កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ​ ប៉ុស្ដិ៍​ បាន​ផ្សព្វផ្សាយ​មួយវគ្គ​រួចហើយ ជុំវិញ​ការយក​ស្នាម​មេដៃ​សព​មក​ផ្ដិត​ក្នុង​កំណត់ហេតុ ឬ​ឯកសារ​ណាមួយ​ដែល​ករណីនេះ បើ​តាម​ការពន្យល់​ (​ដោយ​ផ្អែក​តាម​មាត្រា​​ ៦ និង​​ ៨ ​នៃ​ក្រមរដ្ឋប្បវេណី​) ​ពី​លោក​មេធាវី កុយ ដុល្លា សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ គឺ​មិនអាច​ធ្វើ​បាន​ឡើយ ព្រោះ​មនុស្ស​ស្លាប់​លែង​មាន​សិទ្ធិ និង​កាតព្វកិច្ច​ទៀតហើយ លើកលែង​តែ​ករណី​មួយចំនួន​ដូចជា សិទ្ធិ​គោរព​សាកសព និង​ករណី​ដែល​ច្បាប់​បានកំណត់​ជាក់លាក់​ជាដើម​។ ប៉ុន្តែ​សម្រាប់​វគ្គ​បញ្ចប់​នេះ លោក​មេធាវី​បាន​បកស្រាយ​​តប​តាម​សំណួរ​របស់​ ភ្នំពេញ ប៉ុស្ដិ៍ ​ដូចខាងក្រោម​៖

តើ​ការផ្តិត​យក​ស្នាម​មេដៃ​សាកសព​អាច​យក​ជា​ការ​នៅ​ពេល​ណា​? ​ហើយ​អាច​ប្រើការ​បាន​ក្នុង​កាលៈទេសៈ​បែបណា​?

ជាគោលការណ៍ ការគោរព​សាកសព​ត្រូវ​បាន​ច្បាប់​ធានា តែ​ក្នុង​ករណី​មួយ​ចំនួន​ក៏មាន​អញ្ញត្រកម្ម និង​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​ទៅ​បាន​ផងដែរ​។ ឧទាហរណ៍​ដូចជា ការធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ឬ​អាច​ជា​ការសិក្សា​វិទ្យាសាស្ត្រ (​ទទួល​ការយល់ព្រម​ពី​សាមីជន​មុន​គាត់​ស្លាប់​ ឬ​ពី​គ្រួសារ​) ​ឬ​ការធ្វើ​កោសល្យ​វិច័យ​ដើម្បី​បញ្ជាក់​មូលហេតុ​នៃ​ការស្លាប់​ថា តើ​សាកសព​នោះ​ស្លាប់​ដោយ​ឃាតកម្ម ឬ​អត្តឃាត​ជាដើម​។

ក៏ប៉ុន្តែ​ប្រសិន​បើ​សាកសព​នោះ​មាន​សភាព​ដែល​ពុំ​អាច​សម្គាល់​អត្តសញ្ញាណ​បានទេ​នោះ តាម​គោលការណ៍ មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ផ្តិត​យក​ស្នាមមេដៃ ឬ​ម្រាមដៃ​សាកសព ដើម្បី​ធ្វើ​កោសល្យវិច័យ​ស្វែងរក​អត្តសញ្ញាណ​របស់​សាកសព ដោយ​ហេតុ​ថា មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​ប្រគល់​សាកសព​ជូន​សាច់ញាតិ​នៃ​សព ប្រសិន​បើ​យល់ឃើញ​ថា មាន​ភាពចាំបាច់​ដើម្បី​ស្គាល់​អត្តសញ្ញាណ​នៃ​សព​ផង​ និង​សាច់ញាតិ​នៃ​សព​នោះ​ផង​។ ​ត្រង់ចំណុច​នេះ​ច្បាប់​បរទេស ក៏ដូចជា​ច្បាប់​បារាំង ក៏​​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​អាច​អនុវត្ត​កិច្ចការ​នេះ​បាន​ផងដែរ​។

ចុះបើ​សាកសព​ជនបរទេស​នោះ​មាន​សាច់ញាតិ​វិញ តើ​នគរបាល​អាច​យក​ស្នាម​មេដៃ​សាច់ញាតិ​ជំនួស​ស្នាម​មេដៃ​សាកសព​បានទេ​? ​ប្រសិន​បើ​​បាន តើ​មូល​ហេតុអ្វី​?

ជាគោលការណ៍​ការផ្តិត​ស្នាម​មេដៃ​សាច់ញាតិ​សាកសព​ជំនួស​ស្នាម​មេដៃ​សាកសព ដើម្បី​ផ្តិត​ជំនួស​លើ​កំណត់​ហេតុ​ស្តីពី​ការពិនិត្យ និង​កោសល្យ​វិច័យ​សាកសព​ពុំ​អាច​ធ្វើ​ទៅបាន​នោះទេ​។ ​ប៉ុន្តែ​ប្រសិនបើ​សាច់ញាតិ​ផ្តិតមេដៃ​ជា​សាក្សី​ដឹង​ឮថា សាកសព​ឈ្មោះ​នេះ​ស្នាក់នៅ​កន្លែង​នេះ ជា​ជនជាតិ (​ជនបរទេស​) ពិតជា​បាន​ស្លាប់​ពិតប្រាកដ​មែន មូលហេតុ​មកពី​ឃាតកម្ម​ ឬ​អត្តឃាត និង​បានដឹង​អំពី​អង្គហេតុ​ទាក់ទង​នឹង​បទល្មើស​នោះ​អាច​ធ្វើ​ជា​សាក្សី​បាន​មិន​ថា តែ​ជា​ឪពុក​​ម្តាយ សាច់ញាតិ បងប្អូន​នោះទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺជា​សក្ខីកម្ម​របស់​ពួកគាត់​ងាយស្រួល​ដល់​ការស្វែងរក​មូលហេតុ​នៃ​ការស្លាប់ និង​ដំណើរការ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​។

ចុះបើ​សាកសព​ជា​ជនជាតិ​ខ្មែរ​​ហើយ​ជនរងគ្រោះ​គ្មាន​សាច់ញាតិ​តើ​នគរបាល​អាចអនុវត្ត​ដូច​ជនបរទេស​បាន​ទេ​?

ជាគោលការណ៍​ទោះបី​សាកសព​មាន ឬ​គ្មាន​សាច់ញាតិ​ក៏​​ដោយ ការយក​ស្នាម​មេដៃ​របស់​​សាកសព​ផ្តិត​លើ​កំណត់ហេតុ​ដើម្បី​ទទួល​ស្គាល់​ខឹ្លមសារ ពុំ​អាច​ធ្វើ​ទៅ​បាន​នោះទេ​ដូច​បាន​បញ្ជាក់​ក្នុង​សំណួរ​ទី​ ១ ​ខាង​លើ​ទោះបី​ជន​នោះ​ជា​ជនបរទេស ឬ​ជនជាតិខ្មែរ​ក៏ដោយ ដោយ​មូលហេតុ​ថា​ទី​ ១ គេ​គោរព​បូរណភាព និង​សេចក្តី​ថ្លៃថ្នូរ​សាកសព​ និង​ទី​ ២ មនុស្ស​ដែល​ស្លាប់​បាន​បាត់បង់​នូវ​សិទ្ធិ និង​កាតព្វកិច្ច​រួច​បាត់​ទៅ​ហើយ​៕