នៅក្នុង​ប្រព័ន្ធ​តុលាការ បើ​ជន​ជាប់ចោទ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ណា​ម្នាក់​ត្រូវ​បាន​ផ្តន្ទាទោស​តិច​ឆ្នាំ​នៅ​តុលាការ​ថ្នាក់​ក្រោម ហើយ​ព្រះរាជអាជ្ញា​មិន​សុខចិត្ត​នោះ​គឺ​ព្រះរាជអាជ្ញា​នៅ​តុលាការ​នោះ​មាន​ឆន្ទានុសិទ្ធិ​ប្តឹង​មក​តុលាការ​ថ្នាក់លើ​ក្នុង​បំណង​ឲ្យ​បន្ថែម​ទោស​លើ​ជនជាប់ចោទ​នោះ​ទៀត​។

ប៉ុន្តែ​ក្នុង​ករណី​មួយ​ផ្សេង​ទៀត ប្រសិន​បើ​ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ ឬ​សាលាដំបូង​ផ្តន្ទាទោស​អស់​ ១ ​ជីវិត​ហើយ​ក្រោយ​មក​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​មក​នៅ​ត្រឹម​ ៣០ ​ឆ្នាំ​វិញ​។

ពេល​នោះ​​គ្រួសារ​ជនរងគ្រោះ​មិន​សុខចិត្ត ហើយ​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ចង់​ឲ្យ​តុលាការ​កំពូល​បន្ថែម​ទោស​លើ​ជនជាប់ចោទ​ឡើង​វិញ​ ប៉ុន្តែ​រឿង​នេះ​ព្រះរាជអាជ្ញា​មិន​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ទេ​។

ក្នុង​ករណី​នេះ​ព្រះរាជអាជ្ញា​មិន​​បាន​ប្តឹង​យ៉ាង​ដូច្នេះ តើ​តុលាការ​កំពូល​មាន​ឆន្ទានុសិទ្ធិ​បន្ថែម​ទណ្ឌកម្ម​លើ​ជន​ជាប់ចោទ​​បាន​ទេ​?

ជុំវិញ​បញ្ហា​នេះ​ចង់​ដឹង​ថា​មាន​ន័យ​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក កែវ វ៉ាន្នី ជា​មេធាវី​នៅ​ការិយាល័យ​មេធាវី​យុត្តិធម៌​អាស៊ី​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ២៥០ ផ្លូវ​លេខ​ ៣១BT ​ភូមិ​សន្សំ​កុសល ២ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ឧបមា​ថា​មាន​ជន​ជាប់ចោទ​ ២ ​នាក់​បាន​កាប់​ជនរងគ្រោះ​ស្លាប់ ហើយ​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​ ១ ​ជីវិត​។ ​តែ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ព្រោះ​មិន​សុខ​ចិត្ត​នឹង​ទណ្ឌកម្ម​ទោស​ដល់​ ១ ​ជីវិត​​នេះ​។ ​ក្រោយមក​សាលា​ឧទ្ធរណ៍​ក៏​បាន​បន្ថយទោស​ពី​ ១ ​ជីវិត​​មក​ត្រឹម​ ៣០ ​ឆ្នាំ​វិញ តែ​ត្រូវ​ភរិយា​ជនរងគ្រោះ​មិន​សុខចិត្ត​ម្ដង​​ក៏​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​​ក្នុង​បំណង​សុំ​ឲ្យ​តុលាការ​បន្ថែម​​ទោស​ដល់​ជន​ជាប់ចោទ​។ ប្រសិន​បើ​អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ប្តឹង​តើ​តុលាការ​​កំពូល​នឹង​ពិចារណា​លើ​ទណ្ឌកម្ម​ទោស​សា​ឡើង​វិញ​ទេ​? ហើយ​បើ​ភរិយា​ជនរងគ្រោះ​ជា​អ្នកប្តឹង​វិញ តើ​តុលាការ​កំពូល​នឹង​ពិចារណា​បន្ថែម​ទោស​​លើ​ជន​នោះ​ដែរ​ទេ ?

