ការធ្វើចរាចរណ៍លើដងផ្លូវជួនកាលមានករណីបើកបររថយន្តទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តខាងក្រោយស្លាប់ ជាករណីមួយដែលអ្នកធ្វើចរាចរណ៍ខ្លះមិនបានគិតដល់។ ក្នុងករណីនេះតើអ្នកបើករថយន្តខាងមុខត្រូវមានទោសឬអ្នកបើករថយន្តខាងក្រោយមានទោស? ជុំវិញករណីនេះភ្នំពេញ ប៉ុស្ដិ៍បានសម្ភាសជាមួយលោកមេធាវី លី កុសល ដែលមានការិយាល័យបំពេញការងារនៅផ្ទះលេខ ៤៥-Eo ផ្លូវលេខ ៩ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចតទៅ ៖
ឧបមាថា មានរថយន្តចំនួន ២ គ្រឿងបានបើកបរបន្ដកន្ទុយគ្នា តែរថយន្តខាងមុខមានផ្ទុកឈើ ហើយឈើនោះបានលយចេញពីទ្រុងរថយន្តមកខាងក្រោយ។ គ្រានោះរថយន្តដែលកំពុងបើកខាងក្រោយក៏បានបុកនឹងរថយន្តដឹកឈើនោះធ្វើឲ្យអ្នករួមដំណើរក្នុងរថយន្តខាងក្រោយត្រូវឈើជង់ស្លាប់ តែអ្នកបើកបរ (រថយន្តក្រោយ) មិនរងគ្រោះទេ។ក្នុងករណីនេះ តើអ្នកបើករថយន្តខាងក្រោយត្រូវមានទោសដែរទេ ? ប្រសិនបើមានទោសមកពីមូលហេតុអី?ហើយបើគ្មានទោសមកពីមូលហេតុអី?
១. យើងឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតឡើងជារៀងរាល់ថ្ងៃហើយបើបញ្ហានេះកើតឡើងហើយភាគីនីមួយៗតែងតែអះអាងយកត្រូវរៀងៗខ្លួនដោយមិនបានពិចារណានិងយល់ដឹងពីបញ្ហាច្បាប់ចរាចរណ៍។ប្រជាពលរដ្ឋក្នុងសង្គមមានសិទ្ធិនិងកាតព្វកិច្ចត្រូវតែស្វែងយល់ពីច្បាប់ចរាចរណ៍ជាចាំបាច់ ហេតុដូច្នេះហើយនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំពោះការទទួលខុសត្រូវគឺមានកត្តា ៣ ចំណុចត្រូវលើកឡើងជាចម្បងរួមមាន៖ ១-ការទទួលខុសត្រូវផ្នែកសំណងរដ្ឋប្បវេណីទាក់ទងនឹងការខូចខាតលើរូបរាងកាយ អាយុជីវិតរួមនឹងទ្រព្យសម្បត្តិ ២-ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌគឺបុគ្គលដែលបានប្រព្រឹត្តបទល្មើសត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់ និង ទី ៣- ការទទួលខុសត្រូវផ្នែករដ្ឋបាលគឺការពិន័យការដកហូតបណ្ណបើកបរ ការដកពិន្ទុ។ល។
ទាក់ទងនឹងករណីខាងលើនេះរថយន្ត២គ្រឿងបើកស្របទិសគ្នាមួយមុខ មួយក្រោយតែរថយន្តខាងមុខមានផ្ទុកឈើហើយឈើនោះបានលយចេញពីទ្រុងរថយន្ត។គ្រានោះរថយន្តដែលបើកពីក្រោយបានបុកនឹងរថយន្តដែលដឹកឈើខាងមុខបណ្តាលឲ្យអ្នករួមដំណើរត្រូវឈើជង់ស្លាប់តែអ្នកបើក (រថយន្តក្រោយ) មិនរងរបួសទេករណីនេះអ្នកបើករថយន្តខាងក្រោយត្រូវតែមានទោសទោះបីជាគាត់មិនបានសម្លាប់អ្នករួមដំណើរជាមួយគាត់ក៏ដោយពីព្រោះថា៖
ទី១ ការបើកបររថយន្តលើផ្លូវសាធារណៈនៅពីក្រោយរថយន្តមួយទៀតគឺអ្នកបើកបរខាងក្រោយត្រូវរក្សាទុកនូវចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដើម្បីចៀសវាងការប៉ះទង្គិចនៅពេលរថយន្តខាងមុខបន្ថយល្បឿនឬឈប់ដោយចៃដន្យណាមួយកើតឡើង។ ជាឧទាហរណ៍ចន្លោះសុវត្ថិភាពមានដូចជា៖ រថយន្តបើកបរនៅក្រៅទីក្រុង ឬទីប្រជុំជនគឺត្រូវប្រើល្បឿន ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយត្រូវទុកចន្លោះសុវត្ថិភាព ២៤ ម៉ែត្រ។ ចំណែករថយន្តបើកបរនៅខាងក្រៅទីក្រុងឬទីប្រជុំជនគឺត្រូវប្រើល្បឿន ៦០ គីឡូម៉ែត្រក្នុង ១ ម៉ោងដោយត្រូវទុកចន្លោះសុវត្ថិភាព ៣៦ ម៉ែត្រ។រីឯរថយន្តដែលបើកបរនៅក្រៅទីក្រុងឬទីប្រជុំជនគឺត្រូវប្រើល្បឿន ៧០ គីឡូម៉ែត្រក្នុង ១ ម៉ោងដោយត្រូវទុកចន្លោះសុវត្ថិភាព ៤២ ម៉ែត្រ។ ល (មាត្រា ១៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក)។
ទី២ ទាក់ទងនឹងល្បឿនរបស់អ្នកបើកបររថយន្តនៅពីក្រោយតើគាត់បើកបរត្រឹមល្បឿនដែលកំណត់ដោយច្បាប់ក្នុងល្បឿនកម្រិតអប្បបរមា ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង (ក្នុងទីប្រជុំជន) និងល្បឿនកម្រិតអតិបរមា ៩០ គីឡូម៉ែត្រក្នុង ១ ម៉ោង (ក្រៅទីប្រជុំជន) ដែរឬទេ?
