បើ​ឧបមា​ថា​ ​ភាគី ​(ក) ​មាន​ព្រំ​ប្រទល់​ដី​ជាប់​ភាគី ​(ខ) ​ហើយ​ភាគី ​(ក) ​បាន​ដាំ​ដើម​ឈើ​ឬ​ដើម​ឈើ​នោះ​ដុះ​តាម​ធម្មជាតិ​នៅ​ជាប់​ព្រំ​ដី​នោះ។​ ​លុះ​ដើម​ឈើ​​ធំ​ឡើង​ក៏​បាន​ដុះ​លយ​ដើម​ចូល​ចំណែក​ដី​ភាគី ​(ខ) ​​នៃ​ព្រំ​ប្រទល់​ដីឡូត៍ ​ឬ​ផ្ទះ​ភាគី ​(ខ​) ​ហើយ​បន្ទាប់​មក​ភាគី​(ខ) ​ក៏​បាន​ទាមទារ​យក​ចំណែក​ដែរ។

ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ចំណែក​នៃ​កម្មសិទ្ធិ​ភាគី​ណា​មួយ​យ៉ាង​ដូច្នេះ ​តើ​គួរ​ដោះស្រាយ​គ្នា​បែប​ណា​? ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជា​មួយ​លោក​មេ​ធាវី​ ​មួន​ សៀងលី ប្រធាន​ការិយាល័យ​មេធាវី​តម្រា​ច្បាប់ ​និង​ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​អត្តលេខ ​១២២៩​ ទីស្នាក់ការ​ការិយាល័យ​មេធាវី​តម្រា​​ច្បាប់​ផ្ទះ​លេខ ​១៨១ ​ ផ្លូវ ​១៥០​ សង្កាត់​ទឹក​ល្អក់ ​២ ​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

ឧបមា​ថា ​មាន​ឈើ​ ១ ដើម​បាន​ដុះ​ឬ​ម្ចាស់​ដាំ​នៅ​ជាប់​ព្រំ​ដី​ភាគី​ម្ខាង​​ទៀត។ លុះ​ដើម​ឈើ​នោះ​​ធំ​ក៏​ដុះ​រាល​ចូល​ដល់​ដី​ភាគី​ម្ខាង​ទៀត​ហើយ​ក៏​មាន​ការ​ប្តឹង​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទាមទារ​យក​ដើម​ឈើ​នោះ​​ធ្វើ​ជា​កម្មសិទ្ធិ​។​ ​ក្នុង​ករណី​នេះ​តើ​អាជ្ញាធរ​គួរ​ដោះស្រាយ​បែប​ណា​?​

ករណី​វិវាទ​ដែល​ចោទ​ឡើង​ខាង​លើ​ គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​​រដ្ឋ​ប្បវេណី​​ដែល​ភាគី​ទាំង​សង​ខាង​អាច​អនុវត្ត​សិទ្ធិ​ពឹងពាក់​តុលាការ​បាន​​តាម​មាត្រា​ ​២ ​​នៃ​ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី​។​​ប៉ុន្តែ​ជា​បឋម​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ខាង​លើ​នេះ​ភាគី​ទាំង ២ អាច​ប្រើប្រាស់​មធ្យោបាយ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​តាម​ការ​ស្ម័គ្រ​ចិត្ត​បាន​​តាម​ការ​ចរចា​ ​ឬ​ផ្សះផ្សា​ ឬសន្ធានកម្ម​​។​

ដូច​សំណួរ​ដែល​បាន​លើក​ឡើង​អំពី​ការ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​នេះ ​គឺ​ជា​ការ​ស្វែងរក​ដំណោះស្រាយ​មួយ​ក្រៅ​ប្រព័ន្ធ​តុលាការ​​តាម​វិធី​នៃ​ការ​ផ្សះផ្សា ឬ​សន្ធានកម្ម​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​​ជា​អ្នក​សម្រប​សម្រួល ​ឬ​អាជ្ញា​កណ្តាល​​ ឬ​សន្ធានករ​​ ហើយ​លទ្ធផល​នៃ​ការ​ដោះស្រាយ​នេះ​ គឺ​ផ្អែក​តាម​ឆន្ទៈ​គូភាគី​វិវាទ​​ដោយ​គ្មាន​ការ​ចាប់​បង្ខំ​គូភា ​គី​ឲ្យ​ទទួល​យក​ចំពោះ​លទ្ធផល​នៃ​ការ​ដោះស្រាយ​នោះ​ឡើយ​។​

