រាល់​ទង្វើ​ ​ឬ​សកម្មភាព​​របស់​ពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​​ក្នុង​​ជីវភាព​ប្រចាំ​​ថ្ងៃ​នៅ​តាម​សហគមន៍​ តែងតែ​ជួប​នូវ​បញ្ហា​​ដែល​កើត​​ចេញ​ពី​​ទង្វើ​​របស់​ពួក​គាត់​នោះ​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ពួក​គាត់​មិន​បាន​ដឹង​ខ្លួន​ថា​ ប្រព្រឹត្ត​​ខុស​ច្បាប់​ផង​ទេ​​។​​

សប្តាហ៍​​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ សូម​លើក​យក​ជ្រុង​មួយ​នៃ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ដែល​​ពលរដ្ឋ​មិន​បាន​គិត​ដល់​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​មេធាវី លី កុសល ដែល​មាន​ការិយាល័យ​នៅ​ផ្ទះ​លេខ ៤៥-Eo ផ្លូវ​លេខ ៩ ភូមិ ត្រពាំងថ្លឹង​ សង្កាត់ ​ចោមចៅ ខណ្ឌ ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ឧបមា​ថា​ មាន​មនុស្ស ២ ​នាក់​ឈ្លោះ​គ្នា​ហើយ​មាន​ម្នាក់​ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់​ ហើយ​ពេល​គេ​វាយ​ជន​រងគ្រោះ​នោះ​មាន​លោក​ (​ក​) ​ក៏​នៅ​ទីនោះ​ដែរ​ តែ​គាត់​មិន​បាន​ជួយ​ឃាត់​អ្នក​វាយ​​ទេ​។ តើ​ករណី​នេះ​​​លោក​ (​ក​) ​អាច​មាន​ទោស​ដែរ​ទេ​បើ​គាត់​មិន​បាន​រួម​គំនិត​វាយ​ជន​រងគ្រោះ​ផង​នោះ?​

មនុស្ស​ឈ្លោះ​គ្នា ២ ​នាក់​ក្នុង​នោះ​ម្នាក់​ត្រូវ​គេ​វាយ​រហូត​ដល់​ស្លាប់​ហើយ​ពេល​គេ​វាយ​ជន​រងគ្រោះ​លោក ​(​ក​) ​នៅ​ទីនោះ​ដែរ​តែ​លោក ​(​ក​) ​មិន​បាន​ចូល​ឃាត់​អ្នក​វាយ​ជន​រងគ្រោះ​ទេ​។​​ចំពោះ​ករណី​នេះ​ត្រូវ​បែង​ចែក​ជា ​២ ដាច់​ដោយ​ឡែក​ពី​គ្នា​ដូច​ជា៖​

ករណី​ទី​១ ប្រសិន​បើ​លោក ​(​ក​) ឃើញ​​សកម្មភាព​សម្លាប់​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់​នឹង​ភ្នែក​ហើយ តែ​លោក ​(​ក​) ​ធ្វើ​មិន​ដឹង​ធ្វើ​មិន​ឮ​បណ្តោយ​ឲ្យ​បទ​ល្មើស​ទទួល​ផល​បាន​សម្រេច​នោះ គឺជា​បទល្មើស​ដែល​ច្បាប់​ហៅ​ថា បទ​ល្មើស​អកម្ម​មាន​ន័យ​ថា​លោក ​(​ក​) មិន​បាន​ធ្វើ​អំពើ​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ឬ​លោក ​(​ក​) ​មិន​បាន​បំពេញ​កាតព្វកិច្ច​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​។ ​

យោង​តាម​មាត្រា ៥២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ចាត់​ទុក​ជា​បទល្មើស​ការ​មិន​ប្តឹង​បរិហារ​បទ​ឧក្រិដ្ឋ​ដែល​ចែង​ថាៈ រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ​ដែល​អាច​នឹង​បង្ការ​ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​ប្តឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ​ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ​១ ​(​មួយ​) ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​) រៀល​ទៅ ​២ ០០០ ០០០ (​ពីរ​លាន​) រៀល​។ ប៉ុន្តែ​ត្រូវ​បាន​លើកលែង​ឲ្យ​រួច​ផុត​ពី​ទោសៈ​

-បុព្វញាតិ និង​បច្ឆា​ញាតិ​បងប្អូន​ប្រុស​ស្រី​របស់​ចារី សហចារី អ្នក​ផ្តើម​គំនិត​ឬ​អ្នក​សម​គំនិត​នៃ​បទ​ឧក្រិដ្ឋ​។​

