ការរើស​បាន​លិខិតស្នាម​ ឬ​ឯកសារ​ផ្សេងៗ​របស់​អ្នកដទៃ​ដែល​សម្គាល់​ពី​អត្តសញ្ញាណ​អចលនទ្រព្យ​ ឬ​សម្គាល់​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់ ហើយ​យក​ទៅ​ប្រើប្រាស់ តើ​ជា​ការខុសច្បាប់​ឬ​យ៉ាងណា​? ​ជុំវិញ​បញ្ហា​នេះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី សារ៉េត សារ៉េនឌី សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ដែល​មាន​ការិយាល័យ​នៅ​ជាន់​ទី​ ១០ បន្ទប់ P10-11 នៃ​អគារ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU) ​នៅ​ផ្លូវ​លេខ​ ៣៦ សង្កាត់​វាលវង់​ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមា​ថា ស្លាក​លេខ​រថយន្ត​ ១ ​គ្រឿង​ជា​ស្លាក​លេខ​រថយន្ត​បង្ក​បទល្មើស​ដែល​នគរបាល​កំពុង​ស្វែងរក​ចាប់​។ ​ចៃដន្យ​លោក​ (​ក​) ​រើស​បាន​ស្លាក​លេខ​នោះ​ហើយ​យក​ទៅ​បំពាក់​លើ​រថយន្ត​របស់​ខ្លួន ប៉ុន្តែ​ក្រោយមក​នគរបាល​បាន​ប្រទះឃើញ​នៅ​ជាប់​នឹង​រថយន្ត​ម្ចាស់​ថ្មី​។ សួរថា តើ​លោក​ (​ក​) ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ដែរ​ទេ​? ​បើ​ឃាត់ខ្លួន​មកពី​មូលហេតុ​អ្វី​? ​បើ​មិន​ឃាត់ខ្លួន​មកពី​មូលហេតុ​អ្វី​?

ក្នុង​ករណី​ដូចខាងលើ​លោក​ (​ក​) ​នឹង​ត្រូវ​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​។ ​ព្រោះ​ស្លាក​លេខ​រថយន្ត​ដែល​លោក​ (​ក​) ​យក​ទៅ​បំពាក់​ជា​ស្លាក​លេខ​ឡាន​បង្ក​បទល្មើស​ដែល​នគរបាល​កំពុង​ស្វែងរក ដូចនេះ​នគរបាល​យុត្តិធម៌​ត្រូវតែ​ស្នើសុំ​ដីកា​ចាប់ខ្លួន​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​សុំ​ដីកា​ចេញ​ចាប់ខ្លួន​លោក ​(​ក​)​។

បន្ទាប់ពី​ទទួល​បាន​ដីកា​ហើយ​នោះ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​លោក​ (​ក​) ​ទៅ​កាន់​អង្គភាព​នគរបាល​យុត្តិធម៌​ដើម្បី​សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​សាកសួរ​ និង​សម្រេច​តាមច្បាប់​។

យោង​តាម​មាត្រា​ ៩៦ ​នៃ​នីតិវិធី​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ស្តីពី​ការឃាត់​ខ្លួន​បានចែង​ថា​៖ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ឃាត់​បុគ្គល​ដែល​សង្ស័យថា​៖ ​បាន​ចូលរួម​នៅក្នុង​បទល្មើស​។ មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​អាច​ឃាត់ខ្លួន​បុគ្គល​ដែល​ផ្តល់​ព័ត៌មាន​ស្តីពី​រឿងហេតុ​បាន​ដែរ ប្រសិន​បើ​លក្ខខណ្ឌ​ខាងក្រោម​នេះ​ត្រូវ​បាន​បំពេញ ៖

-​បុគ្គល​ដែល​អាច​ផ្តល់ព័ត៌មាន​ប្រកែក​មិន​ព្រម​ផ្តល់ព័ត៌មាន​។

-​មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ពី​ព្រះរាជអាជ្ញា​។

មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​រាយការណ៍​ភ្លាម​ជូនទៅ​ព្រះរាជអាជ្ញា​ព្រមទាំង​ត្រូវបញ្ជូន​គ្រប់ភ័ស្តុតាង​ទាំងអស់​ដែល​តម្រូវ​ឲ្យ​មាន​ការឃាត់ខ្លួន​នោះ​។ ​ការឃាត់ខ្លួន​មាន​ថិរវេលា​ ៤៨ ​ម៉ោង​។ ថិរវេលា​ត្រូវ​គិតពី​ម៉ោង​ដែល​សាមីខ្លួន​មក​ដល់​អង្គភាព​នគរបាល ឬ​កងរាជ​អាវុធហត្ថ​។

ចំពោះ​បទឧក្រិដ្ឋ​កាលណា​មាន​តម្រុយ​បង្ហាញ​ឲ្យ​ឃើញថា​៖ មាន​ពិរុទ្ធ​លើ​បុគ្គល​ដែល​ឃាត់ខ្លួន​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ពន្យារ​ការឃាត់ខ្លួន​បាន ប្រសិនបើ​វិធានការ​នេះ​ជា​ការចាំបាច់​ដើម្បី​ឲ្យ​ការស៊ើបអង្កេត​ប្រព្រឹត្ត​ទៅ​បានល្អ​។ ​ការពន្យារ​នេះ​ត្រូវសុំ​ទៅ​ព្រះរាជអាជ្ញា​។ ការអនុញ្ញាត​ឲ្យ​ពន្យារពេល​ឃាត់ខ្លួន​ដែល​ធ្វើ​ជា​លាយលក្ខណ៍អក្សរ​ និង​មាន​សំអាង​ហេតុ​ត្រូវដាក់​បញ្ជូន​ទៅក្នុង​សំណុំរឿង​។ ការពន្យារ​គឺជា​វិធានការ​ពិសេស​។

