The Phnom Penh Post Search

Search form

តើ​ការ​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា​ សុទ្ធ​តែ​អាច​ទទួល​យក​ឬ​ទេ​?

Content image - Phnom Penh Post
លោក មេធាវី យុង ផានិត ប្រធាន​នាយកដ្ឋាន​ការពារ​ក្ដី​ជនក្រីក្រ​។ រូបថត គឹម សារុំ

តើ​ការ​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា​ សុទ្ធ​តែ​អាច​ទទួល​យក​ឬ​ទេ​?

នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មាន​អគ្គព្រះរាជអាជ្ញារង​ ឬ​ក៏​ព្រះរាជអាជ្ញា​ជា​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​។

ដើម្បី​ជូន​ជ្រាប​ពី​អត្ថន័យ​ក្នុង​ផ្លូវ​ច្បាប់​ខាង​លើ​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី យុង ផានិត ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជន​ក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​គឺ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តែងតែ​អញ្ជើញ​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​ឡើង​សន្និដ្ឋាន​សម្រេច​នៅ​ក្នុង​រឿង​ក្តី​ណា​មួយ​។ ​តើ​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​ ឬ​មហាអយ្យការ​ជា​ការ​សម្រេច​យក​ទាំង​ស្រុង​ ឬ​ក៏​គ្រាន់​តែ​ជា​​នីតិវិធី​តំណាង​ឲ្យ​អ្វី​មួយ​?

នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ជា​គោលការណ៍​ត្រូវ​បាន​បែងចែក​ជា​ ២ ​គឺ​បណ្តឹង​អាជ្ញា​ និង​បណ្តឹង​រដ្ឋប្បវេណី​។ ​

តាម​នីតិវិធី​ពេល​បើក​សវនាការ​ជំនុំជម្រះ​រឿង​ព្រហ្មទណ្ឌ​គេ​យក​បណ្តឹង​អាជ្ញា​ជា​ធំ​មាន​ន័យ​ថា​លុះ​ណា​មាន​បណ្តឹង​អាជ្ញា​ជា​មុន​ទើប​មាន​បណ្តឹង​រដ្ឋប្បវេណី​។ មាន​ន័យ​ថា​បណ្តឹង​អាជ្ញា​សំដៅ​លើ​ការ​ដាក់ទោស​។ ​ពេល​មាន​បទល្មើស​កើតឡើង​គឺ​ត្រូវ​តែ​មាន​បណ្តឹង​អាជ្ញា​ហើយ​បណ្តឹង​រដ្ឋប្បវេណី​គឺជា​រឿង​បុគ្គល​ (​សំណង​)​។ ​ដើម្បី​ឲ្យ​យល់​ច្បាស់​ខ្ញុំ​ចង់​ញែក​ឲ្យ​ដាច់​ថា​បណ្តឹង​អាជ្ញា​គឺ​ធ្វើ​រវាង​រដ្ឋ​ជាមួយ​ជនសង្ស័យ​ ឬ​ជន​ជាប់ចោទ​​ព្រោះ​ព្រះរាជអាជ្ញា​តំណាង​ឲ្យ​រដ្ឋ​ (​ក្នុង​នាម​បុគ្គល​ផលប្រយោជន៍​សាធារណៈ​)​។ ​

ចំណែកឯ​បណ្តឹង​រដ្ឋប្បវេណី​គឺ​រវាង​បុគ្គល​ និង​បុគ្គល​មាន​ន័យ​ថា​ជនរងគ្រោះ​ក្នុង​នាម​ជា​បុគ្គល​ហើយ​គាត់​ទាមទារ​សំណង​ពី​បុគ្គល​ដែល​ជា​ជន​ជាប់ចោទ​ ឬ​ជនល្មើស​នោះ​។ ​

ដូច្នេះ​ហើយ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ចាំបាច់​ត្រូវ​តែ​មាន​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​ដាច់ខាត​។ បើ​គ្មាន​ទេ​គឺ​មិន​អាច​ដំណើរការ​នីតិវិធី​ជំនុំជម្រះ​បាន​ឡើយ​នៅ​ក្នុង​អង្គ​សវនាការ ប៉ុន្តែ​អាច​អវត្តមាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​។

នៅ​ពេល​តំណាង​មហាអយ្យការ​សន្និដ្ឋាន​គឺ​គាត់​សន្និដ្ឋាន​តែ​ទៅ​លើ​ទណ្ឌកម្ម​នៃ​បទល្មើស​ទេ​គាត់​មិន​សន្និដ្ឋាន​ទៅ​លើ​សំណង​​ទេ​ (​ការ​ខូចខាត​) ​មាន​ន័យ​ថា​តំណាង​មហាអយ្យការ​គ្រាន់​តែ​សន្និដ្ឋាន​ដាក់​បន្ទុក​ទៅ​លើ​បទល្មើស​ហើយ​និង​ទាមទារ​ឲ្យ​ផ្តន្ទាទោស​ទៅ​លើ​ជនល្មើស​ប៉ុណ្ណោះ​។

តើ​រាល់​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​ឬ​តំណាង​មហាអយ្យការ សុទ្ធ​តែ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​យក​ជា​បាន​ការ​ឬ​យ៉ាង​ណា​?

ទាក់ទង​នឹង​ភាព​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​គឺ​ព្រះរាជអាជ្ញា​ដែល​ជា​តំណាង​អយ្យការ​ ឬ​តំណាង​មហាអយ្យការ​នោះ​គឺ​គាត់​ជា​អ្នក​ចោទ​ប្រកាន់​ សន្និដ្ឋាន ដាក់​បន្ទុក​ដើម្បី​បង្ហាញ​​ពី​អាទិភាព​នៃ​បទល្មើស​ដោយ​គាត់​សន្និដ្ឋាន​ថា​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ជន​នោះ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ផ្តន្ទាទោស​ជន​នោះ​។ ​ចំណែកឯ​មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​វិញ​គាត់​ជា​អ្នក​សន្និដ្ឋាន​ដោះ​បន្ទុក​ឲ្យ​កូនក្តី​គាត់​ហើយ​ប្រសិន​បើ​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ទេ​គាត់​លើក​ពី​វិមតិ​សង្ស័យ​ណា​​មួយ​ដើម្បី​សុំ​ឲ្យ​កូនក្តី​គាត់​រួច​ផុត​ពី​បទ​ចោទ​។

រាល់​សវនាការ​តែងតែ​មាន​តំណាង​អយ្យការ​ ឬ​តំណាង​​មហាអយ្យការ​។ ​តើ​ការ​សម្រេច​របស់​តំណាង​អយ្យការ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទទួល​យក​ទាំង​ស្រុង​ឬ​?

ករណី​នេះ​មិនមែន​មាន​ន័យ​ថា​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក​យក​​ចិត្ត​ទុក​ដាក់​ពី​ការ​សម្រេច​របស់​តំណាង​អយ្យការ​នោះ​ទេ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដើម្បី​ការពារ​ទៅ​លើ​បណ្តឹង​អាជ្ញា​របស់​គាត់​ក្នុង​នាម​គាត់​ជា​ម្ចាស់​ដើមបណ្តឹង​អាជ្ញា​ប៉ុណ្ណោះ​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។