កិច្ចសន្យា​រយៈពេល​ខ្លី​ ត្រូវ​បាន​មតិ​ខ្លះ​បក​ស្រាយ​ថា បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ និយោជិត ប៉ុន្តែ ​ខ្លះ​ថា ​កំពុង​លម្អៀង​ទៅ​រក​និយោ​ជក​ (ថៅកែ) រហូត​ដល់​មាន​ការ​តវ៉ា​ពី​កម្មករ ដែល​បច្ចុប្បន្ន​ខាង​ក្រសួង​ការងារ​ក៏​បាន​កំពុង​ពិភាក្សា​អំពី​កិច្ច​សន្យា​នេះ​ផងដែរ។

ជុំវិញ​អត្ថប្រយោជន៍​នៃ​កិច្ច​សន្យា​រយៈពេល​ខ្លី​នេះ ​ភ្នំពេញ​ប៉ុស្តិ៍ ​បាន​សម្ភាសន៍​ជាមួយ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

មាន​សហជីព​ខ្លះ​បាន​សម្តែង​ក្តី​បារម្ភ​ពី​កិច្ច​សន្យា​រយៈពេល​ខ្លី​សម្រាប់​កម្មករ​កាត់ដេរ។ ចំពោះ​លោក​យល់​ឃើញ​ថា កិច្ច​​សន្យា​បែប​នេះ​ បាន​បង្ក​បញ្ហា​​ដល់​កម្មករ​យ៉ាង​ម៉េច​ដែរ​ទៅ?

កិច្ច​សន្យា​ប្រភេទ​ខ្លី​នេះ ​វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្មករ​ និយោជិត ជាពិសេស​ការ​ប្រើប្រាស់​បញ្ហា​សិទ្ធិ​សេរីភាព​នៅ​ពេល​ដែល​កម្មករ​គាត់​បង្កើត​សហជីព​ ឬ ​ចង​ក្រង​សហជីព។ ការ​ដែល​ថៅកែ​រោងចក្រ​ប្រើ​ប្រាស់​កិច្ច​សន្យា​ខ្លី​ គឺ​គាត់​ងាយ​នឹង​បញ្ឈប់​កម្មករ​ពី​ការងារ​ដោយ​ថៅកែ​គាត់​លើក​ហេតុផល​ថា ដល់​កុងត្រា។ ដូច្នេះ​ថៅកែ​រោង​ចក្រ​អាច​នឹង​បញ្ឈប់​គាត់​ក្នុង​ហេតុ​ផល​ថា​ ដល់​កុងត្រា​អាហ្នឹង​ទី ១។

បញ្ហា​ទី​ ២ គឺ​ប្រសិន​បើ​កម្មករ និយោជិត​គាត់​មាន​ការ​ប្រើប្រាស់ ដូចជា ការ​តមាត់​តក​អី​ជាមួយ​អ្នក​គ្រប់គ្រង​ក៏​គេ​នឹង​បញ្ចប់​កិច្ច​សន្យា​ការងារ​គាត់​ឬ​បញ្ចប់​កុងត្រា​តែ​ម្តង ដោយ​ផ្តល់​សំណង​តិច​តួច​ ឬ ​ក៏​សំណង​ការ​ប៉ះប៉ូវ​គ្រាន់​តែ​បញ្ចប់​កុងត្រា​ ៣ ​ខែ។ ឬ​ទី ៣ បើ​កម្មករ​ជា​ស្រ្តី​ដែល​គាត់​ចូល​ទៅ​ធ្វើ​ការ​គាត់​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ទេ​ តែ​នៅ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​គឺ​ខាង​ថៅ​កែ​រោងចក្រ​ នឹង​បញ្ចប់​កុង​ត្រា​គាត់។​

