មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា​មាន​ការ​អនុវត្ត ​និង​ដាក់​ពិន័យ​ដល់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​ប្រព្រឹត្ត​ខុស​ពី​សំណាក់​ថ្នាក់​លើ​ហាក់​ដូចជា​មាន​ភាព​លម្អៀង​ និង​ខ្វះ​តម្លាភាព​។ ​

ជុំវិញ​​រឿង​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​​ជាមួយ​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ (ANSA) ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ករណី​នគរបាល​ចរាចរណ៍​ ២ ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​យក​លុយ​ពី​ជនជាតិ​វៀតណាម​ ២០ ​ដុល្លារ​ហើយ​ត្រូវ​ថ្នាក់​លើ​បណ្តេញ​​ចេញ​ពី​តួនាទី ប៉ុន្តែ​ដោយ​មាន​ការ​សំណូមពរ​ពី​មហាជន​តាម​បណ្តាញ​សង្គម​ក៏​មាន​ការប្ដូរ​មក​ត្រឹម​តែ​ដាក់​ពិន័យ​រដ្ឋបាល​វិញ ចំពោះ​លោក​តើ​យល់​យ៉ាង​ណា​ដែរ​លើ​ការផ្លាស់ប្ដូរ​នេះ​?

ចំណុច​នេះ​ខ្ញុំ​យល់​ថា​ការ​សម្រេចចិត្ត​របស់​ថ្នាក់លើ​ប៉ូលិស​ដូចជា ឆាប់​រហ័ស​ហើយ​ទំនង​ជា​មាន​ចេតនា​មួយ​ឆ្លើយតប​ជាមួយ​នឹង​ការរិះគន់​ដ៏សម្បើម​​នៅក្នុង​បណ្តាញ​សង្គម​។

ករណី​នេះ​ដោយសារ​តែ​ឃើញ​ការរិះគន់​នេះ​ហើយ​ទើប​មាន​វិធានការ​​ដូចជា ដកស្រួល ដាក់​ស្រួល​យ៉ាង​ម៉េច​ទេ​។ ​យើង​នៅ​តែ​យល់​ថា​របៀប​ឆ្លើយតប​ក្នុង​ការ​ចាត់​វិធានការ​កម្រិត​រដ្ឋបាល​ទៅ​លើ​ប៉ូលិស​ចរាចរណ៍​ ២ ​រូប​ហ្នឹង​ជា​ការអនុវត្ត​មួយ​ដែល​ខ្វះ​នីតិវិធី​។ ​តាម​ខ្ញុំ​យល់​ត្រូវ​តែ​មាន​ការ​អនុវត្ត​តួនាទី​ខុស​ ឬ​មួយ​ក៏​ហៅថា​ការអនុវត្ត​ភារកិច្ច​ដែល​ផ្តល់​ជូន​នោះ​ខុស​។ ការពិន័យ​ក្នុង​នោះ​មាន​ការ​ស្តីបន្ទោស​ផ្ទាល់មាត់​ ឬ​ក៏​លាយលក្ខណ៍​អក្សរ ចាំ​បាច់​ត្រូវ​ធ្វើ​ឡើង​ជា​មុន​សិន​។ ​

ករណី​មិន​រាង​ចំពោះ​ការអនុវត្ត​ពិន័យ​រដ្ឋបាល​ឈាន​ដល់​ការបណ្តេញចេញ​វា​ជា​រឿង​មួយ​ដែល​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​យើង​បាន​ឃើញ​ទាក់ទង​នឹង​ការសម្រេចចិត្ត​របស់​ស្ថាប័ន​ប៉ូលិស​នៅពេល​កន្លង​មក​នេះ​។ ​បន្ទាប់ពី​មាន​ការ​រិះគន់​ទៅ​លើ​នីតិវិធី​នេះ​ហើយ​បាន​ជា​យើង​ឃើញ​អំពី​ការប្រែប្រួល​នៃ​ការបណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​មក​ជា​ការព្យួរ​ការងារ​ជំនួស​វិញ​។

សូម​លោក​ប្រៀបធៀប​ទៅ​នឹង​រឿង​ពី​ឆ្នាំ​មុន​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់ បាន​បាញ់​កាំភ្លើង​ឡើង​លើ ព្រោះ​ខឹង​អ្នក​ដំណើរ​។ ​ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ត្រឹម​ថ្នាក់​លើ​ដាក់​ពិន័យ​រដ្ឋបាល​​តែ​ប៉ុណ្ណោះ​។ ​បើ​ប្រៀបធៀប​នឹង​មន្ត្រី​នគរបាល​ចរាចរណ៍​ ២​ ​រូប​នេះ​គឺ​ខុស​គ្នា តើ​បញ្ហា​នេះ​លោក​​គិត​ថា​តម្លាភាព​នៃ​ការចាត់ចែង​ការងារ​របស់​ថ្នាក់​លើ​ម៉េច​ដែរ​?

