កាលពីថ្ងៃចន្ទសប្ដាហ៍មុនភ្នំពេញប៉ុស្ដិ៍ បានចុះផ្សាយមួយវគ្គរួចហើយទាក់ទងនឹងភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវក្នុងការបង្ហាញមុខជនសង្ស័យជាសាធារណៈមុនពេលមានសាលក្រមពីតុលាការតាមរយៈការបកស្រាយពីលោកមេធាវី លី កុសល ដែលមានការិយាល័យផ្ទះលេខ ៤៥ Eo ផ្លូវលេខ ៩ ក្រុម ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយលោកអះអាងថាករណីបិទមុខ ឬមិនបិទមុខជនសង្ស័យគឺច្បាប់មិនបានកំណត់ឲ្យជាក់លាក់ទេ តែអាស្រ័យលើក្រមសីលធម៌របស់អ្នកផ្សព្វផ្សាយ វៀរលែងតែតាមមាត្រា ២៣ ច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលត្រូវមានការពិគ្រោះយោបល់ជាមួយមេធាវីអ្នកតំណាងដែលច្បាប់បានកំណត់សិន។ ប៉ុន្តែនៅវគ្គនេះលោកមេធាវីបានពន្យល់ពីសិទ្ធិរបស់អ្នកជាប់ឃុំ និងអ្នកមិនទាន់ជាប់ឃុំវិញម្ដងដែលមានខ្លឹមសារដូចខាងក្រោម៖
តើច្បាប់មានការចែងអំពីការផ្តល់សិទ្ធិដល់ជនដែលជាប់ឃុំ និងជនដែលមិនទាន់ជាប់ឃុំ (ជនទើបនគរបាលឃាត់ខ្លួន) អ្វីខ្លះ?
ដំបូងយើងត្រូវស្វែងយល់ពីដំណាក់កាលនៃការឃាត់ខ្លួន និងឃុំខ្លួនក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងក្នុងដំណាក់កាលតុលាការ។
នៅក្នុងដំណាក់កាលដំបូងនៃនីតិវិធី នៅពេលដែលជនម្នាក់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ គេប្រើពាក្យជនសង្ស័យ ឬជនជាប់សង្ស័យ ដែលពួកគាត់មានសិទ្ធិដូចជា៖
១. សិទ្ធិដឹងពីមូលហេតុចាប់ ឬឃាត់ខ្លួន៖ នៅពេលឃាត់ខ្លួនបុគ្គលណាម្នាក់មន្ត្រីនគរបាលយុត្ដិធម៌ត្រូវឱ្យដំណឹងជាបន្ទាន់ ចំពោះសេចក្ដីសម្រេចរបស់ខ្លួនប្រាប់ឱ្យដឹងពីមូលហេតុនៃសេចក្ដីសម្រេចឃាត់ខ្លួនសិទ្ធិមានជំនួយមេធាវី និងសិទ្ធិមានអ្នកបកប្រែជាអាទិ៍។
២. សិទ្ធិមានជំនួយមេធាវី៖ ក្រោយពេលចាប់ខ្លួន ឬឃាត់ខ្លួនរយៈពេល ២៤ ម៉ោងកន្លងផុតទៅគិតចាប់ពីពេលផ្ដើមចាប់ខ្លួន ឬឃាត់ខ្លួនជនសង្ស័យមាន សិទ្ធិជួបសន្ទនាជាមួយមេធាវី ឬជនណាម្នាក់ដែលខ្លួនជ្រើសរើសកុំឱ្យតែជននោះមានពាក់ព័ន្ធនឹងរឿងជាមួយ ។ ក្នុងករណីនេះមេធាវី ឬជនដែលបានចូលជួបសន្ទនានោះអាចទទួលបានការជូនដំណឹងតាមគ្រប់មធ្យោបាយ និងជាបន្ទាន់ ហើយមានសិទ្ធិចូលនៅកាន់ទីកន្លែងឃាត់ខ្លួនដើម្បីទាក់ទងសន្ទនាជាមួយបុគ្គលសាមីខ្លួនបាន ៣០ នាទីក្នុងលក្ខខណ្ឌធានាការសម្ងាត់នៃការសន្ទនា ។
៣. សិទ្ធិមិនត្រូវបានឃាត់ខ្លួនហួសរយៈពេលកំណត់៖ ជនណាម្នាក់មិនត្រូវបានឃាត់ខ្លួនហួសរយៈពេលដែលបានកំណត់ដោយច្បាប់ដោយគ្មានចំណាត់ការនីតិវិធីចោទប្រកាន់ណាមួយឡើយ ដោយនៅក្នុងនោះចំពោះនីតិជន (ជនដែលមានអាយុ ១៨ ឆ្នាំឡើងទៅ) មិនអាចត្រូវបានឃាត់ខ្លួនលើសពី ៤៨ ម៉ោងអាចពន្យារបាន ២៤ ម៉ោង។
ចំពោះអនីតិជនដែលមានអាយុ ១៤ ទៅ ១៦ ឆ្នាំចំពោះបទឧក្រិដ្ឋមិនត្រូវហួសរយៈពេល ៣៦ ម៉ោងចំពោះបទមជ្ឈិមមិនត្រូវលើស ២៤ ម៉ោង រីឯអនីតិជនដែលមានអាយុ ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំវិញនៅក្នុងករណីបទឧក្រិដ្ឋមិនឱ្យលើស ៤៨ ម៉ោង និងករណីបទមជ្ឈិមមិនឱ្យលើសពី ៣៦ ម៉ោងឡើយ ។
