ជា​នីតិវិធី​ក្នុង​ប្រព័ន្ធ​តុលាការ​ជន​ជាប់ចោទ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ទៅ​តាម​ប្រភេទ​នៃ​បទល្មើស ក៏​ប៉ុន្តែ​ទោសទណ្ឌ​នោះ​ជន​ជាប់ចោទ​ពេល​ខ្លះ​ក៏​ត្រូវ​​តុលាការ​សម្រេច​ឲ្យ​មាន​ការ​ព្យួរទោស​មួយ​ផ្នែក​ដែរ​។

ជុំវិញ​បញ្ហា​នេះ​ចង់​ដឹង​ថា​តើ​ការ​ព្យួរទោស​នេះ​មាន​ន័យ​យ៉ាង​ណា​នោះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖ ដូចមេ្ដច​ដែល​ហៅ​ថា ទោស​ព្យួរ​? តើ​ទោស​ព្យួរ​នេះ​មាន​ន័យ​ដូចម្តេច​ដែរ​?

ការ​ព្យួរទោស​គឺជា​ផ្នែក​មួយ​ក្នុង​របប​នៃ​ការ​ប្រកាស​ទោស​ដែល​ចៅក្រម​បាន​ផ្តល់​ស្ថាន​សម្រាល​ទោស​ឲ្យ​ជន​ជាប់ចោទ​។

បើ​តាម​អត្តន័យ និង​ខ្លឹមសារ​អំពី​ការ​ព្យួរទោស​នេះ បើ​យោង​តាម​មាត្រា​ ៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​ថា​តុលាការ​ប្រកាស​ទោស​ដោយ​ផ្អែក​ទៅ​លើ​ស្ថាន​ទម្ងន់​ទោស​ និង​កាលៈទេសៈ​នៃ​បទល្មើស​ទៅ​លើ​បុគ្គលិក​លក្ខណៈ​នៃ​ជន​ជាប់ចោទ​ទៅ​លើ​សភាព​ផ្លូវ​ចិត្ត​ទៅ​លើ​ធនធាន និង​បន្ទុក​ទៅ​លើ​មូលហេតុ​ព្រម​ទាំង​ទៅ​លើ​កិរិយាមាយាទ​របស់​ជនល្មើស​ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​ចំពោះ​ជនរងគ្រោះ​។

ផ្អែក​តាម​មាត្រា​នេះ​មុន​នឹង​ប្រកាស​ទោស​លើ​ជន​ជាប់ចោទ​ណា​ម្នាក់​ចៅក្រម​ក្រៅ​ពី​ត្រូវ​ស្វែងយល់​ពី​ភ័ស្តុតាង​ដាក់​បន្ទុក​ឲ្យ​លើស​ពី​វិមតិ​សង្ស័យ​ចៅក្រម​ត្រូវ​ស្វែងយល់​ពី​ភ័ស្តុតាង​ទាក់ទង​ទៅ​នឹង​ស្ថាន​ទម្ងន់​ទោស​ និង​ស្ថាន​សម្រាល​ទោស​។

ចំពោះ​ការ​ព្យួរទោស​គឺជា​របប​នៃ​ការ​ប្រកាស​ទោស​មួយ​ដែល​ចៅក្រម​បាន​ផ្តល់​ស្ថាន​សម្រាល​ទោស​ឲ្យ​ជន​ជាប់ចោទ​។ ​អត្ថន័យ​នៃ​ការ​ព្យួរទោស​គឺ​មាន​ន័យ​ថា​ព្យួរ​ការ​អនុវត្ត​មូលទោស​ទាំង​ស្រុង​ ឬ​មួយ​ផ្នៃក​។

យោង​មាត្រា​ ១០៤ ​នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​នៅ​ក្នុង​ផ្នែក​នេះ​តុលាការ​អាច​បង្គាប់​ថា​ត្រូវ​ព្យួរ​ការ​អនុវត្ត​នូវ​មូលទោស​។ ​ចំពោះ​របប​នៃ​ការព្យួរទោស​បើ​យោង​មាត្រា​ ១០៥ ​ចែង​ថា​ដើម្បី​អនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ការ​ព្យួរទោស​ត្រូវ​គិត​តែ​អំពី​ការ​ផ្តន្ទាទោស​ជា​ស្ថាពរ​ខាង​បណ្តឹង​អាជ្ញា​ប៉ុណ្ណោះ​។

ចំពោះ​ការ​ព្យួរទោស​នេះ​ដែរ​អាច​ដំណើរការ​នីតិវិធី​បាន​ទៅ​លើ​បទ​អ្វី​ខ្លះ​?