ដើមហេតុ​នៃ​ទង្វើ​ដែល​ឈាន​ដល់​ការពិន័យ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ដើមហេតុ​នៃ​សំណុំរឿង​នេះ​។ ​នៅពេល​សមត្ថកិច្ច​មួយ​រូប​គំរាមកំហែង​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​ ឬ​ក៏​អ្នក​នៅ​ជុំវិញ​ខ្លួន​ថា តើ​ការគំរាម​កំហែង​នោះ​ក្នុង​គោលបំណង​អី​? ​ក្នុង​ការ​បំភិតបំភ័យ ការការពារ​ខ្លួន​ ឬ​ក៏​បំភិតបំភ័យ​ក្នុង​ប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់​? ​អីចឹង​ទោះបី​ប៉ូលិស​ជា​សមត្ថកិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់​ក៏ដោយ តែ​ពួកគេ​ក៏​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដែរ​។ ​បើ​ប្រៀបធៀប​ជាមួយ​នឹង​សំណុំ​រឿង​ដែល​ប៉ូលិស​ចរាចរណ៍​ទារ​​លុយ​ពី​ជនជាតិ​វៀតណាម​នោះ​គឺ​វា​មាន​ទម្រង់​ខុស​គ្នា​ដែរ​។ ​ទម្រង់​​ខុស​គ្នា​យ៉ាង​ម៉េច បើ​គេ​ពិនិត្យ​មើល​ទៅ​លើ​ដើមហេតុ​។ អីចឹង​ទាក់ទង​ជាមួយ​នឹង​ការបាញ់​គំរាម​ហើយ​ប្រសិន​បើ​ការបាញ់​នោះ​វា​ពាក់ព័ន្ធ​នឹង​ការទារ​ផលប្រយោជន៍​គឺ​សំណុំ​រឿង​នោះ​វា​កាន់តែ​ធ្ងន់ធ្ងរ​។ ​

បើ​ប្រៀបធៀប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ ២ ​រូប​នេះ​ទៀត​សោត អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​នោះ​គឺ​ដោយសារ​នីតិវិធី​នៃ​ការបណ្តេញចេញ​នេះ​វា​មិន​ត្រឹមត្រូវ​ទៅ​តាម​លំដាប់​លំដោយ​តែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​បើ​ក្នុង​ករណី​ដែល​សំណុំ​រឿង​អនុវត្ត​ដែល​គេ​ហៅថា តួនាទី​ហ្នឹង​ខុស គឺ​វា​ពាក់ព័ន្ធ​នឹង​ការដាក់ពិន័យ​ផ្នែក​រដ្ឋបាល​ដែល​ឈាន​ទៅ​ដល់​ការបណ្តេញចេញ​ហ្នឹង​វា​ជា​ជំហានៗ​របស់​វា​។

រីឯ​រឿង​មួយ​ទៀត​គឺ​រឿង​នគរបាល​ចរាចរណ៍​ទារ​លុយ​ពី​អ្នក​ដំណើរ​ដែល​គេ​ហៅថា វា​ផ្ទុយ​នឹង​ច្បាប់​គឺ​ប៉ូលិស​ចរាចរណ៍​នោះ​អាច​ប្រឈម​នឹង​ទោស​ផ្សេង​ទៀត​ដែល​ជា​បទល្មើស​ពុករលួយ​។ ​រឿង​ទាំង​ ២ ​ខាង​លើ​យើង​ចង់​ឲ្យ​មាន​ការ​វែកញែក​​ឲ្យ​បាន​ច្បាស់លាស់ ជាពិសេស​ការបែងចែក​ឲ្យ​បាន​ច្បាស់លាស់​​នៅក្នុង​ដំណើរការ​នៃ​ការដាក់​​ពិន័យ​។ ​រឿង​បណ្តេញចេញ​ ឬ​ក៏​រឿង​ព្យួរការងារ វា​គ្រាន់​តែ​ជា​នីតិវិធី​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ តែ​បើ​បទល្មើស​ហ្នឹង​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​សំណុំ​រឿង​ផ្សេង​ទៀត​គឺ​វា​ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ​។