ចៅក្រម​ ​ឬ​អាជ្ញា​កណ្តាល​ ​ឬ​សន្ធានករ ​ដែល​ចូលរួម​ដោះស្រាយ​ករណី​វិវាទ​ខាង​លើ ​គឺ​ត្រូវ​តែ​ឈរ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ដែល​កំពុង​អនុវត្ត​ជា​ធរមាន​។ ​​ជាក់​ស្តែង​​យោង​តាម​មាត្រា ​១២២ ​ក្រម​រដ្ឋ​ប្បវេណី​កម្ពុជា​ឆ្នាំ ​២០០៧​​ ជា​គោលការណ៍​វត្ថុ​ដែល​នៅ​ជាប់​នឹង​ដី ​ឬ​វត្ថុ​ដែល​ក្លាយ​ជា​ភាគ​មួយ​នៃ​ដី​​ ជា​ពិសេស​អគារ ​ឬ​សំណង់​ដែល​សង់​នៅ​លើ​ដី​ហើយ​មិន​អាច​ប្តូរ​កន្លែង​បាន ​ឬ​ពូជ​ដែល​សាប​នៅ​លើ​ដី​ដំណាំ​ដែល​បាន​ដាំ ​ឬ​រុក្ខជាតិ​ដែល​រស់​នៅ​លើ​ដី​​ដែល​មិន​អាច​បំបែក​ចេញ​ពី​ដី​ហើយ​មិន​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​សិទ្ធិ​ឯករាជ្យ​បាន ​គឺ​ត្រូវ​បាន​កំណត់​ថា​ជា​សមាសភាគ​នៃ​ដី​។ ​

ត្រង់​ចំណុច​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ជាគោលការណ៍​ដើម​ឈើ ​ដែល​ដុះ​នៅ​លើ​កម្មសិទ្ធិ​នៃ​ដី​របស់​កម្មសិទ្ធិករ​ណា​គឺ​ដើម​ឈើ​នោះ​​ជា​កម្មសិទ្ធិ​របស់​កម្មសិទ្ធិករ​នៃ​ដី​នោះ​។​ ចំពោះ​កម្មសិទ្ធិករ​នៃ​ដី​ជាប់​ព្រំ​របង​គ្នា​​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ព្រំ​មាន​សិទ្ធិ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ដោយ​ប្រយោល​ពី​សំណាក់​កម្មសិទ្ធិករ​នៃ​ដើម​ឈើ​ជាប់​ព្រំ​នោះ ​និង​សិទ្ធិ​ទទួល​ផល​ដូច​ជា​ករណី​ដែល​មែក​ឈើ​ ​ឬ​ឫស​ឈើ​នៃ​ដី​ជិត​ខាង​បាន​លយ​ចូល​មក​ដី​របស់​ខ្លួន​កម្មសិទ្ធិករ​នៃ​ដី​អាច​យក​ផល​ពី​មែក​ឈើ ​ឬ​ឫស​ឈើ​នោះ ​ឬ​កាប់​មែក​ឈើ ​ឬ​ឫស​ឈើ​នោះ​បាន ​(​មាត្រា ១៤២ ​សិទ្ធិ​កាប់​ចោល​មែក​ឈើ​ឆ្លង​ព្រំ​ដី​)​។ ​