ទី ៣ តើអ្នកបើកបររថយន្តនៅខាងក្រោយមានបណ្ណបើកបរត្រឹមត្រូវតាមច្បាប់តម្រូវទៅតាមប្រភេទយានក១,ក២,ខ,គឃ១,ឃ២,ង, ហើយតើគាត់ស្ថិតនៅក្នុងស្ថានភាពស្រវឹងដែរឬទេ?(មាត្រា ៧៥,៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក) ហេតុដូចនេះហើយអ្នកបើកបររថយន្តនៅខាងក្រោយគាត់មានការធ្វេសប្រហែសខ្ជីខ្ជាឬមិនបានប្រុងប្រយ័ត្នដែលច្បាប់បានតម្រូវឲ្យបំពេញ។នៅក្នុងករណីនេះអ្នកបើកបររថយន្តនៅពីក្រោយត្រូវជាប់ចោទពីបទមនុស្សឃាតដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំនិងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀលទៅ ៦ ០០០ ០០០ (ប្រាំមួយលានរៀល) (យោងមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ) ឬតាមមាត្រា ៨៥ ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំទៅ ៣ (បី) ឆ្នាំនិងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀលនិងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
ក្នុងករណីនេះដែរ តើអ្នកបើករថយន្តខាងមុខត្រូវមានទោសដែរទេ ករណីគេទៅបុករថយន្តគាត់ពីក្រោយ?
ករណីនេះអ្នកបើកបររថយន្តខាងមុខមិនមានទោសទេ ទោះបីគេទៅបុកគាត់ពីក្រោយក៏ដោយ ព្រោះថា ដើម្បីឲ្យអ្នកបើកបររថយន្តខាងមុខទទួលខុសត្រូវសំណងរបស់អ្នកបើកបរខាងក្រោយបាន លុះត្រាតែបំពេញលក្ខខណ្ឌនៃអំពើអនីត្យានុកូលកើតឡើងដូចជា៖
-តើកំហុសចេតនាឬអចេតនារបស់អ្នកបើករថយន្តខាងមុខឬទេ? ជាធម្មតាប្រសិនបើអ្នកបើកបរខាងមុខ គាត់មិនមានឆន្ទៈឬមិនមានចេតនាចង់ឲ្យអ្នកបើករថយន្តពីខាងក្រោយទៅបុករថយន្តរបស់គាត់ទេហើយរថយន្តរបស់គាត់មានទាំងភ្លើងសញ្ញាបំភ្លឺនៅខាងក្រោយតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវផង ជាពិសេសគាត់បានដាក់សញ្ញាសម្គាល់នៅខាងក្រោយដូចជានៅពេលយប់គាត់ដាក់កញ្ចក់ចាំងពន្លឺដើម្បីឲ្យអ្នកក្រោយបានឃើញនិងមានការប្រុងប្រយ័ត្នបើទោះបីជាការដាក់ឈើទាំងនោះលយចេញហួស ១ (មួយ) ម៉ែត្រក៏ដោយ (យោងមាត្រា ៥៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក)។
-តើអ្នកបើកបរខាងមុខបានបំពានសិទ្ធិឬផលប្រយោជន៍និងធ្វើឲ្យខូចខាតអ្នកបើកបររថយន្តនៅខាងក្រោយទេ តែគាត់បើកបរក្នុងល្បឿនដែលច្បាប់កំណត់ក្នុងទីប្រជុំជន ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោងនិងក្រៅទីប្រជុំជន ៩០ គីឡូម៉ែត្រក្នុង ១ ម៉ោង?
-ទំនាក់ទំនងហេតុនិងផលដើមចមនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសាររថយន្តនៅខាងក្រោយដែលគាត់បានបើកល្បឿនហួសកំណត់និងមិនទុកចន្លោះសុវត្ថិភាពឲ្យបានត្រឹមត្រូវដែលច្បាប់បានចែង (មាត្រា ៧៤- ៣ នៃក្រមរដ្ឋប្បវេណី)។
សរុបសេចក្តីមក អ្នកបើករថយន្តនៅខាងមុខគឺគាត់មិនមានការទទួលខុសត្រូវនោះទេប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដែលបានលើកឡើងខាងលើនេះហើយនោះ៕