ប្រសិនបើ​ជនណាម្នាក់​សង្ស័យថា បាន​បង្ក​បទល្មើស​អ្វីមួយ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​មាន​ថតរូប​ផង​។ តើ​ជន​នោះ​ត្រូវតែ​បិទបាំង​មុខ​ដែរ​ឬ​? ​តើ​​គាត់​ត្រូវ​បាន​ច្បាប់​ការពារ​បែបណា​? ​ព្រោះថា​ជន​នោះ​មិនទាន់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ផង​ទេ​។ ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៥ Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ជារឿយៗ​មាន​ការចុះផ្សាយ​ដោយ​ដាក់ឈ្មោះ និង​ថតរូប​មនុស្ស​ជា​ក្រុម​ ឬ​ម្នាក់ឯង​ដោយ​មិន​បាន​បិទបាំង​មុខ​នៅ​ដំណាក់កាល​នគរបាល និង​ខ្លះ​ពេល​បញ្ជូន​ដល់​តុលា តែ​មាន​អ្នកខ្លះ​ត្រូវ​តុលាការ​ដោះលែង​វិញ​ព្រោះ​រក​មិនឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ​ប៉ុន្តែ​មុខ និង​ឈ្មោះ​របស់​ជន​ដែល​ត្រូវ​ដោះលែង​នោះ​ត្រូវ​បាន​ចុះផ្សាយ​តាម​កាសែត ឬ​តាម​បណ្តាញ​ហ្វេសប៊ុក​រួចទៅហើយ​។ តើ​ក្នុង​ករណី​បែបនេះ​បើតាម​ច្បាប់ គួរ​ត្រូវ​ចុះផ្សាយ​កែតម្រូវ​ឲ្យ​ជន​នោះ​វិញ​ឬ​យ៉ាងណា​? ព្រោះ​បើ​តុលាការ​មិន​ចោទ​គាត់​ផង​​មាន​ន័យថា គាត់​ជា​មនុស្ស​ស្អាតស្អំ​។ ​ចុះ​ចំពោះ​ជន​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់ និង​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ហើយ តើ​ត្រូវ​តែ​បិទបាំង​ ឬ​មិនត្រូវ​បិទបាំង​មុខ​គាត់​?

ជាគោលការណ៍​គ្មាន​ជនណា​ម្នាក់​ត្រូវបាន​សន្មត​ជាមុន​ថា មាន​ទោស​នោះទេ​ដរាប​ណា​មិនទាន់​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ពី​តុលាការ ដូច្នេះ​បើ​ពួកគាត់​មិន​ទាន់​មានទោស ពុំគួរ​គប្បី​បង្ហាញមុខ​គាត់​ដោយ​ចំហ ដោយ​មិន​មាន​ការបិទបាំង​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្រៅ​បេតិកភណ្ឌ​របស់​ពួកគាត់​។

ពាក់ព័ន្ធ​នឹង​ការបិទបាំង​មុខ​ ឬ​មិនបាន​បិទបាំង​មុខ​ចំពោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​​ច្បាប់​មិនបាន​កំណត់​ឲ្យ​ជាក់លាក់​នោះទេ តែ​វា​ជា​បញ្ហា​ក្រម​សីលធម៌​វិជ្ជាជីវៈ​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ដែល​គប្បី​គួរតែ​គោរព​។ ​ប៉ុន្តែ​បើសិន​ជា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ជា​អនីតិជន យោងតាម​មាត្រា ២៣ នៃ​ច្បាប់​ស្តីពី យុត្តិធម៌​អនីតិជន​បាន​ការពារ​ពួកគាត់​ដោយ​មិន​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ដាក់​បង្ហាញ​មុខ​ជា​ជួរ​ឡើយ ក្នុង​ករណី​ដែល​គ្មាន​ការយល់ព្រម​ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​មេធាវី អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​។

​ចំពោះ​បញ្ហា​បង្ហាញ​​មុខ និង​ឈ្មោះ​របស់​ជន​ដែល​ត្រូវ​ដោះលែង​នោះ​ត្រូវ​បាន​ចុះផ្សាយ​តាម​កាសែត ឬ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​រួច​ទៅ​ហើយ​នោះ សាមីខ្លួន ឬ​តំណាង​ស្របច្បាប់​អាច​ស្នើ​ទៅ​អ្នក​សារពត៌មាន​ទាំងនោះ​ធ្វើការ​កែតម្រូវ​ដោយ​ផ្អែក​ទៅ​តាម​មាត្រា​ ១០ នៃ​ច្បាប់​ស្តីពី​របប​សារពត៌មាន​។ ចំពោះ​ជន​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់ និង​មាន​សាលក្រម ឬ សាលដីកា​ស្ថាពរ​ហើយ​ច្បាប់​មិន​បាន​កំណត់ថា ត្រូវ​បិទបាំង​មុខ ឬ​មិន​បិទបាំង​នោះ​ទេ ជារួម​បញ្ហា​ការបិទបាំង​មុខ​នេះ​មិន​មានចែង​ក្នុង​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។

ជន​ម្នាក់​បាន​សារភាព​នៅ​តុលាការ​ពី​ការសម្លាប់​មនុស្ស​ហើយ​ក៏​ត្រូវ​តុលាការ​ផ្តន្ទាទោស​គាត់​អស់​ ១ ​ជីវិត​ថែមទៀត​។ ​ករណីនេះ​បើ​គាត់​ទទួល​កំហុស​ និង​ត្រូវបាន​តុលាការ​ចោទប្រកាន់​ហើយ​នោះ ប៉ុន្តែ​គាត់​មិនទាន់​បាន​ទទួល​សាលដីកា​ស្ថាពរ​ពី​សាលាឧទ្ធរណ៍ និង​ពី​តុលាការ​កំពូល​ទេ ហើយ​គាត់​ត្រូវបាន​គេ​ថតរូប និង​ចុះផ្សាយ​ក្នុង​ទំព័រ​កាសែត​ដោយ​មិនបាន​បិទបាំង​មុខ​។ ​ចំពោះ​ករណី​នេះ​តើ​ការមិន​បិទបាំង​មុខជា​កំហុសឆ្គង​ដែរ​ទេ​?

ដោយយោង​ទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​កថាខណ្ឌ​ចុងក្រោយ​នៃ​មាត្រា​ ៣៨ បាន​ចែងថា ជនណា​ក៏ដោយ​ត្រូវ​ទុក​ជា​មនុស្ស​ឥតទោស ដរាប​ណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ​។ ដូចនេះ​ប្រសិន​បើ​ជន​នោះ​មិន​បាន​ប្តឹង​ឧទ្ធរណ៍​នោះទេ នោះ​សាលក្រម​នៃ​សាលាដំបូង​នឹង​ត្រូវ​ចូល​ស្ថាពរ ក្រោយពី​ផុត​រយៈពេល​ ១ ​ខែ ដូច្នេះ​ហើយ​​គាត់​ត្រូវបាន​សន្មត​ថា មាន​ទោស ប៉ុន្តែ​ប្រសិនបើ​គាត់​មាន​ឆន្ទៈ​ប្តឹង​បន្ត​ទៅ​តុលាការ​ជាន់ខ្ពស់​ថែមទៀត​នោះ​គឺ​ច្បាប់​នៅ​តែ​សន្មត​ថា​គាត់​ជា​អ្នក​មិនទាន់​មានទោស​។ ការបិទបាំង​មុខ​ ឬ​មិន​បិទបាំង​មុខ មិនមែន​ជា​បទល្មើស​ទេ ដោយសារ​តែ​មិនមាន​ច្បាប់​ចែង​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)