ជាទូទៅ​ការទិញ​លក់ រថយន្ត ឬ ម៉ូតូ ភាគី​អ្នកលក់ និង​អ្នកទិញ តែងតែ​មាន​ការឯកភាព​គ្នា​ជា​សំអាង​ណាមួយ​តាមរយៈ​ធ្វើ​លិខិត​ស្នាម​។ ​ប៉ុន្តែ​ប្រសិន​បើ​ភាគី​ទាំងសង​ខាង​មិន​បាន​ធ្វើ​លិខិត​ស្នាម​ណាមួយ​មក​ធ្វើ​ជា​សំអាង​ទេ ហើយ​ប្រសិន​ភាគី​អ្នកទិញ​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​​ តើ​អ្នកលក់​ម៉ូតូ​ឲ្យ​ទៅ​គេ​នោះ​នឹង​ជួប​ផលវិបាក​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូចតទៅ ៖

ឧបមា​ថា លោក​ (​ក​) ​បាន​លក់​ម៉ូតូ​ ឬ​រថយន្ត​ឲ្យ​ទៅ​លោក​ (​ខ​) ​ប៉ុន្តែ​រវាង​អ្នក​ទាំង​ ២ ​នាក់​មិនបាន​ធ្វើលិខិត​ទិញ​លក់​អ្វី​ទេ​។ ក្រោយមក​លោក​ (​ខ​) ​បាន​យក​ម៉ូតូ​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ហើយ​រត់ចោល​ម៉ូតូ​។ ​លុះ​សមត្ថកិច្ច​ចាប់​ម៉ូតូ​នោះ​បាន តើ​លោក​ (​ក​) ​ដែល​ជា​ម្ចាស់​ដើម​នឹង​មាន​ទោស​ទេ​?

ចំពោះ​ករណីនេះ លោក​ (​ក​) ​បាន​លក់​ម៉ូតូ​ ១ ​គ្រឿង​ទៅ​ឲ្យ​លោក​ (​ខ​) ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​លិខិត​ទិញ​លក់​ទេ ហើយ​ក្រោយ​មក​លោក​ (​ខ​) បាន​យក​ម៉ូតូ​នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស និង​បានគេច​ខ្លួន​ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​ដែល​ជា​វត្ថុតាង​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​។ បន្ទាប់មក​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ទៅ​ក៏​រកឃើញ​ថា ម៉ូតូ​ ១ ​គ្រឿង​នោះ​ជា​របស់​លោក​ (​ក​) ។ បញ្ហា​នេះ​លោក​ (​ក​) ​បាន​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​នោះ​គាត់​បាន​លក់​ទៅ​ឲ្យ​លោក​ (​ខ​) ​ហើយ ដូច្នេះ​គាត់​មិន​ទទួល​ខុសត្រូវ​ទេ​។ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវច្បាប់​វិញ​គឺ​គេ​មិន​គិត​ថា លោក​ (​ក​) លក់​ទៅ​ឲ្យ​លោក​ (​ខ​) ឬ​យ៉ាង​ម៉េច​ទេ ព្រោះ​ច្បាប់​ទាមទារ​រក​ភ័ស្តុតាង​ជាក់លាក់​ច្បាស់លាស់​ថា បើ​លោក​ (​ក​) ​ពិតជា​លក់​ម៉ូតូ​នោះ​ទៅ​ឲ្យ​លោក​ (​ខ​) ​មែន​ត្រូវ​មាន​លិខិត​ទិញ​លក់​បញ្ជាក់ថា ខ្លួន​ពិតជា​លក់​ម៉ូតូ​ទៅ​ឲ្យ​លោក​ (​ខ​) ​ពិតប្រាកដ​មែន​។ ករណី​មិនមាន​អ្វី​ជា​សំអាង​បង្ហាញ​ដល់​សមត្ថកិច្ច​នោះ គឺ​សមត្ថកិច្ច​នឹង​ឃាត់​ខ្លួន​លោក​ (​ក​) ​ហើយ ព្រោះ​សមត្ថកិច្ច​ផ្អែក​ទៅ​លើ​ម៉ូតូ​នោះ​ជា​របស់​លោក​ (​ក​) ហើយ​យល់ថា ឲ្យ​តែ​អ្នកណា​ជា​ម្ចាស់​ម៉ូតូ​នោះ​គឺ​អ្នក​នោះ​ហើយ​ប្រព្រឹត្ត​បទល្មើស​។

