ជាទូទៅ​ការបំពេញ​កំណត់ហេតុ​​នៃ​សំណុំរឿង​ណាមួយ​សមត្ថកិច្ច​តែងតែ​ត្រូវការ​នូវ​ស្នាម​មេដៃ​​អ្នកពាក់ព័ន្ធ​មក​ផ្ដិត​លើ​ឯកសារ​​ដើម្បី​បន្ត​នីតិវិធី​។ ​ប៉ុន្តែ​ក្នុងករណី​មនុស្ស​ដែល​ពាក់ព័ន្ធ​បាន​ស្លាប់​​តើ​អាច​យក​ស្នាម​មេដៃ​មក​ប្រើ​បានដែរ​ឬទេ​? ​ជុំវិញ​បញ្ហា​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី ធម្មសាស្ត្រ មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ​ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ឧបមា​ថា ជនបរទេស​ម្នាក់​បាន​ស្លាប់ ហើយ​សមត្ថកិច្ច​នគរបាល​បាន​យក​មេដៃ​សាកសព​មក​ផ្តិត​លើ​កំណត់ហេតុ​ពិនិត្យ​ និង​កោសល្យវិច័យ​សាកសព​។ ​តើ​ស្នាម​មេដៃ​សព​នោះ​អាច​យក​ជា​ផ្លូវការ​បានទេ​? បើ​បាន ហេតុអ្វី​?

ដើម្បី​ងាយស្រួល​ក្នុង​ការបកស្រាយ​នូវ​សំណួរ​ខាងលើ​យើង​ត្រូវ​ស្វែងយល់​ពី​សញ្ញាណ​រូបវន្ត​បុគ្គល តើ​រូបវន្តបុគ្គល​មានន័យ​ដូចម្តេច​? ​យោងតាម​សទ្ទានុក្រម​ក្រមរដ្ឋប្បវេណី​រូបវន្តបុគ្គល​​គឺ​មានន័យថា មនុស្ស​ពិត​តាម​ធម្មជាតិ ដែល​ផ្ទុយ​នឹង​នីតិបុគ្គល​ ឬ​និយាយ​សាមញ្ញ​ហៅថា​មនុស្ស​។

រូបវន្តបុគ្គល​គ្រប់រូប​មាន​លក្ខណសម្បត្តិ​អាច​ក្លាយ​ជា​ប្រធាន​នៃ​​សិទ្ធិ និង​កាតព្វកិច្ច ហើយ​មាន​សមត្ថភាព​ទទួល​សិទ្ធិ​នៅពេល​ចាប់កំណើត ហើយ​បាត់បង់​អស់​នូវ​សមត្ថភាព​ទទួល​សិទ្ធិ​នេះ​នៅពេល​ទទួល​មរណភាព​ (​មាត្រា​ ៦ ​និង​មាត្រា​ ៨ នៃ​ក្រម​រដ្ឋប្បវេណី​)​។ ​

កាលណា​ជា​រូបវន្តបុគ្គល​​ត្រូវ​ទទួល​បាន​ការពា​រពាក់​ព័ន្ធ​នឹង​ជីវិត រូប​កាយ សុខភាព សេរីភាព នាម ភាព​ឯកជន​ ឬ​សិទ្ធិ​ផ្សេងទៀត​ដែល​ជា​ប្រយោជន៍​ទាក់ទង​នឹង​លក្ខណៈ​បុគ្គល​។ ​សំណួរ​សួរថា នៅពេល​មនុស្ស​ស្លាប់​តើ​សិទ្ធិ​ និង​កាតព្វកិច្ច​រលត់​ដែរឬទេ​? ​ផ្អែក​តាម​គោលការណ៍​ច្បាប់​ខាងលើ​នៅ​​ពេល​មនុស្ស​ស្លាប់​លែង​មាន​សិទ្ធិ​​និង​កាតព្វកិច្ច​ទៀតហើយ​លើកលែង​ករណី​មួយចំនួន​ដូច​សិទ្ធិ​គោរព​សាកសព​ និង​ករណី​ដែល​ច្បាប់​បាន​កំណត់​ជាក់លាក់​។

