ជារឿយៗ ការប្រើហិង្សាលើអ្នកដទៃតែងឃើញកើតមានជាញឹកញាប់ ពិសេសលើជនសង្ស័យ ឬអ្នកដែលត្រូវគេស្រែកថាជាជនសង្ស័យ ហើយក៏នាំគ្នាវាយ ឬប្រើហិង្សាលើជននោះទាំងមិនបានដឹងថាត្រូវប្រឈមនឹងទោសខ្លួនឯងឡើយ។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយមេធាវីលោក យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅ ៖
ប្រសិនបើបុគ្គលណាម្នាក់វាយតប់លើអ្នកដទៃនៅកន្លែងណាមួយ ករណីដូចជាកាលពីប៉ុន្មានខែមុននៅផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្ត្រីម្នាក់បានលួចទូរស័ព្ទគេហើយត្រូវក្រុមអាជីវករព្រួតគ្នាវាយ និងចាប់កោរសក់គាត់ជាដើម តើបុគ្គលនោះត្រូវមានទោសដែរទេ?
ប្រសិនបើមានករណីដូចការលើកឡើងបែបនេះមែននោះអ្នកវាយគេគឺត្រូវប្រឈមនឹងផ្លូវច្បាប់ ពីព្រោះតាមច្បាប់ជាគោលការណ៍គឺការសន្មតជាមុនថា [អ្នកត្រូវគេវាយនោះ] គ្មានទោសទេ។
ដោយសារតែមានគោលការណ៍ស្តីពីការសន្មតជាមុនថា គ្មានទោសនេះហើយទើបបានជាហាមមិនឲ្យបង្កហិង្សាអ្វីដែលខុសច្បាប់ទៅលើជនសង្ស័យ ឬជនជាប់ចោទដរាបណាជននោះមិនទាន់ត្រូវបានកាត់ទោសជាស្ថាពរទេនោះ។
គោលការណ៍នេះគឺដើម្បីទប់ស្កាត់កុំឲ្យមានការកាត់ទោសមុនតុលាការ ព្រោះប្រសិនបើបណ្ដោយឲ្យនៅតែធ្វើបែបនេះដែលអ្នកខ្លះគ្រាន់តែស្រែកថា ចោរៗហើយមិនទាន់មានភ័ស្តុតាងអ្វីផងក៏ស្រាប់តែចាប់ជននោះវាយតប់ទៅហើយហ្នឹង។
ករណីនេះអាចពេលខ្លះមានជនខិលខូចចូលទៅបន្លំលួចទ្រព្យសម្បត្តិគេ ឬម្យ៉ាងវ៉ៃជននោះដោយកំហឹង។ អ៊ីចឹងវាមានរឿងរ៉ាវបទល្មើសកើតច្រើនណាស់ប្រសិនបើយើងទាំងអស់គ្នាបណ្តោយឲ្យករណីបែបនេះកើតមានឡើងទៀត។ ឧទាហរណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលពេលនោះប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយទៅលើ លោក ស៊ុយ សារ៉េត រហូតរងរបួសធ្ងន់ធ្ងរ។ អ៊ីចឹងប្រសិនបើប្រជាពលរដ្ឋមិនបានស្វែងយល់ពីច្បាប់ទេគឺវាមានបញ្ហាច្រើនណាស់ដែលធ្វើឲ្យសង្គមរបស់យើងច្របូកច្របល់។
ហេតុនេះហើយបានជារាល់ការផ្សព្វផ្សាយ គឺខ្ញុំតែងតែបកស្រាយពីបញ្ហាបង្កហិង្សា ពោលគឺគ្មានអំពើហិង្សាណាមួយដែលថាត្រូវច្បាប់ទេ គ្មានអំពើហិង្សាណាមួយក្នុងប្រព័ន្ធ ឬនៅក្រៅប្រព័ន្ធទេ មិនដែលមានច្បាប់ណាឲ្យប្រើហិង្សាទេ បើទោះជាជននោះប្រព្រឹត្តខុសច្បាប់តម្រូវឲ្យជននោះជាប់ពន្ធនាគារមិនដែលច្បាប់តម្រូវឲ្យប្រើហិង្សាលើជននោះឯណា។ គ្មានច្បាប់ណាតម្រូវឲ្យប្រើហិង្សាទៅលើជនជាប់ចោទ ឬទណ្ឌិតគឺគ្មានទេ។
ច្បាប់បានហាមប្រាមណាស់រឿងប្រើហិង្សានេះគឺកុំថា ឡើយជនជាទណ្ឌិតដែលជាប់ឃុំនោះគឺច្បាប់ហាមមិនឲ្យបង្កហិង្សាលើជននោះទេ គ្រាន់តែច្បាប់ដាក់ឃុំនោះឃាត់ឃាំងសេរីភាពលើជននោះមួយចំនួនកុំឲ្យគាត់ទៅប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គេប៉ុណ្ណោះ។
ឧបមាថាជននោះជាមនុស្សល្អ ស្រាប់តែគាត់ធ្វើដំណើរនៅតាមផ្លូវគាត់ក៏ជួបហេតុការណ៍ដោយមានជនល្មើសលួចទ្រព្យគេ ហើយអ្នកដំណើរនោះគាត់បានវាយជននោះរហូតដល់ស្លាប់ ដូច្នេះអ្នកដំណើរនោះនឹងត្រូវមានទោសព្រហ្មទណ្ឌឬ?