៤. សិទ្ធិមានជំនួយពីគ្រូពេទ្យ៖ ព្រះរាជអាជ្ញា ឬមន្ត្រីនគរបាលយុត្ដិធម៌មានសិទ្ធិសុំឱ្យគ្រូពេទ្យមកពិនិត្យជនដែលត្រូវបានឃាត់ខ្លួនបានគ្រប់ពេលវេលា។ គ្រូពេទ្យផ្ទៀងផ្ទាត់មើលថា តើស្ថានភាពសុខភាពរបស់ជនដែលត្រូវបានឃាត់ខ្លួននោះសមស្របនឹងការឃាត់ខ្លួនដែរឬទេ។ ប្រសិនបើគ្រូពេទ្យពិនិត្យឃើញថា ស្ថានភាពសុខភាពរបស់បុគ្គលនោះពុំសមស្របនឹងការឃាត់ខ្លួននោះទេមន្ដ្រីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចចុះមកទីកន្លែងនោះដោយផ្ទាល់ដើម្បីត្រួតពិនិត្យពីលក្ខខណ្ឌនៃការឃាត់ខ្លួន។
៥. អនីតិជនដែលត្រូវបានឃាត់ខ្លួន៖ កាលណាជនដែលត្រូវបានឃាត់ខ្លួនជាអនីតិជនមន្ត្រីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងគ្រប់មធ្យោបាយដល់ឪពុកម្ដាយដល់អ្នកតំណាងស្របច្បាប់ ឬដល់អ្នកទទួលភារកិច្ចលើអនីតិជននោះ ។
៦. សិទ្ធិរក្សាភាពស្ងៀមស្ងាត់៖ ជនដែលត្រូវបានឃាត់ខ្លួនមានសិទ្ធិរក្សាភាពស្ងៀមស្ងាត់មិនឆ្លើយនូវសំណួររបស់មន្ត្រីនគរបាលយុត្ដិធម៌បានរហូតចាំដល់មានជំនួយពីមេធាវី ហើយគ្មាននរណាម្នាក់អាចបង្ខំឱ្យឆ្លើយបានឡើយ។
៧. សិទ្ធិមិនឆ្លើយសារភាព៖ ជនដែលត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនមិនត្រូវឆ្លើយអ្វីដែលខ្លួនមិនបានប្រព្រឹត្ដនោះទេ ឬអាចឆ្លើយ ឬមិនឆ្លើយសារភាពរហូតដល់មានមេធាវីការពារសិទ្ធិដោយគ្មាននរណាម្នាក់អាចបង្ខំឱ្យសារភាពថា បានប្រព្រឹត្ដបទល្មើសណាមួយដោយការគំរាមកំហែង ការវាយដំធ្វើទារុណកម្មណាមួយនោះឡើយ ។ រាល់ការសារភាពដែលកើតចេញពីការបង្ខំតាមផ្លូវកាយក្ដី ផ្លូវចិត្ដក្ដី ការគំរាមកំហែង ការវាយដំធ្វើទារុណកម្ម មិនត្រូវចាត់ទុកជាភ័ស្ដុតាងនៃពិរុទ្ធភាពទេ។
៨. សិទ្ធិត្រូវបាននាំខ្លួនទៅតុលាការ៖ ក្រោយការឃាត់ខ្លួនជនល្មើស និងជនសង្ស័យត្រូវតែមានការចោទប្រកាន់ ឬទទួលបានការបញ្ជូនទៅតុលាការឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយតុលាការត្រូវធ្វើការពិនិត្យពីនិយតភាពនៃនីតិវិធីរបស់មន្ដ្រីនគរបាលយុត្ដិធម៌ក្នុងការចាប់ខ្លួន ឬឃាត់ខ្លួននោះបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ដែរឬទេ? និងសម្រេចចំណាត់ការនីតិវិធីឱ្យបានឆាប់រហ័យ និងធានាដល់សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្ដិធម៌ចំពោះជនជាប់ចោទនោះផងដែរ។
៩. សិទ្ធិប្ដឹងនឹងការបដិសេធផ្សេងៗរបស់មន្ដ្រីនគរបាលយុត្ដិធម៌៖ ប្រសិនបើសិទ្ធិណាមួយដែលច្បាប់បានធានាចំពោះជនល្មើស ឬជនសង្ស័យនៅពេលឃាត់ខ្លួនត្រូវបានបំពាន ឬបដិសេធ ដោយមន្ដ្រីនគរបាលយុត្ដិធម៌ ជននោះអាចប្ដឹងអំពីការបំពាន ឬតវ៉ានឹងការបដិសេធនោះដោយផ្ទាល់ ឬតាមរយៈមេធាវីរបស់ខ្លួនទៅដល់ស្ថាប័នអយ្យការ ឬចៅក្រមស៊ើបសួរ ឬក៏តុលាការដែលមានសមត្ថកិច្ចបាន។
ដោយឡែកសិទ្ធិដែលមានក្រោយពេលបញ្ជូនទៅពន្ធនាគារហើយ (ឃុំខ្លួន) នោះមានចែងក្នុងច្បាប់ស្តីពីពន្ធនាគារមាននៅត្រង់មាត្រា ២០ និងត្រង់ជំពូក ៥ ស្តីពីសិទ្ធិ និងលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំផងដែរ៕