ហេតុដូច្នេះ​ចំពោះ​ករណី​ជនបរទេស​ម្នាក់​ដែល​បាន​ស្លាប់​ហើយ​មន្ត្រីនគរបាល​យុត្តិធម៌​បាន​យក​មេដៃ​សាកសព​ផ្តិត​លើ​កំណត់ហេតុ​ពិនិត្យ​ និង​កោសល្យ​វិច័យ​សាកសព​ ឬ​កំណត់ហេតុ​ផ្សេងៗ​សំណួរ​សួរថា​តើ​ស្នាមមេដៃ​សព​អាច​យក​ជា​ផ្លូវការ​បានទេ បើ​បាន​ហេតុអ្វី​?

នៅពេល​មាន​មនុស្ស​ស្លាប់​បណ្តាល​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ឬ​ករណី​អត្តឃាត​មន្ត្រី​នគរបាល​យុត្តិធម៌​ចុះទៅ​ទីកន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​កន្លែងកើតហេតុ ក៏ដូចជា​ប្រមូល​ភ័ស្តុតាង​ផ្សេងៗ​។ ប៉ុន្តែ​តាម​គោលការណ៍ មន្ត្រីនគរបាល​​យុត្តិធម៌​មិនអាច​យក​ស្នាម​មេដៃ​សាកសព​មក​ផ្តិត​លើ​កំណត់ហេតុ​ណាមួយ ដើម្បី​ទទួល​ស្គាល់​ខ្លឹមសារ​កំណត់ហេតុ​នោះបាន​ទ្បើយ ដោយហេតុ​ថា សាកសព​មិនមែន​ជា​ប្រធាន​នៃ​សិទ្ធិ និង​កាតព្វកិច្ច​ទ្បើយ មានន័យ​ថា គាត់​បាន​បាត់បង់​នូវ​សិទ្ធិ និង​​កាតព្វកិច្ច​រួចទៅហើយ​។

មួយ​​វិញទៀត​ដូច​អ្វី​ដែល​យើង​បានដឹង​ស្រាប់​ហើយ​ថា ស្នាម​មេដៃ ឬ​ហត្ថលេខា​របស់​បុគ្គល​ណា​ម្នាក់​ដែល​ផ្តិត​ទៅលើ​លិខិត កិច្ចសន្យា ឬ​កំណត់ហេតុ​ផ្សេងៗ គឺជា​ការសម្គាល់ និង​បង្ហាញ​នូវ​ឆន្ទៈ​របស់​បុគ្គល​នោះ​ទទួលស្គាល់​ខ្លឹមសារ​ដែលមាន​ក្នុង​លិខិត​កិច្ចសន្យា​ ឬ​កំណត់ហេតុ​នោះ​។

ផ្ទុយទៅវិញ​មនុស្ស​ដែល​ស្លាប់​បាត់​ទៅ​ហើយ​ពុំ​អាច​ធ្វើ​រឿង​នេះ​បានទេ​។ ហេតុដូច្នេះ​ស្នាម​មេដៃ​របស់​សាកសព​នៅលើ​កំណត់ហេតុ​ដើម្បី​ទទួលស្គាល់​ខ្លឹមសារ​ពុំមាន​ន័យ​អ្វី​ទ្បើយ ប៉ុន្តែ​តម្លៃ​នៃ​កំណត់ហេតុ​ពិនិត្យ និង​កោសល្យវិច័យ​សាកសព​គឺជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការធ្វើ​មូលវិចារណ៍​ដោយ​សេរី​លើ​កំណត់​ហេតុដែល​ធ្វើ​ទ្បើង​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​ (​មាត្រា​ ១១០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)​។ ​(​សូម​រង់ចាំ អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)