ជាទូទៅ​បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​អ្វីមួយ​នៅ​ទីតាំង​ផ្ទះ ឬ​ឃ្លាំង​ជួល គឺ​មាន​ខ្លះ​​បាន​ឈានដល់​បិទ​ទីតាំង​នោះ​បណ្តោះអាសន្ន​។ ចុះបើ​មាន​​ករណី​បែប​នេះ តើ​ម្ចាស់ផ្ទះ​ ឬ​ឃ្លាំង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងម៉េច​ដែរ​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី កុយ ដុល្លា អត្តលេខ ១៩៧៨T ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ​ជាន់​ទី​ ១០ បន្ទប់​លេខ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​ជួល​ផ្ទះ ឬ​ឃ្លាំង​ឲ្យ​គេ តែ​អ្នក​ជួល​នោះ​បាន​ដាក់​របស់​មិន​ស្របច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ និង​បិទ​ឃ្លាំង​នោះ​។ រីឯ​ម្ចាស់​ទីតាំង​សុំ​យក​ទៅ​ជួល​ឲ្យ​អ្នកផ្សេង​មិនបាន​។ ហេតុអ្វី​បានជា​ពាក់ព័ន្ធ​នឹង​ឃ្លាំង​នោះ ?

មុននឹង​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​ដឹងថា អ្វី​ទៅ​ជា​ការជួល​? ​នៅក្នុង​សង្គម​តែងតែ​មាន​ប្រតិបត្តិការ​ជួល​ជា​ចាំបាច់​សម្រាប់​ការស្នាក់នៅ ឬ​ធ្វើ​អាជីវកម្ម​ណាមួយ​ទៅតាម​តម្រូវការ​នីមួយៗ ហើយ​ការជួល​អាចជា​ចលនវត្ថុ ឬ​អចលនវត្ថុ​។ នៅក្នុង​ប្រតិបត្តិការ​ជួល​ដែល​​ភាសា​ច្បាប់​ហៅថា ភតិសន្យា ភាគី​ម្ខាង​ដែល​ជា​ម្ចាស់ផ្ទះ​ ឬ​​ឃ្លាំង​នោះ​ហៅថា ភតិបតី និង​ភាគី​ម្ខាង​ទៀត​ដែលជា​អ្នក​ជួល​នោះ ភាសា​ច្បាប់​ហៅថា​ភតិកៈ​។

អ៊ីចឹង ភតិសន្យា សំដៅ​ទៅលើ​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង ហៅថា ភតិបតី ឲ្យ​ភាគី​ម្ខាង​ទៀត​ហៅថា ភតិកៈ ប្រើប្រាស់ និង​អាស្រ័យ​ផល​ពី​វត្ថុ​ណាមួយ​ដោយ​យក​ថ្លៃ​ (​យោងតាម​មាត្រា ៥៩៦ នៃ​ក្រមរដ្ឋប្បវេណី​)​។

ផ្អែក​តាម​ខ្លឹមសារ​នៃ​និយមន័យ​ខាងលើ ភតិកៈ​មាន​សិទ្ធិ និង​ករណី​កិច្ច​ក្នុង​ការប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​វត្ថុ​ (​នៅទីនេះ​យើង​និយាយ​ពី​អចលនវត្ថុ​) ​ដូច​ដែល​ភាគី​បាន​កំណត់​​ក្នុង​កិច្ចសន្យា​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​វត្ថុ​ជួល​ដោយ​សុចរិត​។

ប៉ុន្តែ​បញ្ហា​អាច​កើតទ្បើង​ពេល​ភតិកៈ​យក​អចលនវត្ថុ​ដែលជា​កម្មវត្ថុ​នៃ​ការជួល​នោះ​សម្រាប់​ដាក់​របស់​មិន​ស្របច្បាប់ ហើយ​នៅពេល​សមត្ថកិច្ច​រកឃើញ​មាន​បទល្មើស​នៅ​ទីតាំង​នោះ​ដែល​ជា​ទីកន្លែង​លាក់ទុក​របស់​មិន​ស្របច្បាប់​គឺ​សមត្ថកិច្ច​នឹង​​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប ហើយ​ទីតាំង​នោះ​អាច​ប្រឈម​នឹង​ការបិទ​ផងដែរ​។ អ៊ីចឹង​សួរថា តើ​ហេតុអ្វី​បាន​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ឃ្លាំង​នោះ​?

ជាគោលការណ៍​មិនមែន​គ្រប់​បទល្មើស​កើតទ្បើង​នៅក្នុង​ផ្ទះ​ ឬ​ឃ្លាំង​ណា​នឹងត្រូវ​បាន​បិទ​នោះទេ​។ ការបិទ​ផ្ទះ​ ឬ​ឃ្លាំង​​នោះ​គឺ​គេ​ពិចារណា​ទៅលើ​ថា​​តើ​មាន​ភាពចាំបាច់​ដែរឬទេ ? មាន​មូលកភាព​ដែរឬទេ ហើយ​ទំនាក់ទំនង​រវាង​របស់​ដែល​មិន​ស្របច្បាប់​នោះ និង​ទីតាំង​នោះ​មាន​ទំនាក់ទំនង​ហេតុ និង​ផល​យ៉ាង​ដូចម្តេច​? ​

ក៏ប៉ុន្តែ​តាម​ការពិនិត្យ​ទៅលើ​ការអនុវត្ត​​កន្លងមក យើង​សង្កេតឃើញ​ថា ភាគច្រើន​ទីតាំង​ដែល​ប្រឈម​នឹង​ការបិទ គឺ​ដោយសារ​​តែ​ទីតាំង​នោះ​ជា​កន្លែង​ដែល​គាំទ្រ​ឲ្យ​មាន​ការប្រព្រឹត្ត​បទល្មើស ឬ​យើង​អាច​និយាយ​បាន​ថា ប្រសិនបើ​គ្មាន​ទីតាំង​នោះទេ ក៏​នឹង​គ្មាន​បទល្មើស​កើតឡើង​នោះដែរ​។ ឧទាហរណ៍ ទីតាំង​ផលិត​គ្រឿងញៀន ឬ​ទីតាំង​ស្តុក​ផលិតផល​ក្លែងក្លាយ​ជាដើម​។ ​(​សូម​រង់ចាំ​អាន​​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)