មួយ​វិញ​ទៀត​​ភាគី​ “​ខ​”​ ​ក៏​មាន​សិទ្ធិ​ទាមទារ​ឲ្យ​ភាគី​ “​ក​”​ ​ដក​ចេញ​នូវ​ដើម​ឈើ​នោះ​ក្នុង​ករណី​ដែល​ដើម​ឈើ​នោះ​មាន​កម្ពស់​លើស​ពី ​២ ​ម៉ែត្រ​ក្នុង​ចម្ងាយ ​២ ​ម៉ែត្រ​​ពី​ព្រំ​ប្រទល់​ដី​របស់​ខ្លួន ​(​មាត្រា ​១៥៤ ​ដើម​ឈើ​នៅ​ជិត​ព្រំ​ដី​)​។ ​ប៉ុន្តែ​​គួរ​បញ្ជាក់​ថា​ មុន​នឹង​ការ​អនុវត្ត​សិទ្ធិ​យក​ផល​ ​ឬ​កាប់​ចោទ​នូវ​មែក​ឈើ​នោះ​​គប្បី​មាន​ការ​ចរចា​ការ​ផ្សះផ្សា​ដោះស្រាយ​ជា​លទ្ធផល​ណា​មួយ​ជា​វិជ្ជមាន​សិន​ទោះ​តាម​ផ្លូវ​តុលាការ​ក្តី​ ឬ​ក្រៅ​តុលាការ​ក្តី​​ចៀស​វាង​ការ​អនុវត្ត​សិទ្ធិ​ឯកជន​ដោយ​បំពាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​នឹង​អាច​ក្លាយ​ទៅ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ​ឬ​អំពើ​អនីត្យានុកូល​ផ្សេង​ទៀត​។​

ជា​ភាសា​ច្បាប់​ គេ​ហៅ​វិវាទ​បែប​នេះ​ថា​ជា​បទ​អ្វី​?ហើយ តើ​វិវាទ ​១ នេះ ​​ប្រសិន​បើ​ភាគី ​១​ ចាញ់​ក្តី​តើ​អាច​មាន​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ដែរ​ឬ​ទេ​?​

ចំពោះ​វិវាទ​នេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​រដ្ឋប្បវេណី​ក្នុង​ប្រភេទ​បណ្តឹង​ទាមទារ​ឲ្យ​ផ្តល់​តាវកាលិក ​ឬ​ទាមទារ​ឲ្យ​បញ្ជាក់​អំពី​កម្មសិទ្ធិ​នៃ​ដើម​ឈើ​វិវាទ​នោះ​​ផ្អែក​តាម​ការ​ទាមទារ​ជាក់​ស្តែង​របស់​ភាគី​ដោយ​មិន​មាន​បទ​ចោទ​ប្រកាន់​ដូច​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​ឡើយ​។ ​ជា​ការ​ពិត​វិវាទ​ប្រភេទ​នេះ​​ គឺ​ជា​ទំនាស់​នៃ​ផល​ប្រយោជន៍​របស់​បុគ្គល​ឯកជន​សុទ្ធសាធ​ដោយ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ផល​ប្រយោជន៍​សាធារណៈ​នោះ​ទេ​។​

ជា​គោលការណ៍​នៃ​ច្បាប់​ព្រហ្មទណ្ឌ​​យោង​តាម​មាត្រា ​៣ ​ស្តីពី​គោលការណ៍​នីត្យានុកូលភាព​​បាន​កំណត់​ថា​មាន​តែ​អំពើ​​ដែល​បង្កើត​ជា​បទ​ល្មើស​ ​និង​មាន​តែ​ទោស​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​​ធរមាន​​តែ​ប៉ុណ្ណោះ​ទើប​អាច​ត្រូវ​ផ្តន្ទាទោស​ និង​​អាច​ត្រូវ​ប្រកាស​ទោស​នោះ​បាន​។​​

ហេតុ​នេះ​​ករណី​វិវាទ​ខាង​លើ​នេះ​ពុំ​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​ណា​មួយ​​ថា​ ជា​បទ​ល្មើស​ និង​ត្រូវ​ផ្តន្ទាទោស​នោះ​ទេ​​ លើកលែង​តែ​ករណី​មាន​អង្គហេតុ​ផ្សេង​ទៀត​រួម​ផ្សំ​ដែល​បង្កើត​បាន​ជា​បទ​ល្មើស​ជុំវិញ​ករណី​វិវាទ​នេះ​តាម​ការ​អនុវត្ត​សិទ្ធិ​ឯកជន​ដោយ​បំពាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ​ដូច​បាន​លើក​ឡើង​នៅ​ក្នុង​សំណួរ​ទី ​១ ​ខាង​លើ​ជា​អាទិ៍​អាច​ជា​ករណី​ប្រើ​ហិង្សា ​ឬ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​ ឬ​ការ​ជេរ​ប្រមាថ​ជា​ដើម ​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ​ដោយ​ពុំ​ត្រឹមត្រូវ​។​

