
លោកមេធាវី លី កុសល កាលពីកន្លងមក។ រូបថត សហការី
ជាទូទៅ មុនពេលបានគ្នាជាប្ដី/ប្រពន្ធ ដៃគូតែងតែប្រើវិធីខុសៗទៅតាមប្រទេសនីមួយៗ ឬតាមតំបន់នានានៃបណ្ដាប្រទេសទាំងនោះដោយខ្លះធ្វើតាមបែបសាសនា ឬតាមប្រពៃណីដូនតា ឬក៏តាមច្បាប់ប្រទេសជាដើម។ ចង់ដឹងថា តើការរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណី និងតាមច្បាប់ខុសគ្នាដូចម្ដេច?
ជុំវិញចម្ងល់នេះលោក មេធាវី លី កុសល ដែលមានការិយាល័យបម្រើការងារនៅផ្ទះលេខ ៤៥Eo ផ្លូវ ៩ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានពន្យល់តាមរយៈសំណួររបស់ភ្នំពេញប៉ុស្ដិ៍ដូចខាងក្រោម ៖
តើការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខុសគ្នានឹងការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដូចម្តេច?
ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី គឺជាទំនៀមទម្លាប់មួយដែលមានតាំងពីបុរាណមក វាអាចចាត់ទុកទៅថា ជាផ្នែកមួយនៅក្នុងសីលធម៌ផងដែរសម្រាប់សង្គមខ្មែរ ហើយក៏វាជាសារប្រកាសជាសាធារណៈថា បុរស និងនារីនោះគឺជាស្វាមីភរិយានឹងគ្នាដោយមានការដឹងឮពីសាធារណជន និងសាច់ញាតិបងប្អូនជាដើម ប៉ុន្តែមិនមានអានុភាពផ្នែកផ្លូវច្បាប់ក្នុងការចងភាគីទាំង ២ នោះទេ។
ដោយឡែកសម្រាប់ ការរៀបអាពាហ៍ពិពាហតាមផ្លូវច្បាប់ គឺជាការបង្កើតនូវចំណងគតិយុត្តមួយរវាងបុរស និងនារី ហើយបង្កើតឡើងតាមលក្ខខណ្ឌដែលច្បាប់កំណត់ដោយគោរពទាំងលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់ចាប់ពីមាត្រា ៩៤៨ ដល់មាត្រា ៩៥៦ នៃក្រមរដ្ឋប្បវេណីទៅ ហើយវាមានអានុភាពផ្លូវច្បាប់ទៅលើកូនទ្រព្យ និងចំណងឯកពន្ធភាពជាដើម។ ចំពោះលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់មានខ្លឹមសារដូចខាងក្រោមនេះ
ក- លក្ខខណ្ឌសារធាតុ គឺជាលក្ខខណ្ឌដែលកំណត់ពីអានុភាពនៃអាពាហ៍ពិពាហ៍ រួមមាន ការព្រមព្រៀងរបស់ភាគីដោយឆន្ទៈសេរីរបស់បុរស-នារី។ អាយុរបស់ភាគី (១៨ ឆ្នាំ) ភេទផ្ទុយគ្នារបស់បុរស-នារី (ភេទដូចគ្នាមិនអាចរៀបអាពាហ៍ពិពាហ៍បានទេ) ការហាមឃាត់ចំពោះអាពាហ៍ពិពាហ៍ថ្មីក្នុងអំឡុងពេលដែលច្បាប់កម្រិតសម្រាប់ស្ត្រីដើម្បីចៀសវាងបញ្ហាចោទឡើងក្នុងការកំណត់ឪពុករបស់កូនដែលមានរយៈពេល ១២០ ថ្ងៃគិតពីថ្ងៃអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ការហាមឃាត់ក្នុងទ្វេពន្ធភាព (ពុំទាន់បានលែងលះគ្នាតាមផ្លូវច្បាប់នៅឡើយ) ការហាមឃាត់ចំពោះអាពាហ៍ពិពាហ៍រវាងបុគ្គលដែលមានទំនាក់ទំនងញាតិនឹងគ្នា (អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬរវាងញាតិពន្ធ)។
ខ- លក្ខខណ្ឌទម្រង់ គឺជាការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការបញ្ជាក់ភាពនៅលីវការជូនដំណឹងជាសាធារណៈបិទផ្សាយជាសាធារណៈនៅលំនៅឋានសាមីខ្លួននារី ១ ច្បាប់ បិទផ្សាយជាសាធារណៈនៅសាលាឃុំ ឬសង្កាត់សាមីខ្លួននារី ១ ច្បាប់ រក្សាទុកនៅសាលាឃុំ ឬសង្កាត់សាមីខ្លួននារី ២ ច្បាប់ទៀតត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋានខាងបុរសដើម្បីយកទៅបិទផ្សាយជាសាធារណៈនៅលំនៅឋានសាមីខ្លួនបុរស ១ ច្បាប់ និងសាលាឃុំ ឬសង្កាត់សាមីខ្លួនបុរស ១ ច្បាប់។
ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ក្នុងរយៈពេល ១០ ថ្ងៃគិតពីថ្ងៃបិទប្រកាសបានកន្លងផុត ហើយប្រសិនបើគ្មានការប្តឹងជំទាស់ បុរស-នារីអាចចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាផ្លូវការនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃឃុំសង្កាត់ខាងនារី។ ការចុះកិច្ចសន្យាតម្រូវឱ្យមានសាក្សីជានីតិជនចំនួន ២ នាក់ដែលជានីតិជន។
ការចុះបញ្ជីអាពាហ៍ពិពាហ៍ (សំបុត្រអាពាហ៍ពិពាហ៍) ត្រូវស្រង់យកខ្លឹមសារដែលមាននៅក្នុងកិច្ចសន្យាអាពាហ៍ពិពាហ៍ចូលក្នុងសៀវភៅអាពាហ៍ពិពាហ៍ នេះគេហៅថា ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ហើយមន្ត្រីអត្រានុកូលដ្ឋាននឹងចម្លងចូលក្នុងលិខិតមួយហៅ ថា សំបុត្រអាពាហ៍ពិពាហ៍ ទុកឱ្យសាមីខ្លួនប្រើប្រាស់។
ដូច្នេះហើយ មនុស្សប្រុស-ស្រី ត្រូវតែគោរពទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ជាក់លាក់ បើមិនគោរពតាមលក្ខខណ្ឌខាងលើនេះទេ គឺអាពាហ៍ពិពាហ៍នោះនឹងមិនបង្កើតអានុភាពតាមផ្លូវច្បាប់ ឬអាចលុបចោល និងអាចមោឃភាព។
(សូមរង់ចាំអានវគ្គបន្ដនៅសប្ដាហ៍ក្រោយ)