ជាគោលការណ៍ច្បាប់ប្រសិនបើអ្នកដំណើរនោះជាមនុស្សល្អទេ តែបើគាត់ទៅវាយចោរលួចនោះបណ្តាលឲ្យស្លាប់គឺគាត់ត្រូវតែមានទោសហើយ។ ព្រោះច្បាប់បានសន្មតជាមុនហើយថាគ្មានជនណាម្នាក់មានទោសទេ ប្រសិនបើមិនទាន់ត្រូវផ្តន្ទាទោសពីតុលាការ។
អ៊ីចឹងបើច្បាប់សន្មតបែបនេះហើយរឿងអីយើងទៅវាយតប់គេ ហើយប្រសិនបើយើងឃើញថា ជននោះប្រព្រឹត្តបទល្មើសណាមួយគឺយើងត្រូវចាប់ជននោះប្រគល់ឲ្យសមត្ថកិច្ចនគរបាលដើម្បីឲ្យនគរបាលកសាងសំណុំរឿងជននោះទៅតុលាការ។ ច្បាប់អនុញ្ញាតឲ្យត្រឹមតែចាប់ឃាត់ខ្លួនហើយប្រគល់ឲ្យនគរបាលដើម្បីឲ្យសមត្ថកិច្ចបំពេញនីតិវិធីឲ្យបានត្រឹមត្រូវ។
ចុះឧបមាថាមានរឿងហេតុកើតឡើងនៅតាមផ្លូវសាធារណៈ ស្រាប់តែសមត្ថកិច្ចនគរបាលទៅទាន់ហេតុការណ៍នោះ ប៉ុន្តែសមត្ថកិច្ចបណ្តោយឲ្យសាធារណជនវាយជននោះ។ បើមានករណីបែបនេះសួរថា តើសមត្ថកិច្ចនគរបាលនោះមានទោសឬអត់?
ប្រសិនបើមានករណីនេះកើតឡើងដូចបានលើកឡើងនេះ បានសេចក្តីថា សមត្ថកិច្ចនគរបាលរូបនោះមានទោសហើយព្រោះគាត់បានរួមគំនិត។
បើនិយាយក្នុងច្បាប់រដ្ឋបាលគឺសមត្ថកិច្ចនគរបាលនោះគាត់អសមត្ថភាព ហើយត្រូវមានទោសព្រោះមានបទល្មើសមួយទៀតគេហៅថាបទល្មើសអកម្ម មានន័យថាយើងនៅស្ងៀម គ្មានសកម្មភាព ហើយបណ្តោយឲ្យមានបទល្មើសកើតឡើង។ នោះហើយគេហៅថាបទល្មើសអកម្ម។
ខ្ញុំឧទាហរណ៍ថាមានក្មេងម្នាក់កំពុងលង់ទឹកហើយអ្នកដែលនៅក្បែរនោះគាត់មានសមត្ថភាពអាចជួយក្មេងនោះបានតែគាត់មិនជួយ ករណីនេះក៏ជាបទល្មើសមួយដែរដែលជននោះក៏ត្រូវមានទោស៕