កាល​ពី​សប្ដាហ៍​មុន​ ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ ​១ ​វគ្គ​រួច​ហើយ​ពី​ផល​ប្រយោជន៍​នៃ​ការ​ប្រមូល​ភ័ស្ដុតាង​របស់​សមត្ថកិច្ច​នៅ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​ តាមរយៈ​ការ​បក​ស្រាយ​ពី​លោក​មេធាវី លី​ កុសល ដែល​មាន​ការិយាល័យ​ផ្ទះ​លេខ ​៤៥ ​Eo ផ្លូវ​លេខ ​៩ ក្រុម ​៥ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ​ យើង​សូម​ផ្សព្វផ្សាយ​បន្ត​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត ​ឬ​បាត់បង់​វត្ថុតាង​វិញ​ម្ដង​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖​

-ក្នុង​ករណី​មាន​ការ​បាត់បង់ ​ឬ​ការ​ខូចខាត​វត្ថុតាង​​ តើ​ម្ចាស់​មាន​សិទ្ធិ​ប្តឹង​ទារ​សំណង​ឬ​ទេ​​?​

ជា​ទូទៅ​មន្រ្តី​នគរបាល​យុត្តិធម៌​ចាប់​យក​វត្ថុតាង​ គឺ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​កំណត់​ហេតុ​ចាប់​យក​ ក្នុង​នោះ​វត្ថុតាង​ដែល​បាន​ចាប់​យក​នោះ ​ត្រូវ​មាន​រាយ​នាម​បញ្ជាក់​ពី​ចំនួន​វត្ថុ​តាង ​ភិនភាគ​ លក្ខណៈ​វត្ថុតាង​ទាំង​នោះ។​ កាល​ណា​បើ​មាន​ការ​បាត់បង់​ ដែល​ខុស​ទៅ​នឹង​កំណត់​ហេតុ​ដក​ហូត​ សមត្ថកិច្ច​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំណត់​ហេតុ​របស់​ខ្លួន​ រួម​មាន​ទាំង​សំណង​ និង​ទាំង​ក្នុង​ក្របខ័ណ្ឌ​ឋានានុក្រម​ស្តី​បន្ទោស​ពី​ប្រធាន​អង្គភាព​របស់​គាត់​។​​

-មុន​សំណុំ​រឿង​​មួយ​បញ្ចប់​ មាន​ខ្លះ​ត្រូវ​ប្រើ​ពេល​​យូរ​ដែល​អាច​ធ្វើ​ឲ្យ​វត្ថុតាង​​បាត់ ​ឬ​ខូចខាត​ តើ​ករណី​បែប​នេះ​ ខាង​ណា​ជា​អ្នក​​ទទួល​ខុស​ត្រូវ​?​

នៅ​ក្នុង​ច្បាប់​កម្ពុជា​ ពុំ​បាន​ចែង​ឲ្យ​បាន​ជាក់លាក់​ថា​​ តើ​តុលាការ​ទទួល​ខុស​ត្រូវ​លើ​វត្ថុតាង​នោះ ​បែប​ណា​​ក្នុង​ករណី​បាត់​ ឬ​ខូចខាត​នោះ​ទេ​។​ តែ​ជា​ធម្មតា​ នៅ​ក្នុង​សំណុំ​រឿង​មួយ​ វត្ថុតាង​បាត់​ ឬ​ខូចខាត​ គឺ​វា​មាន​ដំណាក់​កាល​ផ្សេងៗ​គ្នា​ ដែល​ដំណាក់​កាល​ទី​១ ​គឺ​វត្ថុ​តាង​​នៅ​មន្រ្តី​នគរបាល​យុត្តិធម៌​​ ត្រូវ​តែ​មាន​លិខិត​រាយនាម​វត្ថុតាង​ឲ្យ​បាន​ច្បាស់លាស់​។ ដំណាក់​កាល​ទី២​ គឺ​​អយ្យការ​ជា​អ្នក​ទទួល​វត្ថុតាង​ពី​​មន្រ្តី​នគរបាល​យុត្តិធម៌​ថា​ តើ​​វត្ថុតាង​ដែល​មន្រ្តី​នគរបាល​យុត្តិធម៌​​បញ្ជូន​មក​នោះ​ត្រឹម​ត្រូវ​ឬ​ទេ​? ​ដំណាក់​កាល​ទី៣​ គឺ​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​ ដែល​ត្រូវ​ទទួល​វត្ថុតាង​ពី​ព្រះរាជ​អាជ្ញា​​ និង​ដំណាក់​កាល​ទី៤​​ គឺ​ដំណាក់កាល​ចៅក្រម​ជំនុំ​ជម្រះ​​​ទទួល​វត្ថុតាង​ពី​ចៅក្រម​ស៊ើបសួរ​ និយាយ​រួម​ដំណាក់​កាល​ទាំង ​៤ ​នេះ​ ប្រសិន​បើ​​វត្ថុតាង​បាត់​ ឬ​ខូចខាត​ ដែល​ធ្វើ​ឡើង​ចេតនា​​ពី​មន្រ្តី​អនុវត្ត​ច្បាប់​នោះ​ អ្នក​ទទួល​បន្ទុក​នោះ​​គឺ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​​ខូចខាត​។​