-សហព័ទ្ធ​របស់​ចារី​ សហចារី អ្នក​ផ្តើម​គំនិត ឬ​អ្នក​សម​គំនិត​នៃ​បទ​ឧក្រិដ្ឋ​។​

-បុគ្គល​ដែល​ច្បាប់​តម្រូវ​ឲ្យ​រក្សា​អាថ៌​កំបាំង​នៃ​វិជ្ជាជីវៈ​។​

ករណី​ទី​២ ប្រសិន​បើ​លោក ​(​ក​) ឃើញ​ការ​សកម្មភាព​សម្លាប់​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់​នឹង​ភ្នែក​ហើយ តែ​លោក ​(​ក​) ​មិន​មាន​លទ្ធភាព និង​មធ្យោបាយ​ផ្សេងៗ​ចូល​ទៅ​ឃាត់​ដោយសារ​អំពើ​របស់​ជន​ល្មើស​ដែល​វាយ​សម្លាប់​ជន​រងគ្រោះ​នោះ ​គឺ​មាន​លក្ខណៈ​សាហាវ​ឃោរឃៅ​បណ្តាល​ឲ្យ​ស្លាប់​នោះ​ដោយ​បាន​ប្រើប្រាស់​អាវុធ​ ឬឧបករណ៍ ដែល​អាច​ងាយ​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​នោះ​ករណី​នេះ​គឺ​លោក ​(​ក​) ​មិនមាន​លទ្ធភាព​ចូល​ឃាត់​បាន​នៃ​អំពើ​ល្មើស​នោះ​បាន​ទេ​តែ​លោក ​(​ក​) បាន​ខ្នះ​ខ្នែង ឈឺ​ឆ្អាល រក​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយ​រាយ​ការណ៍​នៃ​បទ​ល្មើស​ដែល​ខ្លួន​បាន​ឃើញ​នោះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត​ទីតាំង​បទ​ល្មើស​ដែល​កើត​ឡើង​​ហើយ​បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​វិញ​នោះ គឺ​ជា​គោល​ការណ៍​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​បុគ្គល​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​​​អំពើ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។ យោង​តាម​មាត្រា ​២៤ ​គោលការណ៍​ឯកត្តកម្ម​នៃ​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​។

ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ តើ​លោក ​(​ក​) គួរ​តែ​ធ្វើ​យ៉ាង​ម៉េច​ពេល​កំពុង​មាន​ជម្លោះ​នោះ​?

ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ លោក ​(​ក​) គួរ​តែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ​គឺ​លោក ​(​ក​) គួរ​តែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន​ដូច​ជាៈ-​ប្រសិន​បើ​ស្ថានការណ៍​នៃ​បទល្មើស​មិន​បណ្តាល​ឲ្យ​​គ្រោះ​ថ្នាក់​ដល់​ខ្លួន​នោះ​ទេ គឺ​លោក ​(​ក​) ត្រូវ​តែ​ចូល​រួម​ជួយ​ឃាត់​ឬ​រារាំង​កុំ​ឲ្យ​មាន​បទល្មើស​កើត​ឡើង​ជា​បន្ត​ទៀត ឬ​រហូត​ដល់​បទ​ល្មើស​បាន​សម្រេច​លោក ​(​ក​) ​ត្រូវ​សហការ​​ជា​មួយ​ប្រជា​ពលរដ្ឋ​ជា​ច្រើន ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​ដើម្បី​ចូលរួម​រារាំង ឬ​ទប់ស្កាត់​បទល្មើស​កើត​ឡើង​លោក ​(​ក​) ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូច​ជាៈ មេ​ភូមិ មេ​ឃុំ មន្ត្រី​នគរបាល​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​...​។​ល​។​

ករណី​នេះ​ដែរ បើ​គេ​វាយ​សម្លាប់​ក្មេង​ជា​អនីតិជន​វិញ តើ​អ្នក​បង្ក​បទ​ល្មើស​នោះ ត្រូវ​មាន​ទោស​ដូច​គ្នា​នឹង​វាយ​សម្លាប់​មនុស្ស​ពេញ​វ័យ​ដែរ​ទេ​?

ករណី​នេះ ប្រសិនបើ​​អ្នក​ស្លាប់ គឺ​ជា​ក្មេង​ជា​អនីតិជននោះ អ្នក​បង្ក​បទល្មើស​នោះ គឺ​ត្រូវ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ដែល​វាយ​សម្លាប់​មនុស្ស​ពេញ​វ័យ ព្រោះ​អនីតិជន គឺ​ជា​បុគ្គល​ដែល​ ទន់​ខ្សោយ​ងាយ​រង​គ្រោះ ជា​ពិសេស​ច្បាប់​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ត្រង់​មាត្រា ​៤៨ ​ចែង​ថា រដ្ឋ​ធានា​ការពារ​សិទ្ធិ​របស់​កុមារ​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ជា​ពិសេស សិទ្ធិ​មាន​ជីវិត​រស់​នៅ​រួម​នឹង​មាត្រា ២០២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ឃាតកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជន​រងគ្រោះគឺ​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១៥ ​ឆ្នាំ​​ ​(​ដប់​ប្រាំ​) ​ឆ្នាំ​ទៅ​ ៣០ ​ឆ្នាំ ​(​សាម​សិប​)​ ឆ្នាំ​កាល​បើ​អំពើ​នេះ​ត្រូវ​បាន​ប្រពឹត្ត​ទៅ​លើ​បុគ្គល​ទន់​ខ្សោយ ពិសេស​ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល​នោះ​។​ ខុស​ពី​បទ​ឃាតកម្ម​មាត្រា ​១៩៩ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ​ពី ​១០ ​ឆ្នាំ ​(​ដប់​ឆ្នាំ​) ទៅ ១៥ (​ដប់​ប្រាំ​ឆ្នាំ)។

(សូមរង់ចាំអានវគ្គបន្តនៅ សប្តាហ៍ក្រោយ)