ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ដូចជា រថយន្ត​បុករះ​ជា​បន្ដបន្ទាប់​កន្លង​មក​មាន​ខ្លះ​ក្លាយ​ជា​អំពើ​ហិង្សា​ជា​ហេតុ​ធ្វើឲ្យ​ពលរដ្ឋ​ងឿង​ឆ្ងល់​ចំពោះ​ការអនុវត្ត​ការងារ​របស់​នគរបាល​ចរាចរណ៍​ថា​តើ​ហេតុអ្វី​ក៏​មិន​រក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​បន្ដ​កើត​តទៅ​ទៀត​?

ទាក់ទិន​នឹង​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ហៅ​កាត់​ថា​ (ANSA) ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុករះ​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​មាន​ប៉ុន្មាន​លើក​មក​ហើយ​នៅ​ភ្នំពេញ​ហើយ​ក៏​មិន​ឃើញ​មាន​វិធានការ​ម៉ឹងម៉ាត់​ពី​សមត្ថកិច្ច​លើ​ជនបង្ក​ដែរ ដែល​មើល​ទៅ​ហាក់​គ្រាន់​តែ​ធ្វើ​លំៗ​ដើម្បី​ឲ្យ​មហាជន​អស់ចិត្ត​។ ​តើ​លោក​យល់​ឃើញ​ដូចម្តេច​ដែរ ?

មុន​នឹង​ឆ្លើយ​នឹង​សំណួរ​ហ្នឹង​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ទិដ្ឋភាព​ ២​។ ទី​ ១- ​រឿង​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​មាន​រឿង​ ២ ​កើតឡើង​ដែល ទី​ ១ គឺ​បុក​ហើយ ថយ​រថយន្ត​មក​កិន​ជនរងគ្រោះ​ស្លាប់​ដែល​ករណី​នេះ​ក៏​ធ្លាប់​បាន​កើតឡើង​ហើយ​ចំពោះ​ពលរដ្ឋ​កម្ពុជា​។

ឯ​មួយ​ទៀត​ករណី​បុករះ​ ឬ​បុក​ហើយ​រត់​គេច​ជា​ហេតុផល​មួយ​ដែល​គេ​ហៅថា ពេល​ខ្លះ​អ្នក​បង្ក​មាន​ហេតុផល​របស់​ខ្លួន​ដោយសារ​ខ្លាច​មាន​ហិង្សា​ដល់​ខ្លួន​ ឬ​មួយ​ក៏​ការ​រត់គេច​ក្នុង​ហេតុផល​ណា​មួយ​។ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ យល់​ថា​ការរត់​ដើម្បី​គេច​ពី​ការទទួល​ខុសត្រូវ​ច្រើន​ជាង​អីចឹង​ ២ ​ចំណុច​​ដែល​ខ្ញុំ​លើក​ឡើង​នេះ​វា​កំពុង​ញាំញី​ទៅ​ដល់​ទិដ្ឋភាព​ជាក់លាក់​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​ប្រទេស​កម្ពុជា​ហើយ​ក្នុង​នោះ​ដែរ ក៏​វា​ពាក់ព័ន្ធ​នឹង​ភាពស្រពេច​ស្រពិល​នៃ​ការទទួល​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ផង​ដែរ​។ ​

ដូច្នេះ​ហើយ​វា​ជា​រឿង​មួយ​ធ្វើឲ្យ​មហាជន​បាត់បង់​ជំនឿ​យ៉ាង​ខ្លាំង​លើ​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ ខណៈ​ប្រព័ន្ធ​រាយការណ៍​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ យើង​ធ្លាប់​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​។ ​ពិសេស​ក្នុង​របាយការណ៍​នគរបាល​ដែល​រាយការណ៍​ពី​កន្លែង​កើត​ហេតុ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ-ស្រុក ហ្នឹង​។