ដូច្នេះ​កាល​ណា​កម្មករ​ប្រើប្រាស់​កិច្ច​សន្យា​ខ្លី​ គឺ​ខាង​ថៅកែ​រោង​ចក្រ​មិន​បាន​គិត​ពី​ប្រាក់​អតីត​ភាព​ប្រចាំ​ឆ្នាំ​ទេ។ ឧទាហរណ៍ថា ​ឆ្នាំ​ទី​ ១​ បាន​ ២​ ដុល្លារ​ឆ្នាំ​ទី​ ២ ​បាន​ ៣ ​ដុល្លារ ​អ៊ីចឹង​ទៅ។ អ៊ីចឹង​កាល​ណា​ប្រើ​ប្រាស់​ប្រភេទ​កុងត្រា​ខ្លី​គឺ​កម្មករ​មិន​បាន​ទទួល​អត្ថប្រយោជន៍​ហ្នឹង​ទេ។

ហេតុ​អ្វី​បាន​ជា​ខាង​ថៅកែ​រោង​ចក្រ​គាត់​មិន​ធ្វើ​កិច្ចសន្យា​រយៈពេល​វែង​សម្រាប់​និយោជិត?

ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​វែង​ ឬ ​ក៏​គេ​ហៅ​ថា​ កិច្ចសន្យា​មិន​មាន​រយៈពេល​កំណត់។

កិច្ច​សន្យា​រយៈពេល​វែង​ មាន​ន័យ​ថា​ ថៅ​កែ​មិន​ងាយ​ដេញ​កម្មករ​នេះ​ទី​ ១។ ទី​ ២ ​ប្រសិន​បើ​ក្រុម​ហ៊ុន​បញ្ឈប់​ពួកគាត់​គឺ​ក្រុមហ៊ុន​នឹង​មាន​ការ​ផ្តល់​សំណង​ដែល​មាន​លក្ខណៈ​ច្រើន​ជាង​កិច្ច​សន្យា​ខ្លី។ មាន​ន័យ​ថា​​ ប្រសិន​បើ​គាត់​បញ្ឈប់​កម្មករ​ដោយ​គ្មាន​កំហុស​ គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​នោះ ​គឺ​និយោជក​ត្រូវ​ផ្តល់​ប្រាក់​ទូទាត់​តាម​ផ្លូវ​ច្បាប់​ មាន​ការ​ប្តឹង​ មាន​ការ​បណ្តេញ​ចេញ មាន​ការ​សង​ជំងឺ​ចិត្ត​ឬ​ក៏​ប្រាក់​បំណាច់​ដែល​គេ​ហៅ​ថា ​ប្រាក់​ខែ​ចុង​ក្រោយ​ ឬ ​ប្រាក់​ដំណាច់​ឆ្នាំ។

ដូច្នេះ​ ការ​ទូទាត់​ក្នុង​ការ​ប៉ះប៉ូវ​គឺ​មាន​ច្រើន​អា​នេះ​បញ្ហា​ទី​ ១ ។ ទី​ ២​ គឺ​និយោជក​គាត់​ពិបាក​គ្រប់គ្រង​នៅ​ពេល​ដែល​កម្មករ​គាត់​ប្រើ​ប្រាស់​កិច្ច​សន្យា​មិន​កំណត់​ គឺ​ពួក​គាត់​មាន​ឥទ្ធិពល​ ឬ ​មាន​លទ្ធភាព​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​បង្កើត​សហជីព​ក្នុង​ការ​ចង​ក្រង​សហជីព​ ឬ ​ក្នុង​ការ​ទាមទារ​អ្វី​ផ្សេង​ៗ​ គឺ​កម្មករ​មាន​លទ្ធភាព​ច្រើន​ជាង។ ទី​ ៣​ គឺ​ក្រុម​ហ៊ុន​ធានា​ថា ​កាលណា​ក្រុមហ៊ុន​ប្រើ​ប្រាស់​ប្រភេទ​កិច្ច​សន្យា​ប្រភេទ​ហ្នឹង​ មាន​ន័យ​ថា​ ទៅ​ថ្ងៃ​អនាគត​ទៅ​វា​នឹង​ប្រឈម​ដោយ​កម្មករ​កាន់​តែ​ធ្វើ​ការ​យូ​រ​ទៅៗ គឺ​ប្រាក់​អតីតភាព​របស់​កម្មករ​កាន់​តែ​ច្រើន​ទៅៗ។