តែ​ប្រសិន​បើ​វត្ថុតាង​នោះ​​​ខូចខាត​ ឬ​បាក់​បែក​​ ដោយ​មិន​មាន​អ្នក​ណា​ធ្វើ​ទេ​ គឺ​មន្រ្តី​អនុវត្ត​ច្បាប់​មិន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ​ ព្រោះ​ថា​​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​មាន​រឿង​ក្តី​ខ្លះ​ជា​បទមជ្ឈិម​ ខ្លះ​ជា​បទឧក្រិដ្ឋ​ ដូច្នេះ​ហើយ​ ថិរ​វេលា​នៃ​រឿង​ក្តី​មាន​​រយៈពេល ​៤ ​ទៅ ​៦​ ខែ​​ និង​ខ្លះ​ទៀ​​ រហូត​ដល់​ទៅ ​១៨ ខែ​ អ៊ីចឹង​ហើយ​ ​វត្ថុតាង​នៃ​រឿង​ក្តី​នោះ​ វា​អាច​ខូចខាត​ ឬ​បែកបាក់​ ដោយ​ប្រការ​ណា​មួយ​ក្រៅ​ពី​ឆន្ទៈ​អ្នក​ទទួល​បន្ទុក​នៃ​រឿង​ក្តី​។​

-ក្នុង​ពេល​សំណុំ​រឿង​មិន​ទាន់​សម្រេច​ឈ្នះ​ចាញ់​ តើ​ភាគី​ទំនាស់​អាច​សុំ​ដក​វត្ថុតាង​មក​ប្រើ​បាន​ឬទេ?​

ចំពោះ​វត្ថុ​តាង​ ឬ​ភ័ស្តុតាង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត​នោះ​ ត្រូវ​ញែក​ចេញ​ជា ​២។​ ទី១ ​គឺ​វត្ថុ​ដែល​​មាន​ការ​ពាក់ព័ន្ធ​។​ ឧទាហរណ៍​ថាៈ​ សមត្ថកិច្ច​​បាន​ធ្វើ​ការ​បង្ក្រាប​​ទៅ​លើ​​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ ​១ ​កញ្ចប់​ ម៉ូតូ​ចំនួន​ ១ គ្រឿង​ ពី​ជន​ជាប់​សង្ស័យ​នោះ​ ដូច្នេះ​វត្ថុតាង​ទាំង​នោះ​ សមត្ថកិច្ច​ ឬ​តុលាការ​នឹង​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​រក្សា​​ទុក​។ ​ទី២​ គឺ​វត្ថុតាង​ដែល​មិន​មាន​ការ​ពាក់ព័ន្ធ​ ដូច​ជា​សម្ភារ​ដែល​ប្រើប្រាស់​ផ្ទាល់​ខ្លួន​​ដូច​ជា​ លុយ​កាក់​ គ្រឿង​អលង្ការ​ អត្តសញ្ញាបណ្ណ ​ឬ​ឯកសារ​ពាក់ព័ន្ធ​ដទៃ​ទៀត​ព្រះរាជ​អាជ្ញា​ មាន​សមត្ថកិច្ច​អាច​បង្គាប់​ឲ្យ​ប្រគល់​វត្ថុ​ដែល​ចាប់​បាន​នៅ​​ពេល​ស៊ើប​​អង្កេត​ទៅ​ម្ចាស់​ដើម​វិញ ​ប្រសិន​បើ​វត្ថុ​ទាំង​នោះ​ ពុំ​មាន​ប្រយោជន៍​សម្រាប់​សម្ដែង​ការ​ពិត​ទេ​នោះ​ ហើយ​ប្រសិន​បើ​កម្មសិទ្ធិ​លើ​វត្ថុ​នោះ ​គ្មាន​ការ​ជំទាស់​អ្វី​ប្រាកដ​ប្រជា​ទេ​។​