ចំពោះ​អ្នក​បើក​រថយន្ត​បុករះ​ខ្លះ​ត្រូវ​បាន​ចាប់​ទៅ​តុលាការ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ក៏​ដោះលែង​វិញ​ដោយ​លើក​ហេតុផល​ថា​មាន​សតិ​មិន​ល្អ​​ ឬ​ក៏​ត្រូវ​សម្រួល​​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម​។​ល​។ ប៉ុន្តែ​ជន​បង្ក​ខ្លះ​បើក​បុក​មនុស្ស​ស្លាប់​ត្រឹម​ម្នាក់​ក៏​ត្រូវ​ចាប់​ឡើង​តុលាការ​ និង​ផ្តន្ទាទោស​។ ​រូបភាព​ទាំង​នេះ​លោក​គិត​ថា​មាន​លម្អៀង​​ចំពោះ​មុខ​ច្បាប់​ដែរ​ទេ ?

តាមពិត​ដោយសារ​និទ្ទណ្ឌភាព​ហ្នឹង​វា​មាន​ឫសគល់​ជ្រៅ​ពេក​ក្នុង​សង្គម​ខ្មែរ ដូច្នេះ​ហើយ​ការអនុវត្ត​ច្បាប់​ដូចជា ចរាចរណ៍​ផ្លូវគោក​ហ្នឹង​ក៏​វា​បាន​បង្ហាញ​នូវ​និទ្ទណ្ឌភាព​ក្នុង​សង្គម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​។ ​ខ្ញុំ​ឧទាហរណ៍​ថា ប្រសិន​បើ​ដឹង​ថា អ្នក​បើកបរ​ដែល​បង្ក​គ្រោះថ្នាក់​នោះ​មាន​សតិ​មិន​ល្អ​ថា តើ​អ្នក​ដឹង​ដែល​ក្នុង​នោះ​មាន​អាណាព្យាបាល មាន​ឪពុកម្តាយ គួរ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ដកហូត​ប័ណ្ណ​បើកបរ​ពី​គាត់​ចៀសវាង​បណ្តោយ​ឲ្យ​បើកបរ​ហើយ​បង្កបញ្ហា​។​

ចំណុច​នេះ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​នៅ​តែ​យល់ថា​វា​គ្រាន់តែ​ជា​ចំណែក​មួយ​ដើម្បី​បន្ថយ​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​អ្នកបង្ក​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ការ​រួម​ចំណែក​ដ៏អាក្រក់​មួយ​ទៅ​ដល់​សុវត្ថិភាព​នៃ​អ្នក​ធ្វើ​ដំណើរ​លើ​​ដងផ្លូវ​នៅ​កម្ពុជា​យើង​ដែរ​។ ​អីចឹង​ទាំង​ទិដ្ឋភាព​នៃ​អ្នកបង្ក​ និង​ការអនុវត្ត​ច្បាប់​របស់​តុលាការ​កំពុង​ត្រូវ​បាន​មហាជន​ចោទសួរ​អំពី​របៀប​ដែល​ជនបង្ក​ត្រូវ​បាន​រួច​ទោស​ ឬ​ក៏​ជាប់ទោស​តែ​បន្តិច​បន្ទួច​ទៅ​តាម​ការសម្រេច​ដែល​គេ​ថា​បង្កប់​ដោយ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បាន​ន័យ​ថា វា​ធ្វើ​ឲ្យ​អ្នក​ដែល​រងគ្រោះ​ហ្នឹង​កាន់​តែ​នៅ​ឆ្ងាយ​ពី​យុត្តិធម៌​ដែល​គេ​គួរ​តែ​ទទួល​បាន​។

