ការយក​កាំបិត​ ឬ​អាវុធ​ទៅ​សម្លាប់​មនុស្ស​គឺជា​អំពើ​ល្មើស​ដែល​ជន​ប្រព្រឹត្ត​ត្រូវមាន​ទោស​។ ប៉ុន្តែ បើ​ជន​ម្នាក់​ខ្ចី​អាវុធ​ ឬ​ឧបករណ៍​ផ្សេង​ពី​អ្នកដទៃ​ទៅ​សម្លាប់​មនុស្ស​សួរថា តើ​ម្ចាស់​ឧបករណ៍​ទាំងនោះ​ត្រូវ​មានទោស​ឬ​យ៉ាងណា​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី អិល ប៊ី អិល មាន​ការិយាល័យ​នៅ​​ផ្ទះ​លេខ​ ១០ ផ្លូវ​១០៥ ភូមិ​បាក់​ទូក​សង្កាត់​ទួលសង្កែ​១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមា​ថា លោក​ (​ក​) ​បាន​ទៅ​ខ្ចី​កាំបិត​ពី​លោក​ (​ខ​) ​យក ទៅ​ចាក់​គេ​ស្លាប់ ហើយ​បាន​យក​កាំបិត​នោះ មក​ប្រគល់​ឲ្យ​លោក​ (​ខ​) ​វិញ​។ ​សួរថា ប្រសិនបើ​នគរបាល​រកឃើញថា កាំបិត​នោះ​ជា​របស់ លោក​ (​ខ​) ​តើ​នគរបាល​ត្រូវ​ចាប់ខ្លួន​លោក (​ខ​) ​ឬ​យ៉ាងណា​?

ប្រសិនបើ​មនុស្ស​ណា​ម្នាក់​ដែល​យើង​ធ្លាប់​ស្គាល់​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ ទៅមក​ជាប្រចាំ​ថ្ងៃ ដូចជា អ្នកជិតខាង ឬ​មិត្តភក្តិ ជាដើម វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នកភូមិ ផង​របង​ជាមួយ​សុំ​ខ្ចី​របស់របរ​គ្នា​ទៅវិញ ទៅមក ដូចជា កាំបិត ពូថៅ ចបកាប់ ឬ​របស់របរ​ផ្សេងៗ​ទៀត ដើម្បី​យក​ទៅ​កាប់​គាស់​ធ្វើស្រែ​​ចម្ការ​។ ​ប៉ុន្តែ​របស់របរ​ទាំង​នេះ វា​នឹង​ក្លាយ​ទៅ​ជា​អាវុធ​គ្រោះថ្នាក់ ប្រសិន​បើ​បុគ្គល​អ្នក​សុំ​ខ្ចី​នោះ​យក​ទៅ​ធ្វើជា​ឧបករណ៍​សម្លាប់​មនុស្ស​ទៅវិញ​។

ត្រឡប់មក​សំណួរ​ខាងលើ​នេះ​វិញ​លោក​​ (​ក​) ​បាន​ទៅ​ខ្ចី​កាំបិត​ពី​លោក​ (​ខ​) ​យកទៅ​ចាក់​សម្លាប់​គេ​ស្លាប់ ហើយ​លោក​ (​ក​) ​បាន​យក​កាំបិត​នោះ​មក​ប្រគល់​ឲ្យ​លោក​ (​ខ​) ​វិញ​។ ​នគរបាល​​រកឃើញ​ពី​តម្រុយ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ ដោយសារ​ការប្រើ​កាំបិត​កាប់ ឬ​ចាក់​សម្លាប់ ហើយ​នគរបាល​បាន​កំណត់​សញ្ញាណ​នៃ​កាំបិត​នោះ​គឺជា​កម្មសិទ្ធិ​របស់លោក​ (​ខ​)​។ ជាគោលការណ៍​ចំពោះ​មុខ​លោក​ (​ខ​) ​ស្ថិត​នៅ​ក្រោម​ការសង្ស័យ និង​ចាប់​ឃាត់ខ្លួន​ដើម្បី​យកមក​សាកសួរ​តាម​នីតិវិធី​។

បើ​លោក​ (​ខ​) ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន តើ​មកពី​មូលហេតុ​អ្វី​?

