ការយក​ទ្រព្យសម្បត្តិ​អ្នកដទៃ​ចាត់ទុកជា​អំពើ​លួច​។ តែ​អំពើ​យក​ទ្រព្យ​អ្នកដទៃ​ក្នុងស្ថានភាព​ដែល​ម្ចាស់ទ្រព្យ​សម្បត្តិ​នោះ​កំពុងមាន​គ្រោះអាសន្ន​ដូចជា ភ្លើង​ឆេះ​ផ្ទះ​ជាដើម តើ​ជន​ដែល​យក​ទ្រព្យសម្បត្តិ​គេ​នោះ​នឹង​ត្រូវ​មានទោស​កម្រិត​ណា​?​ ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី​ យុង ផានិត ​អនុប្រធាននាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ដូចតទៅ ៖

ឧបមា​ថា​មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ ហើយ​មាន​ជនណា​ម្នាក់​ចូលទៅ​ជួយ​ជញ្ជូន​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ដែល​ឆេះ​នោះ ប៉ុន្តែ​គេ​បាន​ឆក់​ឱកាស​យក​ទ្រព្យ​ទាំងនោះ​ទៅ​ទុក​នៅផ្ទះ​ខ្លួន​ទៅវិញ​។

សួរថា តើ​អ្នក​ដែល​បាន​យក​ទ្រព្យ​គេ​នោះ ចាត់ទុក​ថា​ពាក់ព័ន្ធ​នឹង​អំពើ​លួច​ដែរ​ទេ​?

ករណី​ជនណាម្នាក់​ទៅ​ជួយ​ជញ្ជូន​ទ្រព្យ​អ្នក​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហើយ​បន្លំ​យក​ទ្រព្យសម្បត្តិ​គេ​នៅពេល​ម្ចាស់ទ្រព្យ​មិនបាន​ដឹង​នោះ គឺ​ជន​ម្នាក់​ហ្នឹង​ចាត់ទុក​ថា ជា​ចោរលួច​ទ្រព្យសម្បត្តិ​គេ​ហើយ​។ ដោយសារ​តែ​ជន​ម្នាក់​នោះ​ដឹង​ហើយ​ថា ទ្រព្យ​នោះ​ជា​របស់​ម្ចាស់ផ្ទះ​ដែល​មាន​ភ្លើង​ឆេះ ប៉ុន្តែ​ខ្លួន​បែរជា​បន្លំ​ជញ្ជូន​យក​ទ្រព្យសម្បត្តិ​គេ​ទៅ​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន​វិញ​។

ករណីនេះ​ពាក់ព័ន្ធ​នឹង​​អំពើ​លួច​មួយរយ​ភាគរយ​ហើយ ហើយ​ជន​ម្នាក់​នោះ​មិនអាច​ប្រកែក​ថា គាត់​ជួយ​ជញ្ជូន ប៉ុន្តែ​អត់​មាន​កន្លែង​ទុក​ក៏​យក​ទ្រព្យ​នោះ​ទៅ​ទុក​នៅផ្ទះ​របស់​គាត់​នោះទេ និយាយ​ឲ្យ​ខ្លី​​គឺ​មិន​អាច​ដោះសា​បែប​នេះ​​បានទេ​។

ចុះ​បើ​ការយក​ទ្រព្យ​របស់​គេ​ក្នុង​ស្ថានភាព​អាសន្ន​បែបនេះ​អាច​មាន​ទោស​ធ្ងន់​ជាង​បទ​លួច​ធម្មតា​ទេ​?

អំពើ​លួច​របស់​ជន​ម្នាក់​នោះ​គឺជា​អំពើ​លួច​ធម្មតា​ទេ​ដែល​មិនអាច​និយាយថា​ម្ចាស់ទ្រព្យ​កំពុង​មាន​អាសន្ន​ភ្លើង​ឆេះ​ផ្ទះ​ហើយ ហើយ​ជន​ដែល​លួច​ទ្រព្យ​គេ​នោះ​មាន​ទោស​ធ្ងន់​នោះទេ​។ តែបើ​ (​ឧទាហរណ៍​) ​ថា​ជន​ម្នាក់​នោះ​លួច​យក​ទៅ​ជួយ​សង្គ្រោះ​ជីវិត​អ្នកដទៃ​ ឬ​គ្រួសារ​របស់ខ្លួន​គឺ​តុលាការ​អាច​ផ្តល់​ស្ថានសម្រាលទោស​ដល់​ជន​នោះបាន​ខ្លះ​។

ប៉ុន្តែ​បើ​ជន​នោះ​ទៅ​លួច​ទ្រព្យ​គេ​នៅពេល​ដែល​ម្ចាស់ទ្រព្យ​កំពុងមាន​អាសន្ន​ហ្នឹង​ដោយ​គ្មាន​មូលហេតុ​ដូចខាង​លើ​គឺ​តុលាការ​មិន​ផ្តល់​ស្ថាន​សម្រាល​ទោស​ឲ្យ​ជន​នោះទេ​។ តែបើ​ត្រូវ​មានទោស​ធ្ងន់​លើស​ពី​ទោស​លួច​នោះ​ទៀត​ក៏​គ្មាន​​ដែរ​។

យោង​មាត្រា​ ៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា អំពើ​លួច​គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេងទៀត​របស់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

ចំពោះ​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​ដែរ​ក៏​ចែងថា អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦ (​ប្រាំមួយ​) ​ខែ​ទៅ​ ៣ (​បី​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ 000 000 (​មួយ​លាន​) ​រៀល​ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) ​រៀល​៕