ក្នុង​ករណី​មិន​ព្រម​ប្រគល់​ឲ្យ​វិញ​ទេ​ អ្នក​ប្តឹង​អាច​ប្តឹង​តវ៉ា​ទៅ​អគ្គ​ព្រះរាជ​អាជ្ញា​បាន​។ ​(មាត្រា​ ១១៩ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​)​។

ករណី​​នៅ​ក្នុង​យុត្តាធិការ​ស៊ើប​សួរ​ នៅ​ពេល​ដែល​មិន​ទាន់​ចេញ​ដីកា​ដំណោះ​ស្រាយ​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​​នៅ​ឡើយ​ទេ​ ចៅក្រម​​ស៊ើបសួរ​​មាន​សមត្ថកិច្ច​ប្រគល់​សង​ទៅ​ម្ចាស់​ដើម​វិញ​នូវ​វត្ថុ​ដែល​ចាប់​បាន​ កាល​ណា​​កម្មសិទ្ធិ​នេះ​​​គ្មាន​ការ​ជំទាស់​អ្វី​ប្រាកដប្រជា​ទេ​។​​ តែ​ចំពាះ​វត្ថុតាង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ​ឬ​​បើ​ការ​ប្រគល់​វត្ថុតាង​នោះ​ អាច​បង្ក​ជា​ឧបសគ្គ​ដល់​ការ​សម្ដែង​នូវ​ការ​ពិត ​គឺ​​តុលាការ​អាច​រក្សា​ទុក​ដោយ​មិន​ប្រគល់​​ទៅ​ឲ្យ​អ្នក​ប្តឹង​សុំ​នោះ​ទេ (មាត្រា ​១៦១ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​)​។

-ប្រសិន​បើ​វត្ថុតាង​ទាំង​នេះ​នគរបាល​យុត្តិធម៌ ​ឬ​តុលាការ​ជា​​អ្នក​គ្រប់គ្រង​​ហើយ​បាត់បង់​ ​ឬ​ខូចខាត​ តើ​អាច​ប្រឈម​នឹង​ទោស​ ឬ​ទេ​ បើ​ម្ចាស់​ប្តឹង​?​

ប្រសិន​បើ​វត្ថុតាង​ទាំង​នេះ​នគរបាល​យុត្តិធម៌​ ឬ​តុលាការ​ជា​អ្នក​គ្រប់គ្រង​ ហើយ​បាត់បង់​ ឬ​ខូចខាត​ ចំណុច​នេះ​​យើង​ត្រូវ​សិក្សា​ថា តើ​ការ​បាត់បង់​ ឬ​ការ​ខូចខាត​ វត្ថុតាង​ទាំង​នោះ ​កើត​ឡើង​ពី​ចេតនា​របស់​​នគរបាល​យុត្តិធម៌​ ឬ​មន្រ្តី​តុលាការ​ ប្រសិន​បើ​រក​ឃើញ​ភ័ស្តុតាង​​ថា​ ជា​​ចេតនា​របស់​គាត់​មែន​នោះ​ឧទាហរណ៍​​ដូចជា គាត់​​យក​វត្ថុតាង​នោះ​ស្ថិត​នៅ​​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​ ដំណាក់កាល​ចោទ​ប្រកាន់​ ដំណាក់​​កាល​ស៊ើបសួរ​ ដំណាក់​កាល​ជំនុំ​ជម្រះ​ទៅ​ប្រើប្រាស់​ ​ដើម្បី​​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​​ធ្វើ​ឲ្យ​ខូចខាត​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​សំណង​រដ្ឋប្បវេណី ​ឬ​​ក៏​គាត់​យក​វត្ថុតាង​ទៅ​លក់​ឲ្យ​​អ្នក​ដទៃ​ផ្សេង​ទៀត​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ច្បាប់​ គឺ​គាត់​ត្រូវ​មាន​ទោស​ពី​បទល្មើស​លួច​តាម​​មាត្រា ​៣៥៣​ និង​មាត្រា​ ៣៥៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​។​ ផ្ទុយ​មក​វិញ​ ប្រសិន​បើ​មាន​ការ​បាត់​​ ​ឬ​ការ​ខូចខាត​​វត្ថុតាង​ទាំង​នោះ​ ​កើត​ឡើង​​ ដែល​មិន​មែន​ជា​កំហុស​ ឬ​គ្មាន​ចេត​នា​របស់​នគរបាល​ ឬ​តុលាការ​ជា​អ្នក​គ្រប់គ្រង ​គឺ​មិន​មាន​ទោស​ទណ្ឌ​ណា​មួយ​នោះ​ទេ​៕