ជាទូទៅការធ្វើជំនួញរបស់ក្រុមហ៊ុនសហគ្រាសនីមួយៗតែងតែមានសញ្ញា (ម៉ាក) សម្រាប់សម្គាល់ថា ជាកម្មសិទ្ធិឱ្យក្រុមហ៊ុន ឬសហគ្រាសនោះ។ ចង់ដឹងថា តើច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់បានកំណត់និយមន័យនៃ (ម៉ាក) នេះយ៉ាងណានោះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ខាន់ ច័ន្ទកូលិច ជាប្រធានការិយាល័យមេធាវីមហិស្សរា និងជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកដែលមានការិយាល័យស្ថិតនៅផ្ទះលេខ ២២៩ បេផ្លូវ ២៧១ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញដូចខាងក្រោម៖
ដូចម្តេចដែលហៅថា ម៉ាក? តើម៉ាកមានសារៈសំខាន់ដូចម្តេចដែរតាមផ្លូវច្បាប់?
អនុលោមទៅតាមច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាកគឺសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវារបស់សហគ្រាសនីមួយៗ។
ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថាពាណិជ្ជសញ្ញាហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវាសញ្ញាហៅថាសេវាសញ្ញា។ ម៉ាកទាំង ២ ប្រភេទនេះត្រូវបានគេហៅជារួមថាម៉ាក។ សញ្ញាទាំងនេះរួមមានឈ្មោះបុគ្គល អក្សរសញ្ញាលេខ ពណ៌ សមាសធាតុរូបភាព និងការផ្គុំនៃពណ៌។
ចំពោះអត្ថប្រយោជន៍នៃម៉ាកតាមផ្លូវច្បាប់៖
សង្គម៖ រដ្ឋទទួលបានកម្រៃចុះបញ្ជី និងបង្ហាញទំនុកចិត្ត និងទាក់ទាញវិនិយោគិន។
ម្ចាស់ម៉ាក៖ ទទួលបានសិទ្ធិផ្តាច់មុខលើម៉ាកទទួលបានសិទ្ធិប្រឆាំង និងការរំលោភបំពានលើម៉ាក។
អ្នកប្រើប្រាស់៖ ធានាលើការប្រើប្រាស់ទំនិញប្រកបដោយគ្មានការភាន់ច្រឡំ។
អត្ថប្រយោជន៍នៃម៉ាកសំខាន់ៗសម្រាប់សហគ្រាសមានដូចជា៖
ទាក់ទាញអតិថិជន និងពង្រឹងយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារកំណត់អំពីរូបភាព និងកេរ្តិ៍ឈ្មោះរបស់សហគ្រាស។
បង្កើនភាពទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ដែលបង្កើតបានជាមូលនិធិពាណិជ្ជកម្មយ៉ាងរឹងមាំសម្រាប់សហគ្រាស។
កំណត់អំពីគុណភាពនៃទំនិញ ឬសេវា និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ទំនិញ ឬសេវាដែលពាក់ម៉ាកនោះ។
ផ្តល់ការលើកទឹកចិត្តដល់សហគ្រាសដើម្បីពង្រីកការវិនិយោគ និងពង្រឹងគុណភាពនៃទំនិញ ឬសេវាដែលពាក់ម៉ាកនោះដែលជាលទ្ធផលវានឹងផ្តល់តម្លៃ និងភាពល្បីនៃម៉ាកនោះវិញចំពោះម្ចាស់ម៉ាក។
តើគេអាចប្រើប្រាស់ម៉ាកបានក្នុងជំនួញប្រភេទណា?
គេអាចប្រើប្រាស់ម៉ាកនៅគ្រប់ប្រភេទនៃជំនួញ។
ប្រសិនបើពាណិជ្ជករ ឬអ្នកជំនួញដទៃលួចប្រើប្រាស់ម៉ាកជាកម្មសិទ្ធិអ្នកផ្សេងត្រូវទទួលទោសបែបណា?
ក្នុងន័យទូទៅ អំពើរំលោភបំពានសិទ្ធិលើម៉ាកត្រូវបានកំណត់ថាជាការប្រើប្រាស់ម៉ាកគ្រប់រូបភាពដោយពុំមានការអនុញ្ញាតជាមុនពីម្ចាស់ម៉ាក។
ការរំលោភម៉ាកអាចកើតឡើងតាមរយៈ ៣ រូបភាព ទី ១ គឺការក្លែងបន្លំម៉ាក ទី ២- ការធ្វើត្រាប់តាមម៉ាក និងទី ៣- ការប្រើប្រាស់ម៉ាកគេដោយពុំមានការអនុញ្ញាត។ សេវា ឬផលិតផលដែលកើតចេញពីអំពើខាងលើនេះត្រូវបានចាត់ទុកថាជាទំនិញដែលពាក់ម៉ាកក្លែងក្លាយ។
ចំពោះដំណោះស្រាយលើការរំលោភម៉ាកចែកចេញជា ២ គឺទី ១- ដំណាក់កាលនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងទី ២- ដំណាក់កាលតុលាការ។ ចំពោះទោសបញ្ញត្តិនៃអំពើរំលោភបំពានម៉ាក៖ រាល់ការរំលោភបំពានទៅលើម៉ាកដូចដែលបានកំណត់នេះគឺជាបទល្មើសព្រហ្មទណ្ឌយោងតាមមាត្រា ៦៤ មាត្រា ៦៦ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ជនល្មើសត្រូវពិន័យជាប្រាក់ពី ១ លានរហូតដល់ ២០ លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំដល់ ៥ ឆ្នាំ។ ក្នុងករណីមិនរាងចាលជនល្មើសត្រូវទទួលខុសត្រូវទ្វេដងចំពោះការពិន័យជាប្រាក់ និងដាក់ពន្ធនាគារដូចមានចែងក្នុងមាត្រា ៦៧ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