តាមច្បាប់ ករណី​ចាប់រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ ហើយ​មនុស្ស​ពេញវ័យ​ដែល​ជា​អ្នកប្រព្រឹត្ត​បទល្មើស​នេះ តែងតែ​ត្រូវ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​។ ក៏ប៉ុន្តែ​ប្រសិនបើ​ជនល្មើស​ជា​អនីតិជន​ទៅ​ចាប់រំលោភ​ក្មេងស្រី​ជា​អនីតិជន​ដូចគ្នា​តើ​សមត្ថកិច្ច​ត្រូវ​ចាប់​ក្មេងប្រុស​នោះដែរ​ឬទេ​? ​ជុំវិញ​បញ្ហា​បែបនេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក មេធាវី​ ឡោ គីមហ្គិច នៃ​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖

ករណី​ក្មេងប្រុស​ជា​អនីតិជន​អាយុ​ ១៣ ​ឆ្នាំ​ បាន​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​ដូចគ្នា​តាម​ច្បាប់​ តើ​ក្មេងប្រុស​​នោះ​មាន​ទោស​ផ្នែក​ព្រហ្មទណ្ឌ​ដែរ​ទេ​?

បើ​យោង​តាម​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ត្រង់​មាត្រា​ ១៤ ​បាន​ចែងថា អនីតិជន​មាន​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ (​ដប់​បួន ឆ្នាំ​) ​ដែល​ជាប់​សង្ស័យថា បាន​ប្រព្រឹត្ត​បទល្មើស​ពុំ​អាច​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ឡើយ ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ប្រគល់​អនីតិជន​នោះ​ទៅ​ឲ្យ​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​។

ក្នុង​ករណី​ដែល​អនីតិជន​ត្រូវការ​កិច្ចការពារ និង​ថែទាំ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​បង្ហាញ​អនីតិជន​នោះ​ទៅ​មន្ទីរ ឬ​ការិយាល័យ​ទទួលបន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ ដើម្បី​ចាត់វិធានការ​សមស្រប​ទៅតាម​សុខុមាលភាព និង​ស្ថានភាព​សង្គម​របស់​អនីតិជន​។ ​មន្ទីរ​ ឬ​ការិយាល័យ​ទទួល​បន្ទុក​វិស័យ​សង្គមកិច្ច​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើ​របាយការណ៍​អំពី​ការទទួល​អនីតិជន​ពី​មន្ត្រីនគរបាល​យុត្តិធម៌​ជូន​ទៅ​ព្រះរាជអាជ្ញា​។

ក្នុង​ករណី​យល់ឃើញ​ថា​អនីតិជន​ត្រូវការ​កិច្ចការពារ និង​ថែទាំ​នោះ មន្ទីរ​ ឬ​ការិយាល័យ​ត្រូវ​ចាត់វិធានការ​ស្នើសុំ​ព្យួរ ឬ​សុំ​ដកហូត​អំណាច​មេបា ឬ​បញ្ឈប់​អ្នកអាណាព្យាបាល​សម្រាប់​អនីតិជន ឬ​អាណាព្យាបាល​ក្នុង​ករណី​ដែល​អនីតិជន​មាន​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​ដើម្បី​តុលាការ​សម្រេច​អំពី​ការព្យួរ​ ឬ​ការដកហូត ឬ​ការបញ្ឈប់​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់ និង​សិទ្ធិ​អាណាព្យាបាល​លើ​អនីតិជន​នោះ​។

ក្នុង​ករណី​ដែល​អនីតិជន​គ្មាន​អ្នកតំណាង​ដែល​ច្បាប់​បានកំណត់​មន្ទីរ​ ឬ​ការិយាល័យ​ត្រូវសុំ​ទៅ​តុលាការ​ដើម្បី​សម្រេច​​អំពី​សិទ្ធិ​អាណាព្យាបាល​លើ​អនីតិជន​នោះ​។ គ្រប់​អំពើ​ដែល​ជា​បទល្មើស​ទាំងអស់​ដែល​ប្រព្រឹត្ត​ដោយ​អនីតិជន​អាយុ​ក្រោម​ ១៤ (​ដប់​បួន​) ​ឆ្នាំ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវបញ្ជូន​សំណុំ​រឿង​ទៅ​ព្រះរាជអាជ្ញា​។

ក្នុង​ករណី​មាន​វិវាទ​ទាក់ទង​នឹង​អាយុ​របស់​អនីតិជន​នៅពេល​ប្រព្រឹត្ត​បទល្មើស​មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ព្រះរាជអាជ្ញា​ជាបន្ទាន់​។

ប្រសិន​បើ​ក្មេង​អាយុ​ចាប់ពី ១៤ ​ឆ្នាំ​ ដល់​ក្រោម​អាយុ​ ១៨ ​ឆ្នាំ ​ប្រព្រឹត្ត​បទល្មើស​តើ​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​គេ​បាន​ឬ​ទេ​?

នគរបាល​យុត្តិធម៌​អាច​ចាប់ខ្លួន​អនីតិជន​ដែល​មាន​អាយុ​ចាប់ពី​ ១៤ (​ដប់​បួន​) ​ឆ្នាំ​ដល់​ក្រោម​អាយុ​ ១៨ (​ដប់​ប្រាំបី​) ​ឆ្នាំ​​តែ​ក្នុង​ករណី​ដែល​អនីតិជន​ប្រព្រឹត្ត​បទមជ្ឈិម ឬ​បទឧក្រិដ្ឋ​ជាក់ស្តែង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​អនីតិជន​ដែល​មាន​អាយុ​ចាប់ពី ​១៤ (​ដប់​បួន​) ​ឆ្នាំ ដល់​ក្រោម​អាយុ​ ១៦ (​ដប់​ប្រាំមួយ​) ​ឆ្នាំ ការចាប់​ខ្លួន​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី​ដែល​អនីតិជន​នោះ​ប្រព្រឹត្ត​បទមជ្ឈិម​ដោយ​ចេតនា​។ រាល់​ការចាប់ខ្លួន​អនីតិជន​ត្រូវ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ភ្លាម​។

ការអនុវត្ត​ការចាប់ខ្លួន នគរបាល​យុត្តិធម៌​ត្រូវ​ចៀសវាង​ការធ្វើឲ្យ​អាម៉ាស់មុខ និង​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​អនីតិជន និង​ត្រូវបញ្ជូន​អនីតិជន​ទៅ​ឲ្យ​ផ្នែក ឬ​អង្គភាព​ដែល​មាន​នគរបាល​យុត្តិធម៌​ជំនាញ​ទទួល​បន្ទុក​ការងារ​អនីតិជន​ដែល​នៅ​ជិត​បំផុត​៕