The Phnom Penh Post Search

Search form

តើ​ការ​ស៊ើបអង្កេត​ឡើង​វិញ ​ត្រូវ​ធ្វើ​នៅ​ពេល​ណា?

Content image - Phnom Penh Post
លោក​មេធាវី ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន អន្តរជាតិ ។ រូបថត ហ្វេសប៊ុក

តើ​ការ​ស៊ើបអង្កេត​ឡើង​វិញ ​ត្រូវ​ធ្វើ​នៅ​ពេល​ណា?

របាយការណ៍​សំយោគ​របស់​មន្រ្តី​នគរបាល​យុត្តិធម៌​ពាក់ព័ន្ធ​ជន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ​គឺជា​ចំណុច​គោល​ដែល​តុលាការ​ត្រូវ​យក​មក​វិនិច្ឆ័យ និង​ស៊ើបអង្កេត​លើ​របាយការណ៍​នោះ​រួម​នឹង​កំណត់​ហេតុ​បាន​មកពី​ការ​ស៊ើបសួរ​ជនល្មើស​របស់​តុលាការ​ផង។

ចំពោះ​ការ​ចោទប្រកាន់​ទៅ​លើ​ជនល្មើស​តុលាការ​ក៏​មិន​ផ្អែក​តាម​របាយការណ៍​នគរបាល​យុត្តិធម៌​ទាំង​ស្រុង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ជំនុំជម្រះ​ក្ដី​ករណី​ខ្លះ​ជនជាប់ចោទ​មិន​ត្រូវ​បាន​តុលាការ​យល់​ថា​ជា​ជន​ប្រព្រឹត្ត​បទល្មើស​ទេ​ហើយ​តម្រូវ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ទៀត​ផង។

ដើម្បី​ដឹង​ថា ​តើ​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​ឡើង​វិញ​តុលាការ​ធ្វើ​យ៉ាង​ដូចម្តេច​នោះ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សម្ភាស​លោក ឡោ គីមហ្គេច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៦R ផ្លូវ ២៥២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

មាន​សំណុំ​រឿង​ខ្លះ​ដែល​តុលាការ​បើក​សវនាការ​ជំនុំជម្រះ ប៉ុន្តែ​នៅ​មាន​មន្ទិល​សង្ស័យ​ថា​អាច​ជា​ការ​ភាន់ច្រឡំ​របស់​នគរបាល​ក្នុង​ការ​ធ្វើ​របាយការណ៍។ តើ​រឿង​នេះ​តុលាការ​ត្រូវ​ប្រកាស​ឲ្យ​ជន​ជាប់ចោទ​រួច​ពី​បទ​ចោទ​ទេ? ហើយ​តាម​ផ្លូវ​ច្បាប់​តើ​តុលាការ​អាច​ស៊ើបអង្កេត​ឡើង​វិញ​បាន​ឬទេ ?

នៅ​ក្នុង​រឿង​នេះ ប្រសិន​បើ​តុលាការ​នៅ​មាន​មន្ទិល​សង្ស័យ​តុលាការ​នឹង​ចាត់​របៀប​ដើម្បី​ស៊ើបអង្កេត​បន្ត​ទៀត ហើយ​នៅ​ក្រោយ​ពេល​ស៊ើបអង្កេត​ទៅ​ប្រសិន​បើ​រក​មិន​ឃើញ​ពិរុទ្ធភាព​តុលាការ​អាច​ឲ្យ​ជន​នោះ​រួច​ផុត​ពី​បទចោទ​បាន។

ក្នុង​ករណី​តុលាការ​ប្រកាស​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​ហើយ តើ​សំណុំ​រឿង​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​នោះ​ទេ​ឬ​យ៉ាង​ណា?

