ការរស់នៅ​ក្នុង​សហគមន៍​មាន​ពលរដ្ឋ​ខ្លះ​បាន​ពឹងពាក់​គ្នា​លើ​បញ្ហា​អ្វីមួយ​ចំនួន​។ ​ដូចជា ការខ្ចី​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់នៅ​របស់​អ្នកផ្សេង​យកទៅ​បញ្ចាំ​ខ្ចីលុយ​គេ​ជាដើម​។ តើ​ករណី​បែប​នេះ​ខុស​នឹង​ផ្លូវច្បាប់​ដែរឬទេ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី ផុន ធារិន ការិយាល័យ​មេធាវី​ផុនធារិន​នៅ​បុរី​ឌឺរ៉ូយ៉ាល់​មេគង្គ ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​ខ្ចី​សៀវភៅ​គ្រួសារ​លោក​ (​ខ​) ​ទៅ​បំពេញ​ជា​ឯកសារ​ដាក់បញ្ចាំ​ខ្ចីលុយ​គេ​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ចីលុយ​រួច​លោក​ (​ក​) ​បាន​គេចខ្លួនបាត់ ដូច្នេះ​ម្ចាស់​លុយ​បាន​ទារបំណុល​​ពី​លោក​ (​ខ​) ​ព្រោះ​សំអាង ថា លោក​ (​ខ​) ​មាន​ឈ្មោះ​នៅក្នុង​សៀវភៅ​គ្រួសារ និង​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​។ ក្នុង​ករណី​នេះ តើ​លោក​ (​ខ​) ​ត្រូវ​តែ​សងបំណុល​ជំនួស​ឬ​?

ក្នុងករណី​ការដាក់​បញ្ចាំ​ខាងលើ​នេះ​មិន​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់​ឡើយ ដោយហេតុថា សៀវភៅ​គ្រួសារ​ជា​អត្តសញ្ញាណ​​សម្រាប់​សម្គាល់​គ្រួសារ មិនមែន​ជា​កម្មវត្ថុ​នៃ​ការដាក់​បញ្ចាំ​​ឡើយ​។ ទោះបី​មានការ​យល់ព្រម​ការដាក់​បញ្ចាំ​ក៏ដោយ ក៏​​លោក​ (​ក​) ​និង​ម្ចាស់​លុយ​មិនអាច​បង្កើត​កិច្ចសន្យា​ខ្ចីប្រាក់​ដោយ​ការដាក់​បញ្ចាំ​ទ្រព្យ ឬ​វត្ថុ​របស់លោក​ (​ខ​) ​បាន​ឡើយ បើ​ម្ចាស់​លុយ​មិន​បាន​ជូនដំណឹង​មក​លោក​ (​ខ​) ឬ​មិន​មាន​ការចូលរួម​រវាង​ម្ចាស់​លុយ និង​លោក​ (​ខ​) ​ក្នុង​ការបង្កើត​កិច្ចសន្យា​ធានា​សិទ្ធិ​លើ​បំណុល​របស់លោក​ (​ក​) ​នោះ​។ ផ្អែក​តាម​អង្គ​ហេតុនេះ ម្ចាស់បំណុល​មិនមាន​ទំនាក់ទំនង​គតិយុត្ត​ជាមួយ​លោក​ (​ខ​) ​ហើយ​លោក (​ខ​) ​ក៏​មិនមាន​កាតព្វកិច្ច​ត្រូវ​សង​ប្រាក់​ជំនួស​លោក​ (​ក​) ​ដែរ​។

ដោយឡែក​ក្នុង​ករណី​លោក​ (​ក​) ​និង​លោក​ (​ខ​) ​បាន​ឃុបឃិត​គ្នា​ប្រើ​មធ្យោបាយ​ទុច្ចរិត​បោកប្រាស់​ម្ចាស់​លុយ ក្រោយពី​សមត្ថកិច្ច​បាន​រកឃើញ​ពី​តម្រុយ​ភ័ស្តុតាង​ផ្សេងៗ​តាម​បណ្តឹង​របស់​ម្ចាស់​លុយ នោះ​លោក​ (​ក​) និង​លោក​ (​ខ​) ​អាច​នឹងត្រូវ​ទទួលខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​សំណង​ទៅ​ម្ចាស់លុយ​តាមផ្លូវ​ច្បាប់​។

ហេតុអ្វី​បានជា លោក​ (​ខ​) ​មាន​ចំណែក​ទទួលខុសត្រូវ​ចេញសង​បំណុល​ជំនួស​លោក​ (​ក​)? ​តើ​លោក​ (​ខ​) ​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ឬទេ​?