នៅ​ពេល​ដែល​មាន​ករណី​ថៅកែ​រត់​ចោល​ថៅ​កែ​បិទ​ទ្វារ​រោងចក្រ ជា​ដើម​យើង​ឃើញ​ថា​ មាន​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​តាម​ច្បាប់​គឺ​ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​ក្រុម​ហ៊ុន​ពិបាក។ ឧទាហរណ៍​ថា​ ក្រុមហ៊ុន​បើក​ ៥ ​ឆ្នាំ​ឬ​ក៏​ ៧-៨ ​ឆ្នាំ អ៊ីចឹង​ទៅ ហើយ​នៅ​ពេល​ដែល​កម្មករ​ធ្វើ​ការ​បាន​ ៧-៨ ​ឆ្នាំ​ ហើយ​ចុងក្រោយ​ក្រុមហ៊ុន​បែរ​ជា​បិទ​ទ្វារ​ ឬ ​ក៏​ចង់​រត់​ផ្សេងៗ​ហ្នឹង ​ក្រុមហ៊ុន​ហ្នឹង​ មាន​ការ​ពិបាក​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​ការ​ចរចា​ដោះស្រាយ។​

ហេតុ​ផល​ដែល​គិត​ទៅ​គឺ​ឃើញ​ច្រើន​អតីតភាព​កម្មករ​គឺ​មាន​ច្រើន​ឧទាហរណ៍​ថា កម្មករ​ ៥០០ ​នាក់​ ឬ​ក៏​ ១ ​ពាន់​នាក់​ធ្វើ​ការ​ ៨ ​ឆ្នាំ​ ១០ ឆ្នាំ​ ឬ ​ ១៥ ​ឆ្នាំ​ហើយ​ពេល​គិត​ទៅ​អស់​លុយ​ច្រើន។ អ៊ីចឹង​ហើយ​ថៅកែ​គាត់​មិន​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​ទូទាត់​សំណង​បាន​ទេ​ ដូច្នេះ​គាត់​រត់។ អាហ្នឹង​ហើយ​ដែល​ជា​ចំណុច​ពាក់​ព័ន្ធ​នឹង​និយោជក​គាត់​មាន​ការ​ពិបាក​នៅក្នុង​ការ​ដែល​ឲ្យ​កម្មករ​ប្រើ​ប្រាស់​នូវ​កិច្ច​សន្យា​ការងារ​រយៈពេល​វែង​នោះ​បាទ។

តើ​កិច្ច​សន្យា​រយៈពេល​ខ្លី​​សម្រាប់​កម្មករ​សព្វថ្ងៃ​មាន​ប៉ុន្មាន​ខែ​?

បច្ចុប្បន្ន​នេះ​យើង​ឃើញ​មាន​ច្រើន​ដូច​ជា​ មាន​រយៈ​ពេល​ ៣​ខែ​ ៦​ខែ​ តែ​កិច្ចសន្យា​ ៦ ​ខែ​ គឺ​យើង​ឃើញ​មាន​ច្រើន​ ហើយ​ខាង​និយោជក​គាត់​ប្រើ​ប្រាស់​កិច្ច​សន្យា​ប្រភេទ​ហ្នឹង​ហើយ​វា​រីក​សាយភាយ​តៗ​គ្នា​ទៅ​ដោយ​សារ​ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​​ប្រភេទ​ហ្នឹង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​កម្មករ​។

ចំពោះ​កិច្ច​សន្យា​រយៈពេល​ខ្លី​នេះ​ជា​ការ​កំណត់​នៅ​ក្នុង​ច្បាប់​របស់​ក្រសួង​ការងារ​ ឬ ​ក៏​គ្មាន​ទេ?​ ហើយ​បើ​ចេញ​ពី​ថៅកែ​រោងចក្រ​ ហេតុ​អ្វី​បាន​ជា​ខាង​ថៅកែ​ធ្វើ​បែប​ហ្នឹង?