បាន​សេចក្តី​ថា​មួយរយ​ភាគរយ​គឺ​លោក​ (​ក​) ​ត្រូវ​ជាប់​សង្ស័យ​ថា ជា​អ្នកប្រព្រឹត្ត​បទល្មើស​ហើយ ព្រោះ​ថា​លោក​ (​ក​) ​គ្មាន​ភ័ស្តុតាង​ផ្ទុយ​ដើម្បី​បង្ហាញ​ ឬ​អះអាង​ដល់​សមត្ថកិច្ច​។ ខ្ញុំ​ឧទាហរណ៍​មួយ​ទៀតថា ឧបមាថា ជន​ម្នាក់​យក​ម៉ូតូ​នោះ​ទៅ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​គេ ហើយ​ពេល​គេ​ដេញ​ក៏​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេចខ្លួន​។ ដល់​ពេល​សមត្ថកិច្ច​យក​ម៉ូតូ​នោះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​គល់បញ្ជី​ឃើញ​ថា ជា​របស់​លោក​ (​ក​) ។ បាន​ន័យ​ថា ម៉ូតូ​នោះ​នៅ​តែ​មាន​ឈ្មោះ​លោក​ (​ក​) ​ដដែល ដូច្នេះ​សមត្ថកិច្ច​ត្រូវ​កោះហៅ​លោក​ (​ក​) ​មក​សួរនាំ ព្រោះ​លោក​ (​ក​) ​ជា​ម្ចាស់​ម៉ូតូ​។ តែបើ​ម៉ូតូ​នោះ​លោក​ (​ក​) ​បាន​ធ្វើ​លិខិត​ទិញ​លក់​ទៅ​ឲ្យ​លោក​ (​ខ​) ​មែន​គឺ​សមត្ថកិច្ច​នឹង​ធ្វើ​ការស្រាវជ្រាវ​រក​អត្តសញ្ញាណ​លោក​ (​ខ​) តែ​ប៉ុណ្ណោះ​។ ​ចំណែកឯ​លោក​ (​ក​) ផុត​ពី​ការទទួល​ខុសត្រូវ​ហើយ​។

ករណី​នេះ​ប្រសិន​បើ​លោក (​ក​) ​ពេល​លក់​ម៉ូតូ​មាន​តែ​សាក្សី​ដឹងឮ តើ​យ៉ាងម៉េច​ដែរ​?

ករណី​នេះ​ប្រសិន​បើ​លោក​ (​ក​) ​គាត់​មិនបាន​ធ្វើលិខិត​ទិញ​លក់​ហើយ​មាន​មនុស្ស​ធ្វើ​ជា​សាក្សី​ក៏បាន ប៉ុន្តែ​ធ្វើ​យ៉ាងណា​សាក្សី​នោះ​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​ ឬ​តុលាការ​ជឿ​បាន​។ ប៉ុន្តែ​ពេល​ខ្លះ​សមត្ថកិច្ច ឬ​តុលាការ​មិន​អាច​ជឿ​លើ​សាក្សី​បាន​ទេ ដោយសារ​តែ​សាក្សី​នោះ ឆ្លើយ​មិន​ច្បាស់លាស់​។ បើ​ជា​ការល្អ​បំផុត​នោះ​លោក​ (​ក​) នៅពេល​លក់​ម៉ូតូ​ទៅ​ឲ្យ​លោក​ (​ខ​) ដើម្បី​ឲ្យ​រួច​ផុតពី​ហេតុការណ៍​អាក្រក់​ណា​មួយ​ទៅ​ថ្ងៃក្រោយ ត្រូវតែ​ធ្វើការ​កាត់​ឈ្មោះ​នៅ​គល់បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ជា​ការល្អ​៕