ដូច្នេះ​ហើយ ​ចំណុច​​អស់​នេះ ​ពលរដ្ឋ​កំពុង​ចោទសួរ​ថា​តើ​ឯណា​ទៅ​សុវត្ថិភាព​ពួកគេ​នៅ​កន្លែង​កើតហេតុ​ និង​យុត្តិធម៌​របស់​ពួកគេ​នៅពេល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​? ​អ្វី​ដែល​លោក​សួរ​នេះ​គ្រាន់​តែ​ជា​ករណី​ដែល​យើង​បាន​ដឹង ប៉ុន្តែ​ក្រៅពី​នោះ​យើង​ឃើញ​មាន​ករណី​ខ្លះ​ដែល​កុមារ​ក្រីក្រ​ជិះ​កង់​ទៅ​សាលារៀន​ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​ដី​កិន​ឲ្យ​បាក់​ជើង​ក្លាយ​ជា​ជនពិការ​ដែល​ពួកគេ​រស់នៅ​យ៉ាង​វេទនា​។ ​អ៊ីចឹង​បើ​កាលណា​ប្រព័ន្ធ​ច្បាប់​ខ្សោយ​ហើយ​ការងារ​របស់​សមត្ថកិច្ច​មិន​សូវ​សកម្ម​នោះ​វា​ក្លាយ​ទៅ​ជា​ក្តីកង្វល់​ធ្ងន់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ជាពិសេស​អ្នក​ជិះ​កង់​បើក​ម៉ូតូ​នេះ​តែ​ម្តង​។

ករណី​អ្នក​បើក​រថយន្ត​បុករះ​នៅ​បឹង​ត្របែក​កាលពី​ឆ្នាំ​មុន​ហើយ​អ្នក​បើកបរ​រថយន្ត​ត្រូវ​ក្រុម​អ្នក​ដំណើរ​ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់ ប៉ុន្តែ​មិន​ឃើញ​មាន​ការប្រកាស​ស្វែងរក​ចាប់​ខ្លួន​ទេ តែ​ថ្មីៗ​នេះ​ហេតុការណ៍​កើតឡើង​ដូច​គ្នា​នៅក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ​ស្រាប់​តែ​មាន​ការ​ប្រកាស​ស្វែងរក​ចាប់​ខ្លួន​ជន​ប្រើ​ហិង្សា​លើ​អ្នក​បើកបរ​? តើ​ករណី​នេះ​សមត្ថកិច្ច​គិត​ថា​អ្នក​រងគ្រោះ​ជា​មនុស្ស​សំខាន់​ទើប​ចាត់ការ​ឬ​យ៉ាង​ណា ?

តាមពិត​ទៅ​ទណ្ឌកម្ម​របស់​មហាជន​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ការទាក់ទាញ​មួយ​ផ្តោត​ការចាប់អារម្មណ៍​ពី​​អ្នក​នយោបាយ​ដែរ​។ ​ឧទារណ៍​ករណី​បើក​បុករះ​នៅ​មុខ​វិទ្យាល័យ​បឹងត្របែក​កាលពី​ឆ្នាំ​មុន​វា​ជា​ករណី​មួយ​ដែល​បាន​កើតឡើង​ហើយ​មាន​ការប្រើ​ហិង្សា​ពី​អ្នក​ដំណើរ ដោយសារ​កំហឹង​ចំពោះ​ការបុក​មនុស្ស​ស្លាប់​ច្រើន​នាក់​។ ​រីឯ​ករណី​កើតឡើង​នៅ​ឆ្នាំ​នេះ​ដែល​អ្នកបើក​បររថយន្ត​ឈ្មោះ​លោក ស៊ុយ សារ៉េត ហ្នឹង​គឺ​គាត់​មិន​ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​បង្កបញ្ហា​ឲ្យ​ធ្ងន់​នោះ​ទេ​។ ​

ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ ជាពិសេស​រូបភាព​ពី​កាមេរ៉ា​សុត្ថិភាព​បាន​បង្ហាញ​ថា គាត់​ក្លាយ​ជា​ជនរងគ្រោះ​ទៅ​វិញ ឯ​ករណី​នៅ​បឹងត្របែក​គឺ​មិនមែន​ជា​ជនរងគ្រោះ​ទេ តែ​ជា​ជន​បង្ក​ទៅវិញ​ដែល​ធ្វើឲ្យ​ស្លាប់​ និង​របួស​មនុស្ស​​យ៉ាង​រង្គាល​នៅ​លើ​ដង​ផ្លូវ​។ ​