នៅក្នុង​ករណី​សំណួរ​ទី​ ១ ​ខាងលើ​ជា​គោលការណ៍​ចំពោះមុខ លោក​ (​ខ​) ​ស្ថិត​នៅ​ក្រោម​ការសង្ស័យ​នៃ​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ឬ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​ដោយ​តម្រុយ​នៃ​ការ​សន្មត​របស់​មន្ត្រីនគរបាល លោក​​ (​ខ​) ​បាន​ប្រើប្រាស់​កាំបិត​របស់​ខ្លួន​មក​កាប់​ ឬ​ចាក់​មកលើ​ជនរងគ្រោះ​រហូត​ដល់​ស្លា​ប់​។ ​មន្ត្រី​នគរបាល​ត្រូវធ្វើ​ការឃាត់ខ្លួន​លោក​ (​ខ​) ​យ៉ាងតិច​ ២៤​ ម៉ោង​សម្រាប់​ធ្វើការ​សាកសួរ​ចំពោះ​អំពើ​ឃាតកម្ម​មកលើ​ជនរងគ្រោះ និង​ស្វែងរក​តម្រុយ​ដែល​អាចពាក់ព័ន្ធ​បន្ថែមទៀត​។

ហេតុអ្វី​បានជា​លោក​ (​ខ​) ​ត្រូវ​ចូលរួម​មានទោស​ដែរ បើ​គាត់​មិន​បាន​ដឹងថា​លោក​ (​ក​) ​ខ្ចី​កាំបិត​ចាក់​សម្លាប់​គេ​ផង​? ​តើ​ការផ្តន្ទាទោស​លោក​ (​ខ​) ​សំអាង​ទៅលើ​អ្វី​?

តាម​អង្គហេតុ​ខាងលើ​លោក​ (​ក​) ​បាន​ខ្ចី​កាំបិត​ពី​លោក​ (​ខ​) ដោយ​លោក ​(​ខ​) ​មិន​បាន​ដឹងថា លោក​​ (​ក​) ​យក​កាំបិត​នោះ​ទៅ​សម្លាប់​មនុស្ស​ឡើយ​។ យោងតាម​មាត្រា​ ៤ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា ពុំមាន​បទល្មើស​ទេ ប្រសិន​បើ​គ្មាន​ចេតនា​ប្រព្រឹត្ត​។

ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ពិនិត្យ​ក្រោយ​ពេល​ដែល​លោក​ (​ក​) ​បាន​សម្លាប់​គេ​រួចហើយ​លោក​ (​ខ​) ​បាន​ដឹង​អំពី​អំពើ​ឃាតកម្ម​នោះ លោក​ (​ខ​) ​បាន​ជួយ​បិទបាំង​អំពើ​ឃាតកម្ម​នោះ ដោយ​លោក​ (​ខ​) ​មិន​ជាប់សាច់​ញាតិ​អ្វី​ជាមួយ​លោក​ (​ក​) ​ឡើយ និង​មិនបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល ទង្វើ​របស់​លោក​ (​ខ​) ​ជា​បទល្មើស​។

យោងតាម​មាត្រា​ ៥២៩ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទឧក្រិដ្ឋ​ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​បាន​ប្តឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេងទៀត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ០១ ​ខែ​ទៅ​ ០១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ ​រៀល​ទៅ​ ២០០ ០០០ រៀល​។

តើ​រវាង​លោក​ (​ក​) និង​លោក​ (​ខ​) ​មួយ​ណា​មាន​ទោស​ធ្ងន់​ជាង ព្រោះ​អី​លោក​ (​ក​) ​ជា​ជនដៃដល់​?

ក្នុង​ករណី​ដែល​លោក​ (​ក​) ​ត្រូវ​បាន​តុលាការ​បាន​ស្វែងរក​ឃើញថា បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម នោះ​តុលាការ​នឹង​ធ្វើការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១០ ​ឆ្នាំទៅ​​ ១៥ ​ឆ្នាំ​។ ​ដូចគ្នា​នេះ​ដែរ​ក្នុងករណី​លោក​ (​ក​) ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន នោះ​តុលាការ​នឹង​ផ្តន្ទាទោស​លោក​ (​ក​) ​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។

ដោយ​ឡែក​ករណី​តុលាការ​បាន​រកឃើញ​ថា លោក​ (​ខ​) ​មិន​បាន​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចំពោះ​អំពើ​ល្មើស​របស់​លោក​ (​ក​) បែរជា​ជួយ​បិទបាំង​អំពើ​ឧក្រិដ្ឋ​នេះ នោះ​តុលាការ​នឹង​ផ្តន្ទាទោស​លោក​ (​ខ​) ​ដាក់​ពន្ធនាគារ​ពី​ ១ ​ខែ​ទៅ​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ ​រៀល​ទៅ​​ ២០០ ០០០ រៀល​៕