ក្នុង​រឿង​នេះ​​ប្រសិនបើ​ភាគី​ណា​មួយ​ឈ្នះ​ក្តី​នៅ​ត្រឹម​អាជ្ញាធរ​ស្រុក ​ឬ​ខណ្ឌ​​ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​មិន​សុខ​ចិត្ត​តើ​គាត់​គួរ​ប្តឹង​ទៅ​កន្លែង​ណា​ទៀត​បាន​?​​

ដូច​បាន​បក​ស្រាយ​នៅ​ក្នុង​សំណួរ​ទី​​ ​១ ​លម្អិត​អំពី​សមត្ថកិច្ច​នៃ​ការ​ដោះស្រាយ​វិវាទ​នេះ​ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​តុលាការ​ គឺ​គូភាគី​អាច​អនុវត្តសិទ្ធិ​ពឹងពាក់​តុលាការ​រដ្ឋប្បវេណី​បាន​យោង​តាម​មាត្រា ​២ ​នៃ​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​​ករណី​ដែល​ខ្លួន​យល់​ឃើញ​ថា ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​មិន​អាច​ផ្តល់​នូវ​​យុត្តិធម៌​ដល់​ខ្លួន​។​

ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​តុលាការ​នេះ​​គូភាគី​អាច​ពិចារណា​អំពី​ការ​បែង​ចែក​សមត្ថកិច្ច​តុលាការ​ជា ​២​៖

គឺ​ទី១​. ​សមត្ថកិច្ច​តុលាការ​តាម​ភារកិច្ច​ និង​ទី២.​សមត្ថកិច្ច​តុលាការ​តាម​ដែនដី​។​​ ចំពោះ​វិវាទ​នេះ​ សមត្ថកិច្ច​តាម​ភារកិច្ច​របស់​តុលាការ​រដ្ឋប្បវេណី​លើ​អង្គ​សេចក្តី​គឺ​ជា​សាលា​ដំបូង​រាជធានី ​ឬ​ខេត្ត​​ ប៉ុន្តែ​ព្រម​ជា​មួយ​គ្នា​នេះ​ភាគី​ក៏​អាច​ធ្វើ​ពាក្យ​សុំ​ចាត់ចែង​ជា​បណ្តោះ​អាសន្ន​បាន​ផង​ដែរ​ទៅ​តុលាការ​រក្សា​ការពារ​ដែល​មាន​សមត្ថកិច្ច​។ ​

ចំណុច​ទី២ ​គឺ​សមត្ថកិច្ច​តុលាការ​តាម​ដែន​ដី​ចំពោះ​វិវាទ​នេះ​អាច​កំណត់​ទៅ​តាម​លំនៅឋាន​របស់​ចុង​ចម្លើយ ​ឬ​ទីសំណាក់​ ឬ​លំឋាន​ចុង​ក្រោយ​របស់​ចុង​ចម្លើយ​នោះ​​យោង​មាត្រា ​៨ ​នៃ​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ ​ឬ​ក៏​អាច​កំណត់​​​សមត្ថកិច្ច​ទៅ​តាម​កន្លែង​ដែល​អចលនវត្ថុ​នោះ​ស្ថិត​នៅ​​យោង​មាត្រា ​៩ ​​នៃ​ក្រម​ដដែល​។​

ដូច​នេះ​ប្រសិនបើ​ភាគី​ណា​មិន​សុខ​ចិត្ត​នឹង​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ភាគី​នោះ​នៅ​តែ​មាន​សិទ្ធិ​ដាក់​ពាក្យ​​បណ្តឹង​ទៅ​តាម​សមត្ថកិច្ច​ដូច​ដែល​បាន​បកស្រាយ​ខាង​លើ​​គឺ​នៅ​សាលា​ដំបូង​នៃ​ទីតាំង​ដី ​និង​ដើម​ឈើ​វិវាទ​នោះ​ស្ថិត​នៅ ​ឬ​អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលា​ដំបូង​នៃ​ទីតាំង​លំនៅឋាន​របស់​ចុង​ចម្លើយ៕​​​​​