ការរស់នៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋពិសេសអ្នកមានព្រំប្រទល់ផ្ទះ ឬដីជាប់គ្នាជួនកាលម្ចាស់ផ្ទះ ឬម្ចាស់ដីជាប់ព្រំគ្នានោះមានដាំដើមឈើ ហើយមែកឈើ ឬរបស់អ្វីផ្សេងបានលយចូលទៅក្នុងចំណែកនៃព្រំប្រទល់ដីឡូត៍ផ្ទះម្ខាងទៀតដែលបញ្ហានេះក៏អាចកើតមានវិវាទគ្នាផងដែរ។ ករណីនេះបើមានអ្វីធ្វើឲ្យប៉ះពាល់ដល់ចំណែកនៃកម្មសិទ្ធិម្ចាស់ផ្ទះ ឬដីភាគីណាមួយ តើប្រជាពលរដ្ឋគួរមានដំណោះស្រាយគ្នាបែបណា?
ជុំវិញបញ្ហានេះភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសជាមួយលោកស្រី មេធាវី លឹមច័ន្ទលីដា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមហ៊ុនមេធាវីស៊ីឌីអេសមានការិយាល័យផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
ក្នុងករណីផ្ទះជាប់របងគ្នា ហើយផ្ទះមួយមានដាំដើមឈើ និងលយមែកចូលក្នុងដីឡូត៍ផ្ទះម្ខាងទៀត តែត្រូវម្ចាស់ផ្ទះនោះកាប់មែកឈើ ឬក៏បេះផ្លែឈើដែលលយចូលនោះ។ ប៉ុន្តែត្រូវម្ចាស់ដើមឈើហាមឃាត់ដោយសំអាងថាជាដើមឈើរបស់គាត់។ សួរថា ករណីបែបនេះ តើម្ចាស់ផ្ទះ ឬដីដែលត្រូវមែកឈើលយចូលនោះគាត់មានសិទ្ធិកាប់ ឬបេះផ្លែឈើបានទេ?
ក្នុងករណីបែបនេះម្ចាស់ដីដែលត្រូវមែកឈើលយចូលនោះ គាត់មានសិទ្ធិអាចយកផលពីមែកឈើដែលលយចូលនោះក៏បានដូចជា បេះផ្លែឈើជាដើម ឬក៏អាចកាប់មែកឈើដែលឆ្លងចូលដីគាត់នោះចោលក៏បាន។
យោងតាមមាត្រា ១៤២ នៃក្រមរដ្ឋប្បវេណីរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០០៧ បានចែងថា៖ “នៅពេលដែលមែកឈើ ឬឫសឈើនៃអ្នកជិតខាងបានលយចូលមកដីរបស់ខ្លួន កម្មសិទ្ធិករនៃដីអាចយកផលពីមែកឈើ ឬឫសឈើនោះ ឬកាប់មែកឈើ ឬឫសឈើនោះបាន ”។
លើសពីនេះទៅទៀតចំពោះដើមឈើដែលមែកលយចេញនោះស្ថិតនៅក្បែររបងព្រំពេកដែលម្ចាស់ដីដើមឈើដាំមិនគោរពតាមគោលការណ៍ចម្ងាយនៃច្បាប់កំណត់នោះម្ចាស់ដីជិតខាងដែលជាប់ព្រំនោះគាត់អាចទាមទារឲ្យម្ចាស់ដីដើមឈើនោះកាប់ចោលបាន។ យោងតាមមាត្រា ១៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ របស់ព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ “កម្មសិទ្ធិករនៃដីមិនអាចដាំដើមឈើគុម្ពោត ឬចុល្លព្រឹក្សដែលមានកម្ពស់លើសពី ២ (ពីរ) ម៉ែត្រក្នុងចម្ងាយ ២ (ពីរ) ម៉ែត្រពីព្រំប្រទល់ដីអ្នកជិតខាងបានឡើយ។ ក្នុងករណីដែលផ្ទុយពីបញ្ញត្តិនេះកម្មសិទ្ធិករនេះមានករណីកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករនៃដីជិតខាង ”។
បើម្ចាស់ដើមឈើមិនព្រមឲ្យអ្នកម្ខាងទៀតកាប់មែកឈើ ប៉ុន្តែភាគីម្ខាងមិនចង់ឲ្យមានមែកឈើលយចូលដីគាត់ទៀត តើភាគីដែលត្រូវមែកឈើលយចូលនោះ គួរធ្វើបែបណាដើម្បីសម្រួលដល់បញ្ហានេះ?
ក្នុងករណីនេះភាគីដែលត្រូវមែកឈើលយចូលនោះអាចស្វែងរកដំណោះស្រាយដោយការស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានដូចជាមេឃុំ/ចៅសង្កាត់ជាដើមដើម្បីសម្រុះសម្រួលបញ្ចប់វិវាទរបស់គូភាគីនេះ ដោយផ្អែកលើស្មារតីច្បាប់ និងការយោគយល់របស់គូភាគី។ ក្នុងករណីអាជ្ញាធរមូលដ្ឋានមិនអាចសម្រុះសម្រួលវិវាទរបស់គូភាគីបានតាមអង្គហេតុ ភាគីដែលត្រូវមែកឈើលយចូលនោះអាចដាក់ពាក្យបណ្តឹងទៅតុលាការមានសមត្ថកិច្ចដើម្បីសម្រេចសេចក្តីលើវិវាទនេះបាន។
ក្នុងករណីបែបនេះដែរចុះបើម្ចាស់ដើមឈើទៅប្តឹងអាជ្ញាធរតើជាការត្រឹមត្រូវឬទេ?
ក្នុងករណីដែលម្ចាស់ដើមឈើប្តឹងទៅអាជ្ញាធរគឺមិនត្រឹមត្រូវឡើយ ដោយហេតុថាគាត់មិនបានដឹងអំពីច្បាប់ដែលបានកំណត់ទៅលើខ្លឹមសារកម្រិតនៃសិទ្ធិ និងទំនាក់ទំនងរវាងដីដែលនៅជាប់ព្រំគ្នា។
ជាដំណោះស្រាយក្រោយអាជ្ញាធរមូលដ្ឋានទទួលបណ្តឹងបែបនេះ អាជ្ញាធរគួរពន្យល់ខ្លឹមសារច្បាប់ដូចដែលបានរៀបរាប់ខាងលើមកជម្រាបជូនដល់ម្ចាស់ដើមឈើដែលដាក់ពាក្យបណ្តឹងនេះ ដើម្បីបញ្ចៀសជម្លោះរបស់គូភាគីព្រមទាំងជាគំរូដ៏ល្អដែលអាចឲ្យអ្នកភូមិផងរបងជាមួយផ្សេងៗទៀតអាចប្រាស្រ័យគ្នាទៅវិញទៅមកបាន៕