ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​សហគ​ម​ន៍អាច​នឹង​មិន​បាន​​ជ្រាប​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ ឬការ​មិន​បាន​ចាប់​អារ​ម្មរណ៍​​ពី​ការ​ធ្វើ​អំពើ​ផ្ទុយ​នឹង​ច្បាប់​ខណៈ​​ដែល​ខ្លួន​ក៏​មិន​យល់​ពី​ច្បាប់​​ផង​នោះ។​ ដើម្បី​បាន​ជ្រាប​ខ្លះៗ​ ភ្នំពេញ​ប៉ុស្តិ៍ សូម​លើក​យក​ចម្ងល់​នៃ​ជ្រុង​មួយ​ក្នុង​ជីវភា​ព​រស់នៅប្រចាំថ្ងៃ​​ដូច​ជា​ ការ​ប្រទះ​​ឃើញ​សាក​សព​ហើយ​មិន​ប្រាប់​សមត្ថ​កិច្ច​ដោយ​លាក់​បំ​បាំង​ព័ត៌​មាននេះ​ ថា​តើ​ត្រូវ​មាន​ទោស​ឬ​យ៉ាងណា? ​

ជុំវិញ​បញ្ហា​នេះ​ ភ្នំ​ពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជា​មួយ​លោក សុក សំ​អឿន ជា​មេ​ធាវី​បម្រើ​ការ​នៅ​ការិ​យា​ល័យ​ក្រុម​អ្នក​ច្បាប់ និង​ទី​ប្រឹក្សា​អម​រិន្ទ​ដែល​មាន​ការិ​យា​ល័យ​ផ្ទះ​លេខ ​៤៣​ អឺ​ ផ្លូវ​លេខ ​៤៥៤​ សង្កាត់​ទួល​ទំពូង​ ១​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ ​ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

ឧប​មា​ថា​លោក (ក )​បាន​ដើរ​ប្រទះ​ឃើញ​សាក​សពមនុស្សស្លាប់​ ប៉ុន្តែ​គាត់​មិន​បាន​រាយ​ការណ៍​​ប្រាប់​នគរ​បាល ​​ឬ​អាជ្ញា​ធរ​មូល​ដ្ឋាន​ទេ​តើ​ការ​មិន​ផ្តល់​​ព័ត៌​មាន​ដល់​សមត្ថកិ​ច្ច​បែប​នេះ​លោក​ (ក)​ ត្រូវ​មាន​ទោស​ទណ្ឌ​ដែរ​ទេ ​?​

ករណី​លោក ​(ក)​ ដើរ​ប្រទះ​ឃើញ​សាក​សព​មនុស្ស​ហើយ​គាត់​មិន​បាន​ផ្តល់​ព័ត៌​មាន​ដល់​អាជ្ញា​ធរ​​មាន​សមត្ថកិច្ច​ គឺ​លោក​ (ក)​ មិន​មាន​ទោស​អ្វី​ទេ​ព្រោះ​លោក ​(ក)​ មិន​បាន​យក​សាក​សព​​មនុស្ស​នោះ​ទៅ​លាក់​បាំង​ឲ្យ​ផុត​ពី​ភ្នែក​មនុស្ស​​ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​នោះ​ទេ​។​ដូច្នេះ​គាត់​មិន​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​ណា​មួ​យ​ជា​មួយ​​នឹង​សាក​សព​នោះ​ទេ។​ ​

ករណី​មួយ​ទៀត​លោក​ (ក)​ បាន​សម្លាប់​មនុស្ស​ម្នាក់​ហើយ​ប្រើ​លោក ​(ខ) ឲ្យ​យក​សាក​សព​នោះ​ទៅ​លាក់​​ដើម្បី​កុំ​ឲ្យ​គេ​ដឹង​ឬចង់​បំបិទ​ភ័ស្តុ​តាង។​ តើលោ​ក ​(​ខ)​ ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​សម្លាប់​មនុស្ស​ដែរ​ទេ ​?​

ករណី​នេះ ​ប្រសិន​បើ​ លោក ​(ក)​ សម្លាប់​មនុស្ស​ហើយ​ប្រើ​លោក ​(ខ)​ ឲ្យ​យក​សាក​សព​​នោះ​ទៅ​លាក់​ អំពើ​បែប​នេះ​​ មាន​ន័យ​ថា​ ជា​អំពើ​​លាក់​កំបាំង​សាក​សព​​ហើយ​ ហើយ​លោក ​(ខ)​ ក៏​នឹង​ត្រូវ​​មាន​ទោស​ទណ្ឌ​ដែរ​ ​។

យោង​បញ្ញត្តិ​មាត្រា ​៥​​៣​១​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា​ អំពើ​​ដែល​ធ្វើ​ឲ្យ​បាត់​ឬ​លាក់​បំ​បាំង​​សាក​សព​បុគ្គល​ណា​ម្នាក់​ដែល​រង​គ្រោះ​ពី​បទ​មនុស្ស​ឃាត​ឬ​ទទួល​មរណ​ភាព​ បន្ទាប់​ពី​អំពើ​ហិង្សា​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី​ ៦ ​ខែ​ ទៅ​ ២​ ឆ្នាំ​​និង​ពិន័យ​ជា​ប្រាក់​ពី​ ១​ លាន​ទៅ​ ៤ ​លានរៀល។​

ចំពោះ​ករណី​អំពើ​លាក់​បំ​បាំង​តម្រុយ​វិញ​ យោង​បញ្ញត្តិ​មាត្រា​​ ៥​៣២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ដដែល​ចែង​ថា​ អំពើ​កែប្រែ​លុប​បំបាត់​ឬ​លាក់​បំបាំង​តម្រុយ​​ឬ​ស្លាក​ស្នាម​នៅ​លើ​ទី​​កន្លែង​នៃ​​បទ​ឧ​ក្រិដ្ឋ​ឬ​បទ​មជ្ឈិម​ក្នុង​គោល​បំណង​ធ្វើ​ជា​ឧប​សគ្គ​ដល់​ការ​ស្វែង​រក​ឲ្យ​​ឃើញ​នូវ​ការ​ពិត​​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី ​១ ​ឆ្នាំ​ទៅ ​៣ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី ​២​ លាន​ទៅ​ ៦​ លាន​រៀល៕