្មើស​បង្ហាញ​ឲ្យឃើញ​ពិរុទ្ធភាព​នៃ​ជន​ល្មើស​និង​ផ្តន្ទាទោស​ជន​នេះ​តាម​ច្បាប់​កំណត់។​

បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​គោល​បំ​ណង​ធ្វើ​ឲ្យ​បាន​​ជួស​ជុល​ការ​ខូច​ខាត​ដែល​បណ្តាល​មក​ពី​អំពើ​​ល្មើស​ដល់​ភា​គី​រង​គ្រោះ​​ហើយ​ក្នុង​គោល​បំ​ណង​នេះ​ឲ្យ​អ្នក​រង​គ្រោះ​បាន​ទទួល​​សំ​ណង​ជំងឺចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​​ដែល​ខ្លួន​បាន​ទទួល។

ចំពោះ​មា​ត្រា​ ៣​ ក៏​​ចែង​ដែរ​ថា ​​បណ្តឹង​អាជ្ញា​អនុវ​ត្ត​ទៅ​លើ​បុគ្គល​គ្រប់​រូប​ទាំង​រូប​វន្ត​បុគ្គល​ទាំង​នី​តិ​បុគ្គល​ដោយ​ឥត​​ប្រ​កាន់​ពូជ​សាសន៍​ពណ៌​សម្បុរ​​ភេទ​ភាសា​ជំ​នឿ​សាសនា​និន្នាការ​នយោបាយ​​ដើម​កំណើត​ជាតិ​​ឋានៈ​សង្គម​ធនធាន​ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ។

ករណី​​ភាគី​ជន​បង្ក​សង​ជា​សំ​ណង​ឲ្យ​ភាគី​ជនរ​ងគ្រោះហើយ​ក្តី​តើខាង​ជន​រង​គ្រោះ​អាច​ដាក់​ពាក្យ​បណ្តឹង​បាន​ទេ?

បើ​យោង​មាត្រា​ ៤ ​និង​មាត្រា ៥ នៃ​ក្រម​ខាង​លើ​ចែង​ថា​បណ្តឹង​អាជ្ញា​ត្រូវ​អនុវត្ត​ក្នុង​នាម​នៃ​​ផល​ប្រ​យោជន៍​ទូ​ទៅ​ដោយ​អយ្យ​ការ។​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ និង​សុំ​ឲ្យ​អនុវត្ត​ច្បាប់​នៅ​ចំ​ពោះមុ​ខ​យុត្តាធិការ​ស៊ើប​សួរ​ និង​យត្តាធិការ​ជំនុំ​ជម្រះ។

ជន​រង​គ្រោះ​នៃ​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​អាច​ដាក់​ពាក្យ​បណ្តឹង​​ដោយ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​នៅ​ចំ​ពោះ​មុខ​ចៅ​ក្រម​ស៊ើប​សួរ​។​ពាក្យ​ប្តឹង​ដោយ​មាន​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​មាន​អានុ​ភាព​ប្តឹង​ដល់​ចៅ​ក្រម​ស៊ើប​សួរ​អំ​ពី​បណ្តឹង​អាជ្ញា​នៅ​ក្នុង​លក្ខខណ្ឌ​​ដែល​បញ្ញតិ្ត​ដោយ​មា​ត្រា​ ១​៣​៩ ​(ការ​បញ្ជូន​បណ្តឹង​ទៅ​ព្រះ​រាជ​អាជ្ញា)​ និង​មា​ត្រា​ ១​៤​០ ​(ការបង់​ប្រាក់​តម្កល់​ទុក​) នៃ​ក្រម​នេះ។​

យុត្តាធិ​ការ​ព្រហ្ម​ទណ្ឌ​ក៏​អាច​ទ​ទួល​បណ្តឹង​ពី​មន្រ្តី​រាជ​ការ​ឬ​ភ្នាក់​ងារ​សា​ធារណៈ​ដ​ទៃ​ទៀត​ដែល​ច្បាប់​ដោយ​ឡែក​បាន​ប្រ​គល់​អំណាច​ឲ្យ​ផងដែរ៕​