ដូច្នេះ​​ហើយ​បាន​ជា​មាន​សម្រែក​រក​​យុត្តិធម៌​ជូន​អ្នក​បើកបរ​ដែល​បាន​បង្ក​បញ្ហា​ហ្នឹង​វា​មាន​ទម្រង់​​ខុស​គ្នា​ដែរ​។ អ្វី​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​នេះ​ទៅ​លើ​បណ្ឌិត​ម្នាក់​នោះ​ជា​ករណី​ដែល​គេ​បាន​ដឹង​បាន​ឃើញ​រួម​នឹង​គាត់​មាន​មុខមាត់​ក្នុង​សង្គម​ផង​ក៏​មាន​អន្តរាគមន៍​ទាំង​ការ​រក​យុត្តិធម៌​ដែល​គាត់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។

ទោះ​ជា​យ៉ាងណា​ក្ដី​ការប្រព្រឹត្ត​របស់​អ្នក​បើកបរ​វា​នៅ​តែ​ជា​ទង្វើ​ដែល​ខុស​ច្បាប់ ហើយ​វា​អាច​នាំ​ទុក្ខ​ដល់​អ្នក​ប្រើ​ហិង្សា​ហ្នឹង​ដែរ​។ ​រូបភាព​នៃ​ការធ្វើ​អន្តរាគមន៍​យើង​ឃើញ​ថា​គេ​ចង់​ឲ្យ​អ្នក​បង្ក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ជាង​វាយ​ធ្វើ​បាប​ជនបង្ក​ដែល​ធ្វើឲ្យ​អ្នករងគ្រោះ​កាន់តែ​មិន​ទទួល​បាន​នូវ​យុត្តិធម៌​ដដែល​ដូចជា​ករណី​បុករះ​នៅ​បឹងត្របែក​ពេល​មាន​ការ​វាយ​ធ្វើបាប​ទៅ​លើ​ជនបង្ក​ហើយ​រាប់​ទាំង​សំណង​ខូចខាត​សួរថា នរណា​ជា​អ្នក​សង​ទៅ​គ្រួសារ​ជនរងគ្រោះ​ព្រោះ​ថា​អ្នក​បង្ក​គ្រោះថ្នាក់​នោះ​ត្រូវ​បាន​គេ​វាយ​ស្ទើរ​តែ​ឆ្កួត​ទៅ​ហើយ​នោះ​។ ​អីចឹង​ចំណុច​​នេះ​ជា​អ្វី​ដែល​យើង​ស្នើ​ដោយ​ទទូច​ទៅ​ដល់​មហាជន​គួរ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ​។

តើ​លោក​គិត​ថា​រឿង​នេះ​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​កុំ​ឲ្យ​បញ្ហា​កើត​មាន​តទៅ​ទៀត ហើយ​សមត្ថកិច្ច​ណា​ខ្លះ​មាន​តួនាទី​ត្រូវ​ចាត់វិធានការ​បង្ការ​ជា​មុន​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បន្ត​ទៀត​?

មាន​បញ្ហា​កើតឡើង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ខ្លះ​​មកពី​គ្រឿង​ស្រវឹង​ និង​ការធ្វេស​ប្រហែស​ពី​អ្នក​បើកបរ​ក៏ដូចជា​ការ​យឹតយ៉ាវ​ក្នុង​ការ​អនុវត្ត​ច្បាប់​។

អីចឹង​ការ​យឹតយ៉ាវ​ដែល​ខ្ញុំ​និយាយ​នេះ​បាន​ន័យ​ថា នៅ​ពេល​ឃើញ​អ្នក​បើកបរ​រថយន្ត​មួយ​មាន​ភាពស្រវឹង​គឺ​សមត្ថកិច្ច​ហាក់​មិន​បាន​ធ្វើ​ការងារ​ឲ្យ​បាន​ហ្មត់ចត់​ឃាត់​រថយន្ត​នោះ​ទុក​ទេ​។ ​