បាទ​ ធាតុ​ពិត ​នៅ​ក្នុង​ច្បាប់​គេ​មិន​បាន​កំណត់​អំពី​ពេលវេលា​ទេ​ គឺ​មិន​បាន​កំណត់​ថា ៣ ខែ​ ឬ ​៦ ​ខែ​ គេ​អត់​បាន​កំណត់​ទេ។ ប៉ុន្តែ ​​នៅ​ក្នុង​ច្បាប់​គេ​គ្រាន់​តែ​ចែង​ថា កិច្ច​សន្យា​ការងារ​ទាំង​ឡាយ​ណា​ក៏​ដោយ​ គឺ​មិន​ឲ្យ​លើស​ពី​ ២ ​ឆ្នាំ​ទេ។​ ប៉ុន្តែ​និយោជក​ខ្លួន​ឯង​គាត់​ប្រើ​ប្រាស់​កិច្ច​សន្យា​ខ្លី​ ៣ ​ខែ​ហ្នឹង​គឺ​ខុស​ពី​ច្បាប់​ហើយ​ ដូច្នេះ ​ផ្លូវ​ច្បាប់​គឺ​ចូលធ្វើ​ការ​សាក​ល្បង​យ៉ាង​តិច​ ២ ខែ​។ អ៊ីចឹង​កាល​ណា​ហួស​ពី​ ២ ​ខែ ​ទៅ​គាត់​អាច​​ក្លាយ​ជា​កម្មករ​ជាប់​លាប់។

កិច្ច​សន្យា​រយៈពេល​ខ្លី​នេះ​បាន​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​ចំនួន​ ៥​ ភាគរយ។ តើ​ប្រាក់​ទាំង​នេះ​ ផ្តោត​លើ​​ចំណុច​​ណា​ខ្លះ? សូម​លោក​ពន្យល់​​អំពី​ប្រាក់​អត្ថប្រយោជន៍​នេះ។ ហេតុ​អ្វី​បាន​ជា​ថៅកែ​យក​កិច្ច​សន្យា​រយៈពេល​ខ្លី​នេះ​មក​អនុវត្ត​ចំពោះ​កម្មករ​កាត់ដេរ?

ប្រាក់​អត្ថប្រយោជន៍​ ៥ ​ភាគរយ​នេះ​​គឺ​គេ​សំដៅ​ទៅ​លើ​ប្រាក់​កុងត្រា មាន​ន័យ​ថា ប្រសិន​បើ​កម្មករ​ហ្នឹង​គាត់​ចប់​កុងត្រា​ជាមួយ​ថៅកែ​រយៈពេល​ ៣ ​ខែ​ ឬ ​ក៏​កុងត្រា​នោះ​ វា​មាន​សុពលភាព​ ៣ ​ខែ។ អ៊ីចឹង ៣ ​ខែ​ហ្នឹង​ ប្រសិន​បើ​គាត់​បញ្ចប់​ទៅ​វិញ​ ដែល​កម្មករ​ធ្វើ​ការ​ដល់​ខែ​បញ្ចប់​ឯក​ឯង​ ឬ ​គាត់​សុំ​ផ្តាច់​កុងត្រា​ ជាមួយ​ថៅកែ​ អ៊ីចឹង​​គាត់​ត្រូវ​ទទួល​បាន​ប្រាក់​ ៥ ​ភាគ​រយ​មាន​ន័យ​ថា​ ដូច​ប្រាក់​ខែ​ជាម​ធ្យម​ដែល​ប្រាក់​ខែ​ជា​មធ្យម​នេះ​ គេ​សំដៅ​ទាំង​ប្រាក់​ឈ្នួល​ ប្រាក់​ថែម​ម៉ោង​ប្រាក់​ធ្វើ​ការ​ថ្ងៃ​បុណ្យ​ ឬ ​ក៏​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​មាន​បូក-​បញ្ចូល​គ្នា​ទាំង​អស់​​រួច​យក​មក​ចែក​នឹង​ ៣។ មាន​ន័យ​ថា​យក​ប្រាក់​ខែ​មក​ចែក​មក​ឃើញ ៥ ភាគរយ​ហ្នឹង នេះ​ហើយ​នៅ​ពេល​បញ្ចប់​កុង​ត្រា។

បច្ចុប្បន្ន​នេះ ​ខាង​ក្រសួង​ការងារ​កំពុង​ពិនិត្យ​បញ្ហា​នេះ​ហើយ ហើយ​ជា​ទូទៅ​ខាង​សហជីព​ចង់​ឲ្យមា​ន​កិច្ច​សន្យា​ណា​មួយ​ច្បាស់​លាស់៕