ចំពោះ​ករណី​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ព្រះរាជអាជ្ញា​គឺជា​ម្ចាស់​បណ្តឹង​អាជ្ញា ហើយ​បើ​គាត់​ជា​ម្ចាស់​បណ្តឹង​អាជ្ញា គាត់​ត្រូវ​តែ​ឃ្លាំមើល​ការ​កាត់សេចក្តី​របស់​ចៅក្រម​ថា តើ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ឬ​ថា តើ​ធន់​ល្មម​នឹង​ទណ្ឌកម្ម​ទោស​ឬ​អត់​?​បើ​មើល​ទៅ​ឃើញ​ថា ការដាក់ទោស​នោះ​មិន​ធន់​ល្មម​ទេ​គឺ​គាត់​មាន​សិទ្ធិ​ប្តឹង​ជំទាស់​ព្រោះ​គាត់​ជា​ម្ចាស់​បណ្តឹងអាជ្ញា​។

បើ​យោង​មាត្រា​ ២ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា បណ្តឹង​អាជ្ញា​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​បង្ហាញ​ឲ្យ​ឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស​​ និង​ផ្តន្ទាទោស​ជន​នេះ​តាមច្បាប់​កំណត់​។

ព្រះរាជអាជ្ញា​គឺជា​ម្ចាស់​បណ្តឹង អាជ្ញា​ដែល​បើ​តាម​មាត្រា​ ៣ ​នៃ​ក្រម​ដដែល​នេះ​ក៏​បាន​ចែង​ដែរ​ថា បណ្តឹង​អាជ្ញា​អនុវត្ត​ទៅ​លើ​បុគ្គល​គ្រប់រូប​ទាំង​រូបវន្តបុគ្គល​ទាំង​នីតិបុគ្គល​ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​​ជាតិ ឋានៈ​សង្គម ធនធាន​ ឬ​ស្ថានភាព ឯទៀត​ឡើយ​។

ករណី​ដូច​គ្នា​នេះ​ដែរ​បើ​តាម​មាត្រា​ ៤ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដដែល​ចែង​ថា បណ្តឹង​អាជ្ញា​ត្រូវ​អនុវត្ត​ក្នុង​នាម​នៃ​ផលប្រយោជន៍​ទូទៅ​ដោយ​អយ្យការ អយ្យការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ និង​សុំ​​ឲ្យ​អនុវត្ត​ច្បាប់​នៅ​ចំពោះ​មុខ​យុត្តាធិការ​ស៊ើបសួរ និង​យុត្តាធិការ​ជំនុំជម្រះ​។ ចំពោះ​ករណី​​គ្រួសារ​ជនរងគ្រោះ​ប្តឹង​តែ​ឯង​ទៅ​តុលាការ​កំពូល​វិញ​គឺ​តុលាការ​មិន​ពិចារណា​លើ​ទណ្ឌកម្ម​ទោស​ទេ​គឺ​ពិចារណា​តែ​លើ​សំណង​រដ្ឋប្បវេណី​ប៉ុណ្ណោះ​។

ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេតុ​អ្វី​បានជា​ចៅក្រម​មិន​មាន​សិទ្ធិ​ប្តឹង​តវ៉ា​ដូច​ព្រះរាជអាជ្ញា​?

ចៅក្រម​មាន​តួនាទី​ជា​អ្នក​សម្រេច​ក្តី​ជា​អ្នករក​យុត្តិធម៌​ឲ្យ​គេ អ៊ីចឹង​គាត់​មិនមែន​ជា​ភាគី​ (​ជម្លោះ​​ ឬ​វិវាទ​) ​ទេ​។ បើ​គាត់​មិនមែន​ជា​ភាគី​ណា​មួយ​គាត់​​ក៏​មិន​អាច​ប្តឹង​នរណាម្នាក់​បាន​ដែរ​នៅក្នុង​សំណុំ​រឿង​មួយ​។

ប៉ុន្តែ​ឧទាហរណ៍​ថា បើ​គាត់​នៅ​សុខៗ ហើយ​គេ​មក​វាយ​គាត់​នោះ​គាត់​ត្រូវ​ប្តឹង​ជន​នោះ​ហើយ​​ពេល​នោះ​គាត់​ក្លាយ​ទៅ​ជា​​ភាគី​ [​ជម្លោះ​ ឬ​វិវាទ​]​ វិញ​ម្តង​។