អ្នក​ដែល​ប្រឆាំង​ពុករលួយ​ត្រូវ​តែ​ចាត់​វិធានការ​របស់​ខ្លួន​។ ​ពីព្រោះ​អី​ស្ថាប័ន​ប៉ូលិស​មិនមែន​ជា​ស្ថាប័ន​សម្រេច​ទៅ​លើ​សំណុំ​រឿង​ពុករលួយ​ទេ​។ ​ខ្ញុំ​យល់ថា​សមត្ថកិច្ច​ប៉ូលិស​គាត់​គ្រាន់​តែ​ចាត់​វិធានការ​កូនចៅ​របស់​គាត់​នៅ​ក្នុង​កម្រិត​រដ្ឋបាល​ប៉ុណ្ណោះ​។

ការអនុវត្ត​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ហាក់​ដូចជា​ខុស​គ្នា​គ្មាន​តម្លាភាព​។ ​អីចឹង​ករណី​ហ្នឹង​អាច​ធ្វើឲ្យ​មហាជន​គាត់​មើល​ឃើញ​ថា​ជា​ការ​អនុវត្ត​​មាន​ភាពលម្អៀង​ហើយ​បើ​បែប​នេះ​អាច​ជា​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​ថ្ងៃ​ក្រោយ​ទេ ?

ខ្ញុំ​ឃើញ​ការសម្រេចចិត្ត​ទៅ​លើ​សំណុំ​រឿង​ ២ ​ខុស​គ្នា​ហើយ​ការអនុវត្ត​ទៅ​លើ​ករណី​នីមួយៗ​​មាន​ការ​លម្អៀង​។ អីចឹង​ហើយ​ដោយសារ​ទំហំ​ ឬ​ក៏​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ ២ ​ហ្នឹង​កំពុង​តែ​នាំ​មក​នូវ​អយុត្តិធម៌​ហើយ​អយុត្តិធម៌​ហ្នឹង​វា​មិន​សំដៅ​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​ដែល​មិន​គ្រាន់​តែ​អ្នក​ងាយ​​រងគ្រោះ​ទេ សូម្បី​តែ​ជួរ​សមត្ថកិច្ច​ដូច​គ្នា​ហ្នឹង​ក៏​មាន​ភាពលម្អៀង​ផង​ដែរ​។ ​អីចឹង​អយុត្តិធម៌​បែប​នេះ វា​មាន​គ្រប់​ច្រកល្ហក​។ ​អីចឹង​ហើយ​ស្តង់ដារ​នៃ​ការអនុវត្ត​ច្បាប់​នេះ​គឺ​គេ​ត្រូវតែ​រៀបចំ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​តែ​មួយ​។ ​

ស្តង់ដារ​តែ​មួយ​បាន​ន័យ​ថា​នីតិវិធី​ទាំងឡាយ​នៃ​ការអនុវត្ត​ច្បាប់​រដ្ឋបាល​ក្តី​ទាក់ទង​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ក្តី​ហ្នឹង​គឺ​ត្រូវ​តែ​មាន​ទម្រង់​មួយ​ច្បាស់លាស់ ហើយ​គ្រប់​គ្នា​ទាំង​អ្នក​អនុវត្ត​ច្បាប់ ទាំង​អ្នក​គោរពច្បាប់​ហ្នឹង​ត្រូវ​មាន​ការ​ទទួលទោស​ដូចៗ​គ្នា​ដែល​គេ​បាន​ប្រព្រឹត្ត​នូវ​កំហុស​ខុស​ឆ្គង​ទៅ​តាម​ប្រភេទ​បទល្មើស​ដែល​មាន​បទល្មើស​រដ្ឋបាល បទល្មើស​​ព្រហ្មទណ្ឌ​ហ្នឹង ។

អីចឹង​ច្បាស់​ណាស់ ការអនុវត្ត​ច្បាប់​នៅក្នុង​ទម្រង់​នៃ​នីតិរដ្ឋ​គឺ​គេ​ពិនិត្យមើល​ទាំង​រឿង​តូចតាច​រហូត​ដល់​រឿង​ធំដុំ​។ អីចឹង​រឿង​តូចតាច​ខ្លះ​វា​​ហាក់​ដូចជា​គ្មាន​ការចាប់​អារម្មណ៍​ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​អនុវត្ត​ឲ្យ​អ្នក​ដែល​មាន​ឥទ្ធិពល​នោះ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ វា​ជា​ទម្លាប់​អាក្រក់​។ ​ការ​ធ្វើ​អ្វី​តាម​ទម្លាប់​នេះ​ហើយ វា​បាន​ញាំញី​ទៅ​ដល់​យុត្តិធម៌​ក្នុង​សង្គម​មួយ​ដែល​មាន​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ ២ ​នេះ​បាទ​៕