កន្លងមក គេ​ឃើញ​មាន​អ្នករងគ្រោះថ្នាក់​ស្លាប់ និង​របួស​ពី​ការសាងសង់​សំណង់​អគារ ប៉ុន្តែ​ផ្លូវច្បាប់ តើ​អ្នកពាក់ព័ន្ធ​ដែល​បង្ក​គ្រោះថ្នាក់​នោះ​នឹង​មាន​ចំណែក​ទទួលខុសត្រូវ​បែបណា​ដែរ​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ-ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី លី កុសល ដែល​មាន​ការិយាល័យ​មេធាវី​ផ្ទះ​លេខ ​៤៥Eo ផ្លូវ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ករណី​រលំ​ដង​ស្ទូច​ក្នុង​ការដ្ឋាន​សំណង់​ ១ បណ្តាល​ឱ្យ​សង្កត់​មនុស្ស​ស្លាប់​។ ​តើ​រឿង​​នេះ​អ្នកបញ្ជា​ដង​ស្តួច​ជា​អ្នក​ទទួលខុសត្រូវ​លើ​ជនរងគ្រោះ​​ ឬ​ម្ចាស់​ការដ្ឋាន​សំណង់​?

យោង​តាម​មាត្រា​ ២៤ ​នៃ​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​អំពី​គោលការណ៍​ឯកតកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ មាន​ន័យ​​ថា​អ្នកណា​ជា​អ្នកប្រព្រឹត្ត​បទល្មើស អ្នកនោះ​គឺជា​អ្នក​ទទួល​ខុសត្រូវ​ដែល​ភាសា​ខ្មែរ​យើង​និយាយ​យ៉ាង​សាមញ្ញ​ថា​ “​អ្នកណា​ធ្វើ​អ្នកនោះ​ទទួល​” ​គឺ​សំដៅ​ដល់​ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន បើ​បុគ្គល​ណា​ម្នាក់​ជា​អ្នកប្រព្រឹត្ត​បទល្មើស​។

ដូច្នេះ​បុគ្គល​នោះ​ជា​អ្នក​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ប្រសិន​បើ​រកឃើញ​គ្រប់គ្រាន់​នូវ​ធាតុ​ផ្សំ បទល្មើស​នោះ​។ ដោយឡែក​សម្រាប់​ម្ចាស់​ការដ្ឋាន​សំណង់ ប្រសិនបើ​គាត់​ជា​និយោជក​ (​ថៅកែ​) ​គាត់​ត្រូវមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​នូវ​សំណង​រដ្ឋប្បវេណី​។

នេះ​បើ​ផ្អែក​ទៅ​លើ​មាត្រា​ ៧៤៧ នៃ​ក្រមរដ្ឋប្បវេណី​ស្តីអំពី​ការទទួល​ខុសត្រូវ​របស់​និយោជក​។ ដោយ​ក្នុងនោះ​បុគ្គល​ដែល​ប្រើ​និយោជិត​ (​អ្នក​ដែល​គេ​ប្រើ​ឱ្យ​ធ្វើការ​) ​ដើម្បី​អនុវត្ត​កិច្ចការ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​​ការសង​ការខូចខាត​ដែល​និយោជិត​បាន​បង្ក​ដល់​អ្នកដទៃ​ដោយ​ខុសច្បាប់ ។​ដោយ​កំហុស​ចេតនា​ ឬ​ដោយ​កំហុស​អចេតនា​ក្នុង​ការអនុវត្ត​កិច្ចការ​នេះ​។

ចុះបើ​ម្ចាស់​ការដ្ឋាន​សំណង់​ប្រកែក​មិន​ព្រម​ទទួល​ខុសត្រូវ​ដោយ​លើក​ហេតុផល​ថា បាន​ជួល​ផ្តាច់​ឱ្យ​មេការ​សំណង់​រួចហើយ​។ ​តើ​ជាគោលការណ៍​ច្បាប់​ត្រូវ​ដោះស្រាយ​បែប​ណា​?