បើ​តាម​ប្បញ្ញត្តិ​មាត្រា​ ១០៦ ​ចែង​ថា​ក្នុង​ករណី​ដែល​មាន​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​ការ​ព្យួរទោស​ធម្មតា​អាច​ត្រូវ​ផ្តល់​ឲ្យ​បាន​ប្រសិន​បើ​ជន​ជាប់ចោទ​មិន​ទាន់​មាន​ការ​ផ្តន្ទាទោស​ជា​ស្ថាពរ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​៥ (​ប្រាំ​) ​ឆ្នាំ​​មុន​អំពើ​ល្មើស​។ ​ចំពោះ​មាត្រា​ ១០៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ដដែល​នេះ​ក៏​បាន​ប្បញ្ញត្តិ​ដែរ​ថា​ការ​ព្យួរទោស​ធម្មតា​ត្រូវ​អនុវត្ត​ទៅ​លើ​ទោស​ដូច​តទៅ​នេះ ៖

១-ទោស​ដាក់​ពន្ធនាគារ​កាល​បើ​ទោស​ដែល​ប្រកាស​នោះ​តិច​ជាង​ ឬ​ស្មើ​នឹង​ ៥ (​ប្រាំ​) ​ឆ្នាំ​។

២-ទោសពិន័យ​ជា​ប្រាក់​។

ឧទាហរណ៍​ថា​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​ក្នុង​សវនាការ​ជនជាប់ចោទ​ម្នាក់​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ ប៉ុន្តែ​ជន​នោះ​ប្តឹង​មក​សាលា​ឧទ្ធរណ៍​ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ៨ ​ឆ្នាំ​សល់​ ២ ​ឆ្នាំ​ព្យួរ​។ ឧបមាថា​ជន​ជាប់ចោទ​នោះ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​​គ្រប់​ ៨ ​ឆ្នាំ​ហើយ​ដោយ​ឡែក​នៅ​សល់​ទោស​ព្យួរ​​ ២ ​ឆ្នាំ​ទៀត តើ​គាត់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ទេ​បើ​ទោស​ ២ ​ឆ្នាំ​ត្រូវ​ព្យួរ​ហើយ​នោះ​? ​ឬ​ក៏​ចាំ​គ្រប់​ ២ ​ឆ្នាំ​ទៀត​ទើប​តុលាការ​ចេញ​ដីកា​ដោះលែង​?

ពាក់ព័ន្ធ​ការ​ព្យួរទោស​នេះ​ជា​ការ​ឆ្លើយតប​នឹង​សំណួរ​ខាង​លើ​ខ្ញុំ​សូម​ឆ្លើយ​ថា បើ​តុលាការ​ប្រកាស​ទោស​ ១០ ​ឆ្នាំ​ហើយ​ទោស​នោះ​ត្រូវ​ដាក់​ពន្ធនាគារ ៨ ​ឆ្នាំ​ឯ​ទោស​ព្យួរ​ ២ ​ឆ្នាំ​ទៀត​ត្រូវ​ព្យួរ​មាន​ន័យ​ថា​នៅ​ពេល​ដែល​ជន​ជាប់​​ចោទ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ៨ ​ឆ្នាំ​ចប់​ហើយ ហើយ​នៅ​សល់​ទោស​ព្យួរ​ ២ ​ឆ្នាំ​ទៀត​ក៏​នឹង​ត្រូវ​ដោះលែង​ជន​ជាប់ចោទ​នោះ​ពី​ពន្ធនាគារ​ដែរ​។ ការ​ដោះលែង​ជន​ជាប់ចោទ​ពី​ពន្ធនាគារ​ដោយសារ​របប​នៃ​ការ​ព្យួរទោស​គឺ​មាន​អត្ថន័យ​ ២ ​ផ្សេង​គ្នា​ដាច់​ស្រឡះ​។ ​ព្រោះ​ថា​ការ​ព្យួរទោស​គឺ​តុលាការ​រកឃើញ​ថា​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ហើយ​តែ​ពេល​ប្រកាស​ទោស តុលាការ​រកឃើញ​ពី​ស្ថាន​សម្រាល​ទោស ដូចនេះ​តុលាការ​ប្រកាស​ព្យួរទោស​ហើយ​ទោស​ដែល​ប្រកាស​នោះ​មិន​អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​ទេ​។

តើ​ទោស​ព្យួរ​នេះ​ស្មើ​នឹង​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ​ទេ​?

ចំពោះ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​គឺជា​នីតិវិធី​មួយ​ដែល​តុលាការ​កំពុង​ធ្វើការ​ស៊ើបអង្កេត​៕