ជាទូទៅ រាល់​ការឃាត់ខ្លួន​ជន​ណាម្នាក់​យើង​តែងតែ​ឃើញ​សមត្ថកិច្ច​ប្រមូល​យក​ភ័ស្ដុតាង​មក​ជាមួយ​ផង​មាន​ដូចជា​អាវុធ រថយន្ត ម៉ូតូ ទូរស័ព្ទ និង​គ្រឿងអលង្ការ​ផ្សេងៗ​ជាដើម​។​ល​។ ចុះ​មាន​មូលហេតុ​អ្វី​ដែរ​បាន​ជា​សមត្ថកិច្ច​ត្រូវ​ប្រមូល​ភ័ស្តុតាង​បែបនេះ​? ​ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ៤៥Eo ផ្លូវ​លេខ​ ៩ ក្រុម​ ៥ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ធម្មតា​នៅពេល​ចាប់​ជនសង្ស័យ​ណា​ម្នាក់ ឬ​ក្រុម​ណា​​មួយ សមត្ថកិច្ច​តែងតែ​ប្រមូលវត្ថុតាង​មក​ជាមួយ​ផង តើ​ដើម្បី​ប្រយោជន៍​អ្វី​ដែរ​?

ទាក់ទង​នឹង​ការប្រមូល​វត្ថុតាង​របស់​សមត្ថកិច្ច គឺ​មាន​ប្រយោជន៍​ក្នុង​ការស៊ើប​អង្កេត​ការចោទប្រកាន់​របស់​សមត្ថកិច្ច ឬ​តុលាការ ជាពិសេស​ក្នុង​គោលដៅ​ស្វែងរក​តម្រុយ​នៃ​​បទល្មើស ឬ​ការស្រាវជ្រាវ​រក​ជនល្មើស ឬ​កុំ​ឲ្យ​វត្ថុ​នោះ​ក្លាយជា​ឧបករណ៍​សម្រាប់​ការប្រព្រឹត្ត​បទល្មើស​នោះ​សាជាថ្មី​ទៀត​។

ម្យ៉ាងវិញទៀត​ការប្រមូល​វត្ថុតាង​គឺ​ដើម្បី​ស្វែងរក​ធាតុ​ផ្សំ​​នៃ​បទល្មើស​អាច​ជា​ភ័ស្តុតាង​ដាក់បន្ទុក ឬ​ភ័ស្តុតាង​ដោះបន្ទុក ដើម្បី​ធានា​បាន​នូវ​ការស្វែងរក​ការពិត និង​យុត្តិធម៌​។

ជាទូទៅ​យើង​សង្កេត​ឃើញ​ថា វត្ថុតាង​ខ្លះ​គឺជា​របស់​មាន​​តម្លៃ ដូចជា រថយន្ត ម៉ូតូ ទូរស័ព្ទ ឬ​គ្រឿងអលង្ការ​ជាដើម​...​តើ​សមត្ថកិច្ច​ខាង​ណា​ជា​អ្នកគ្រប់គ្រង​?

យោង​តាម​មាត្រា ១១៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៅពេល​ណា​ដែលមាន​ការឆែកឆេរ​គឺ​សមត្ថកិច្ច​តែងតែ​មាន​ការដកហូត​នូវ​វត្ថុ​ដែលមាន​ការពាក់ព័ន្ធ ឬ​វត្ថុ​ដែល​មាន​ការសង្ស័យ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស ដូចជា ម៉ូតូ ឬ រថយន្ត ជាដើម នោះ​ហើយ​នៅពេល​ដែល​មាន​ការរឹបអូស​យក​វត្ថុ​ដែល​ត្រូវបាន​ឆែកឆេរ​ទាំងនោះ និង​ដែល​បាន​រកឃើញ​នៅ​កន្លែង​កើតហេតុ​នោះ​គឺ​សមត្ថកិច្ច​ត្រូវ​នាំមក​រក្សាទុក​នៅ​ទីតាំង ឬ​កន្លែង​របស់​គាត់ និង​ត្រូវ​រាយការណ៍​មកកាន់​តំណាង​អយ្យការ​សិន ដើម្បី​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​ប្រមូល​ភ័ស្តុតាង និង​ធ្វើ​របាយការណ៍​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត-ក្រុង ដែល​ពាក់ព័ន្ធ​។ ចំណែក អ្នក​ដែល​ត្រូវ​គ្រប់គ្រង​វត្ថុតាង​នោះ គឺ​ខាង​តុលាការ​ជា​អ្នកគ្រប់គ្រង​។

និយាយ​រួម នៅពេល​ចាប់បាន​ភ័ស្តុតាង​ពី​ជនជាប់សង្ស័យ​​នៅពេល​បង្ក្រាប​បទល្មើស​​នោះ វត្ថុតាង​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ជា​អ្នក​ដកហូត និង​រក្សាទុក​វត្ថុតាង​រួច​រាយការណ៍ និង​បញ្ជូន​ភ័ស្តុតាង​ដែល​ពាក់ព័ន្ធ​ទាំងនោះ មក​កាន់​តុលាការ ដើម្បី​សម្រេច​រក្សាទុក​វត្ថុ​ទាំងនោះ​ទៅតាម​ផ្លូវច្បាប់​ដើម្បី​ស៊ើបអង្កេត​បន្ត​។ ​(​សូម​រង់ចាំ​អាន​វគ្គ​​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)