ករណី​នេះ​យើង​ត្រូវ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់​ថា តើ​មាន​កិច្ចសន្យា​ម៉ៅការ​រវាង​ម្ចាស់​ការដ្ឋាន​សំណង់ និង​អ្នកម៉ៅការ​ឬ​ទេ​? ​ប្រសិនបើ​មាន​កិច្ចសន្យា​មែន​នោះ អ្នក​ម៉ៅការ​​សំណង់​គាត់ គឺជា​និយោជក​ហើយ​អ្នកបញ្ជា​ដង​ស្ទូច គឺជា​និយោជិត​។ ​ដូច្នេះ​អ្នកម៉ៅការ​គាត់​ត្រូវ​ទទួល​ផ្នែក​សំណង​រដ្ឋប្បវេណី​ (​បើសិន​ជា​រកឃើញ​​ថា​គាត់​មិន​បាន​ចូលរួម​ក្នុង​អំពើ​ផ្ទាល់​ដែល​បង្កើត​ឱ្យ​មាន​បទល្មើស​ទេនោះ​) ​។​ហើយ​ដើម្បីឱ្យ​និយោជក​ទទួលខុសត្រូវ​សង​សំណង​នៃ​ការខូចខាត​ដែល​កើតឡើង ដោយសារ​អំពើ​អនីត្យានុកូល​របស់​និយោជិត ត្រូវ​បំពេញ​លក្ខខណ្ឌ​ ៣ ​យ៉ាង​៖ ទី​១- ​ការប្រើ​និយោជិត​ដើម្បី​អនុវត្ត​កិច្ចការ​ណាមួយ​ជា​កំណត់​។ ​ទី២- ​អំពើ​អនីត្យានុកូល​​នោះ​កើតឡើង​នៅក្នុង​អំឡុង​ពេល​ដែល​និយោជិត​អនុវត្ត​កិច្ចការ​របស់ខ្លួន​។ ទី​៣- ​ព្យសនកម្ម​ដែល​កើតឡើង​គឺជា​អំពើ​របស់​និយោជិត​។

និយោជកមិន​អាច​បញ្ជាក់ថា ខ្លួន​បាន​ត្រួតពិនិត្យ​ដោយ​ត្រឹមត្រូវ​នៅលើ​ការអនុវត្ត​កិច្ចការ​របស់​និយោជិត​ដើម្បី​អះអាង​ឱ្យ​ខ្លួន​រួច​ផុតពី​ការទទួល​ខុសត្រូវ​ចំពោះ​អំពើ​អនីត្យានុកូល​របស់​និយោជិត​ឡើយ​។ ដោយឡែក​ចំពោះ​អ្នកបញ្ជា​ដង​ស្ទូច គឺជា​អ្នកទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ក្នុង​ករណី​អំពើ​នោះ​កើតចេញពី​ចេតនា ឬ​កើតចេញ​ពី​ការខ្ជីខ្ជា ធ្វេសប្រហែស ការមិន​យកចិត្ត​ទុកដាក់ ការប្រមាថ​ជីវិត​អ្នកដទៃ​ជាដើម​។

តើ​ម្ចាស់​ការដ្ឋាន​សំណង់​ត្រូវ​សង​សំណង​រដ្ឋប្បវេណី​ដល់​ជនរងគ្រោះ​ ឬ​ក៏​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឬ​យ៉ាងណា​?

ក្នុង​ករណី​ដែល​រកឃើញ​ថា ម្ចាស់​ការដ្ឋាន​សំណង់​មិនបាន​សមគំនិត មិន​បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ផ្ទាល់​ជាមួយ​ចារី ហើយ​ប្រគល់​ភារកិច្ច​ទៅឱ្យ​អ្នកម៉ៅការ តាមរយ:​កិច្ចសន្យា​ម៉ៅការ នោះ​ម្ចាស់​ការដ្ឋាន​មិន​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះទេ​។

ក្នុង​ករណី​ជនរងគ្រោះ​ទទួល​បាន​សំណង​អស់ហើយ ឯ​ក្រុម​គ្រួសារ​គាត់​ក៏​មិន​ប្តឹង​ដែរ​។ តើ​ម្ចាស់​ការដ្ឋាន​សំណង់​នោះ​អាច​រួច​ផុតពី​ការ​ប្តឹងទៅ​តុលាការ​បានទេ​? ​ហើយ​នរណា​ជា​អ្នកមាន​សមត្ថកិច្ច​ប្តឹង​ជំនួស​ក្រុម​​ជនរងគ្រោះ​បាន​? ​ហេតុអ្វី​គេ​អាច​ប្តឹង​ជំនួស​ជនរងគ្រោះ​?

ម្ចាស់​ការដ្ឋាន​សំណង់ ឬ​អ្នកម៉ៅការ​សំណង់​អាច​រួច​ផុតពី​ការប្តឹង​ទារ​សំណង​រដ្ឋប្បវេណី ដោយ​ហេតុ​ថា គាត់​បាន​សង​សំណង​ទៅ​ភាគី​ជនរងគ្រោះ​រួចទៅហើយ​។ ប៉ុន្តែ​សម្រាប់​អ្នកប្រព្រឹត្ត​ផ្ទាល់​នូវ​អំពើ​អនីត្យានុកូល ហើយ​អំពើ​នោះ​ចូល​ជា​អំពើ​ល្មើស​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ គឺ​វា​ស្ថិតក្នុង​បណ្តឹង​អាជ្ញា ដែល​មិន​អាច​រំលត់​ដោយ​សំណង​រដ្ឋប្បវេណី​នោះ​ទេ​៕