តាមច្បាប់សវនាការសាធារណៈតែងបើកឱកាសឲ្យមានការចូលរួមស្តាប់ជាទូទៅសូម្បីអ្នកពាក់ព័ន្ធឬមិនពាក់ព័ន្ធនឹងសំណុំរឿងណាមួយនោះក្ដី។ ចុះប្រសិនបើមានការហាមឃាត់ពីសមត្ថកិច្ចនគរបាល តើជាការត្រឹមត្រូវដែរឬទេ?ជុំវិញករណីបែបនេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក សុក សំអឿន ជាមេធាវីបម្រើការនៅការិយាល័យក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទដែលមានការិយាល័យផ្ទះលេខ ៤៣ អឺផ្លូវលេខ ៤៥៤ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម៖
ពាក្យថាសវនាការសាធារណៈ មានន័យដូចម្ដេច?
សវនាការសាធារណៈមានន័យថា នរណាក៏ដោយ បើទោះជាមិនពាក់ព័ន្ធរឿងក្តីជំនុំជម្រះក៏អាចចូលត្រួតពិនិត្យនិងចូលស្តាប់ក្នុងអង្គសវនាការបានដែរ។
ករណីជាក់ស្តែង ខ្ញុំបានចូលទៅស្តាប់ការជំនុំជម្រះមួយកាលពីព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ នៅសាលាដំបូងរាជធានីភ្នំពេញ។ គ្រានោះក៏ជាសវនាការសាធារណៈដែរ តែត្រូវបាននគរបាលដែលយាមប្រចាំការនៅទីនោះហាមឃាត់មិនឲ្យចូលក្នុងបន្ទប់សវនាការនោះទេ ហើយបានសួររកដីកា។
តើការហាមឃាត់បែបនេះអាចផ្ទុយនឹងអត្ថន័យចែងខាងលើ ឬនគរបាលអនុវត្តបែបនេះខុសនីតិវិធី ឬយ៉ាងណា?
ក្នុងករណីនេះវាផ្ទុយនឹងពាក្យថាសវនាការសាធារណៈដល់អ៊ីចឹងពាក្យសាធារណៈដែលប្រើសម្រាប់តុលាការសព្វថ្ងៃវាមានន័យផ្សេង វាខុសនឹងន័យសាធារណៈ។
នគរបាលគាត់ធ្វើនេះ តាមបទបញ្ជារបស់តុលាការធ្វើតាមការបង្គាប់បញ្ជារបស់តុលាការ។ ករណីនេះសម្រាប់នគរបាលអនុវត្តបែបនេះវាផ្ទុយនឹងពាក្យថា សវនាការសាធារណៈ ហើយម្យ៉ាងទៀតជាទស្សនៈរបស់ខ្ញុំប្រហែលជានគរបាលគិតពីរឿងសន្តិសុខ។ ប៉ុន្តែបើប្រជាពលរដ្ឋសុំចូលទៅក្នុងបន្ទប់សវនាការជាសាធារណៈនោះគួរត្រូវតែអនុញ្ញាតឲ្យគាត់ចូលស្តាប់សវនាការនោះ។ តែបើនគរបាលយល់ថា អ្នកដែលមានបំណងចូលស្ដាប់ក្នុងបន្ទប់សវនាការសាធារណៈមិនអាចធ្វើបាននោះ គឺតុលាការគួរធ្វើបន្ទប់សវនាការដាច់ដោយឡែកណាមួយទៅដើម្បីឲ្យអ្នកមិនពាក់ព័ន្ធចូលរួមបាន។តែបើសមត្ថកិច្ចនគរបាលហាមឃាត់មិនឲ្យចូលក្នុងបន្ទប់សវនាការសាធារណៈ អ៊ីចឹងនាំឲ្យពាក្យថាសវនាការសាធារណៈគឺវាអត់មានន័យ។
ចំពោះសវនាការអសាធារណៈគេធ្វើបានក្នុងកាលៈទេសៈណាដែរ?
ចំពោះសវនាការអសាធារណៈវិញគឺអ្នកផ្សេងដែលមិនជាប់ពាក់ព័ន្ធក្នុងរឿងក្តីគឺអត់អាចចូលទៅក្នុងបន្ទប់សវនាការបានទេ។ សវនាការអសាធារណៈគេធ្វើបានក្នុងកាលៈទេសៈដូចជា ជំនុំជម្រះរឿងក្តីអនីតិជន (ក្រោមអាយុ ១៨ ឆ្នាំ) ដែលតុលាការមិនចង់ឲ្យរឿងរបស់ក្មេងនោះត្រូវបានផ្សព្វផ្សាយជាទូទៅពេក។ មានន័យថា សវនាការអសាធារណៈគឺជាការជំនុំជម្រះតែអ្នកណាដែលជាប់ពាក់ព័ន្ធក្នុងរឿងក្តីប៉ុណ្ណោះ តែបើអ្នកគ្មានការជាប់ពាក់ព័ន្ធគឺមិនអាចឲ្យចូលទៅក្នុងបន្ទប់សវនាការបានទេ៕