ចំពោះ​នៅ​តុលាការ​កំពូល​វិញ​បើ​អគ្គព្រះរាជអាជ្ញា​មិន​បាន​ប្តឹង​សារទុក្ខ​ទៅ​ទេ​នោះ​ភាគី​ជនរងគ្រោះ​មិន​អាច​ប្តឹង​ឲ្យ​តុលាការ​កំពូល​ពិចារណា​លើ​រឿង​ព្រហ្មទណ្ឌ​បាន​ទេ​​ពោល​គឺ​តុលាការ​កំពូល​ពិចារណា​តែ​ទៅលើ​រឿង​រដ្ឋប្បវេណី​ប៉ុណ្ណោះ​។ តែ​បើ​ខាង​ជនរងគ្រោះ​ចង់​ឲ្យ​តុលាការ​កំពូល​​ពិចារណា​រឿង​ទោសទណ្ឌ​នោះ​លុះត្រា​តែ​អគ្គព្រះរាជអាជ្ញា​ ឬ​ព្រះរាជអាជ្ញា​នៅ​សាលា​ឧទ្ធរណ៍​ជា​អ្នក​ប្តឹង​វិញ​ទើប​បាន​។

ខ្ញុំ​សូម​ជម្រាប​បញ្ជាក់​ជូន​ថា​រឿង​ព្រហ្មទណ្ឌ​ជា​រឿង​របស់​រដ្ឋ​ដែល​ការចាត់ចែង​ណា​មួយ​គឺ​ស្ថិត​នៅ​ក្នុង​អំណាច​របស់​រដ្ឋ អ៊ីចឹង​យើង​ដែល​ជា​ប្រជាពលរដ្ឋ​គឺ​គ្មាន​សិទ្ធិ​ចាត់ចែង​ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​ទេ​។

យើង​ចាត់ចែង​ ឬ​មាន​សិទ្ធិ​តែ​លើ​សំណង​រដ្ឋប្បវេណី សំណង​ជំងឺ​ចិត្ត​តែ​ប៉ុណ្ណោះ​។ ចំណែក​ទោសទណ្ឌ​ដាក់​ពន្ធនាគារ​គឺ​យើង​មិន​អាច​ស្នើ​បាន​ទេ​អ្នក​ដែល​មាន​សិទ្ធិ​ប្តឹងតវ៉ា​បាន​គឺ​មាន​តែ​អគ្គព្រះរាជអាជ្ញា​ ឬ​ព្រះរាជអាជ្ញា​ទេ​។

ចុះ​ករណី​សំណង​ជំងឺ​ចិត្ត ប្រសិន​បើ​តុលាការ​សម្រេច​សេចក្តី​ថា បង្គាប់​ឲ្យ​ភាគី​ជន​ជាប់ចោទ​​សង​ទៅ​គ្រួសារ​ជនរងគ្រោះ តើ​​ធ្វើ​តាម​វិធី​បែប​ណា​?

ចំពោះ​រឿង​សំណង​រដ្ឋប្បវេណី​​វិញ ប្រសិន​បើ​តុលាការ​សម្រេច​ឲ្យ​ជនជាប់ចោទ​សង​ទៅ​គ្រួសារ​ជនរងគ្រោះ​គឺ​មិនមែន​ចេះ​តែ​សង​យើង​ស្រួលៗ​បាន​ភ្លាមៗ​​ទេ​គឺ​ត្រូវ​ដាក់​ពាក្យសុំ​អនុវត្ត​​សាលដីកា​របស់​តុលាការ​កំពូល​ឡើង​វិញ​។

មាន​ន័យ​ថា ​ភាគី​ខាង​ជនរងគ្រោះ​ត្រូវ​តែ​​រក​មេធាវី​ដើម្បី​ជួយ​ដាក់​ពាក្យសុំ​អនុវត្ត​សំណង​ជំងឺ​ចិត្ត​នោះ​ទៅ​សាលាដំបូង​ដែល​ខ្លួន​ជំនុំជម្រះ​នោះ​វិញ​៕