រឿង​នេះ​មាន ២ ករណី​ក្នុង​ករណី​ទី ១ តុលាការ​អាច​អនុញ្ញាត​ឲ្យ​ជន​នោះ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន ប៉ុន្តែ​គាត់​នៅ​តែ​ជា​ជនជាប់ចោទ​ដដែល។​ ចំពោះ​ករណី​ទី ២ គឺ​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ជន​នោះ​នៅ​ក្រៅ​ឃុំ​បាន​ទេ ពោល​គឺ​ឲ្យ​គាត់​នៅ​ក្នុង​ឃុំ​ហើយ​តុលាការ​ស៊ើប​បន្ត​ទៀត។ តែ​បើ​ក្នុង​ករណី​ដែល​តុលាការ​យល់​ឃើញ​ថា ជន​នោះ​គ្មាន​ពិរុទ្ធភាព​ទេ​គឺ​តុលាការ​សម្រេច​ឲ្យ​ជន​នោះ​រួច​ផុត​ពី​បទ​ចោទ​តែ​ម្តង។ ដូច្នេះ​គាត់​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង។

ក្នុង​ករណី​មាន​ការ​ស៊ើបអង្កេត តើ​តុលាការ​ត្រូវ​កំណត់​ពេល​ដែរ​ឬ​យ៉ាង​ណា?

បញ្ហា​នេះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ពីព្រោះ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដូចជា មិន​បាន​កំណត់​រយៈពេល​ស៊ើបអង្កេត​ថា​ត្រូវ​កំណត់​ពេល​ប៉ុន្មាន​ទេ។ តែ​គ្រាន់​តែ​ចែង​ថា​ការ​ស៊ើបអង្កេត​ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន​បំផុត។

ចំពោះ​ការ​ស៊ើបអង្កេត តើ​តុលាការ​មាន​ក្រុម​ការងារ ឬ​ក៏​ចៅក្រម​ដែល​ត្រូវ​ជំនុំជម្រះ​ចុះ​ទៅ​ដោយ​ផ្ទាល់​ឬ​ទេ?

ក្នុង​ករណី​នេះ​ជាទូទៅ​ចៅក្រម​គាត់​ទៅ​ស៊ើបអង្កេត​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​ចៅក្រម​នោះ​ជាប់​ភារកិច្ច​គឺ​គាត់​ចង្អុល​បង្ហាញ​ឲ្យ​នគរបាល​យុត្តិធម៌​ទៅ​ស៊ើប ឬ​មួយ​ក៏​តុលាការ​នៅ​ថ្នាក់​ខេត្ត-ក្រុង​សាម៉ី​ស៊ើប។

នៅ​ក្នុង​មាត្រា ៣៣៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ស្តីពី​ព័ត៌មាន​បន្ថែម​ដែល​បង្គាប់​ដោយ​តុលាការ​ចែង​ថា​ប្រសិន​បើ​យល់​ឃើញ​ថា​ការ​ស្រាវជ្រាវ​ថ្មី​ជា​ការ​ចាំបាច់​តុលាការ​អាច​បង្គាប់​តាម​សាលក្រម​ឲ្យ​ស៊ើបសួរ​បន្ថែម។

អ្នក​ដែល​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបសួរ​បន្ថែម​នេះ​គឺៈ

-ប្រធាន​សវនាការ

-ចៅក្រម​មួយ​រូប​នៃ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​កាលណា​តុលាការ​សម្រេច​ជា​ក្រុម​សមូហភាព

-ចៅក្រម​ដទៃ​ទៀត​នៃ​តុលាការ​ជាន់​ដំបូង។

សាលក្រម​ដែល​បង្គាប់​ឲ្យ​ស៊ើបសួរ​បន្ថែម​ត្រូវ​ចាត់​តាំង​ចៅក្រម​ឲ្យ​ទទួល​ភារកិច្ច​នេះ។

នៅ​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា​នឹង​ចៅក្រម​ស៊ើបសួរ ចៅក្រម​នេះ​អាចៈ

-ចុះ​ទៅ​លើ​គ្រប់​វិសាលភាព​នៃ​ដែន​សមត្ថកិច្ច​តុលាការ ឬ​លើ​គ្រប់​វិសាលភាព​នៃ​ដែនដី​ជាតិ

-ស្តាប់​ចម្លើយ​សាក្សី

-ធ្វើការ​ឆែកឆេរ

-ចាប់​យក​វត្ថុតាង

-បង្គាប់​ឲ្យ​ធ្វើ​កោសល្យវិច័យ។

ដើម្បី​អនុវត្ត​ការ​ស៊ើបសួរ​បន្ថែម​នេះ​ចៅក្រម​អាច​ចេញ​ដីកា​ចាត់​ឲ្យ​សួរ​ជំនួស​ក៏​បាន​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។