ការពន្យារ​នេះ​មិន​អាច​ឲ្យ​លើសពី ២៤ ​ម៉ោង​ឡើយ​ដោយ​មិន​គិតពី​ថិរវេលា​ចាំ​ចាច់​នៃ​ការដឹកជញ្ជូន​។

ការពន្យារ​មិនអាច​ត្រូវ​យល់ព្រម​បាន​ទេ ប្រសិនបើ​បុគ្គល​ដែល​ឃាត់ខ្លួន​នោះ​ជា​អនីតិជន​។ ​ចំពោះ​បទឧក្រិដ្ឋ អនីតិជន​ដែល​មាន​អាយុ​ពី​ ១៤ ដល់​ក្រោម​ ១៦ ​ឆ្នាំ​មិន​អាច​ត្រូវ​ឃាត់ខ្លួន​ហួស​រយៈពេល​ ៣៦ ​ម៉ោង​ឡើយ​។

ចំពោះ​បទមជ្ឈិម អនីតិជន​មាន​អាយុ​ ១៤ ​ដល់​ក្រោម​ ១៦ ​ឆ្នាំ​មិនអាច​ត្រូវ​ឃាត់​ខ្លួន​ហួស​រយៈពេល​ ២៤ ​ម៉ោង​ឡើយ​។

ចំពោះ​បទឧក្រិដ្ឋ​អនីតិជន​ដែល​មាន​អាយុ​ពី​ ១៦ ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​មិនអាច​ត្រូវ​ឃាត់ខ្លួន​ហួស​រយៈពេល​ ៤៨ ​ម៉ោង​ឡើយ​។

ចំពោះ​បទមជ្ឈិម​អនីតិជន​មាន​អាយុ​ ១៦ ​ដល់​ក្រោម​​ ១៨ ​ឆ្នាំ​មិនអាច​ត្រូវ​ឃាត់ខ្លួន​ហួស​រយៈពេល​ ៣៦ ​ម៉ោង​ឡើយ​។ ​អនីតិជន​មាន​អាយុ​ក្រោម​ ១៤ ឆ្នាំ​ពុំ​អាច​ត្រូវគេ​ឃាត់ខ្លួន​បានឡើយ​។

មាត្រា​ ៩៧ ​កំណត់ហេតុ​ស្តីពី​ការឃាត់ខ្លួន​៖ ​កាលណា​មាន​ការឃាត់​ខ្លួន​បុគ្គល​ណាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ឲ្យ​ដំណឹង​ជាបន្ទាន់​អំពី​សេចក្តី​សម្រេច​របស់ខ្លួន​នោះ​ដោយ​ប្រាប់​ឲ្យ​បានដឹង​ពី​មូលហេតុ​នៃ​សេចក្តី​សម្រេច​ឃាត់ខ្លួន​នេះ​។ ​មន្ត្រី​នគរបាល​យុត្តិធម៌​ប្រាប់​សាមីខ្លួន​ឲ្យ​បានដឹង​ផងដែរ​អំពី​សិទ្ធិ​ដែល​បានចែង​នៅ​មាត្រា​ ៩៨ ​នៃ​ក្រម​នេះ​។

ក្នុង​ករណី​ចាំបាច់​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ហៅរក​អ្នក​បកប្រែ​។ ​មន្ត្រីនគរបាល​ធ្វើ​កំណត់ហេតុ​ស្តីពី​ការឃាត់ខ្លួន​ជាបន្ទាន់​ដោយ​ចុះ​សេចក្តី​ដូចតទៅ​៖

-​ឈ្មោះ និង​ឋានៈ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​មាន​បង្គាប់​ឲ្យ​ឃាត់ខ្លួន​។

-​អត្តសញ្ញាណ​នៃ​បុគ្គល​ដែល​ត្រូវ​ឃាត់ខ្លួន​។

-​មូលហេតុ​នៃ​ការឃាត់ខ្លួន

-​ថ្ងៃ ខែ ឆ្នាំ និង​ម៉ោង​ដែល​ផ្តើម​ចាប់ខ្លួន​។

-​ការ​ឲ្យ​ដំណឹង​អំពី​សិទ្ធិ​ដែល​បាន​បញ្ញតិ្ត​នៃ​មាត្រា ៩៨ នៃ​ក្រម​នេះ​។

-​យថាហេតុ​ឈ្មោះ​អ្នកបកប្រែ​។

កំណត់​ហេតុនេះ​ត្រូវតែ​ចុះ​ហត្ថលេខា​ ឬ​ផ្តិត​ម្រាមដៃ​របស់​ជនឃាត់ខ្លួន ក្រោយពី​បាន​អាន​កំណត់ហេតុ​រួច​ ឬ​បើ​សាមីខ្លួន​មិនចេះ​អក្សរ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​អាន​កំណត់ហេតុ​ឲ្យ​ស្ដាប់​។ ប្រសិន​បើ​ជននេះ​ប្រកែក​មិន​ព្រម​ចុះហត្ថលេខា​ ឬ​ផ្តិត​​ម្រាមដៃ​ទេ មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​ចុះ​និទ្ទេស​។ កំណត់ហេតុ​ត្រូវ​ភ្ជាប់​ជាមួយ​សំណុំរឿង​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​)