ក្នុង​ករណី​លោក​ (​ខ​) ​មិន​បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​ការខ្ចីលុយ​ជាមួយ​លោក​ (​ក​) ម្ចាស់​លុយ​បាន​បង្កើត​សិទ្ធិ​លើ​បំណុល​របស់ខ្លួន ដោយ​ម្ចាស់​លុយ​បាន​ជូនដំណឹង​មក​លោក​ (​ខ​) ហើយ​លោក​ (​ខ​) ​បាន​យល់ព្រម​ទទួល​ខុសត្រូវ​លើ​បំណុល​ដែល​លោក​ (​ក​) ​បាន​ខ្ចី​ពី​ម្ចាស់លុយ​។ ​ក្នុងករណី​កិច្ច​នេះ លោក (​ខ​) ​ត្រូវមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​សង​ប្រាក់​ទៅ​ម្ចាស់លុយ​។ ដោយឡែក លោក​ (​ខ​) ​ដែល​ជា​អ្នក​សង​ជំនួស ត្រូវ​ទទួល​បាន​ការផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​នូវ​សិទ្ធិ​លើ​បំណុល និង​សិទ្ធិ​ផ្សេងទៀត​ដែល​ម្ចាស់បំណុល​ធ្លាប់មាន​លើ​លោក​ (​ក​) ​។

តាម​អង្គហេតុ​ខាងលើ​នេះ ជា​វិវាទ​រដ្ឋប្បវេណី សិទ្ធិ​លើ​បំណុល មិនមែន​ជា​កម្មវត្ថុ​ដែល​លោក​ (​ខ​) ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឡើយ​។

ចុះបើ​ករណី​លោក​ (​ខ​) ​ចាប់​លោក​ (​ក​) ​បាន ប៉ុន្តែ​លោក​ (​ក​) ​គ្មាន​លុយ​សងបំណុល​គេ តើ​តាម​គោលការណ៍​ច្បាប់​ដោះស្រាយ​បែបណា​?

ករណី​អង្គហេតុ​ដែល​រៀបរាប់​ក្នុង​សំណួរ​ទី​ ២ ​ខាងលើ លោក (​ខ​) ​មាន​សិទ្ធិ​ទាមទារ​បំណុល និង​សំណង​ខូចខាត​ផ្សេងៗ​ដោយផ្ទាល់​ពី​លោក​ (​ក​) ​បាន ក្នុង​ឋានៈ​ខ្លួន​ (​លោក ខ​) ​ជា​ម្ចាស់បំណុល​ដែល​លោក​ (​ខ​) ​បាន​សង​ជំនួស​ទៅ​ម្ចាស់​លុយ ឬ​លោក​ (​ខ​) ​អាច​ទាមទារ​ឲ្យ​លោក​ (​ក​) ​ទទួល​ខុសត្រូវ​សង​បំណុល​ទៅ​ម្ចាស់​លុយ​។ ​

ក្នុង​ខណៈ​ដែល​លោក​ (​ក​) ​បាន​និយាយ​ថា ខ្លួន​ទទួល​ខុសត្រូវ​លើ​​បំណុល និង​សំណង​ផ្សេងៗ តែ​ខ្លួន​មិនមាន​ប្រាក់​សង ឬ​មិន​ព្រម​សង លោក​ (​ខ​) ​ឬ​ម្ចាស់​លុយ​អាច​ប្តឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់​ដែល​លោក​ (​ក​) ​ជំពាក់​បាន​។ ​ក្នុង​ករណី​ដែល​លោក (​ក​) ​មាន​ទ្រព្យ​ដូចជា ដី ផ្ទះ ម៉ូតូ​ឡាន ។​ល​។ ហើយ​លោក​ (​ក​) ​មិន​ព្រម​លក់​ចាត់ចែង​សង​បំណុល​ ឬ​ដោះដូរ​ឲ្យ​ទៅ​ម្ចាស់​លុយ ឬ​លោក​ (​ខ​) ​នោះ​ម្ចាស់បំណុល​អាច​ប្តឹងទៅ​តុលាការ​ដើម្បី​ស្នើសុំ​អនុវត្ត​ដោយ​បង្ខំ​បាន​៕