កាលពីថ្ងៃចន្ទសប្ដាហ៍មុន ភ្នំពេញប៉ុស្ដិ៍ បានចុះផ្សាយមួយវគ្គរួចមកហើយជុំវិញមូលហេតុនៃការឃាត់ខ្លួនអ្នកស៊ីឈ្នួលភ្ជួរដីខុសច្បាប់ (ម្ចាស់យកដីរដ្ឋ) ដែលអាចកើតចេញពីបណ្តឹងរបស់សាមីអង្គភាព ឬចំណាត់ការរបស់មន្រ្តីនគរបាលយុត្តិធម៌ចំពោះការប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈការបកស្រាយរបស់លោក ផុន ធារិន មេធាវីនៃក្រុមហ៊ុនមេធាវី លីហ្គលសៀល មានការិយាល័យនៅផ្ទះលេខ ១០ ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯនៅថ្ងៃចន្ទនេះភ្នំពេញប៉ុស្ដិ៍សូមលើកយកវគ្គបញ្ចប់មកផ្សព្វផ្សាយតាមរយៈលោកមេធាវីដដែល មានខ្លឹមសារដូចខាងក្រោម៖
ចុះប្រសិនបើអ្នកអាស្រ័យផលលើដីនោះ ២០ ឆ្នាំ ដោយមានការបញ្ជាក់ពីមេភូមិមែន តើដីនោះអាចចាត់ទុកថាជាដីកម្មសិទ្ធិរបស់អ្នកដាំដំណាំបានទេ ?
យោងតាមមាត្រា ៣០ នៃច្បាប់ភូមិបាលឆ្នាំ ២០០១ ចែងថា “បុគ្គលទាំងឡាយដែលបានអាស្រ័យផលនៃភោគៈដោយសន្តិវិធី និងមិនមានជំទាស់ចាប់ពី ៥ (ប្រាំ) ឆ្នាំយ៉ាងតិចគិតមកដល់កាលបរិច្ឆេទនៃការប្រកាសច្បាប់នេះលើអចលនវត្ថុដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជនមានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិស្ថាពរ”។ ក្នុងករណីនេះ ប្រសិនបើប្រជាពលរដ្ឋត្រូវបានអាជ្ញាធរភូមិឃុំទទួលស្គាល់ការកាន់កាប់ និងអាស្រ័យផលលើដីរបស់ប្រជាពលរដ្ឋគាត់ [មេភូមិ] ហើយប្រជាពលរដ្ឋបានកាន់កាប់ដីនោះ ដោយជាប់លាប់រយៈពេល ៥ ឆ្នាំជាប់ៗគ្នាមុនច្បាប់ភូមិបាលឆ្នាំ ២០០១ ចូលជាធរមាន នោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់អាចត្រូវចាត់ទុកថា ជាកម្មសិទ្ធិករស្របច្បាប់ និងអាចស្នើសុំចុះបញ្ជីលើអចលនវត្ថុនោះបាន។
ប្រសិនបើដីនោះខាងជំនាញសុរិយោដីមិនបានចេញប្លង់កម្មសិទ្ធិឲ្យទេ តែប្រជាពលរដ្ឋបានរស់នៅអាស្រ័យផលលើដីនោះរយៈពេល ៥ ឆ្នាំឡើងទៅ តើអាចថាដីនោះក្លាយជាកម្មសិទ្ធិរបស់អ្នករស់នៅលើដីនោះបានទេ?
ក្នុងករណីនេះប្រសិនបើប្រជាពលរដ្ឋបានកាន់កាប់ដីរយៈពេល ៥ ឆ្នាំ ឬលើសពី ៥ ឆ្នាំ ដោយមិនអនុលោមតាមមាត្រា ៣០ នៃច្បាប់ភូមិបាលឆ្នាំ ២០០១ នោះអ្នកកាន់ដីនោះមិនអាចក្លាយជាកម្មសិទ្ធិករបានឡើយ។ ដូចគ្នានេះដែរ តាមមាត្រា ៣២ នៃច្បាប់នេះ អចលនវត្ថុទាំងឡាយ ដែលមិនអាចក្លាយជាកម្មសិទ្ធិ នៃអ្នកកាន់កាប់ស្របតាមច្បាប់នេះ ក្នុងករណីភោគី (អ្នកកាន់កាប់) បំពេញមិនបាននូវលក្ខខណ្ឌនៃច្បាប់ ដោយហេតុមកពីលក្ខណសម្បត្តិរបស់ខ្លួនជាភោគីកេងបន្លំ ឬដោយឥរិយាបថរបស់ខ្លួនជាភោគីដែលលួចលាក់នឹងច្បាប់ ឬដែលមិនចេញមុខឬជាភោគីដោយប្រើហិង្សា។ ចំណែកឯមាត្រា ១៧ ក៏បានហាមឃាត់ចំពោះការចាប់យកដីតាមទំនើងចិត្តណាមួយ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ឬរបស់នីតិបុគ្គលសាធារណបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន៕