នៅ​ទីបញ្ចប់​រថយន្ត​នោះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។ ​នៅ​មាន​ករណី​ខ្លះ​ទៀត​ដែល​ខ្ញុំ​បាន​ដឹង ហើយ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​ទៀត​ផង​ពេល​នោះ​មាន​រថយន្ត​ដែល​បើកបរ​ក្នុង​អាការ​ស្រវឹង ហើយ​មុន​នឹង​បុក​មនុស្ស​ស្លាប់​រថយន្ត​បង្ក​បាន​បើក​ចូល​ចំណែក​ផ្លូវ​គេ ដែល​នេះ​ខ្ញុំ​យល់​ថា​ការ​យឹតយ៉ាវ​ក្នុង​ការ​អន្តរាគមន៍​ជា​ហេតុ​ដែល​ឈាន​ទៅ​ដល់​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​។ ​អីចឹង​ដើម្បី​ព្យាបាល​នូវ​បញ្ហា​ដែល​វា​បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​ហើយ​នោះ​គឺ​យើង​ចង់​ឃើញ​វត្តមាន​អ្នក​អនុវត្ត​ច្បាប់​។ ​ទាំង​នគរបាល​ចរាចរណ៍​មាន​ទាំង​ក្រុម​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ដើម្បី​អាច​អន្តរាគមន៍​ហេតុការណ៍​ពេល​មាន​គ្រោះថ្នាក់​ម្ដងៗ​។

ចំពោះ​អ្នក​ស្រវឹង​ហើយ​បើកបរ​ត្រូវ​តែ​រក​មធ្យោបាយ​ឃាត់​ទុក​ហើយ​ប្រសិន​បើ​កើត​មាន​គ្រោះថ្នាក់​សមត្ថកិច្ច​ត្រូវ​ឃាត់​រថយន្ត​កុំ​ឲ្យ​ទៅ​បង្ក​គ្រោះថ្នាក់​ទៀត​។ ​មាន​រថយន្ត​ដឹក​ដី​ដែល​បាន​បើក​កៀរ​ម៉ូតូ​ហើយ​បន្ត​បុក​មនុស្ស​ចាស់​ស្លាប់ និង​របួស​ដែល​នេះ​ជា​ការ​យឺតយ៉ាវ​របស់​សមត្ថកិច្ច​ក្នុង​ការឃាត់​រថយន្ត​នោះ​ទុក​។ ​

បញ្ហា​នេះ ​វា​ផ្ទុយ​ពី​គណនេយ្យភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ និង​ទី​ ២ ​ក្រុម​ពលរដ្ឋ​ដែល​ពេល​ឃើញ​​គ្រោះថ្នាក់ ពួកគេ​អាច​បញ្ចេញ​សកម្មភាព​ឃាត់​ទុក​រថយន្ត​បង្ក​ហើយ​ចាប់​បញ្ជូន​អ្នកបង្ក​ទៅ​ឲ្យ​សមត្ថកិច្ច​ជាជាង​ការវាយដំ​ទៅ​លើ​អ្នក​បង្ក​ដើម្បី​រំសាយកំហឹង​ ឬ​ក៏​ប៉ូលិស​ខ្លួន​ឯង​ត្រូវ​រក្សាទុក​នូវ​អត្តសញ្ញាណ​ជនបង្ក​ដែល​ជា​រឿង​ដ៏សំខាន់​មួយ​ធ្វើឲ្យ​អ្នកបើកបរ​ទទួល​ខុសត្រូវ​ និង​ចៀសវាង​សមត្ថកិច្ច​ធ្វើឲ្យ​បាត់​អត្តសញ្ញាណ​ជនបង្ក​ហើយ​ដែល​ធ្វើឲ្យ​ជនរងគ្រោះ​កាន់​តែ​ជួប​នូវ​ភាព​អយុត្តិធម៌​៕